អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​កាត់​ជំនួយ​ពាក់កណ្តាល​ពី​ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ជនភៀសខ្លួន​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១៦ មករា រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​សម្រេច​កាត់​ជំនួយ​ពាក់​កណ្តាល​ពី​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជួយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ហៅកាត់​ថា UNRWA។ នៅ​ក្នុង​ប្រាក់ជំនួយ​ស្ម័គ្រចិត្ត​សរុប ១២៥លានដុល្លារ អាមេរិក​បាន​ប្រគល់​ឲ្យ UNRWA តែ ៦០លានដុល្លារ​ប៉ុណ្ណោះ។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​អំពាវនាវ​ដល់​ទីភ្នាក់ងារ UNRWA ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដំណើរការ និង​ការ​ចាយវាយ​របស់​ខ្លួន រួច​ថា ការ​សម្រេចចិត្ត​របស់​អាមេរិក​នេះ​គ្រាន់​តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ។ អ្នក​ទទួល​ខុស​ត្រូវ​ទីភ្នាក់ងារ UNRWA បាន​អះអាង​ថា ការ​កាត់​ជំនួយ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​របស់ UNRWA។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​បាន​បង្កើត​ក្នុង​ថ្ងៃទី៨ ធ្នូ ឆ្នាំ ១៩៤៩ និង​មាន​ទីស្នាក់ការកណ្តាល​នៅ​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ្សកដានី។ បច្ចុប្បន្ន​នេះ ទីភ្នាក់ងារ UNRWA បាន​ជួយ​ទំនុកបម្រុង​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ប្រមាណ​ជា ៥លាននាក់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ហើយ​អាមេរិក​ជា​ប្រទេស​ដែល​បាន​ផ្តល់​វិភាគទាន​ច្រើន​ជាង​គេ។ គិត​តាំង​ពី​ឆ្នាំ ១៩៥០ មក ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​លុយ​ឲ្យ​ទីភ្នាក់ងារ UNRWA ចំនួន ៥ ៦០០លានដុល្លារ ហើយ​បើ​គិត​ជា​មធ្យម​តាំង​ពី​ឆ្នាំ ២០០៧ អាមេរិក​បាន​ផ្តល់​ឲ្យ ២៥០លានដុល្លារ​ក្នុង​១ឆ្នាំៗ។

ក្រៅ​ពី​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ទីភ្នាក់ងារ UNRWA អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ផ្ទាល់​ទៅ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​តាម​រយៈ​ទីភ្នាក់ងារ USAID និង​តាម​រយៈ​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​ដែនដី​ប៉ាឡេស្ទីន។ តួលេខ​ក្នុង​ឆ្នាំ ២០១៦ ឲ្យ​ដឹង​ថា ទីភ្នាក់ងារ USAID បាន​ឧបត្ថម្ភ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ចំនួន ៣១៩លានដុល្លារ និង​៣០៤លានដុល្លារ​ផ្សេង​ទៀត​តាម​រយៈ​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​ដែនដី​ប៉ាឡេស្ទីន។ ក្នុង​១ឆ្នាំៗ អាមេរិក​បាន​ចូលរួម​ជួយ​ប្រជាជន​ប៉ាឡេស្ទីន​ច្រើន​ណាស់ ហើយ​ជួយ​តាំង​ពី​ជាង​កន្លះ​សតវត្ស​មក​ហើយ។

ហេតុអ្វី​បាន​ជា​អាមេរិក​ទើប​សើរើ​ពេល​នេះ?

មាន​ហេតុផល​ចំនួន​ពីរ​ដែល​គេ​អាច​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​កាត់​ជំនួយ​ដល់​ទីភ្នាក់ងារ UNRWA ទី១ គឺ​នយោបាយ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​ទី២ នយោបាយ​របស់​លោក​ត្រាំ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តាំង​ពី​ចូល​កាន់​តំណែង លោក​ដូណាល់ ត្រាំ​បាន​សើរើ​ឡើង​វិញ​ទាំង​អស់​នូវ​ជំនួយ​ដែល​អាមេរិក​កំពុង​ជួយ​ប្រទេស​ផ្សេង ទឹកប្រាក់​ដែល​អាមេរិក​បាន​បង់វិភាគទាន​ឲ្យ​ស្ថាប័ន​អន្តរជាតិ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ ទំនាកំទង​រវាង​អាមេរិក និង​ប្រទេស​ផ្សេង និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​អាមេរិក​បាន​ចុះ​ហត្ថលេខា។

លោក​ត្រាំ​ធ្លាប់​បាន​ព្រមាន និង​និយាយ​ច្រើន​ដង​ថា អាមេរិក​បាន​ចំណាយ​លុយ​ច្រើន​ណាស់​សម្រាប់​អ្នក​ផ្សេង និង​បាន​គិតគូរ​អ្នក​ដទៃ​ច្រើន​ជាង​ពលរដ្ឋ​អាមេរិក​ខ្លួន​ឯង​ទៅ​ទៀត។ ទាក់ទង​នឹង​ទីភ្នាក់ងារ UNRWA លោក​ត្រាំ​បាន​ថ្លែង​កាល​ពី​ថ្ងៃទី២ មករា​ថា អាមេរិក​បាន​បញ្ជូន​លុយ​ឲ្យ​ប៉ាឡេស្ទីន​រាប់សិប​លាន​ដុល្លារ តែ​អាមេរិក​មិន​ដែល​ទទួល​បាន​ការ​អរគុណ និង​ការ​គោរព​ពី​ប៉ាឡេស្ទីន​ទេ។ លោក​ត្រាំ​បាន​បន្ថែម​ដោយ​ចោទ​ជា​សំណួរ​ថា បើ​ប្រជាជន​ប៉ាឡេស្ទីន​លែង​ចង់​និយាយ​ពី​សន្តិភាព រឿង​អី​ដែល​អាមេរិក​បន្ត​ឲ្យ​លុយ​ដ៏​ច្រើន​សម្បើម​ទៀត?។

បើ​មើល​មួយ​ភ្លែត​ទៅ លោក​ត្រាំ​ស្តី​បន្ទោស​ប៉ាឡេស្ទីន​ដែល​មិន​ព្រម​ចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ តែ​អ្វី​ដែល​លោក​ត្រាំ​ភ្លេច​ខ្លួន​នោះ​គឺ​ថា រូប​លោក​ជា​អ្នក​ផ្តើម​បង្ក​ឲ្យ​មាន​បរិយាកាស​អាប់អួរ តានតឹង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ជាក់ស្តែង លោក​ត្រាំ​បាន​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។ រដ្ឋអំណាច​ប៉ាឡេស្ទីន រួម​ទាំង​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​លើ​ទង្វើ​របស់​លោក​ត្រាំ។ ជា​ការ​ឆ្លើយ​បក​វិញ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​អាបាស់​បាន​សម្រេច​លែង​ចាត់​ទុក​តួនាទី​ប្រពៃណី​របស់​អាមេរិក​ជា​អន្តរការី​នៅ​ក្នុង​ដំណើរការ​ចរចា​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ផលវិបាក​ចំពោះ​ដំណើរការ​របស់​ទីភ្នាក់ងារ UNRWA

នៅ​ក្នុង​ខ្ទង់ចំណាយ​ប្រចាំឆ្នាំ​របស់​ទីភ្នាក់ងារ UNRWA ដែល​មាន ១ ៣០០លានដុល្លារ អាមេរិក​តែ​ម្នាក់​ឯង​បាន​ចូលរួម​ដល់​ទៅ ៣០%។ ដូច្នេះ​ការ​ដែល​អាមេរិក​បាន​កាត់​ជំនួយ​របស់​ខ្លួន​ពាក់កណ្តាល​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​របស់​ទីភ្នាក់ងារ UNRWA។ អ្នក​ដែល​កំពុង​ព្រួយបារម្ភ​ខ្លាំង​ជាង​គេ គឺ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​ជា​ជនរងគ្រោះ​ផ្ទាល់។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Gutteres បាន​សម្តែង​ក្តីបារម្ភ និង​បាន​រម្លឹក​ប្រាប់​អាមេរិក​ថា ទីភ្នាក់ងារ UNRWA បាន​ជួយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​គ្រប់រូប ទោះ​នៅ​ក្នុង​ប្រទេស​ហ្សកដានី ស៊ីរី លីបង់ ឬ​នៅ​ដែនដី​ប៉ាឡេស្ទីន​កាន់កាប់​ដោយ​អ៊ីស្រាអែល​ក៏​ដោយ។

ផលវិបាក​ដែល​គ្រប់​គ្នា​បារម្ភ គឺ​ផលវិបាក​មនុស្សធម៌​ចំពោះ​ជនភៀសខ្លួន​ប៉ាឡេស្ទីន។ ចំណែក​ប្រតិកម្ម​ខ្លះ​ទៀត​បាន​មើល​ឃើញ​សេចក្តីសម្រេច​របស់​អាមេរិក​ថា​មាន​លក្ខណៈ​នយោបាយ​កាន់​ជើង​អ៊ីស្រាអែល។ នេះ​ក៏​ដោយសារ​ថា អ៊ីស្រាអែល​ជា​អ្នក​ដែល​បាន​តាម​រក​រឿង​ទីភ្នាក់ងារ UNRWA តាំង​ពី​យូរ​មក​ហើយ​ដោយ​បាន​ចោទ​ទីភ្នាក់ងារ​អន្តរជាតិ​មួយ​នេះ​ពី​បទ​បាន​អនុញ្ញាត​ឲ្យ​ចលនាប្រដាប់អាវុធ​ប៉ាឡេស្ទីន​ហាម៉ាស់​ប្រើ​ទីស្នាក់ការ​ខ្លួន​ដើម្បី​បាញ់គ្រាប់រ៉ូកែត​លើ​ទឹកដី​អ៊ីស្រាអែល។ ទោះ​ជា​យ៉ាង​នេះ​ក្តី អាមេរិក​ក៏​យល់​ពី​មហន្តរាយ​មនុស្សធម៌​ដែល​អាច​កើត​មាន​ចំពោះ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែរ និង​បាន​បញ្ជាក់​ថា ការ​កាត់​ជំនួយ​នេះ​គ្រាន់​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ អាមេរិក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​បំណង​ចង់​ផ្ទេរ​វិភាគទាន​ពី​ទីភ្នាក់ងារ UNRWA ទៅ​ឲ្យ​ស្ថានប័ន​អន្តរជាតិ​ផ្សេង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ