អាមេរិកកាត់ជំនួយពាក់កណ្តាលពីទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៨
នៅថ្ងៃអង្គារ ទី១៦ មករា រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតីដូណាល់ ត្រាំបានសម្រេចកាត់ជំនួយពាក់កណ្តាលពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនប៉ាឡេស្ទីនហៅកាត់ថា UNRWA។ នៅក្នុងប្រាក់ជំនួយស្ម័គ្រចិត្តសរុប ១២៥លានដុល្លារ អាមេរិកបានប្រគល់ឲ្យ UNRWA តែ ៦០លានដុល្លារប៉ុណ្ណោះ។ អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការបរទេសអាមេរិកបានអំពាវនាវដល់ទីភ្នាក់ងារ UNRWA ឲ្យពិនិត្យមើលឡើងវិញនូវដំណើរការ និងការចាយវាយរបស់ខ្លួន រួចថា ការសម្រេចចិត្តរបស់អាមេរិកនេះគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។ អ្នកទទួលខុសត្រូវទីភ្នាក់ងារ UNRWA បានអះអាងថា ការកាត់ជំនួយនេះនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ដំណើរការរបស់ UNRWA។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបានបង្កើតក្នុងថ្ងៃទី៨ ធ្នូ ឆ្នាំ ១៩៤៩ និងមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងអាម៉ាន់ ប្រទេសហ្សកដានី។ បច្ចុប្បន្ននេះ ទីភ្នាក់ងារ UNRWA បានជួយទំនុកបម្រុងជនភៀសខ្លួនប៉ាឡេស្ទីនប្រមាណជា ៥លាននាក់នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយអាមេរិកជាប្រទេសដែលបានផ្តល់វិភាគទានច្រើនជាងគេ។ គិតតាំងពីឆ្នាំ ១៩៥០ មក ទីក្រុងវ៉ាស៊ីនតោនបានផ្តល់លុយឲ្យទីភ្នាក់ងារ UNRWA ចំនួន ៥ ៦០០លានដុល្លារ ហើយបើគិតជាមធ្យមតាំងពីឆ្នាំ ២០០៧ អាមេរិកបានផ្តល់ឲ្យ ២៥០លានដុល្លារក្នុង១ឆ្នាំៗ។
ក្រៅពីផ្តល់ជំនួយទៅឲ្យទីភ្នាក់ងារ UNRWA អាមេរិកក៏បានផ្តល់ជំនួយផ្ទាល់ទៅឲ្យប្រជាជនប៉ាឡេស្ទីនតាមរយៈទីភ្នាក់ងារ USAID និងតាមរយៈកម្មវិធីរបស់អង្គការសហប្រជាជាតិចំពោះដែនដីប៉ាឡេស្ទីន។ តួលេខក្នុងឆ្នាំ ២០១៦ ឲ្យដឹងថា ទីភ្នាក់ងារ USAID បានឧបត្ថម្ភឲ្យប្រជាជនប៉ាឡេស្ទីនចំនួន ៣១៩លានដុល្លារ និង៣០៤លានដុល្លារផ្សេងទៀតតាមរយៈកម្មវិធីរបស់អង្គការសហប្រជាជាតិចំពោះដែនដីប៉ាឡេស្ទីន។ ក្នុង១ឆ្នាំៗ អាមេរិកបានចូលរួមជួយប្រជាជនប៉ាឡេស្ទីនច្រើនណាស់ ហើយជួយតាំងពីជាងកន្លះសតវត្សមកហើយ។
ហេតុអ្វីបានជាអាមេរិកទើបសើរើពេលនេះ?
មានហេតុផលចំនួនពីរដែលគេអាចបញ្ជាក់ពីការសម្រេចចិត្តរបស់អាមេរិកក្នុងការកាត់ជំនួយដល់ទីភ្នាក់ងារ UNRWA ទី១ គឺនយោបាយរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងទី២ នយោបាយរបស់លោកត្រាំនៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ តាំងពីចូលកាន់តំណែង លោកដូណាល់ ត្រាំបានសើរើឡើងវិញទាំងអស់នូវជំនួយដែលអាមេរិកកំពុងជួយប្រទេសផ្សេង ទឹកប្រាក់ដែលអាមេរិកបានបង់វិភាគទានឲ្យស្ថាប័នអន្តរជាតិ ឬអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ទំនាកំទងរវាងអាមេរិក និងប្រទេសផ្សេង និងកិច្ចព្រមព្រៀងអន្តរជាតិដែលអាមេរិកបានចុះហត្ថលេខា។
លោកត្រាំធ្លាប់បានព្រមាន និងនិយាយច្រើនដងថា អាមេរិកបានចំណាយលុយច្រើនណាស់សម្រាប់អ្នកផ្សេង និងបានគិតគូរអ្នកដទៃច្រើនជាងពលរដ្ឋអាមេរិកខ្លួនឯងទៅទៀត។ ទាក់ទងនឹងទីភ្នាក់ងារ UNRWA លោកត្រាំបានថ្លែងកាលពីថ្ងៃទី២ មករាថា អាមេរិកបានបញ្ជូនលុយឲ្យប៉ាឡេស្ទីនរាប់សិបលានដុល្លារ តែអាមេរិកមិនដែលទទួលបានការអរគុណ និងការគោរពពីប៉ាឡេស្ទីនទេ។ លោកត្រាំបានបន្ថែមដោយចោទជាសំណួរថា បើប្រជាជនប៉ាឡេស្ទីនលែងចង់និយាយពីសន្តិភាព រឿងអីដែលអាមេរិកបន្តឲ្យលុយដ៏ច្រើនសម្បើមទៀត?។
បើមើលមួយភ្លែតទៅ លោកត្រាំស្តីបន្ទោសប៉ាឡេស្ទីនដែលមិនព្រមចរចាសន្តិភាពជាមួយអ៊ីស្រាអែល។ តែអ្វីដែលលោកត្រាំភ្លេចខ្លួននោះគឺថា រូបលោកជាអ្នកផ្តើមបង្កឲ្យមានបរិយាកាសអាប់អួរ តានតឹងកាន់តែខ្លាំងនៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ជាក់ស្តែង លោកត្រាំបានទទួលស្គាល់ហ្សេរុយសាឡិមជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែល។ រដ្ឋអំណាចប៉ាឡេស្ទីន រួមទាំងសហគមន៍អន្តរជាតិបានថ្កោលទោសលើទង្វើរបស់លោកត្រាំ។ ជាការឆ្លើយបកវិញ ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនអាបាស់បានសម្រេចលែងចាត់ទុកតួនាទីប្រពៃណីរបស់អាមេរិកជាអន្តរការីនៅក្នុងដំណើរការចរចាសន្តិភាពឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ផលវិបាកចំពោះដំណើរការរបស់ទីភ្នាក់ងារ UNRWA
នៅក្នុងខ្ទង់ចំណាយប្រចាំឆ្នាំរបស់ទីភ្នាក់ងារ UNRWA ដែលមាន ១ ៣០០លានដុល្លារ អាមេរិកតែម្នាក់ឯងបានចូលរួមដល់ទៅ ៣០%។ ដូច្នេះការដែលអាមេរិកបានកាត់ជំនួយរបស់ខ្លួនពាក់កណ្តាលពេលនេះនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ដំណើរការរបស់ទីភ្នាក់ងារ UNRWA។ អ្នកដែលកំពុងព្រួយបារម្ភខ្លាំងជាងគេ គឺជនភៀសខ្លួនប៉ាឡេស្ទីនដែលជាជនរងគ្រោះផ្ទាល់។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gutteres បានសម្តែងក្តីបារម្ភ និងបានរម្លឹកប្រាប់អាមេរិកថា ទីភ្នាក់ងារ UNRWA បានជួយជនភៀសខ្លួនប៉ាឡេស្ទីនគ្រប់រូប ទោះនៅក្នុងប្រទេសហ្សកដានី ស៊ីរី លីបង់ ឬនៅដែនដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែលក៏ដោយ។
ផលវិបាកដែលគ្រប់គ្នាបារម្ភ គឺផលវិបាកមនុស្សធម៌ចំពោះជនភៀសខ្លួនប៉ាឡេស្ទីន។ ចំណែកប្រតិកម្មខ្លះទៀតបានមើលឃើញសេចក្តីសម្រេចរបស់អាមេរិកថាមានលក្ខណៈនយោបាយកាន់ជើងអ៊ីស្រាអែល។ នេះក៏ដោយសារថា អ៊ីស្រាអែលជាអ្នកដែលបានតាមរករឿងទីភ្នាក់ងារ UNRWA តាំងពីយូរមកហើយដោយបានចោទទីភ្នាក់ងារអន្តរជាតិមួយនេះពីបទបានអនុញ្ញាតឲ្យចលនាប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ប្រើទីស្នាក់ការខ្លួនដើម្បីបាញ់គ្រាប់រ៉ូកែតលើទឹកដីអ៊ីស្រាអែល។ ទោះជាយ៉ាងនេះក្តី អាមេរិកក៏យល់ពីមហន្តរាយមនុស្សធម៌ដែលអាចកើតមានចំពោះជនភៀសខ្លួនប៉ាឡេស្ទីនដែរ និងបានបញ្ជាក់ថា ការកាត់ជំនួយនេះគ្រាន់ជាបណ្តោះអាសន្នប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ អាមេរិកក៏បានបង្ហើបឲ្យដឹងពីបំណងចង់ផ្ទេរវិភាគទានពីទីភ្នាក់ងារ UNRWA ទៅឲ្យស្ថានប័នអន្តរជាតិផ្សេងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ