អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​អ្វី​ទៅ​ជា​តុល្យការ​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​មួយឆ្នាំ​របស់​លោក​ដូណាល់ ត្រាំ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

២០ មករា ២០១៧-២០ មករា ២០១៨ ថ្ងៃ​នេះ​ជា​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ទី៤៥ របស់​លោក​ដូណាល់ ត្រាំ។ នៅ​ក្នុង​ឱកាស​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃទី២០ មករា ឆ្នាំ ២០១៧ លោក​ត្រាំ​បាន​ថ្លែង​ប្តេជ្ញាចិត្ត​បង្កើន​កម្លាំង​ឲ្យ​អាមេរិក​ឡើង​វិញ ឬ​មួយ​ក៏​គិត​ប្រយោជន៍​របស់​អាមេរិក​ជា​ធំ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ រយៈពេល ១ឆ្នាំ​នៃ​ការ​កាន់​តំណែង​របស់​លោក​ត្រាំ​ក៏​មាន​បង្កប់​ដោយ​ព្រឹត្តិការណ៍​ក្តៅៗ​ជា​ច្រើន​ដែរ មាន​ទាំង​នយោបាយ​ផ្ទៃក្នុង និង​នយោបាយ​ការបរទេស។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

អត្រា​ប្រជាប្រិយភាព​របស់​លោក​ដូណាល់ ត្រាំ​មាន​ការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​អត្រា​ប្រជាប្រិយភាព​ដែល​លោក​មាន​បន្ទាប់​ពី​ទើប​ចូល​កាន់​តំណែង។ សព្វថ្ងៃ និង​ក្រោយ​ពី​បាន​កាន់​តំណែង​មួយ​ឆ្នាំ​មក មាន​ពលរដ្ឋ​អាមេរិកាំង​មិន​ដល់ ៤០% ផង​បាន​គាំទ្រ​សកម្មភាព​របស់​លោក​ត្រាំ។ ករណី​មួយ​នេះ​មិនមែន​ទើប​កើត​មាន​តែ​លើ​រូប​លោក​ដូណាល់ ត្រាំ​ប៉ុណ្ណោះ​ទេ គេ​ក៏​ធ្លាប់​ឃើញ​កើត​មាន​លើ​រូប​ប្រធានាធិបតី​អាមេរិក​មុនៗ​ដែរ។ ជាក់ស្តែង​លោក​បារ៉ាក់ អូបាម៉ា​ដែល​អត្រា​ប្រជាប្រិយភាព​មាន​ដល់​ទៅ ៧០% នៅ​ពេល​ចូល​កាន់​តំណែង​ភ្លាម តែ ១ឆ្នាំ​ក្រោយ​មក ក៏​ធ្លាក់​មក​នៅ​ត្រឹម ៥០%។

នា​ឱកាស​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ទី៤៥ កាល​ពី​ថ្ងៃទី២០ មករា ឆ្នាំ ២០១៧ លោក​ដូណាល់ ត្រាំ​បាន​សន្យា​ផ្តល់​កម្លាំង​ឲ្យ​អាមេរិក​ជា​ថ្មី គិតគូរ​ផលប្រយោជន៍ និង​ពលរដ្ឋ​អាមេរិក​ជា​ធំ ឬ​មួយ​ក៏​ពង្រឹង​សន្តិសុខ​របស់​អាមេរិក​ជា​ដើម។ តែ ១ឆ្នាំ​ក្រោយ​មក ពលរដ្ឋ​អាមេរិកាំង ពិសេស​អ្នក​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​ភាគ​ច្រើន​ហាក់​ខកចិត្ត​ដោយ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ដូច​ដែល​ពួក​គេ​បាន​ទន្ទឹង​រង់ចាំ​នោះ​ឡើយ។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា លោក​ដូណាល់ ត្រាំ​មិន​បាន​ធ្វើ​អ្វី​សោះ​នោះ​ទេ​នា​រយៈពេល ១ឆ្នាំ​កន្លង​ទៅ​នេះ។

គេ​អាច​និយាយ​បាន​ថា តុល្យការ​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​មួយ​ឆ្នាំ​របស់​លោក​ដូណាល់ ត្រាំ​មាន ៥០% គាំទ្រ និង ៥០% មិន​គាំទ្រ។

បរាជ័យ និង​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ឆ្នាំ​ទី១

នៅ​ក្នុង​សំណុំរឿង​ផ្ទៃក្នុង លោក​ត្រាំ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​អត្រាពន្ធ​លើ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ដើម្បី​​អូសទាញ​ពួក​គេ​ដែល​កំពុង​រក​ស៊ី​នៅ​បរទេស​ឲ្យ​ត្រឡប់​ចូល​រក​ស៊ី​នៅ​ក្នុង​ស្រុក​វិញ។ ជា​រួម ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​របស់​អាមេរិក​បច្ចុប្បន្ន​ហាក់​បាន​ប្រសើរ​ឡើង​បន្តិច បើ​ធៀប​នឹង​ជំនាន់​លោក​អូបាម៉ា។ បន្ទាប់​មក លោក​ត្រាំ​ក៏​បាន​ព្យាយាម​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​មួយ​ចំនួន​ដែល​អនុម័ត​ក្នុង​ជំនាន់​លោក​អូបាម៉ា ពិសេស​ច្បាប់​សុខភាព Obamacare ដែល​លោក​ត្រាំ​យល់​ថា បាន​ធ្វើ​ឲ្យ​រដ្ឋ​ចំណាយ​លុយ​ច្រើន​ណាស់ តែ​នៅ​មិន​ទាន់​ទទួល​ជោគជ័យ​ទេ។

នៅ​លើ​ឆាកអន្តរជាតិ មាន​សំណុំរឿង​មួយ​ចំនួន​ធំ​ដែល​លោក​ត្រាំ​បាន​ធ្វើ​ឲ្យ​សឹង​គ្រប់ប្រទេស​សម្តែង​ភាព​ក្តៅក្រហាយ និង​ដែល​ទង្វើ​មួយ​នេះ​កំពុង​ធ្វើ​អាមេរិក​ដែល​ជា​មហាអំណាច​ក្នុង​លោក​បាត់បង់​ការ​ជឿទុក​ពី​អ្នកដទៃ។ ជាក់ស្តែង លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ លោក​ត្រាំ​បាន​ចេញ​ក្រិត្យ​ហាម​មិន​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​មួយ​ចំនួន​ចូល​ក្នុង​ទឹកដី​អាមេរិកាំង លោក​ត្រាំ​ចង់​សាងសង់​ជញ្ជាំង​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ដើម្បី​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍ លោក​ត្រាំ​បាន​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល លោក​ត្រាំ​គំរាម​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ផ្សេង​ទៀត ឬ​មួយ​ក៏​លោក​ត្រាំ​គំរាម​វ៉ៃ​កូរ៉េខាងជើង​ជា​ដើម។

ក្រុមអ្នកវិភាគ​បាន​មើល​ឃើញ​ថា នយោបាយ​ការបរទេស​របស់​លោក​ដូណាល់ ត្រាំ​ហាក់​មិន​ច្បាស់លាស់​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​សាប​ឥទ្ធិពល គ្មាន​អ្នក​ណា​ខ្លាច យក​ត្រចៀក​ស្តាប់។ ឧទារហរណ៍​ក្នុង​សំណុំរឿង​កូរ៉េខាងជើង​ដែល​មនុស្សខ្លាំង​កូរ៉េខាងជើង​គីម ជុងអ៊ុន​មិន​ញញើត​នឹង​ប្រើ​សម្តី​ព្រហើន និង​ថ្លោសៗ​ដាក់​លោក​ត្រាំ​វិញ​ទេ។

លោក​​ត្រាំ​មាន​បុគ្គលិកលក្ខណៈ​ពិសេស​ជាង​ប្រធានាធិបតី​អាមេរិក​មុនៗ

ព្រឹត្តិការណ៍​ដែល​លេចធ្លោ​ខ្លាំង​នៅ​ក្នុង​ការ​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ​រយៈពេល ១ឆ្នាំ​កន្លង​ទៅ គឺ​បុគ្គលិកលក្ខណៈ និង​អត្តចរិក​ផ្ទាល់ខ្លួន។ នេះ​ពិត​ជា​លក្ខណៈពិសេស​ផ្តាច់មុខ​របស់​លោក​ត្រាំ ធៀប​នឹង​ប្រធានាធិបតី​អាមេរិក​មុនៗ។ តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​រហូត​ដល់​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​នៅ​សេតវិមាន តើ​មាន​ថ្ងៃ​ណា​មួយ​ដែល​គេ​មិន​និយាយ​ពី​លោក​ដូណាល់ ត្រាំ?។ មជ្ឈដ្ឋាន​ទូទៅ មិន​ថា​នៅ​អាមេរិក និង​នៅ​អន្តរជាតិ​បាន​នាំ​គ្នា​និយាយ​ថា លោក​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​មាត់ដាច និយាយ​ច្រើន និង​និយាយ​ផ្តេសផ្តាស់។ ទង្វើ​មួយ​នេះ​របស់​លោក​ត្រាំ​បាន​បំផុស​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​លោក​ត្រាំ​កំពុង​មាន​បញ្ហា​សរសៃ​ប្រសាទ ឬ?។

តែ​សំណួរ​មួយ​នេះ​ត្រូវ​បាន​លោក​ត្រាំ​ឆ្លើយ​បក​វិញ​បង្កប់​ដោយ​ពាក្យ​ចំអក​ថា បើ​លោក​មាន​ជម្ងៃ​សរសៃ​ប្រសាទ ហេតុអ្វី​បាន​ជា​លោក​ចេះ​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​គ្រប់ពេល​តាំង​ពី​ជីវិត​អ្នកជំនួញ​ដល់​ជីវិត​អ្នកនយោបាយ?។ ចំណែក​គ្រូពេទ្យ​របស់​លោក​ត្រាំ​នៅ​សេតវិមាន​ក៏​បាន​បញ្ជាក់​បន្ថែម​ថា លោក​ត្រាំ​មាន​សុខភាព​ល្អ​ណាស់ និង​ថែម​ទាំង​មាន​កោសិកាពិសេស​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​ត្រាំ​មាន​សុខភាព​រឹងមាំ និង​មាន​អាយុវែង​អាច​កាន់​តំណែង​អាណត្តិ​ទី២។ យ៉ាង​ណា​ក៏​ដោយ លោក​ត្រាំ​នៅ​សល់​ពេល ៣ឆ្នាំ​ទៀត​សម្រាប់​អាណត្តិទី១ មុន​នឹង​និយាយ​ដល់​អាណត្តិទី២។

នៅ​ក្នុង​ឆ្នាំ​ទី២ នៃ​អាណត្តិទី១ មាន​ប្រធានបទ​អាទិភាព​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ដែល​កំពុង​រង់​ចាំ​លោក​ត្រាំ។ នៅ​ក្នុង​ស្រុក លោក​ត្រាំ​ត្រូវ​បន្ត​គិតគូរ​លើ​កំណែទម្រង់​ច្បាប់​សុខភាព​ថ្មី​ដែល​លោក​ត្រាំ​ចង់​ជំនួស​ឲ្យ​ច្បាប់ Obamacare ច្បាប់​អន្តោប្រវេសន៍ និង​ធ្វើ​ទំនើបកម្ម​នៅ​ក្នុង​រចនាសម្ព័ន្ធ​អាមេរិកាំង។ នៅ​អន្តរជាតិ មាន​ប្រធានបទ​អាទិភាព​ចំនួន​ពីរ​ដែល​លោក​ត្រាំ​បន្ត​ដោះស្រាយ ទី១ ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន និង​ទី២ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​លោក​ត្រាំ​កំពុង​គំរាម​ដកខ្លួន​ចេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ