អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​សហរដ្ឋអាមេរិក​ចង់​ពង្រីក​វិសាលភាព​ផ្ទៃទឹក​ដើម្បី​ធ្វើ​អាជីវកម្ម​បូមប្រេង និង​ឧស្ម័ន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៤ ខែ​មករា​ កន្លង​ទៅ​នេះ​ រដ្ឋការ​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​បង្ហាញ​ពី​បំណង​ចង់​ពង្រីក​វិសាល​ភាព​តំបន់​ផ្ទៃ​ទឹក​ជាប់​ឆ្នេរ​សមុទ្រ​អាមេរិក​ ដើម្បី​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​​ប្រេង​​ និងឧស្ម័ន។​ តំបន់​ផ្ទៃ​ទឹក​ជាប់​ឆ្នេរ​ទាំង​នោះ​មាន​នៅ​រដ្ឋ​ California រដ្ឋ​ Florida និង​តំបន់​ទ្វីប​ទឹកក​អាកទិក។ ក្រុម​តំណាង​រាស្រ្ត​នៅ​តាម​បណ្តា​រដ្ឋ​ពាក់​ព័ន្ធ​ និង​ក្រុម​អង្គការ​ការពារ​បរិស្ថាន​បាន​ជំទាស់​នឹង​គំរោង​ដ៏​ចម្រូង​ចម្រាស​នេះ។

លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ REUTERS/Kevin Lamarque/File Picture
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ផែនការ​ជាតិ ៥ ឆ្នាំ​ស្តីពី​ការ​គ្រប់​គ្រង​ធនធាន​ទឹក​សមុទ្រ​សំរាប់​ផែ្នក​ថាមពល​ លោក​ Ryan Zinke រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ធម្មជាតិ​អាមេរិក​បានធ្វើ​សេចក្តី​ប្រកាស​ថា​ រដ្ឋាភិបាល​អាមេរិក​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ពង្រីក​ទំហំ​ផ្ទៃទឹក​ហ៊ុម​ព័ទ្ធ​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​អាជីវកម្ម​បូមប្រេង​ និង​ឧស្ម័ន។​ ចេតនា​ពង្រីក​វិសាល​ភាព​ផ្ទៃទឹក​សមុទ្រ​នេះ​ គឺ​ប៉ះពាល់​ដល់​ផ្ទៃ​ទឹក​សមុទ្រ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​អាមេរិក​រហូត​ទៅ​ដល់​ ៩០% ឯណោះ។​ លោក​រដ្ឋ​មន្រ្តី​រូបនេះ​បាន​ការពារ​គម្រោង​នេះ​ ដោយ​ផែ្អក​លើ​អំណះអំណាង​ថា​ បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​ធ្វើ​អាជីវកម្ម​បូម​ប្រេង​ និង​ឧស្ម័ន​ចំនួន​តែ ៦% ប៉ុណ្ណោះ​ នៃ​ធនធាន​ធម្មជាតិ​ក្រោម​ទឹក​សមុទ្រ​របស់​អាមេរិក។​ ក្រឡា​ផ្ទៃ​ទឹក​ដែល​នឹង​ត្រូវ​ពង្រីក​នេះ​អាច​មាន​ផ្ទុក​ធនធាន​ប្រេង​ និង​ឧស្ម័ន​រហូត​ទៅ​ដល់​ ៩៨%។

បើ​តាម​ការ​គ្រោង​ទុក​ សេចក្តី​សំរេច​នេះ​នឹង​យក​ទៅ​អនុវត្ត​ចាប់​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​២០២៤។ ពោល​ គឺ​សំរាប់​រយៈ​ពេល​ ៥ ឆ្នាំ។​ រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ខួង​អណ្តូង​ប្រេង​រហូត​ទៅ​ដល់​ចំនួន ៤៧ កន្លែង​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ។​ ក្នុង​ចំណោម​អាជ្ញាប័ណ្ណ​​​​ខួង​អណ្តូង​ទាំង​នោះ​ មាន​អណ្តូង​ចំនួន​ ១៩ កន្លែង​ស្ថិត​នៅ​ក្នុង​តំបន់​ឆ្នេរ​នៃ​រដ្ឋ​អាឡាស្កា ៧ កន្លែង​នៅ​តាម​បណ្តោយ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ១២ កន្លែង​នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិចសិក​ និង​ ៩ កន្លែង​នៅ​ម្តុំ​មហា​សមុទ្រ​អាត្លង់​ទិក។

លោក​រដ្ឋ​មន្រ្តី​ធនធាន​ធម្មជាតិរូប​នេះបាន​ក៏​បាន​​អះអាង​ផង​ដែរ​ថា​ គិត​មក​ដល់​ពេល​នេះ មាន​តំណាង​រាស្រ្ត​អាមេរិក​ចំនួន​ ១៥៥ រូប​បាន​សរសេរ​លិខិត​​គាំទ្រ​គម្រោង​នេះ។ សំរាប់​លោក​រដ្ឋ​មន្រ្តី​ ការ​អនុញ្ញាត​ពង្រីក​វិសាល​ភាព​ផ្ទៃ​ទឹក​បូម​យក​ប្រេងក្រោម​បាត​សមុទ្រ​​នេះ​ គឺ​ជា​ផែ្នក​មួយ​នៃ​យោបាយ​ អាមេរិក​ជា​ចម្បង​ របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។​ បាន​ន័យ​ថា​លោក​ ត្រាំ មាន​មហិច្ឆតា​ធ្វើ​យ៉ាង​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​មហា​អំណាច​ថាមពល​មួយ​នា​ថ្ងៃ​អនាគត។

ក៏​ប៉ុន្តែ​ វិធានរការណ៍​ធ្វើ​អាជីវកម្ម​ប្រេង​មួយ​នេះ​​របស់​លោក​ ដូណាល់​ ត្រាំ កំពុង​តែ​បំផ្លាញ​មរតក​​របស់​លោក​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ផង​ដែរ។​ ក្នុង​រយៈ​ ៨ ឆ្នាំ​នៃ​ការ​កាន់​អំណាច​ លោក​ អូបាម៉ា​ បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជីក​ខួង​អណ្តូង​ប្រេងឡើយ​នៅ​តាម​ឆ្នេរ​នៃ​រដ្ឋ​អាឡាស្កា។ លោក​ អូបាម៉ា បាន​អនុញ្ញាត​ផ្តល់​អាជ្ញា​ប័ណ្ណ​ជីក​អណ្តូង​ប្រេង​តែ​ ១១ កន្លែង​តែ​ប៉ុណ្ណោះ។​ យើង​ឃើញ​ថា​ ចំនួន​នេះ​តិច​តួច​ណាស់​ បើ​ប្រៀបធៀប​នឹង​ផែនការ​របស់​លោក​ ដូណាល់​ ត្រាំ។​ កាលពី​ខែ​មេសា​ ឆ្នាំ​២០១៧ លោក​ ដូណាល់​ ត្រាំ ​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី​មួយ​ ដោយ​បាន​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​បំរាម​របស់​អតីត​ប្រធានាធិបតី អូបាម៉ា។

លោក​ ត្រាំ បាន​លើក​អំណះ​អំណាង​ថា​ ការ​ធ្វើ​អាជីវកម្ម​ធនធាន​ប្រេង​នឹង​ជួយ​បង្កើត​ការងារ​ធ្វើ​ដល់​ពល​រដ្ឋ​អាមេរិក​។ ហើយវា​នឹង​ផ្តល់​ប្រាក់​រាប់​​ពាន់​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​អាមេរិក។ នៅ​ក្នុង​សេចក្តី​សំរេច​នេះ​ រដ្ឋាភិបាល​អាមេរិក​នឹង​បន្ធូរ​បន្ថយ​​ច្បាប់​ស្តីពី​ប​ច្ចេកទេស​បូម​ប្រេង និង​សុវត្ថិភាព​អណ្តូង​ប្រេង​​នៅ​បាត​សមុទ្រ។ ក្រុមហ៊ុន​ឧស្សាហកម្ម​ប្រេង​នឹង​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​សុវត្ថិភាព​អណ្តូង​ប្រេងណា​ ដែល​ខ្លួន​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល។​ ហើយ​ក្រុមហ៊ុន​នឹង​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ឧប្បត្តិហេតុ​ណា​មួយដែល​អាច​កើត​មាន​ឡើង។​ ជាពិសេស​ គឺ​​ផល​ប៉ះពាល់​បរិស្ថាន។

តាម​រយៈ​វិធានការណ៍​ថ្មី​នេះ​ រដ្ឋាភិបាល​អាមេរិក​ពុំ​បាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​ត្រួត​ពិនិត្យ​អណ្តូង​នីមួយៗ​ឡើយ។​ បើ​តាម​លោក​ Scott Angelle នាយក​ការិយាល័យ​អនុវត្តន៍​និយ័ត​កម្ម​បរិស្ថាន​ (BSEE) បាន​អះអាង​ថា​ វិធានការណ៍​ថ្មី​​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាមេរិក​អាច​សន្សំ​សំចៃ​ប្រាក់​បាន​ចំនួនរាប់​រយ​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ។​ សូម​រំលឹក​ជូន​ថា​ ផែនការ​ធ្វើ​អាជីវកម្ម​បូមប្រេង​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ ៨ ឆ្នាំក្រោយ​ពី​មាន​ឧប្បត្តិហេតុ​ផ្ទុះ​ឆេះ​អណ្តូង​ប្រេង​ និង​អាគារ​បូម​ប្រេង​បណ្តែត​ទឹក​របស់​ក្រុមហ៊ុន​អង់គ្លេស BP។ សោកនាដកម្ម​នេះ​បាន​កើត​ឡើង​កាលពីថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ២០១០ នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិចសិក។

មាន​មនុស្ស​ចំនួន​ ១១ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។​ អគ្គីភ័យ​នេះ​ក៏បាន​បណ្តាល​ឲ្យ​មាន​ប្រេង​ឆៅ​ហៀរ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ក្នុង​រង្វង់​​ផ្ទៃ​ ១៨០ ០០០ គីឡូ​ម៉ែត្រ​ក្រឡា។ គ្រោះ​មហន្តរាយ​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ BP ខាត​បង់​ទឹក​ប្រាក់​អស់​ចំនួន​ជាង ៦១ ​ពាន់​លាន​ដុល្លារ។​ ក្រុម​តំណាង​រាស្រ្ត​អាមេរិក​មួយ​ចំនួន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណ​រដ្ឋ​បាន​សំដែង​ការ​ប្រឆាំង​នឹង​គំរោង​នេះ។​ ចំណែក​អង្គការ​ការពារ​បរិស្ថាន​ក៏​បាន​ចេញ​មុខ​ជំទាស់​ផង​ដែរ។​ អង្គការ Sierra Club បាន​បរិហារ​ថា​ ការ​ពង្រីក​វិសាល​ភាព​ផ្ទៃទឹក​ធ្វើ​អាជីវកម្ម​​ប្រេង​នេះ​នឹង​ប៉ះពាល់​ដល់​សហគមន៍​ដែល​រស់​នៅ​តាម​មាត់​ឆ្នេរ​។

មាន​ជា​អាទិ៍​ដូចជា​ ​​​នៅ​ក្នុង​រដ្ឋ​ New Jersey រដ្ឋការ៉ូលីនខាង​ជើង​ រដ្ឋ​ការ៉ូលីន​ខាង​ត្បូង​ រដ្ឋ​ Virginia និង​រដ្ឋ​ Florida។ អង្គការ​នេះ​ថែម​ទាំង​បាន​ចោទ​ប្រកាន់​ថា​ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ និង​លោក​រដ្ឋ​មន្រ្តី​ធនធាន​ធម្មជាតិ ​ Ryan Zinke កំពុងតែ​​ឃុបឃិត​គ្នា​ ដើម្បី​បំពេញ​ចិត្ត​ពួក​ថៅកែ​ឧស្សាហកម្ម​ប្រេង។​ គឺ​ព្រោះ​ពួក​ថៅកែ​ទាំង​នោះ​ហើយ ​ដែល​បាន​បរិច្ចាកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជួយ​ជ្រោម​ជ្រែង​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ