អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​សៀវភៅ « Fire and Fury » កំពុង​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ញាក់សាច់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក សៀវភៅ​ក្រោម​ចំណងជើង « Fire and Fury » ឬ​អាច​ប្រែ​ជា​ភាសា​ខ្មែរ​ថា « ភ្លើង និង​កំហឹង » ត្រូវ​បាន​ដាក់​លក់​ជា​សាធារណៈ​តាំង​ពី​ថ្ងៃ​សុក្រ ទី៥ មករា។ អ្នក​និពន្ធ​លោក Michael Wolff បាន​សរសេរ​ទាក់ទង​នឹង​អកប្បកិរិយា ឥរិយាបទ និង​បុគ្គលិក​លក្ខណៈ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​ការ​ចេញ​លក់​សៀវភៅ​នោះ។ យ៉ាង​ណា​ក៏​ដោយ លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ដែល​ធ្លាប់​លើក​ឡើង​ពី​បញ្ហា​សរសៃ​ប្រសាទ​របស់​លោក​ត្រាំ​បែរ​ជា​បាន​ចេញ​មុខ​ការពារ​លោក​ត្រាំ​ទៅ​វិញ។

អាមេរិក៖​សៀវភៅ « Fire and Fury » កំពុង​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ញាក់សាច់
អាមេរិក៖​សៀវភៅ « Fire and Fury » កំពុង​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ញាក់សាច់ Reuters
ផ្សាយពាណិជ្ជកម្ម

គួរ​បញ្ជាក់​ជូន​ថា សៀវភៅ « Fire and Fury » បាន​ចេញ​លក់​មុន​កាល​កំណត់​ដល់​ទៅ ៤ថ្ងៃ ព្រោះ​តាម​គម្រោង អ្នក​និពន្ធ​ត្រៀម​នឹង​ដាក់​លក់​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី៩ មករា​សប្តាហ៍​ក្រោយ។ ម្យ៉ាង​ទៀត​មុន​នឹង​ដាក់​លក់​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ ទី៥ មករា ខ្លឹមសារ​ខ្លះៗ​នៅ​ក្នុង​សៀវភៅ​មួយ​នេះ​ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សារព័ត៌មាន​ជា​ហូរហែ​កន្លង​មក។ ជា​សៀវភៅ​នយោបាយ​ដែល​អ្នក​និពន្ធ​លោក Michael Wolff បាន​សរសេរ​ទាក់ទង​នឹង​អកប្បកិរិយា ឥរិយាបទ និង​បុគ្គលិក​លក្ខណៈ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។

មាន​អាយុ ៦៤ឆ្នាំ មាន​មុខ​មូល និង​ក្បាលឆក លោក Michael Wolff ជា​អ្នកកាសែត​ក្នុង​ទីក្រុង​ញូយ៉ក និង​ដែល​គេ​ស្គាល់​លោក​តាម​រយៈ​សំណេរ​បទវិចារណៈកថា​នៅ​ក្នុង​ទស្សនាវដ្តី​ជា​ច្រើន​ដូច​យ៉ាង Hollywood Reporter Vanity Fair ឬ​មួយ​ក៏ New York Magazine ជា​ដើម។ លោក Michael បាន​បញ្ជាក់​ថា ដើម្បី​អាច​សរសេរ​សៀវភៅ« Fire and Fury » ស្តីពី​លោក​ដូណាល់ ត្រាំ​នេះ​បាន លោក​បាន​ប្រើ​ពេល​ប្រមែប្រមូល​ព័ត៌មាន​ពី​លោក​ត្រាំ​ផ្ទាល់ និង​ពី​មនុស្ស​ជំនិត​ជិត ឆ្ងាយ​របស់​លោក​ត្រាំ​រយៈពេល ១៨ខែ។ មាន​ន័យ​ថា តាំង​ពី​លោក​ត្រាំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ពេល​លោក​ត្រាំ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​នៅ​ពេល​លោក​ត្រាំ​ចូល​អង្គុយ​កៅអី​ប្រធានាធិបតី​នៅ​សេតវិមាន។

លោក Michael បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ធ្វើ​ការ​សាកសួរ​លើ​មនុស្ស​ជាង ២០០នាក់​ដែល​មាន​តាំង​ពី​ទីប្រឹក្សា អតីត​ទីប្រឹក្សា និង​មិត្ត​ជិត​ឆ្ងាយ​របស់​លោក​ត្រាំ។ បន្ទាប់​មក លោក​ក៏​ធ្លាប់​បាន​និយាយ​ផ្ទាល់​ជាមួយ​លោក​ត្រាំ​អស់ ៣ម៉ោង​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត ក្រោយ​ពេល​ស្បថ​ចូល​កាន់​តំណែង និង​នៅ​ក្នុង​សេតវិមាន។ លោក Michael បាន​បន្ថែម​ថា អ្វី​ដែល​លោក​បាន​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​នេះ គឺ​ជា​ព័ត៌មាន​ដែល​សាក្សី​ទាំង​អស់​បាន​ផ្តល់​ឲ្យ​លោក។

ប្រពន្ធ​លោក​ដូណាល់ ត្រាំ​ស្រក់​ទឹកភ្នែក​ខកចិត្ត​ពេល​ដឹង​ថា​ប្តី​ជាប់ឆ្នោត

អ្នក​និពន្ធ​ចង់​រៀបរាប់​ប្រាប់​អ្នក​អាន​ពី​ពី​រឿង​អាថ៌កំបាំង​របស់​គ្រួសារ​លោក​ត្រាំ និង​បុគ្គលិក​លក្ខណៈ​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​នាម​ជា​ប្រធានាធិបតី។ ដោយ​ផ្អែក​លើ​សាក្សី​ដែល​មាន​ទាំង​អ្នក​ចេញ​មុខ និង​អ្នក​មិន​ចេញ​មុខ លោក Michael បាន​សរេសរ​ពី​ភាព​មិន​ប្រក្រតី​នៃ​អំណាច​នីតិប្រតិបត្តិ និង​រូប​ប្រធានាធិបតី​ដែល​មិន​ចូលចិត្ត​អាន និង​ច្រើន​ចូល​ទៅ​សំងំ​ក្នុង​បន្ទប់​ចាប់​ពី​ម៉ោង ៦កន្លះ​ល្ងាច​ដោយ​ភ្នែក​សម្លឹង​លើ​កញ្ជក់ទូរទស្សន៍​ចំនួន ៣ រួច​ចូលចិត្ត​និយាយ​ទូរស័ព្ទ​លេងសើច​ជាមួយ​មិត្តជិតដិត​មួយ​ក្តាប់​តូច។

តាម​លោក Michael មនុស្ស​ជំនិត​ជិត ឆ្ងាយ​គ្រប់រូប​របស់​លោក​ដូណាល់ ត្រាំ រាប់​ទាំង​ក្រុម​ទីប្រឹក្សា​ផង​តែងតែ​ចោទ​សួរ​ខ្លួន​គេ​គ្រប់​ពេល​ពី​សមត្ថភាព​របស់​លោក​ត្រាំ​ក្នុង​ការ​ដឹកនាំ​ប្រទេស។ ក្រុម​មនុស្ស​ទាំង​អស់​នោះ​បាន​និយាយ​ប្រាប់​លោក​ Michael ថា លោក​ត្រាំ​បញ្ចេញ​ប្រតិកម្ម​ដូច​កូនក្មេង និង​បាន​ប្រៀប​លោក​ត្រាំ​ទៅ​នឹង​គ្រាប់ប៊ូល​នៅ​ក្នុង​ម៉ាស៊ីនល្បែង​មួយ​ដែល​រត់​គ្មាន​ទិសដៅ​មុន​នឹង​ធ្លាក់​ចូល​ក្នុង​រន្ធ​ណា​មួយ។ ឧទាហរណ៍​នៅ​ក្នុង​ន័យ​នេះ​ត្រូវ​បាន​លោក Michael សរសេរ​ថា លោក​ត្រាំ​និយាយ​តែ​ដដែលៗ​ច្រើន​ដង​ក្នុង​រឿង​តែ​មួយ ពោល ៣ដង​ក្នុង​រយៈពេល ១០នាទី។

អ្នក​និពន្ធ​បាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​របស់​ខ្លួន​ថា​តាម​ពិត​ទៅ លោក​ដូណាល់ ត្រាំ​មិន​ចង់​ក្លាយ​ជា​ប្រធានាធិបតី​ទេ ហើយ​លោក​ត្រាំ​ក៏​មិន​បាន​រង់ចាំ និង​មិន​នឹក​ស្មាន​ថា​លោក​ឈ្នះ​ដែរ។ តាម​សៀភៅ​ដដែល លោក​ត្រាំ​ថែម​ទាំង​បាន​ប្រាប់​ប្រពន្ធ​ខ្លួន​ឯង​ថា មិន​បាច់​រង់ចាំ​ជា​ស្រ្តីទី១ ទេ ព្រោះ​លោក​គ្មាន​ផ្លូវ​នឹង​ឈ្នះ​ឡើយ។ ចំណែក​ប្រពន្ធ​លោក​ត្រាំ​ក៏​មិន​ចង់​ឲ្យ​ស្វាមី​ខ្លួន​ឯង​ក្លាយ​ជា​ប្រធានាធិបតី​ដែរ។ តាម​លោក Michael ប្រពន្ធ​លោក​ត្រាំ​បាន​ស្រក់​ទឹកភ្នែក​នៅ​ពេល​ឃើញ​ស្វាមី​ជាប់​ឆ្នោត តែ​ជា​ទឹកភ្នែក​ខកចិត្ត ពោល​មិនមែន​ជា​ទឹកភ្នែក​ត្រេកត្រអាល​ទេ។

ជា​សរុប សៀវភៅ « Fire and Fury » បាន​សង្កត់​ធ្ងន់​លើ​សមត្ថភាព​របស់​លោក​ត្រាំ​ក្នុង​ការ​ដឹកនាំ​ប្រទេស​មួយ​ដែល​ជា​មហាអំណាច​ទី១ ក្នុង​លោក។ តាម​លោក Michael ក្រុមទីប្រឹក្សា​របស់​លោក​ត្រាំ​មាន​យោបល់ និង​បាន​យល់​ដូច​គ្នា​ថា លោក​ត្រាំ​គ្មាន​សមត្ថភាព​សក្តិសម​នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ឡើយ។

សៀវភៅ « Fire and Fury » អាចបំផុស​ឲ្យ​មាន​ការ​តស៊ូមតិ​លើ​បុគ្គលិលលក្ខណៈ​ប្រធានាធិបតី​អាមេរិក

តាំង​ពី​មុន​សៀវភៅ​នេះ​ចេញ​លក់​ជា​សាធារណៈ លោក​ដូណាល់ ត្រាំ​ក៏​ដូច​ជា​ក្រុម​មេធាវី​របស់​លោក​តែង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​រារាំង​ការ​ចេញ​លក់​សៀវភៅ​នោះ។ តែ​ទីបំផុត​មិន​អាច​រាំរាំង​បាន ហើយ​ក្រុម​មេធាវី​របស់​លោក​ត្រាំ​បាន​ប្រកាស​ពី​គម្រោង​ដាក់​ពាក្យ​ប្តឹង​លោក Michael។ មែនទែន​ទៅ អ្វី​ដែល​មាន​សរសេរ​នៅ​ក្នុង​សៀវភៅ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ គ្រាន់​តែ​ថា វា​ជា​ព័ត៌មាន​បញ្ជាក់​បន្ថែម​លើ​អ្វី​ដែល​មាន​កន្លង​មក។ ក្នុង​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៦ លោកស្រី​ហ៊ីលឡារី គ្លីនតុន​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ចាញ់ឆ្នោត និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ធ្លាប់​បាន​រិះគន់​លើ​សមត្ថភាព​របស់​លោក​ដូណាល់ ត្រាំ។

ថ្មីៗ​កន្លង​ទៅ​នេះ សូម្បី​តែ​លោក John McCain ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដូច​លោក​ដូណាល់ ត្រាំ​ក៏​មាន​ភាព​មន្ទិលសង្ស័យ​លើ​សមត្ថភាព​របស់​លោក​ត្រាំ​ដែរ។ ចំណែក​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៅ​ព្រឹទ្ធសភា​ហ៊ាន​តែ​ប្រដូច​សេតវិមាន​ដែល​លោក​ត្រាំ​កំពុង​កាន់កាប់​បច្ចុប្បន្ន​ទៅ​នឹង​កន្លែង​មើលក្មេង​ដែល​សុទ្ធ​ជា​មនុស្ស​ធំ។ ដោយឡែក លោក​ប្រមុខ​ការទូត Rex Tillerson ដែល​ធ្លាប់​មើលស្រាល​សមត្ថភាព​របស់​លោក​ត្រាំ​កន្លង​មក​បែរ​ជា​បាន​គាំទ្រ​លោក​ត្រាំ​ទៅ​វិញ និង​ថា លោក​មិនដែល​គិត​ថា​លោក​ត្រាំ​មាន​បញ្ហា​សរសៃ​ប្រសាទ ហើយ​ក៏​គ្មាន​ហើយ​ផល​ណា​មួយ​ដែល​លោក​ត្រូវ​គិត​ពី​បញ្ហា​នេះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ សៀវភៅ « Fire and Fury » របស់​លោក Michael Wolff ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ញាក់សាច់​ខ្លាំង និង​អាច​បំផុស​ឲ្យ​មាន​ការ​តស៊ូមតិ​មួយ​ជុំវិញ​បុគ្គលិកលក្ខណៈ​របស់​ប្រធានាធិបតី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ