អានតួអត្ថបទ
អាមេរិក

លោកដូណាល់ ត្រាំ៖« ខ្ញុំ​មិនមែន​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍​ទេ »

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ថ្លែង​ធានា​នៅ​ថ្ងៃ​អាទិត្យ ទី១៤ មករា​ថា លោក​មិនមែន​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍​ទេ។ ប្រតិកម្ម​របស់​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង គឺ​ដើម្បី​តប​នឹង​ការ​រិះគន់​លើ​លោក​ដែល​បាន​ប្រើ​ភាសា​អសុរស​ទៅ​លើ​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ខ្លះ​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​អាមេរិកាំង។ នៅ​ក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​អន្តោប្រវេសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ មករា លោក​ត្រាំ​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ពួក​មនុស្ស​ចេញ​ពី​ក្រុម​ប្រទេស​ដ៏​គំរង់​មក​កាន់​ទឹកដី​អាមេរិក?។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ REUTERS/Carlos Barria/File Photo
ផ្សាយពាណិជ្ជកម្ម

គឺ​ពី​ក្លិបកីឡាវាយកូនគោ​ក្នុង​រដ្ឋ Florida ដែល​លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត លោក​មិនមែន​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍​ទេ និង​ថា លោក​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍​តិចតួច​ដែល​អស់លោក​មិន​ដែល​ជួប​សម្ភាសន៍​ឡើយ។ កាល​ពី​ថ្ងៃ​សុក្រ ទី១២ មករា លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញសង្គម Tweeter របស់​លោក​ថា លោក​មិន​បាន​និយាយ​អាក្រក់​ពី​ប្រជាជន​ហៃទី ហើយ​ក៏​មិន​បាន​ប្រើ​ឃ្លា « ក្រុមប្រទេស​គំរង់ » ដើម្បី​វាយតម្លៃ​ប្រទេស​ហៃទី​នៅ​ក្នុង​កិច្ចប្រជុំ​ស្តីពី​អន្តោប្រវេសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ មករា​ដែរ។

នៅ​ក្នុង Tweeter ដដែល​នោះ លោក​ដូណាល់ ត្រាំ​បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ប្រើ​ពាក្យ​ធ្ងន់ធ្ងរ​បន្តិច​មែន តែ​មិន​បាន​ប្រើ​ឃ្លា « ក្រុមប្រទេស​គំរង់ » ដូច​ដែល​កាសែត​បាន​ចុះ​នោះ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា សមាជិក​ព្រឹទ្ធសភា​ម្នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Dick Durbin ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ត្រាំ​ដែរ​នោះ​បាន​អះអាង​ថា លោក​ត្រាំ​ពិត​ជា​បាន​ប្រើ​ឃ្លា « ក្រុមប្រទេស​គំរង់ » នោះ​មែន និង​បាន​និយាយ​ច្រើន​ដង​ទៀត​ផង។ រីឯ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ជា​ច្រើន​ក៏​បាន​បញ្ជាក់​ដូច​លោក Dick Durbin អ៊ីចឹង​ដែរ។

តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល លោក​ត្រាំ​ចង់​និយាយ​សំដៅ​លើ​ជនអន្តោប្រវេសន៍​មក​ពី​ទ្វីកអាហ្រ្វិក ប្រទេស​ហែទី និង​ប្រទេស​សាល់វ៉ាឌ័រ​ដែល​អាមេរិក​មិន​គួរ​អនុញ្ញាត​ឲ្យ​ចូល​ទេ និង​ថា អាមេរិក​គួរ​តែ​ទទួល​យក​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ន័រវែស​វិញ។ យ៉ាង​ណា​ក៏​ដោយ រឿង​អាស្រូវ​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​កំហឹង​ពី​ប្រជាជន​ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ដោយ​ពួក​គេ​បាន​ចាត់​ទុក​លោក​ត្រាំ​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍។ ប្រតិកម្ម​ដូច​គ្នា​នេះ​ក៏​មាន​ពី​ឧត្តមស្នង​​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ​ដែល​ចោទ​ជា​សំណួរ​ថា បើ​ពាក្យ​ដែល​លោក​ត្រាំ​បាន​ប្រើ​មិនមែន​ជា​ពាក្យ​ប្រកាន់​ពូជសាសន៍ តើ​ជា​ពាក្យ​អ្វី​ទៅ?។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ