តួកគីទាមទារឲ្យអាមេរិកដកកងទ័ពចេញពីតំបន់ភាគខាងជើងស៊ីរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៧
តួកគីនៅថ្ងៃសៅរ៍ទី ២៧ មករាបានទាមទារឲ្យអាមេរិកដកកងទ័ពចេញ ពីតំបន់ប៉ែកខាងជើងស៊ីរី ជាទីដែលកងទ័ពតួកគី កំពុងបើកប្រតិបត្តិការយោធា វាយប្រហារទៅលើក្រុមគួឌីស្ថានស៊ីរី តាំងពីថ្ងៃទី២០មករា។ នៅថ្ងៃសុក្រ ប្រធានាធិបតីតួកគី លោករេស៊ីប អ៊ែរដូហ្កាន បានគំរាមរួចហើយថា នឹងបន្តសមរភូមិប្រយុទ្ធ ពីតំបន់អាហ្វ្រាំង រហូតដល់តំបន់មីនបេច Minbej ដែលកងទ័ពអាមេរិកប្រមាណ ៣ពាន់នាក់កំពុងជួយគាំទ្រក្រុមគួឌីស្ថានស៊ីរី ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។
រដ្ឋមន្រ្តីការបរទេសតួកគី នៅថ្ងៃសៅរ៍ទី២៧មករា បានទាមទារឲ្យអាមេរិកដកកងទ័ពរបស់ខ្លួន ចេញពីតំបន់ Minbej ជាទីដែលកងទ័ពតួកគី គ្រោងនឹងបើកសមរភូមិវាយប្រហារទៅលើក្រុមគួឌីស្ថានស៊ីរី។ នៅថ្ងៃសុក្រ ប្រធានាធិបតីតួកគី លោករេស៊ីប អ៊ែរដូហ្កាន ធ្លាប់បានប្រកាសប្រាប់ឲ្យអាមេរិកអាមេរិកដកទ័ពរបស់ខ្លួនចេញពីតំបន់ប៉ែកខាងជើងស៊ីរី បើសិនមិនចង់ប្រឈមមុខ ប្រយុទ្ធតទល់ជាមួយកងទ័ពតួកគី។
នៅថ្ងៃសៅរ៍ម្សិលមិញ ដែរ បាតុកម្មគាំទ្រ ក្រុមគួឌីស្ថាន ស៊ីរី បានធ្វើនៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ ដើម្បី ប្រឆាំងនឹងអន្តរាគមយោធា របស់តួកគី នៅក្នុងទឹកដីស៊ីរី ភាគខាងជើង។
បន្ទាប់ពីបានវាយឈ្នះ ចូលគ្រប់គ្រងសឹងទាំងស្រុងតំបន់AFrin ក្នុងទឹកដីភាគខាងជើងស៊ីរី ដែលធ្លាប់កាន់កាប់ដោយពួកទាហានគួឌីស្ថានស៊ីរី ប្រមុខរដ្ឋាភិបាលតួកគីធ្លាប់បានប្រាប់ ពីគម្រោងបន្តឆាកប្រយុទ្ធ ទៅកាន់តំបន់កាន់កាប់មួយទៀត របស់ពួកគួឌីស្ថានស៊ីរី នៅតំបន់Minbej ភាគខាងជើងស៊ីរីដែរ។ បញ្ហានៅត្រង់ថា នៅតំបន់ Minbej អាមេរិកមានតាំងពង្រាយកងទ័ពរបស់ខ្លួន ប្រមាណ ៣ពាន់នាក់ ដើម្បីបណ្តុះបណ្តាល ក្រុមគួឌីស្ថាន ស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងយុទ្ធនាការបោសសម្អាតក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីស៊ីរី។
តើអាមេរិករើសយកមួយណា? បាតដៃ និងខ្នងដៃ គឺសាច់ដូចតែគ្នា
ដោយប្រកាសបើកសមរភូមិប្រយុទ្ធ វាយកម្ទេច ក្រុមគួឌីស្ថាន នៅក្នុងតំបន់Minbej បន្តទៀត ដែលកំពុងមានឈរជើងទាហានអាមេរិក តួកគីកំពុងបង្កការឈឺក្បាលដល់អាមេរិក។ សម្រាប់តួកគី អាមេរិកត្រូវតែសម្រេចចិត្តជ្រើសរើសយកតួកគី ឬមួយក៏នៅបន្តការពារក្រុមគួឌីស្ថានស៊ីរី នៅក្នុងតំបន់ Minbej តទៅទៀត។ អាមេរិក នៅពេលនេះ គឺត្រូវថ្លឹងថ្លែង ខ្លាំងណាស់ ព្រោះថា ម្ខាង តួកគី ជាសមាជិករបស់អង្គការអូតង់ ដូចអាមេរិក ប៉ុន្តែ ម្ខាងទៀត គឺ ក្រុមគួឌីស្ថាន ស៊ីរី សម្ព័ន្ធមិត្តដៃគូ ដែលបានជួយអាមេរិកច្រើនណាស់ ក្នុងការប្រយុទ្ធវាយបណ្តេញក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីស៊ីរី។ ជាក់ស្តែង បើគ្មានជំនួយពីកងកម្លាំងថ្មើរជើងរបស់ក្រុមគួឌីស្ថាន ដែលអាមេរិកបានផ្តល់សព្វាវុធ នោះទេ នោះ សម្ព័ន្ធអន្តរជាតិក៏មិនអាចវាយដណ្តើមយកបានតំបន់ Minbej ពីដៃរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម នៅឆ្នាំមុនដែរ។
អាមេរិកអាចជំពាក់គុណ ក្រុមគួឌីស្ថាន ស៊ីរី ប៉ុន្តែ ដើម្បីជៀសវាងការប្រឈមមុខ ផ្នែកយោធា ជាមួយ តួកគី ដែលជាសមាជិកអូតង់ ដូចគ្នា អាមេរិកប្រហែលត្រូវបំភ្លេចចោលគុណូបការៈរបស់ក្រុមគួឌីស្ថានស៊ីរីសិនហើយ។ អាចថា ដើម្បីរក្សាទំនាក់ទំនងជាមួយ តួកគី ដើម្បី ភាពរឹងមាំរបស់អង្គការអូតង់ អាមេរិកសុខចិត្តអារសាច់ជូនខ្លា គឺ អាចសុខចិត្តដកទ័ពចេញពីតំបន់ Minbej ដោយបោះបង់ចោលក្រុមគួឌីស្ថាន ស៊ីរី សម្ព័ន្ធមិត្តមួយរយៈ ទៅក្នុងសមរភូមិវាយប្រហាររបស់កងទ័ពតួកគី។ អាមេរិកមិនមែន ជាប្រទេសទី១ដែលនឹងអាចលះបង់សម្ព័ន្ធមិត្តទៅក្នុងដៃតួកគី។ រុស្ស៊ី ដែលចាប់ដៃជាមួយ ក្រុមគួឌីស្ថានស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត ដែរនោះ បានសុខចិត្តដកអ្នកជំនាញយោធារបស់ខ្លួនចេញពី តំបន់អាហ្វ្រាំង និងធ្វើមិនដឹងមិនលឺពីជោគវាសនារបស់ក្រុមគួឌីស្ថានស៊ីរី ដែលរងការវាយប្រហារយ៉ាងដំណំពីរថក្រោះតួកគី នៅក្នុងតំបន់អាហ្វ្រាំង នៅមួយសប្តាហ៍ចុងក្រោយនេះ។
រដ្ឋមន្រ្តីការបរទេសអាមេរិក៖ តួកគីមានភាពស្របច្បាប់ដើម្បីធ្វើប្រតិបត្តិការយោធា វាយប្រហារក្រុមភេរវនិយម ដែលគំរាមកំហែងសន្តិសុខរបស់តួកគី
រដ្ឋាភិបាលស៊ីរីរបស់លោកបាស្ហាអាល់អាសាដ ផ្ទាល់ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានប្រកាសក្តែងៗ ថ្កោលទោសអន្តរាគមន៍យោធារបស់តួកគីនៅក្នុងទឹកដីភាគខាងជើងរបស់ស៊ីរី។ កងទ័ពស៊ីរីធ្លាប់ទាំងបានគំរាមថា នឹងបាញ់ទម្លាក់យន្តហោះតួកគី ណាដែលហោះចូលដែនអាកាសរបស់ស៊ីរី។ ប៉ុន្តែ តាំងពីមួយសប្តាហ៍មកនេះ តាំងពីតួកគីបើកប្រតិបត្តិការទ័ពអាកាស និងដីគោក វាយប្រហារក្រុមគួឌីស្ថានស៊ីរី ដែលជាដៃគូរបស់រដ្ឋាភិបាលស៊ីរី គេមិនឃើញកងទ័ពរដ្ឋាភិបាលស៊ីរី ធ្វើសកម្មភាពជាក់ស្តែងណាមួយ ដើម្បីវាយប្រហារតបវិញ នឹងតួកគីនោះទេ។ រដ្ឋាភិបាលស៊ីរី គ្មានធ្វើសកម្មភាព ប្រឆាំងតួកគី ក៏ដោយសារតែរុស្ស៊ី គ្មានមាត់ក ហាមឃាត់ តួកគីប៉ុន្តែ ផ្ទុយទៅវិញ រុស្ស៊ីដែលគ្រប់គ្រងដែនអាកាសរបស់ស៊ីរី ភាគខាងជើង បានបើកភ្លើងខៀវឲ្យយន្តហោះតួកគី ចូលទៅទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមគួឌីស្ថានស៊ីរី នៅតំបន់អាហ្វ្រាំង។
សូមអាន៖ អាមេរិកគាំទ្រតួកគីក្នុងការវាយប្រហារទៅលើក្រុមឧទ្ទាមគួឌីស្ថាន PKK
អាមេរិក វិញ ដែលដឹកនាំសម្ព័ន្ធអន្តរជាតិ ធ្វើប្រតិបត្តិការទ័ពនៅស៊ីរី មិនបានថ្កោលទោស សកម្មភាពឈ្លានពានរបស់ទ័ពតួកគីនោះទេ។ ទាំងរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសអាមេរិក សុទ្ធតែបានលើកឡើងពីភាពស្របច្បាប់របស់តួកគី ក្នុងការបើកប្រតិបត្តិការទ័ព នៅក្នុងទឹកដីស៊ីរី។ សម្រាប់អាមេរិក អន្តរាគមន៍ទ័ពរបស់តួកគី នៅស៊ីរី ស្របច្បាប់ ព្រោះថា តួកគីមានសិទ្ធិបង្រ្កាបក្រុមភេរវជនដែលប្រើទឹកដីស៊ីរី ដើម្បីវាយប្រហារគំរាមកំហែងសន្តិសុខតួកគី។ ប៉ុន្តែ ជាមួយ គ្នានោះដែរ អាមេរិក ដែលឃើញតួកគី វាយប្រហារខ្លាំងទៅលើក្រុមគួឌីស្ថាន ស៊ីរី ដែលជាសម្ព័ន្ធរបស់អាមេរិក ក្នុងយុទ្ធនាការបោសសម្អាតក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី បាន ទាមទារឲ្យរដ្ឋាភិបាលតួកគី ធ្វើអន្តរាគមយោធា ក្នុងរយៈពេលខ្លីបានហើយ ដើម្បី កុំឲ្យស្ថានភាពធ្លាក់ធ្ងន់ធ្ងរជាងនេះ។ ប៉ុន្តែ ប្រធានាធិបតី តួកគីវិញបានសួរ បែកចំអកទៅវិញ ថា នៅក្នុងសង្រ្គាមលង់ខ្លួន នៅអាហ្វហ្កានីស្ថាន និងនៅអ៊ីរ៉ាក់ តើអ្នកណាជាអ្នកចាប់ឈ្លានពានចូលទៅមុនគេ ហើយតើវាចប់ហើយឬនៅ?
រុស្ស៊ីស្រក់ទឹកមាត់ នៅពេលឃើញតួកគី និងអាមេរិក សមាជិករបស់អូតង់ អាចផ្ទុះអាវុធដាក់គ្នា
សង្រ្គាមឈ្លានពានរបស់កងទ័ពតួកគីទៅក្នុងទឹកដីស៊ីរី កំពុងធ្វើឲ្យសង្រ្គាមនៅស៊ីរី ប្រែមុខមាត់ថ្មី មួយទៀត។ ស៊ីរីរងគ្រោះដំបូងគេដោយសារសង្រ្គាមស៊ីវិល ដោយសារការងើបបះបោររបស់ក្រុមប្រឆាំង នៅឆ្នាំ ២០១១។ បន្ទាប់មកទៀត ស៊ីរីធា្លក់ខ្លួនទៅក្នុងសង្រ្គាមវាយប្រហាររបស់ពួកភេរវនិយម ជីហាតអង្គការរដ្ឋអ៊ីស្លាម។ ទើបតែរំដោះរួចពីការកាន់កាប់របស់ពួកជីហាត ស៊ីរីឥលូវ ត្រូវធ្លាក់ទៅក្នុងសង្រ្គាមថ្មីមួយទៀត ដោយសារអន្តរាគមន៍យោធារបស់តួកគី។ តួកគី ដែលជាសត្រូវប្រជែងរបស់រដ្ឋាភិបាលស៊ីរី បានយកលេស បង្រ្កាបក្រុមភេរវនិយម ដោយបានបើកប្រតិបត្តិការទ័ពវាយប្រហារទៅលើក្រុមគួឌីស្ថាន ស៊ីរី ក្នុងទឹកដីស៊ីរី។ ក្រុមគួកឌីស្ថាន ធ្លាប់បានជួយកងទ័ពសម្ព័ន្ធមិត្ត ឲ្យប្រយុទ្ធយកឈ្នះ លើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមកន្លងមក។ ប៉ុន្តែ សម្រាប់តួកគី ក្រុមគួឌីស្ថានស៊ីរី ជាក្រុមភេរវកម្ម ជាក្រុមមានទំនាក់ទំនងយ៉ាងស្និត ជាមួយនឹងក្រុមគួឌីស្ថាន នៅតួកគី(PKK)។ តួកគីខ្លាចក្រែងក្រុមទាំងពីរនេះ ព្រួតដៃគ្នា ដើម្បី វាយបំបែកយកទឹកដីនៅ ចន្លោះខាងជើងស៊ីរី និងខាងត្បូងតួកគី។
ជាងមួយឆ្នាំមកនេះ តួកគីប្រឆាំង ថ្កោលទោស អាមេរិកដែលបានផ្តល់សព្វាវុធដល់ក្រុមគួឌីស្ថានស៊ីរី ប៉ុន្តែ គឺការប្រកាសនាពេលថ្មីៗនេះ របស់អាមេរិក ដែលចង់បង្កើតកងកម្លាំង រក្សាសន្តិសុខ ប្រមាណ ៣ម៉ឺននាក់ ដែលមានការចូលរួម ពីក្រុមគួឌីស្ថានស៊ីរី នៅតំបន់ភាគខាងជើងស៊ីរី ជាប់ព្រំដែនជាមួយ តួកគី ដែលបានជំរុញឲ្យតួកគី សម្រេចចិត្ត បើកប្រតិបត្តិការយោធា វាយប្រហារទៅលើក្រុមគួឌីស្ថានស៊ីរី។
អ្នកដែលខាតបង់ធ្ងន់ជាងគេ នៅក្នុងសង្រ្គាមថ្មីរបស់តួកគី គឺមានតែប្រជាជនស៊ីរី និងរដ្ឋាភិបាលស៊ីរីនេះឯង។ អស់ពីបានជោគជ័យ បោសសម្អាត ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ចេញពីទឹកដីស៊ីរី គ្រប់ភាគី ដែលត្រូវពាក់ព័ន្ធលូកដៃក្នុងទឹកដីស៊ីរី ត្រូវមកឈឺក្បាលម្តងទៀត ដោយសារតួកគី។ ចង់ ឬមិនចង់ ស៊ីរីដែលផុងខ្លួនក្នុងសង្រ្គាម តាំងពីឆ្នាំ ២០១១ រងការបំផ្លាញខ្ទេចខ្ទីរ មិនថា ជីវិត មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ នឹងគ្មានស្គាល់ថ្ងៃងើបរួចផុតពីសង្រ្គាម នៅក្នុងទឹកដីរបស់ខ្លួននោះទេ។
អ្នកដែលអាចចំណេញពីការប្រែប្រួលមុខមាត់ថ្មីនៃសង្រ្គាមនៅស៊ីរី គឺតួកគីផ្ទាល់ ដោយសារតែអាមេរិកនឹងមិនហ៊ានជំទាស់ប្រឆាំង ដើម្បីរក្សាចំណងក្នុងនាមជាសមាជិកដូចគ្នារបស់អង្គការអូតង់។ ប៉ុន្តែ បើសិនតួកគី និងអាមេរិក ដែលជាសមាជិករបស់អូតង់ ឈ្លោះ ផ្ទុះអាវុធដាក់គ្នា នោះ គឺរុស្ស៊ី ដែលនឹងកេងបានចំណេញច្រើនជាងគេ។ បើសិនកងទ័ព តួកគី ផ្ទុះអាវុធជាមួយកងទ័ពអាមេរិក នោះគឺជាលើកទី១ មិនធ្លាប់មាន ដែលសមាជិករបស់អូតង់ ឈ្លោះគ្នា។ សមាជិកអូតង់ កាន់តែបែកបាក់ គឺរុស្ស៊ី ដែលជាសត្រូវរួមរបស់អូតង់ ដែលនឹងត្រេកអរ គ្មានអ្វីផ្ទឹម។ អន្តរាគមន៍យោធារបស់តួកគី ក៏ជាក្រឡាអុកដែលរុស្ស៊ី បានរង់ចាំជាយូរមកហើយ ដើម្បីបំបាក់ក្រុមប្រទេសលោកខាងលិច ដឹកនាំដោយអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ