អានតួអត្ថបទ
យេម៉ែន

អង្គការ​សហប្រជាជាតិ​បញ្ចេញ​មូលនិធិ​សង្រ្គោះបន្ទាន់​សម្រាប់​ជំនួយ​មនុស្សធម៌​នៅ​យេម៉ែន

អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដក​លុយ​ចំនួន ៥០លានដុល្លារ​ពី​មូលនិធិ​សង្រ្គោះបន្ទាន់​ទៅ​ជួយ​ប្រទេស​យេម៉ែន។ មូលហេតុ​មក​ពី​ស្ថានការណ៍​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​មួយ​នេះ​កំពុង​ធ្លាក់​ដុះដាប​យ៉ាង​ខ្លាំង។ សូម​រម្លឹក​ជូន​ថា​តាំង​ពី​ឆ្នាំ ២០១៤ មក ក្រុម​ឧទ្ទាម​ហ៊ូទី​បាន​ដណ្តើម​កាន់កាប់​ប៉ែក​ខាង​ជើង​ប្រទេស និង​ទីក្រុង​សាណា ហើយ​ប៉ែកខាងត្បូង​បាន​ស្ថិត​ក្នុង​ដៃ​ប្រធានាធិបតី​យេម៉ែន​លោក​មែនស៊ូ ហាឌី​ដែល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ និង​កម្លាំង​សម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

អង្គការ​សហប្រជាជាតិ​បញ្ចេញ​មូលនិធិ​សង្រ្គោះបន្ទាន់​សម្រាប់​ជំនួយ​មនុស្សធម៌​នៅ​យេម៉ែន
អង្គការ​សហប្រជាជាតិ​បញ្ចេញ​មូលនិធិ​សង្រ្គោះបន្ទាន់​សម្រាប់​ជំនួយ​មនុស្សធម៌​នៅ​យេម៉ែន REUTERS/Naif Rahma TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមស៊ីវិល​រយៈពេល ៣ឆ្នាំ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៨ ០០០នាក់ និង​មាន​ស្ថានការណ៍​មនុស្សធម៌​ដុនដាប​ខ្លាំង។ តាម​កាកបាទក្រហម​អន្តរជាតិ មាន​ប្រជាជន​យេម៉ែន​ចំនួន ៨០%​កំពុង​ខ្វះ​អាហារ​ទទួល​ទាន និង​មាន​ជាង ១លាននាក់​អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺអាសន្នរោគ។ ម្យ៉ាង​ទៀត ការ​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ប្រទេស​យេម៉ែន​ក៏​មាន​ការ​លំបាក​ខ្លាំង​ដោយសារ​តែ​ជម្លោះ​ប្រដាប់អាវុធ។

លោក Farhan Haq អ្នក​នាំពាក្យ​ម្នាក់​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​កាល​ពី​ខែ​កន្លង​ទៅ ដោយ​មាន​ការ​បើក​ឲ្យ​មាន​ជើង​ហោះហើរ និង​ការ​បើក​កំពង់ផែ​នៅ​សមុទ្រក្រហម​ដើម្បី​ទទួល​ប្រេងកាត និង​គ្រឿងឧបភោគ បរិភោគ​ក៏​ដោយ ក៏​អង្គការ​សហប្រជាជាតិ​នៅ​មាន​ក្តីព្រួយ​បារម្ភ​ខ្លាំង​នឹង​ស្ថានភាព​មនុស្សធម៌​ដុនដាប​ខ្លាំង។

តាម​ក្រុម​អ្នកកាសែត​ដែល​កំពុង​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​យេម៉ែន ជំនួយ​មនុស្សធម៌​នៅ​មិន​ទាន់​បាន​ទៅ​ដល់​នៅ​ឡើយ​ទេ ហើយ​ក្រុម​ឧទ្ទាម​ហ៊ូទី និង​កម្លាំង​សម្ព័ន្ធអារ៉ាប់​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​បទ​រារាំង​ជំនួយ​មនុស្សធម៌។ ដោយឡែក អង្គការ​សហប្រជាជាតិ​បាន​បន្ត​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​សម្រាប់​វិបត្តិ​ផ្ទៃក្នុង​យេម៉ែន។

« ប្រជាជន​យេម៉ែន​ត្រូវ​តែ​បិទបញ្ចប់​ជម្លោះ​ផ្ទៃក្នុង​ដើម្បី​កសាង​ជីវិត​ឡើង​វិញ។ ដើម្បី​អាច​សម្រេច​កិច្ចការ​នេះ​បាន គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​ត្រូវ​តែ​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​សន្យា​ជាមួយ​អង្គការសហប្រជាជាតិ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​នយោបាយ​យូរ​អង្វែង » នេះ​ជា​ការ​ថ្លែង​របស់​លោក Farhan Haq។ គួរ​រម្លឹក​ជូន​ថា​កន្លងមក មាន​ការ​ប៉ុនប៉ន​ស្វែង​រក​ដំណោះស្រាយ​ជា​ច្រើន​ដង តែ​នៅ​មិន​ទាន់​ទទួល​ផល​វិជ្ជមាន​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ