អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោក​ដូណាល់ ត្រាំ​យល់ព្រម​ផ្តល់​សញ្ជាតិ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ១,៨លាននាក់ តែ​មាន​លក្ខខណ្ឌ

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ស្នើ​ទៅ​សភា​នា​ថ្ងៃ​សុក្រ ទី២៦ មករា​នូវ​គម្រោង​ច្បាប់ថ្មី​មួយ​ស្តីពី​អន្តោប្រវេសន៍។ នៅ​ក្នុង​គម្រោង​ច្បាប់ថ្មី​នេះ លោក​ត្រាំ​បាន​យល់ព្រម​ផ្តល់​សញ្ជាតិ​ឲ្យ​ជនអន្តោប្រវេសន៍​ចំនួន ១លាន ៨សែន​នាក់​ដែល​បាន​ចូល​ក្នុង​ទឹកដី​អាមេរិក​ដោយ​ខុសច្បាប់។ តែ​ជា​ថ្នូរ​ត្រឡប់​វិញ លោក​ត្រាំ​ចង់​ឲ្យ​សភា​អនុម័ត​លើ​កញ្ចប់​ថវិកា​ចំនួន ២៥ ០០០លានដុល្លារ​សម្រាប់​សង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ភាព​ប្រទាញប្រទង់​គ្នា​រវាង​ក្រុម​អ្នកសាធារណរដ្ឋ​របស់​លោក​ដូណាល់ ត្រាំ និង​ក្រុម​អ្នកប្រជាធិបតេយ្យ​បាន​ផ្តោត​លើ​ចំណុច​សំខាន់​ពីរ ទី១ ថវិកា​សម្រាប់​សង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក និង​ទី២ ផ្តល់​សិទ្ធិ​ជ្រកកោណ​ស្របច្បាប់​ឲ្យ​ដល់​ពួក Dreamers ទាំង​ជិត ៧០០ ០០០នាក់​នៅ​សហរដ្ឋអាមេរិក។ គឺ​ចំណុច​ខ្វែង​គំនិត​ទាំង​ពីរ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​ជួប​ប្រទះ​វិបត្តិ​ថវិកា Shutdown នា​ពេល​ថ្មីៗ​កន្លង​ទៅ។

គួរ​រម្លឹក​ជូន​ថា ពួក Dreamers ទាំង​ជិត ៧០០ ០០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ម៉ិចស៊ិក​បាន​ចូល​ក្នុង​ទឹកដី​អាមេរិក​តាំង​ពី​នៅ​វ័យក្មេង។ នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា លោក​បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ DACA ដោយ​អនុញ្ញាត​ឲ្យ​ពួក Dreamers នេះ​ទទួល​បាន​ការ​រៀនសូត្រ និង​ធ្វើ​ការងារ។ តែ​កម្មវិធី DACA នេះ​ត្រូវ​បាន​លោក​ត្រាំ​លប់ចោល និង​ប្រគល់​ឲ្យ​សភា​ដោះស្រាយ​ដោយ​ទុក​ពេល​ដល់​ខែ​មីនា​ខាង​មុខ។ បើ​ពុំ​នោះ​សោត​ទេ ពួក Dreamers ទាំង​អស់​នឹង​ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ។

ឥឡូវ​នេះ លោក​ត្រាំ​បាន​យល់ព្រម​ឲ្យ​មាន​ការ​ផ្តល់​សញ្ជាតិ​អាមេរិក​ដល់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​រហូត​ដល់​ទៅ ១លាន ៨សែននាក់​ឯណោះ ពោល ២ដង​ច្រើន​ជាង​ការ​ទាមទារ​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​សុំ​ឲ្យ​ដោះស្រាយ​តែ​លើ​ពួក Dreamers ទាំង​ជិត ៧០០ ០០០នាក់​ប៉ុណ្ណោះ។ តែ​លោក​ត្រាំ​បាន​ព្រមាន​រួច​ហើយ​ថា ការ​ធ្វើ​សម្បទាន​ត្រូវ​តែ​មាន​ទៅ មាន​មក ពោល​មិនមែន​មាន​តែ​ភាគី​ម្ខាង​ទេ។ នៅ​ក្នុង​ន័យ​នេះ លោក​ត្រាំ​បាន​ស្នើ​ឲ្យ​សភា​អនុម័ត​លើ​ច្បាប់​ថវិកា​ចំនួន ២៥ ០០០លានដុល្លារ​សម្រាប់​ចំណាយ​លើ​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ដើម្បី​ទប់​ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សំណើ​ដោះដូរ​របស់​លោក​ដូណាល់ ត្រាំ​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​អ្នកប្រជាធិបតេយ្យ​ទទួល​យក​បាន ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង កិច្ចចរចា និង​ការ តថ្លៃ​គ្នា​នៅ​បន្ត​មាន និង​មិន​មែន​ងាយស្រួល​ប៉ុន្មាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ