អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វេណេស៊ុយអេឡា៖​​ប្រធានាធិបតី​​​Maduro​​ ​​សង្ឃឹម​​ជាប់ឆ្នោត​​ជាថ្មី​ នៅ​ឆ្នាំ​​២០១៨​នេះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍​កន្លងទៅ តុលាការ​កំពូល​វេណេស៊ុយអេឡា​បាន​សម្រេច​មិនអោយ​​​​​​សម្ព័ន្ធ​បក្ស​ប្រឆាំង​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​២០១៨​នេះទេ។ ស្ថានភាព​នេះ​រឹតតែ​ធ្វើអោយ ប្រធានាធិបតី​ ម៉ាឌូរ៉ូ សង្ឃឹម​មោះមុត​ថា​ លោក​អាច​ជាប់ឆ្នោត​បន្ត​អាណត្តិ​ដឺកនាំជាថ្មី​ទៀត។ វេណេស៊ុយអេឡា​គ្រោង​រៀបចំ​​ការ​បោះឆ្នោត​ប្រធានាធិបតីអោយ​បាន​មុន​ចុងខែ​មេសា ឆ្នាំ​២០១៨នេះ។

ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា លោក​ម៉ាឌូរ៉ូ
ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា លោក​ម៉ាឌូរ៉ូ REUTERS/Marco Bello
ផ្សាយពាណិជ្ជកម្ម

បារាំង​បាន​សំដែង​ការ​មិនសប្បាយចិត្ត​នឹង​ការបណ្តេញ​សម្ព័ន្ធបក្ស​ប្រឆាំង​ចេញ​ពីការ​បោះឆ្នោត។ លោក​អេម៉ានុយអែល​ ម៉ាក្រុង ចង់អោយ​សហភាព​អឺរ៉ុប​​​​ដាក់ទណ្ឌកម្ម​វេណេស៊ុយអេឡា​អោយកាន់តែ​ធ្ងន់។

សម្ព័ន្ធ​បក្ស​ប្រឆាំង​​​វ៉េណេស៊ុយអេឡា​ ​(MUD)មិនអាច​មាន​​បេក្ខជនតែម្នាក់​​ឈរឈ្មោះ​តំណាង​​

តុលាការ​កំពូល​វ៉េណេស៊ុយអេឡា​បាន​សម្រេច​មិនអោយ​​​​​​សម្ព័ន្ធ​បក្ស​ប្រឆាំង​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​២០១៨​នេះទេ។ សម្ព័ន្ធ​បក្ស​ប្រឆាំងហៅកាត់ថា MUD នេះ​ប្រមូល​ផ្តុំ​បក្ស​តូចៗ​ជាង​៣០បក្ស មា​ននិន្នាការ​​ស្តាំអភិរក្សនិយម និង​កណ្តាលនិយម​លាយគ្នា។ ក្នុង​បក្ស MUD ​​ មាន​បក្ស​សំខាន់​​លេចធ្លោ​​ចំនួន៣។ ដោយសារ​សំបូរ​បក្ស​ច្រើន​​ តុលាការ​កំពូល​វ៉េណេស៊ុយអេឡា​លើកឡើង​ថា បក្ស MUDមិនអាច​មាន​បេក្ខជន​តែ​ម្នាក់​ឈរឈ្មោះតំណាង សម្រាប់​ការបោះឆ្នោត​​ទេ។ ​បើ​ចង់ដាក់​បេក្ខភាព​ទាល់តែ​បក្ស​មួយៗ​មា​នបេក្ខជន​តំណាងរៀងខ្លួន។ សម្ព័ន្ធ​បក្ស​ប្រឆាំង​MUD បរិហារ​ការសម្រេច​របស់​តុលាការ​ថា ជា​កំហុស​ផ្លូវច្បាប់។ តំណាង​​គណបក្ស​ MUD លើកឡើង​ថា ​​ MUD​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ត្រឹមត្រូវ នៅ​គណៈកម្មការ​បោះឆ្នោត។ ដូច្នេះ MUDបាន​បង្ហាញ​​ជំហរ​នយោបាយក្នុង​បក្ស​​ច្បាស់លាស់។ ​

សូមបញ្ជាក់ថា សម្ព័ន្ធ​បក្ស​ប្រឆាំង​មួយនេះ​ ជាបក្ស​ធំ​ ដែលបាន​​ឈ្នះ​ឆ្នោត​សភា កាលពី​​ចុងឆ្នាំ​២០១៥។ ដោយសារ​ជោគជ័យ​កាលនោះ ទើបបាន​ជា​ផ្ទុះវិបត្តិ​នយោបាយ​ឡើង ក្នុងស្រុក​វ៉េណេស៊ុយអេឡា ព្រោះថា ស្ថាប័ន​ក្នុងស្រុក​ធ្លាប់តែ​ស្ថិត​ក្រោមការគ្រប់គ្រង​របស់​រដ្ឋអំណាច​ប្រធានាធិបតី។

ត្បិតថា គេមើលឃើញ​ថា តុលាការ​កំពូល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រធានាធិបតី​ម៉ាឌូរ៉ូ​ ប៉ុន្តែ​តុលាការ​កំពូល​ក៏បានទុកពេល​​៦ខែ​ថែមទៀតអោយ​​គណៈកម្មការ​បោះឆ្នោត ​អោយ​បក្ស​ប្រឆាំង​សំខាន់ៗ ដែល​ចម្រុះ​ក្នុង​បក្ស​ MUD នេះ មានពេល​​ចុះឈ្មោះ​ ​​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី។ តែ​បើ​បក្ស​តួចៗ​ក្នុង​សម្ព័ន្ធ​បក្ស​ MUD ចុះឈ្មោះ​ គឺពួកគេ​ត្រូវចុះឈ្មោះ​តំណាង​បក្ស​មួយៗ ដូច្នេះ វា​ជា​ការចូលរួម​របស់​បក្ស​មួយៗ មិនអាច​ជា​ការចូលរួម​របស់​សម្ព័ន្ធ​ MUD ជា​បក្ស​ធំ​ចម្រុះ​ទេ។ អញ្ចឹង​មានន័យថា សម្លេង​ឆ្នោត​ក៏​អាច​ត្រូវ​បែងចែក រឺ​ក៏​ថយចុះ​ ទៅតាម​នោះដែរ។

បើ​និយាយ​ពី​សម្ព័ន្ធ​បក្ស​ប្រឆាំង​ទៀតសោត ក៏​កំពុង​បែកបាក់គ្នា និង​ចុះ​ទ​ន់ខ្សោយ​។ ថ្នាក់ដឺកនាំ​​ក្នុង​បក្ស​ខ្លះ​កំពុង​ជាប់ឃុំ ដោយសារ​ជាប់ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា កាលពី​ឆ្នាំ​២០១៤។ ខ្លះទៀត​កំពុង​ភៀសខ្លួន។ នេះ​ជា​កត្តា​អំណោយផល​ដល់​លោក​ម៉ាឌូរ៉ូ​ ដែរ​សម្រាប់​ការបោះឆ្នោត​ខាងមុខ​នេះ។ ​ដោយឡែក ​គេ​មិនទាន់​ដឺង​ថ្ងៃ​បោះឆ្នោត​ពិតប្រាកដ​ទេ ដំបូង​ឡើយ ត្រូវរៀបចំ​បោះឆ្នោត​នៅ​ចុងឆ្នាំ​២០១៨នេះ តែ​ក្រោយមក សភា​ពេញអង្គ​បាន​សម្រេចអោយ​ធ្វើ​អោយ​ហើយ នៅ​ចុងខែ​មេសា​វិញ។ ​

លោក​ម៉ាឌូរ៉ូ​សង្ឃឹម​ថា អាច​ទទួលបាន​សម្លេងឆ្នោត​​១០លាន

ប្រជាប្រិយភាព​លោក​ម៉ាឌូរ៉ូ​ពេលនេះ បាន​ឡើង​មកវិញបន្តិច​ហើយ។ ប៉ុន្តែ ទោះ​យ៉ាងនេះក្តី ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ច​ ​នៅ​តែ​មិនល្អ ប្រជាជន​ប្រហែល​៧៥ភាគរយ នៅ​មិនពេញចិត្ត​លោក​នៅឡើយទេ។ យើង​​ដឺងហើយ ថា​ហិង្សា​បង្កឡើង​ដោយ​បាតុកម្ម​ប្រឆាំង​លោក​ម៉ាឌូរ៉ូ ​ពី​ខែមេសា ដល់​កក្ដដា​ឆ្នាំ​២០១៧ ធ្វើអោយ​មាន​​មនុស្សស្លាប់​​១២៥នាក់។ មហាបាតុកម្ម​ឆ្នាំ​មុននេះ ក៏ដោយសារ​វិបត្តិនយោបាយ​និង​សេដ្ឋកិច្ច​ដែរ គឺដោយសារ​តែ​វ៉េណេស៊ុយអេឡា​អស់​ថ្នាំពេទ្យ រដ្ឋ​អស់លុយ​បង់​​ប្រាក់ខែអោយ​មន្ត្រី​រដ្ឋការ ​​ហើយ​វិបត្តិ​អតិផរណា​ក៏​ធ្ងន់។ មូលនិធិរូបិយវត្ថុ​អន្តរជាតិ​រំពឹងថា ផលិតផល​ជាតិ​សរុប​ក្នុងស្រុក​វ៉េណេស៊ុយអេឡា​នឹងបន្ត​​ធ្លាក់ចុះ គឺ​ធ្លាក់​​១៥ភាគរយ ឆ្នាំ​២០១៨​នេះ។ មួយរយៈ​នេះ តម្លៃ​ប្រេងឆៅ​បាន​ងើបឡើង​មកវិញបន្តិច អាច​អោយ​វ៉េណេស៊ុយអេឡា​សង្ឃឺម​រក​លុយ​ចូលជាតិ​បាន​វិញខ្លះ។ ទោះ​យ៉ាងនេះ​ក្តី មិនដឺងថា ប្រជាជន​អាច​បោះឆ្នោត​យលោក​ម៉ាឌូរ៉ូ អាច​ជាប់ឆ្នោត​ទៀត​រឺយ៉ាងណា។ យើង​នៅ​ចាំមើល​បន្ត​ទៀត។ ​​​ ​

ជម្លោះ​ផ្លូវទូត​រវាង​​វ៉េណេស៊ុយអេឡា​និង​អេស្ប៉ាញ​​

ថ្ងៃព្រហស្បតិ៍ វ៉េណេស៊ុយអេឡា​បាន​បណ្តេញ​ឯកអគ្គរាជទូត​អេស្ប៉ាញ​ចេញពី​ប្រទេស។ វ៉េណេស៊ុយអេឡា​ខឹង​នឹង​​អេស្ប៉ាញ ចោទ​ថា អេស្ប៉ាញ​​​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​វ៉េណេស៊ុយអេឡា ធ្វើអោយ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​ជាន់ខ្ពស់​វ៉េណេស៊ុយអេឡា​ច្រើនរូប​ កាលពីថ្ងៃ​ចន្ទ​កន្លងទៅ។ លោក​ឌីយ៉ូសដាដូ កាបែលឡូ ជា​បុរស​ខ្លាំង​ទី២​ក្នុង​របប​អតីត​ប្រធានាធិបតី​​ស្ហាវេស លោក​នេសស្ត រីវេរ៉ូល ជា​រដ្ឋមន្ត្រី​មហាផ្ទៃ ​និង​ប្រធាន​​ក្រុមប្រឹក្សា​បោះឆ្នោត​វ៉េណេស៊ុយអេឡា ​គឺ​លោកស្រី​លុយសេណា សុទ្ធតែ​​​ជាប់​ទណ្ឌកម្ម​អឺរ៉ុប​។ ​​ថ្ងៃសុក្រ​ម្សិលមិញ អេស្ប៉ាញ​ក៏​ឆ្លើយតប​ទៅ​វ៉េណេស៊ុយអេឡា​​វិញ ដោយ​​​សម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​វ៉េណេស៊ុយអេឡា​ចេញពី​ស្រុក​អេស្ប៉ាញ​ដូចគ្នា។ កន្លងមក អេស្ប៉ាញ​ចោទថា ​​លោក​ម៉ាឌូរ៉ូ​ជា​មេដឺកនាំ​​ផ្តាច់ការ តែ​លោក​ម៉ាឌូរ៉ូ​​ក៏បាន​ចោទ​ទៅវិញដែរ​ថា លោក​រាហយ​ដែល​ជា​នាយករដ្ឋមន្ត្រី​នោះ ជា​អ្នក​​ប្រកាន់ពូជសាសន៍ ជាអ្នក​​​ដឺកនាំ​រដ្ឋាភិបាល​ពុករលួយបំផុត​ក្នុង​ប្រវត្តិ​អេស្ប៉ាញ។

ដោយឡែក ទាក់ទង​នឹង​ការ​បណ្តេញ​បក្ស​ប្រឆាំងចេញ​ពីការបោះឆ្នោត​ប្រធានាធិបតី​នេះ សម្រាប់​បារាំង​ វា​ជា​តំណក់​ទឹក​ចុងក្រោយ​ដែលធ្វើអោយ​ហៀរទឹក​ក្នុង​កែវ។ បារាំង​ខឹង​វ៉េណេស៊ុយអេឡាណាស់ និង​បាន​សុំអោយ​អឺរ៉ុប​ដាក់ទណ្ឌកម្ម​អោយ​កាន់តែ​ធ្ងន់​លើ​វ៉េណេស៊ុយអេឡា។ លោក​អេម៉ានុយអែល ម៉ាក្រុង​ថា ទណ្ឌកម្ម​បារាំង​ដាក់​កន្លងមក ផ្តល់​ផល​មាន​កម្រិត។ លោក​ម៉ាក្រុង​សុំអោយ​ប្រទេស​ដែល​មា​នទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតដិត​ជាមួយ​វ៉េណេស៊ុយអេឡា ចេញ​វិធានការទណ្ឌកម្ម ប្រឆាំង​របប​លោក​ម៉ាឌូរ៉ូ​ដែរ ដើម្បី​អោយ​ការដាក់សម្ពាធ​លើ​លោក​ម៉ាឌូរ៉ូ​មា​នប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ