អានតួអត្ថបទ

អាមេរិក​នឹង​អាច​ពង្រឹង​សព្វាវុធ​នុយក្លេអ៊ែរ ដើម្បី​ទុកការពារ​ខ្លួន

រដ្ឋបាលលោកដូណាល់ ត្រាំ នឹង​អាច​សម្រេច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ថ្មី។ តាម​សេចក្តី​ព្រាង​ឯកសារ​សម្ងាត់ របស់​ក្រសួង​ការពារជាតិ​អាមេរិក ដែល​កាសែត​Huffington Post​ទទួល​បាន​ និង​ចុះផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍ទី​១១​មករា រដ្ឋាភិបាល​អាមេរិក​នឹង​អាច​បើកផ្លូវ ឲ្យ​ប្រើ​គ្រាប់បែក​នុយក្លេអ៊ែរ ដើម្បី​វាយបកវិញ នៅក្នុង​ករណី ដែល​អាមេរិក​រង​ការវាយប្រហារ​ពីខាងក្រៅ។

កម្មករ​អាមេរិក​កំពុង​ពិនិត្យ​មើល​គ្រាប់បែក B-53 នៅរោងចក្រPantex, នៅ​រដ្ឋ​តិចសាស់ កន្លែងតែមួយ នៅអាមេរិក​ដែល​នៅ​បន្ត​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ ជួសជុល និង​បំផ្លាញចោល
កម្មករ​អាមេរិក​កំពុង​ពិនិត្យ​មើល​គ្រាប់បែក B-53 នៅរោងចក្រPantex, នៅ​រដ្ឋ​តិចសាស់ កន្លែងតែមួយ នៅអាមេរិក​ដែល​នៅ​បន្ត​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ ជួសជុល និង​បំផ្លាញចោល REUTERS/Photo Courtesy B&W Pantex/Handout
ផ្សាយពាណិជ្ជកម្ម

តាម​ឯកសារ​សម្ងាត់​ដែលបែក​លេចធ្លាយ ទៅដល់​ដៃ​អ្នកកាសែត​របស់​ Huffington Post រដ្ឋបាល​លោកដូណាល់ ត្រាំ នឹង​អាច​បន្ត​អភិវឌ្ឍ ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ថ្មី។ ឯកសារ​សម្ងាត់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ដែល​មាន​ឈ្មោះ​ថា ការពិនិត្យ​ទៅលើ​នយោបាយ​នុយក្លេអ៊ែរ ឆ្នាំ ២០១៨ បាន​បង្ហាញ​ថា អាមេរិក​នឹង​អាច​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​សម្រាប់​វាយបក​វិញ នោះ​បើទោះបី​ជា​ការវាយប្រហារ​មកលើ​អាមេរិក មិនមែន​ជា​ការវាយប្រហារ ដោយ​ប្រើ​គ្រាប់បែក​នុយក្លេអ៊ែរក្តី។

មន្ទីរបញ្ចកោន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វីទាំងអស់ ក្នុង​ហេតុផលថា ឯកសារ​នៅ​ជា​សេចក្តីព្រាង និង​នៅ​មិនទាន់​បាន​ទទួល​បោះត្រា​យល់ព្រម ពី​ប្រធានាធិបតី​នៅឡើយ។ ប្រភព​ស្និទ្ធ​នឹង​សំណុំរឿង​នេះបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ថា ក្រសួងការពារ​ជាតិ​បាន​ចងក្រង សរសេរ ការសិក្សា​លើ​នយោបាយ​នុយក្លេអ៊ែរ ប៉ុន្តែ គេ​មិន​ច្បាស់​ថា វា​នឹង​ត្រូវ​បញ្ជូន ទៅ​ឲ្យ​ប្រធានាធិបតី​ដូណាល់ ត្រាំ សម្រេច​អនុម័ត​នោះទេ។

ការពិនិត្យ​ទៅលើ​​នយោបាយ​នុយក្លេអ៊ែរ អាមេរិក​ធ្លាប់​ធ្វើម្តង ហើយ ឆ្នាំ ២០១០ នៅក្នុង​អាណត្តិ​របស់លោក​ប្រធានាធិបតី​អូបាម៉ា។ នៅក្នុង​ឯកសារ​ឆ្នាំ ២០១០ លោកអូបាម៉ា​ធ្លាប់​បាន​បង្ហាញ​ពី​បំណង កាត់បន្ថយ​តួនាទីរបស់​អាវុធ​​នុយក្លេអ៊ែរ។ លោកអូបាម៉ា​ធ្លាប់​បាន​លើកឡើង​ពីពិភពលោក​មួយ ដែល​អាវុធ​នុយក្លេអ៊ែរ មិន​ដើរតួនាទី​សំខាន់។ ប៉ុន្តែ នៅក្នុង​ឯកសារ​ឆ្នាំ ២០១៨ មន្ទីរបញ្ចកោន​បាន​លើក​ឡើង​ថា សម្មតិកម្ម​របស់​លោកបារ៉ាក់ អូបាម៉ា គឺ​ជាសម្មតិកម្ម​ខុសទាំងស្រុង។ ពិភពលោក​កាន់តែ​គ្រោះថ្នាក់។ នេះ​បើតាម​សេចក្តីព្រាង​របស់​មន្ទីរបញ្ចកោន។

សូមអាន៖ លោកដូណាល់ ត្រាំ​ចង់​ឲ្យ​សព្វាវុធ​នុយក្លេអ៊ែរ​អាមេរិក​​ នាំមុខគេ

នៅក្នុង​សេចក្តីព្រាង​ដដែល គេ​បាន​សរសេរ​ទាមទារ​ឲ្យ​អាមេរិក ធ្វើ​ទំនើបកម្ម​សព្វាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ព្រោះថា រុស្ស៊ី និង​ចិន កំពុង​ដុះខាត់​ខ្លាំងណាស់​អាវុធ​នុយក្លេអ៊ែរ។ អាវុធ​នុយក្លេអ៊ែរ ដែល​គេ​ចាត់ទុក​ជា​មធ្យោបាយ​សម្រាប់​ទប់ស្កាត់​កុំ​ឲ្យ​មានសង្រ្គាម​នុយក្លេអ៊ែរ។ ទៅតាម​គណនា​គន់គូរ​របស់​ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក ការធ្វើទំនើបកម្ម​សព្វាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក នៅក្នុង​រយៈពេល ៣០​ឆ្នាំ ទៅ មុខ នឹង​ធ្វើ​ឲ្យ​អាមេរិក​ចំណាយ​ថវិកា ប្រមាណ ៩៨៣​ពាន់លាន​អឺរ៉ូ។

លោកដូណាល់ ត្រាំ ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ធ្លាប់បាន​វាយតម្លៃថា អាមេរិក​មាន​ការយឺតយ៉ាវ ក្នុង​ការអភិវឌ្ឍ​សមត្ថភាពអាវុធ​​នុយក្លេអ៊ែរ​របស់​ខ្លួន។ លោកដូណាល់​ត្រាំ បាន​និយាយ​ថា លោក​ចង់​ឲ្យ​អាមេរិក​នាំមុខ​គេ ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។ ដើម្បី នាំមុខគេ អាមេរិក ត្រូវតែ​ដុសខាត់​វិស័យ​សព្វាវុធ​នុយក្លែអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ