ហេតុអ្វីបានជាសហរដ្ឋអាមេរិកចង់ពង្រីកវិសាលភាពផ្ទៃទឹកដើម្បីធ្វើអាជីវកម្មបូមប្រេង និងឧស្ម័ន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៧
កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា កន្លងទៅនេះ រដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់ពង្រីកវិសាលភាពតំបន់ផ្ទៃទឹកជាប់ឆ្នេរសមុទ្រអាមេរិក ដើម្បីអនុញ្ញាតឲ្យធ្វើអាជីវកម្មបូមប្រេង និងឧស្ម័ន។ តំបន់ផ្ទៃទឹកជាប់ឆ្នេរទាំងនោះមាននៅរដ្ឋ California រដ្ឋ Florida និងតំបន់ទ្វីបទឹកកអាកទិក។ ក្រុមតំណាងរាស្រ្តនៅតាមបណ្តារដ្ឋពាក់ព័ន្ធ និងក្រុមអង្គការការពារបរិស្ថានបានជំទាស់នឹងគំរោងដ៏ចម្រូងចម្រាសនេះ។
នៅក្នុងផែនការជាតិ ៥ ឆ្នាំស្តីពីការគ្រប់គ្រងធនធានទឹកសមុទ្រសំរាប់ផែ្នកថាមពល លោក Ryan Zinke រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិអាមេរិកបានធ្វើសេចក្តីប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងអនុញ្ញាតឲ្យមានការពង្រីកទំហំផ្ទៃទឹកហ៊ុមព័ទ្ធសហរដ្ឋអាមេរិក ដើម្បីធ្វើអាជីវកម្មបូមប្រេង និងឧស្ម័ន។ ចេតនាពង្រីកវិសាលភាពផ្ទៃទឹកសមុទ្រនេះ គឺប៉ះពាល់ដល់ផ្ទៃទឹកសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រអាមេរិករហូតទៅដល់ ៩០% ឯណោះ។ លោករដ្ឋមន្រ្តីរូបនេះបានការពារគម្រោងនេះ ដោយផែ្អកលើអំណះអំណាងថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកធ្វើអាជីវកម្មបូមប្រេង និងឧស្ម័នចំនួនតែ ៦% ប៉ុណ្ណោះ នៃធនធានធម្មជាតិក្រោមទឹកសមុទ្ររបស់អាមេរិក។ ក្រឡាផ្ទៃទឹកដែលនឹងត្រូវពង្រីកនេះអាចមានផ្ទុកធនធានប្រេង និងឧស្ម័នរហូតទៅដល់ ៩៨%។
បើតាមការគ្រោងទុក សេចក្តីសំរេចនេះនឹងយកទៅអនុវត្តចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៤។ ពោល គឺសំរាប់រយៈពេល ៥ ឆ្នាំ។ រដ្ឋាភិបាលអាមេរិកគ្រោងនឹងអនុញ្ញាតឲ្យមានការខួងអណ្តូងប្រេងរហូតទៅដល់ចំនួន ៤៧ កន្លែងក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងចំណោមអាជ្ញាប័ណ្ណខួងអណ្តូងទាំងនោះ មានអណ្តូងចំនួន ១៩ កន្លែងស្ថិតនៅក្នុងតំបន់ឆ្នេរនៃរដ្ឋអាឡាស្កា ៧ កន្លែងនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ១២ កន្លែងនៅក្នុងឈូងសមុទ្រម៉ិចសិក និង ៩ កន្លែងនៅម្តុំមហាសមុទ្រអាត្លង់ទិក។
លោករដ្ឋមន្រ្តីធនធានធម្មជាតិរូបនេះបានក៏បានអះអាងផងដែរថា គិតមកដល់ពេលនេះ មានតំណាងរាស្រ្តអាមេរិកចំនួន ១៥៥ រូបបានសរសេរលិខិតគាំទ្រគម្រោងនេះ។ សំរាប់លោករដ្ឋមន្រ្តី ការអនុញ្ញាតពង្រីកវិសាលភាពផ្ទៃទឹកបូមយកប្រេងក្រោមបាតសមុទ្រនេះ គឺជាផែ្នកមួយនៃយោបាយ អាមេរិកជាចម្បង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ បានន័យថាលោក ត្រាំ មានមហិច្ឆតាធ្វើយ៉ាងឲ្យសហរដ្ឋអាមេរិកក្លាយជាមហាអំណាចថាមពលមួយនាថ្ងៃអនាគត។
ក៏ប៉ុន្តែ វិធានរការណ៍ធ្វើអាជីវកម្មប្រេងមួយនេះរបស់លោក ដូណាល់ ត្រាំ កំពុងតែបំផ្លាញមរតករបស់លោកអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ផងដែរ។ ក្នុងរយៈ ៨ ឆ្នាំនៃការកាន់អំណាច លោក អូបាម៉ា បានហាមឃាត់មិនឲ្យមានការជីកខួងអណ្តូងប្រេងឡើយនៅតាមឆ្នេរនៃរដ្ឋអាឡាស្កា។ លោក អូបាម៉ា បានអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណជីកអណ្តូងប្រេងតែ ១១ កន្លែងតែប៉ុណ្ណោះ។ យើងឃើញថា ចំនួននេះតិចតួចណាស់ បើប្រៀបធៀបនឹងផែនការរបស់លោក ដូណាល់ ត្រាំ។ កាលពីខែមេសា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីមួយ ដោយបានស្នើឲ្យពិនិត្យឡើងវិញនូវបំរាមរបស់អតីតប្រធានាធិបតី អូបាម៉ា។
លោក ត្រាំ បានលើកអំណះអំណាងថា ការធ្វើអាជីវកម្មធនធានប្រេងនឹងជួយបង្កើតការងារធ្វើដល់ពលរដ្ឋអាមេរិក។ ហើយវានឹងផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់រដ្ឋាភិបាលអាមេរិក។ នៅក្នុងសេចក្តីសំរេចនេះ រដ្ឋាភិបាលអាមេរិកនឹងបន្ធូរបន្ថយច្បាប់ស្តីពីបច្ចេកទេសបូមប្រេង និងសុវត្ថិភាពអណ្តូងប្រេងនៅបាតសមុទ្រ។ ក្រុមហ៊ុនឧស្សាហកម្មប្រេងនឹងទទួលបន្ទុកត្រួតពិនិត្យសុវត្ថិភាពអណ្តូងប្រេងណា ដែលខ្លួនបានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។ ហើយក្រុមហ៊ុននឹងមានទំនួលខុសត្រូវចំពោះឧប្បត្តិហេតុណាមួយដែលអាចកើតមានឡើង។ ជាពិសេស គឺផលប៉ះពាល់បរិស្ថាន។
តាមរយៈវិធានការណ៍ថ្មីនេះ រដ្ឋាភិបាលអាមេរិកពុំបាច់ចំណាយពេលវេលា និងថវិកាត្រួតពិនិត្យអណ្តូងនីមួយៗឡើយ។ បើតាមលោក Scott Angelle នាយកការិយាល័យអនុវត្តន៍និយ័តកម្មបរិស្ថាន (BSEE) បានអះអាងថា វិធានការណ៍ថ្មីនេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកអាចសន្សំសំចៃប្រាក់បានចំនួនរាប់រយលានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ។ សូមរំលឹកជូនថា ផែនការធ្វើអាជីវកម្មបូមប្រេងនេះត្រូវបានប្រកាសឡើង ៨ ឆ្នាំក្រោយពីមានឧប្បត្តិហេតុផ្ទុះឆេះអណ្តូងប្រេង និងអាគារបូមប្រេងបណ្តែតទឹករបស់ក្រុមហ៊ុនអង់គ្លេស BP។ សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១០ នៅក្នុងឈូងសមុទ្រម៉ិចសិក។
មានមនុស្សចំនួន ១១ នាក់បានស្លាប់បាត់បង់ជីវិត។ អគ្គីភ័យនេះក៏បានបណ្តាលឲ្យមានប្រេងឆៅហៀរលើផ្ទៃទឹកសមុទ្រក្នុងរង្វង់ផ្ទៃ ១៨០ ០០០ គីឡូម៉ែត្រក្រឡា។ គ្រោះមហន្តរាយនេះធ្វើឲ្យក្រុមហ៊ុន BP ខាតបង់ទឹកប្រាក់អស់ចំនួនជាង ៦១ ពាន់លានដុល្លារ។ ក្រុមតំណាងរាស្រ្តអាមេរិកមួយចំនួនមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបានសំដែងការប្រឆាំងនឹងគំរោងនេះ។ ចំណែកអង្គការការពារបរិស្ថានក៏បានចេញមុខជំទាស់ផងដែរ។ អង្គការ Sierra Club បានបរិហារថា ការពង្រីកវិសាលភាពផ្ទៃទឹកធ្វើអាជីវកម្មប្រេងនេះនឹងប៉ះពាល់ដល់សហគមន៍ដែលរស់នៅតាមមាត់ឆ្នេរ។
មានជាអាទិ៍ដូចជា នៅក្នុងរដ្ឋ New Jersey រដ្ឋការ៉ូលីនខាងជើង រដ្ឋការ៉ូលីនខាងត្បូង រដ្ឋ Virginia និងរដ្ឋ Florida។ អង្គការនេះថែមទាំងបានចោទប្រកាន់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោករដ្ឋមន្រ្តីធនធានធម្មជាតិ Ryan Zinke កំពុងតែឃុបឃិតគ្នា ដើម្បីបំពេញចិត្តពួកថៅកែឧស្សាហកម្មប្រេង។ គឺព្រោះពួកថៅកែទាំងនោះហើយ ដែលបានបរិច្ចាកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជួយជ្រោមជ្រែងដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ