យេម៉ែន៖របាយការណ៍របស់អ.ស.ប.ចោទអ៊ីរ៉ង់ពីបទរំលោភលើទណ្ឌកម្មអន្តរជាតិស្តីពីអាវុធ
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានបញ្ជូនរបាយការណ៍មួយដែលចោទអ៊ីរ៉ង់ពីបទបានរំលោភលើទណ្ឌកម្មអន្តរជាតិស្តីពីអាវុធនៅក្នុងប្រទេសយេម៉ែន។ តាមរបាយការណ៍ ទីក្រុងតេហេរ៉ង់បានបំពានលើទណ្ឌកម្មអន្តរជាតិអនុម័តក្នុងឆ្នាំ ២០១៥ ដោយបិទភ្នែកទុកបណ្តោយឲ្យពួកឧទ្ទាមហ៊ូទីទទួលបានដ្រូន និងគ្រាប់មីស៊ីលបាលីស្ទិក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៩
នៅក្នុងរបាយការណ៍កម្រាស់ ៧៩ទំព័រផ្ញើទៅឲ្យក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រ ទី១២ មករា ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលមានភារកិច្ចជាអ្នកឃ្លាំមើលការអនុវត្តន៍ទណ្ឌកម្មបានរកឃើញអត្តសញ្ញាណនៃបំណែកគ្រាប់មីស៊ីលដែលមានជាប់ពាក់ព័ន្ធនឹងគ្រឿងបរិក្ខារយោធា និងដ្រូនមានប្រភពពីប្រទេសអ៊ីរ៉ង់។ តាមក្រុមអ្នកជំនាញដដែល គ្រឿងបរិក្ខារយោធា និងដ្រូនទាំងអស់នោះបាននាំចូលប្រទេសយេម៉ែន ក្រោយពីក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើទណ្ឌកម្មហាមនាំអាវុធចូលយេម៉ែនក្នុងឆ្នាំ ២០១៥។
នៅត្រង់ចំណុចនេះ ក្រុមអ្នកជំនាញបានចោទអ៊ីរ៉ង់ត្រង់ៗពីបទបានបិទភ្នែកដោយទុកបណ្តោយឲ្យក្រុមឧទ្ទាមហ៊ូទីទទួលបានដ្រូន និងគ្រាប់មីស៊ីលបាលីស្ទិកក្នុងគោលដៅវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីតដែលជាគូប្រជែងស៊ីសាច់ហុតឈាមរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ ក្រុមអ្នកជំនាញដដែលបានបញ្ជាក់ថា ធ្លាប់បានសុំអ៊ីរ៉ង់ឲ្យបំភ្លឺលើព័ត៌មានទាំងអស់នោះ តែរដ្ឋអំណាចទីក្រុងតេហេរ៉ង់មិនបានផ្តល់ការពន្យល់ឲ្យបានច្បាស់លាស់ទេ។ ម្យ៉ាងទៀត ទីក្រុងតេហេរ៉ង់ក៏មិនបានចាត់វិធានការចាំបាច់ក្នុងការលក់ ឬការបញ្ជូនគ្រាប់មីស៊ីលទៅពួកឧទ្ទាមហ៊ូទីដែរ។
យ៉ាងណាក៏ដោយ របាយការណ៍របស់ក្រុមអ្នកជំនាញបានបញ្ជាក់បន្ថែមលើព័ត៌មានរបស់អាមេរិកនាដំណាច់ឆ្នាំ ២០១៧ ដែលចោទអ៊ីរ៉ង់ពីបទបានរំលោភលើទណ្ឌកម្មអន្តរជាតិហាមលក់ ឬនាំអាវុធទៅឲ្យពួកឧទ្ទាមហ៊ូទីនៅយេម៉ែន។ តែការចោទរបស់ទីក្រុងវ៉ាស៊ីនតោនកាលណោះត្រូវបានទីក្រុងតេហេរ៉ង់បដិសេធយ៉ាងដាច់អហង្ការ និងឆ្លើយបកវិញថា អ៊ីរ៉ង់បានគាំទ្រពួកហ៊ូទីតែផ្លូវនយោបាយមួយគត់។ សូមរម្លឹកជូនថា ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិអនុម័តក្នុងឆ្នាំ ២០១៥ សំដៅតែលើពួកឧទ្ទាមហ៊ូទីប៉ុណ្ណោះ ពោលមិនជាប់ពាក់ព័ន្ធនឹងប្រទេសសមាជិកនៅក្នុងកម្លាំងសម្ព័ន្ធអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនៅយេម៉ែនទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ