អានតួអត្ថបទ

សមាជិកព្រឹទ្ធសភា​អាមេរិក​នាំគ្នា​រិះគន់​លោកត្រាំ​ដែល​វាយប្រហារ​អ្នក​សារព័ត៌មាន

លោក Jeff Flake សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ បានសម្តែង​ការ​រិះគន់​ខ្លាំងៗ​ នៅ​ល្ងាច​ថ្ងៃពុធ​ម្សិលមិញ លោក ដូណាល់ ត្រាំ ដែល​បាន​វាយប្រហារ​លើ​ប្រព័ន្ធ​សារព័ត៌មាន​។ ដោយ​បាន​ប្រៀប​ប្រដូច​លោក​ប្រធានាធិបតី​អាមេរិក ទៅ​នឹង​អតីត​មេដឹកនាំ​ផ្តាច់ការ​សហភាព​សូវៀត ស្តាលីន។ សមាជិក​ព្រឹទ្ធសភា​ខ្លះ​ទៀត យល់​ថា លោក ត្រាំ កំពុង​តែ​ធ្វើ​ជា​គំរូ​មិន​ល្អ សម្រាប់​ប្រមុខ​ដឹកនាំ​ផ្តាច់ការ​ជា​ច្រើន​ទៀត​នៅ​លើលោក។

លោក  John McCain អំពាវនាវ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ឈប់​វាយប្រហារ​សារព័ត៌មាន
លោក John McCain អំពាវនាវ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ឈប់​វាយប្រហារ​សារព័ត៌មាន REUTERS/Aaron P. Bernstein
ផ្សាយពាណិជ្ជកម្ម

លោក​ John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិកដ៏ល្បី​ឈ្មោះ និង​​​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​​អាមេរិក​​នៃ​បក្ស​សាធារណរដ្ឋ បាន​អំពាវនាវ​ឱ្យ​លោក​ដូណាល់​ត្រាំ បញ្ឈប់​ការ​វាយប្រហារ​លើ​អ្នកកាសែត និង​ស្ថាប័ន​​សារព័ត៌មាន ព្រោះ​ទង្វើ​បែប​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​របប​ផ្តាច់ការ​យក​គំរូ​តាម។ នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​ Washington Post លោក McCain បាន​ពន្យល់​ថា សកម្មភាព​របស់​ប្រធានាធិបតី​អាមេរិក ត្រូវ​បានតាមដាន​យ៉ាង​ស្អិត​​ដោយ​ប្រមុខ​ដឹកនាំ​បរទេស​ដែលតែង​វាយប្រហារ​ប្រព័ន្ធ​សារព័ត៌មាន​ដើម្បី​កំរិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

លោក Jeff Flakeព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​រីះគន់​លោក​ត្រាំ​ដែល​វាយប្រហារ​អ្នក​សារព័ត៌មាន
លោក Jeff Flakeព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​រីះគន់​លោក​ត្រាំ​ដែល​វាយប្រហារ​អ្នក​សារព័ត៌មាន © Reuters

បើ​តាម​លោក​ Jeff Flake សមាជិក​ម្នាក់ទៀត​របស់​ព្រឹទ្ធសភា​អាមេរិក​បក្ស​សាធារណរដ្ឋដែរ សំដីរបស់​លោក​ត្រាំ ដែល​ចាត់ទុក​សារព័ត៌មានជា “​សត្រូវ​របស់​ពលរដ្ឋ” ហើយ​​​​ទន្ទេញ​តែ​ពាក្យចោទ​​ដដែលៗ​ “ព័ត៌មាន​មិន​ត្រឹមត្រូវ Fake News” កំពុង​​បើក​ផ្លូវ​ឱ្យ​មេដឹកនាំ​ផ្តាច់ការ ដូចយ៉ាងប្រធានាធិបតី​យ៉ាង​​ស៊ីរី បាស្ហារ អាល់អាសាដ ឬ​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ កាន់​តែបាន​ដៃ។ មិន​តែ​ប៉ុណ្ណោះ លោក Jeff Flake បាន​ថែម​ទាំង​ប្រៀប​ប្រដូច​លោក​ត្រាំ ថា​កំពុង​ធ្វើ​ដំណើរ​លើ​វិថី​របស់​​លោក Joseph Staline អតីត​មេដឹកនាំ​របប​សហភាពសូវៀត តាំង​ពី​ចុង​ឆ្នាំ​១៩២០​ដល់ថ្ងៃ​ស្លាប់ ឆ្នាំ​​១៩៥៣ ដោយ​រំលឹក​ថា លោក ស្តាលីន តែង​ប្រើ​​ថា "សត្រូវ​របស់​ពលរដ្ឋ” ​ហៅ​ជនណា​ដែល​គាត់​លែង​ចង់​ឃើញ។

នេះ​មិនមែន​ជាលើក​ទី​មួយ​ទេ ដែល​លោក Jeff Flake សម្តែង​ការ​ប្រឆាំង​នឹង​លោក​ត្រាំ​យ៉ាង​ដូច្នេះ ! កាលពី​ខែ​តុលា ២០១៧ លោក​បាន​ប្រកាស​មិន​ឈរ​ឈ្មោះ​ជា​តំណាង​ព្រឹទ្ធសភា​ឱ្យ​បក្ស​សាធារណរដ្ឋ​អាណត្តិ​ថ្មី​ទៀតទេ។ ជា​ប្រតិម្ម​តប ​អ្នក​នាំ​ពាក្យ​សេតវិមាន​ យល់​ថា​លោក Jeff Flake​ ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព កំពុងស្វែងរក​ចំណាប់​អារម្មណ៍​ ដោយ​ចេញ​មុខ​រិះគន់​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ