អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Naomi Parker ​កម្មការ​នី​និមិត្តរូប​​​នៃ​​ចលនា​​ស្រ្តី​និយម​​អាមេរិក​​បាន​​ទទួល​​មរណភាព​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២២ មករា​កន្លង​ទៅ​នេះ សារព័ត៌មាន​ The New York Times ​បាន​ចុះ​ផ្សាយ​ដំណឹង​មរណភាព​របស់​លោកស្រី​ Naomi Parker Fraley។​ ស្រ្តី​រូប​នេះ​ធ្លាប់​បំរើការងារ​ជា​កម្មការនី​នៅ​ក្នុង​រោង​ចក្រ​មួយ​នា​ដើម​ទសវតស្ស​រ៍ឆ្នាំ​​១៩៤០។ ហើយ​ស្រ្តី​រូប​នេះ​ គឺ​ជា​តួអង្គ​នៅ​ក្នុង​ផ្ទាំង​ឃោសនា​ដ៏​ល្បី​ឈ្មោះ​បោះស​ម្លេង​មួយ​តំណាង​ឲ្យ​កម្មការនី​អាមេរិក​ទាំង​អស់​ ដែល​ចូល​បំរើ​ការងារ​នៅ​តាម​រោង​ចក្រ​ក្នុង​កំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ។​ លើស​ពី​នេះ​ ផ្ទាំង​រូបភាព​ក្រោម​រហស្សនាម​ «Rosie កម្មការនី​​មូរ​រឹត​បន្តឹង​ខ្ចៅ» (Rosie the riveter) ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ ដើម្បី​លើក​តម្កើង​ចលនា​ស្រ្តី​និយម​ផង​ដែរ​ក្នុង​សង្គម​អាមេរិក។​ តើ​ស្រ្តី​រូប​នេះមាន​ជីវៈ​ប្រវត្តិ​បែប​ណា? តើ​មាន​រឿងរ៉ាវ​អ្វី​ខ្លះ​ស្ថិត​នៅ​ពីក្រោយ​តួអង្គ​ស្រ្តី​រូប​នេះ?

Rosie​​​ កម្មការិនី មូររឹតបន្តឹងខ្ចៅ (Rosie the riveter)
Rosie​​​ កម្មការិនី មូររឹតបន្តឹងខ្ចៅ (Rosie the riveter) AFP
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​អត្ថបទ​ស្រាវជ្រាវ​ដ៏​ស៊ីជម្រៅ​មួយ​ សារព័ត៌មាន ​The New York Times បាន​ឧទ្ទិស​ដល់​មរណភាព​លោកស្រី​ Naomi Parker Fraley។ អ្នក​ស្រី​​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​សៅរ៍ ទី​២០ មករា​កន្លង​ទៅ​នេះក្នុងជន្នាយុ​ ៩៦ ឆ្នាំ។ សារព័ត៌មាន​នេះ​​បាន​រៀបរាប់​យ៉ាង​លំអិត​អំពីជីវៈ​ប្រវត្តិ​របស់​ស្រ្តី​រូប​នេះ​ ដោយ​ផ្អែក​លើ​កិច្ចការ​ស្រាវជ្រាវ​​មួយ​របស់​លោក​ James J. Kimble សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ម្នាក់។ កិច្ចការ​ស្រាវជ្រាវ​នេះ​បាន​ចាប់​ផ្តើម​ឡើង​កាលពី​ឆ្នាំ​ ២០១០​។​ ឆ្លង​តាម​ការ​រយៈ​សិក្សា​លើបណ្ណសារ​នានា​ សាស្រ្តចារ្យ​រូប​នោះ​បាន​ចំណាយ​ពេល​ ៦ ឆ្នាំ​ ដើម្បី​សិក្សា​យ៉ាង​ជក់​ចិត្ត​ស្វែង​រក​អត្តសញ្ញាណ​ពិត​ប្រាកដ​រ​បស់​ស្រ្តី​ម្នាក់​ស្ថិត​នៅ​ក្នុង​ផ្ទាំង​គំនូរ​ឃោសនា​មួយ​នា​កំឡុង​​សម័យ​សង្គ្រាម​លោក​លើក​ទី២។

មែន​ទែន​ទៅ នាសម័យ​កាល​នោះ ផ្ទាំង​ឃោសនា​នោះ​ពុំ​សូវ​មាន​ឈ្មោះ​បោះ​សម្លេង​ទេ​ ព្រោះ​មាន​ផ្ទាំង​រូបភាព​ផ្សេងៗ​ទៀត​និយាយ​ពីស្រ្តី​ឈ្មោះ​​ «Rosie កម្មការនី​​មូរ​រឹត​បន្តឹង​ខ្ចៅ» (Rosie the riveter)។ កាលពី​សម័យ​សង្គ្រាម​លោកលើកទី​២ Rosie គឺ​ជា​​ឈ្មោះ​ស្រ្តីទូទៅ​ម្នាក់​ត្រូវ​បាន​គេ​បង្កើតឡើង។ ហើយ​រហស្សនាម​​ «Rosie កម្មការនី​​មូរ​រឹត​បន្តឹង​ខ្ចៅ» (Rosie the riveter) ​តែង​ត្រូវ​បាន​គេយក​មក​ប្រើប្រាស់​ទូទៅ​ ដើម្បី​ធ្វើ​ផ្ទាំង​រូបភាព​ និង​សារ​ឃោសនា​ជំរុញ​ឲ្យ​ស្រ្តី​ចូលរួម​ក្នុងផលិត​កម្ម​សង្គ្រាម​។​ លើសពីនេះ​ មាន​ចំរៀង​ស្នេហាជាតិ​មួយ​បទ​ក៏​ត្រូវ​បាន​តាក់​តែង​ផង​ដែរ​។ ចំរៀង​នោះ​រៀបរាប់​ពី​ទឹកចិត្ត​មោះមុត​របស់​ ស្រ្តី​ម្នាក់ឈ្មោះ​ Rosie។​ ហើយ​បទចំរៀងនេះ​ត្រូវ​បាន​គេ​ដក​ស្រង់​ចេញ​ពី​ជីវិត​ពិត​របស់​ស្រ្តី​ម្នាក់​ឈ្មោះ​ Rosalind P. Walter កម្មការនី​វ័យ​ក្មេង​ម្នាក់​រស់​នៅ​ទីក្រុង​ Long Island បំរើ​ការក្នុង​ឋានៈ​ជា​អ្នក​មូរ​រឹត​បន្តឹង​ខ្ចៅ​នៅ​រោងចក្រ​តម្លើង​យន្តហោះ​ចម្បាំង​ ​F4U Corsair។​ សូម​បញ្ជាក់​ថា​ យន្តហោះ​ចម្បាំង​នេះ​ត្រូវ​បាន​កងយោធា​អាមេរិក​យក​ទៅ​ប្រើប្រាស់​ក្នុង​សមរភូមិ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។​ បទ​ចំរៀង​នេះ​ត្រូវ​បាន​និពន្ធ​ដោយ​លោក​ Redd Evans និង​លោក​ John Jacob Loeb។ ហើយ​នាសម័យ​​នោះ​ បទ​ចំរៀង​នេះ​ទទួល​បាន​ការ​ពេញ​និយម​ណាស់​នៅ​ក្នុង​សង្គម​អាមេរិក។

មែន​ទែន​ទៅ ផ្ទាំង​គំនូរ​ដើម​តំបូង​គេ​និយាយ​ពី​ស្រ្តី​ឈ្មោះ Rosie ត្រូវ​បាន​វិចិត្រករ​ល្បី​ឈ្មោះម្នាក់​ គឺ​លោក​ Norman Rockwell ​រំលេច​ជា​រូបភាព​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​សារព័តមាន​ Saturday Evening Post។​ នៅ​ក្នុង​គំនូរ​​ផ្ទាំង​រូបភាព​នោះ​ គេ​ឃើញ​ស្រ្តី​ម្នាក់មាន​សាច់ដុំ​មាំមួន​កំពុង​អង្គុយ​លើ​កៅអី​។ ដៃម្ខាង​កាន់​នំប៉័ង​សាំង​វិច​ ខណៈ​មាន​ញញួរ​យន្ត​ដ៏​ធំ​មួយ​នៅ​លើ​ភ្លៅ។​ ហើយជើង​ទាំង​ពីរ​របស់​ស្រ្តី​រូប​នោះ​កំពុង​តែ​ជាន់​ឈ្លី​លើ​សៀវភៅ​មាន​ចំណង​ជើង​ថា​ Mein Kampf។ សៀវភៅ​នេះ​រៀបរាប់​ពី​ទ្រឹស្តី​ណាហ្សី​អាល្លឺម៉ង់​ និង​ត្រូវ​បាន​សរសេរ​ដោយ​ Hitler។ ទង់​ជ័យ​អាមេរិក​ត្រូវ​បាន​គេ​ដាក់​រំលេច​នៅ​ផ្នែក​ខាង​ក្រោយ​នៃតួ​ស្រ្តី​នោះ។​ បើ​តាម​អ្នក​វិភាគ​ប្រវត្តិសាស្រ្ត​បាន​ឲ្យ​ដឹង​ថា​ ផ្ទាំង​រូបភាព​តំណាង​រូប​ស្រ្តី​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​កំលាំងមហាសាល​ និង​ឥទ្ធិពល​នៃ​ឧស្សាហកម្ម​អាមេរិក​ ដែល​ស្ថិត​នៅ​ពី​ក្រោយ​កងទ័ព​អាមេរិក​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​នៅ​សមរភូមិ។

គោលដៅ​នៃយុទ្ធនា​ការ​ឃោសនា​មហាជន​នេះ​ គឺ​ដើម្បី​រំរុញ​លើក​ទឹកចិត្ត​ដល់​ភាព​ស៊ូទ្រាំ​ការងារ​របស់​ស្រ្តី​ទាំង​ឡាយ​នៅ​តាម​រោងចក្រ។ ​រដ្ឋាភិបាល​អាមេរិកសម័យ​នោះ​​ត្រូវ​ការ​កំលាំង​កម្មការនី​ឲ្យ​ចូលរួម​បង្កើន​ផលិត​កម្ម​អាវុធ​យុទ្ធភណ្ឌ​ក្នុង​កាលៈទេសៈ​សង្គ្រាម។​ នាកាល​នោះ​ បុរសៗ​ភាគ​ច្រើន​ត្រូវ​បាន​ចូល​បំរើ​កង​ទ័ព​ និង​ត្រូវបាន​បញ្ជូន​ទៅ​សរមភូមិ​នៅ​ទ្វីប​អឺរ៉ុប។ រោងចក្រ​នានា​នៅ​សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​ការ​កំលាំង​ស្រ្តី​ឲ្យ​ចូល​មក​បំរើ​ការងារ​ជំនួស​ពួក​បុរសៗ។ ដូចនេះ​ ដើម្បី​អាច​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ពី​ស្រ្តី​មេផ្ទះ​ទៅ​ជា​ស្រ្តី​បំពេញ​ការងារនៅ​តាម​​រោង​ចក្រ​ គេ​ត្រូវ​ការ​​បង្កើត​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​តាមរយៈ​ផ្ទាំង​គំនូរ​រូបភាព​បិទផ្សាយ​​នៅ​តាម​ទីសាធារណៈ។ ចន្លោះ​ពី​ឆ្នាំ​ ១៩៤០​ ដល់​ឆ្នាំ​ ១៩៤៤ កំណើន​នៃការ​ចូលរួម​របស់​ស្រ្តី​នៅ​ក្នុង​ឧស្សាហកម្ម​សង្គ្រាម​បាន​ឡើង​រហូត​ទៅ​ដល់​ ៥៧%។

ប៉ុន្តែ មាន​ផ្ទាំង​រូបភាពមួយ​​ដែល​មិន​សូវ​ល្បី​ឈ្មោះ​នាសម័ យ​នោះ​ហើយ​​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ឡើង​វិញ​កាលពី​ជាង​ ៣០ ឆ្នាំ​មុន។​ នៅ​លើ​ផ្ទាំង​គំនូរ​ណ៌​លឿងនៅ​ពី​ក្រោយនោះ​ ​​ គេ​ឃើញនារី​​ «Rosie កម្មការនី​​មូរ​រឹត​បន្តឹង​ខ្ចៅ» (Rosie the riveter) មាន​​កន្សែង​ពណ៌​ក្រហម​លាយឡំ​ពង​ជីង​ចក់​ពណ៌​ស​ឈ្នួត​លើក្បាល​ និងមាន​​មួរ​ដៃ​អាវ​ហាក់​បង្ហាញកំលាំង​សាច់​ដុំ​ដៃ។​ មាន​ពាក្យ​ស្លោក​មួយ​សរសេរ​នៅ​លើ​ផ្ទាំង​នោះ​ថា​ «យើង​អាច​ធ្វើ​បាន​!»​ (We can do it !)។​ តំបូង​ឡើយ​ គោលដៅ​នៃ​ការ​ផលិត​ផ្ទាំងផ្សព្វផ្សាយ​នោះ​គឺ ដើម្បី​ជំរុញ​ឲ្យ​កម្មការនី​នៅ​ក្នុងរោងចក្រ ​​ Westinghouse Electric Corporation ឲ្យ​ចូល​មក​ធ្វើ​ការ​ឲ្យ​បាន​ទៀង​ទាត់​ចៀសវាង​សុំ​ឈប់​សំរាក​ច្រើនពេក និង​ចៀស​វាង​ធ្វើ​កូដកម្ម​ញឹកញាប់។ ផ្ទាំង​រូបភាព​នោះ​ត្រូវ​បាន​បោះពុម្ភ​​ចំនួន​តែ ២ ពាន់​ច្បាប់​ប៉ុណ្ណោះ​ ដើម្បី​បិទផ្សាយ​ និង​ចែក​ចាយ​ក្នុង​រោង​ចក្រ​។​

គេ​ត្រូវ​រង់ចាំ​រហូត​មក​ដល់​ឆ្នាំ ១៩៨២ ទើប​ផ្ទាំង​រូបភាពពណ៌​លឿង​នេះ​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនា​លើក​តម្កើង​សិទ្ធិ​ស្រ្តីនៅ​ក្នុង​សង្គម​អាមេរិក។​ ភ្លាមៗ​នោះ​ រូបស្រ្តី​នៅ​ក្នុង​ផ្ទាំង​រូបភាព​នេះ​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​ចលនា​ស្រ្តី​និយម​អាមេរិក។​ មិន​ត្រឹម​ក្លាយ​ជា​​និមិត្តរូប​នៃ​សិទ្ធិ​ស្រ្តី​ ប៉ុន្តែ ​រូបភាព​នេះ​ត្រូវ​បាន​គេ​បោះពុម្ភ​នៅ​លើ​ពែង​កាហ្វេ​ អាវយឺត​ និង​សម្ភារ​ឃោសនា​ផ្សេងៗ​ទៀត។​ ប៉ុន្តែ​​ អត្តសញ្ញាណ​ស្រ្តី​នៅ​លើ​ផ្ទាំង​​រូបភាព​នោះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ដដែល។​ មាន​ស្រ្តី​ជា​ច្រើន​នាក់​បាន​អះអាង​ថា​ ពួក​គាត់ជាតួអង្គ​នៅ​ក្នុង​ផ្ទាំង​រូបភាព​នោះ។ ការ​ជជែក​គ្នា​ស្វែង​រក​អត្តសញ្ញាណ​ស្រ្តី​នៅ​ក្នុង​ផ្ទាំង​រូបភាព​នោះ​តែង​ត្រូវ​បាន​អ្នក​ជំនាញ​ ក៏ដូច​ជា​សារព័ត៌មាន​អាមេរិក​លើក​យក​មក​ពិភាក្សា​ដេញដោល​គ្នា​គួរ​ឲ្យ​ជក់​ចិត្ត។

រហូត​មក​ដល់​ឆ្នាំ ២០១១ ទើប​គេ​បាន​ដឹង​ថា​ ស្រ្តី​នៅ​ក្នុងផ្ទាំង​​រូបភាព​នោះ​ គឺ​អ្នកស្រី​ Naomi Parker Fraley។ អ្នក​ស្រី​បាន​ទទួល​ស្គាល់​ថា ​ពិត​ថា​ជា​រូប​គាត់ ខណៈ​ពេល​អ្នកស្រី​ទៅ​ទស្សនា​សារៈមន្ទីរ​ Rosie the Riveter ស្ថិត​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។​ អ្នកស្រី​បាន​រៀបរាប់​ថា​ កាលនោះ​ គាត់​មាន​អាយុ​ ២០ ឆ្នាំ។​​ ឆ្លង​តាម​ការ​ស្រាវជ្រាវ​ ​ ផ្ទាំង​រូបភាព​នេះ​ត្រូវ​បាន​គូរ​ឲ្យ​សិល្បៈករ​ឈ្មោះ​ John Howard Miller កាល​ពី​ឆ្នាំ​ ១៩៤៣។​ វិចិត្រករ​រូប​នេះ​បាន​ស្វែង​រក​គំនិត​រំលេច​រូបភាព​ផ្ទាំង​ឃោសនា​នោះ។​ វិចិត្រ​ករ​រូប​នោះ​​បាន​ជ្រើស​រើស​រូបថត​មួយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ United Press ដើម្បី​រំលេច​ស្នាដៃ​គំនូរ​របស់​គាត់។

​នៅ​ក្នុង​រូបថត​នោះ​ គឺ​លោ កស្រី​ Naomi Parker Fraley កំពុង​ធ្វើ​ការ​យ៉ាង​សកម្មភាព​នៅ​ក្នុង​រោងចក្រដោយ​ស្លៀក​សំលៀក​បំពាក់​ដូច​គ្នា​បេះបិទ​ទៅ​នឹង​អ្វី​ដែល​ត្រូវ​វបាន​រំលេច​នៅ​ក្នុង​ផ្ទាំង​រូបភាព។​ សូម​រំលឹក​ជូន​ថា​ ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​សរសេរនៅ​ក្នុង​​អត្ថបទមួយ​ក្រោម​ចំណង​ជើង​ថា​ អត្តសញ្ញាណ​អាថ៌កំបាំង​របស់​ Rosie។​ អត្ថបទ​នេះ​ត្រូវ​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​មួយ​ជំនាញ​សិក្សា​លើ​ ផែ្នក​វោហា​សាស្រ្ត​ និង​ កិច្ចការ​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ