ការដំឡើងប្រាប់បៀវត្សរ៍និយោជិកធ្វើឲ្យទីផ្សារភាគហ៊ុនអាមេរិកធ្លាក់តម្លៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៧
ទីបំផុត ប្រាក់បៀវត្សរ៍និយោជិកទូទៅនៅសហរដ្ឋអាមេរិកត្រូវបានដំឡើងក្នុងកំរិតខ្ពស់។ បើយោងតាមស្ថិតិផ្សព្វផ្សាយដោយក្រសួងការងារអាមេរិកបានឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៨ នេះ បុគ្គលិកទូទៅទាំងអស់នៅសហរដ្ឋអាមេរិកបានទទួលការដំឡើងប្រាក់បៀវត្សរ៍ក្នុងកំរិត ២,៩% សំរាប់រយៈពេលមួយឆ្នាំ។ នេះជាលើកទីមួយហើយ ដែលកំរិតដំឡើងប្រាក់បៀវត្សរ៍មានកំណើនខ្ពស់បែបនេះ បើប្រៀបធៀបនឹងកំណើនខ្ពស់ចុងក្រោយគេបង្អស់កាលពីឆ្នាំ២០០៩ ខណៈពេលសហរដ្ឋអាមេរិកទើបតែងើបរើខ្លួនចេញពីវិបត្តិសេដ្ឋកិច្ច។ ស្របពេលគ្នានឹងដំណឹងល្អនេះ ទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះ។
បើតាមការវិភាគពីមជ្ឈដ្ឋានអ្នកសេដ្ឋកិច្ចទូទៅ កំណើនប្រាក់បៀវត្សរ៍ក្នុងកំរិតខ្ពស់បែបនេះ គឺដោយសារតែទីផ្សារការងារអាមេរិកមានខុសភាពល្អ។ សំរាប់រយៈពេល ៨៨ ខែបន្តបន្ទាប់គ្នា ចំនួនការងារថ្មីត្រូវបានបង្កើតឡើងជាលំដាប់។ គ្រាន់តែសំរាប់ខែមករាកន្លងទៅនេះ មានការងារថ្មីចំនួន ២ សែនត្រូវបានបង្កើតឡើងដល់ពលរដ្ឋអាមេរិក។
ចំនួននេះ គឺមានលក្ខណៈខ្ពស់ហួសក្តីរំពឹងទុក ដែលពីតំបូងឡើយ គេគិតថាមានត្រឹមតែ ១,៨ សែនការងារប៉ុណ្ណោះ។ ស្របពេលគ្នាផងដែរ អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិកស្ថិតនៅក្នុងកំរិតតែ ៤,១% ប៉ុណ្ណោះក្នុងចំណោមប្រជាជនសកម្ម។ នេះជាកំរិតទាបជាងបំផុតចាប់តាំងពីដើមសតវត្សរ៍នេះ។ បើតាមតួលេខក្រសួងការងារអាមេរិកបានឲ្យដឹងថា អត្រាចូលរួមក្នុងផលិតកម្មការងារសំរាប់ប្រជាជនសកម្មមានការងារធ្វើ គឺស្ថិតក្នុងកំរិតស្ថិតស្ថេរល្អ។ ពោល គឺស្មើនឹង ៦២,៧%។ ប៉ុន្តែ កំរិតនេះនៅទាបណាស់ បើយើងប្រៀបធៀបនឹងកំរិត ៦៧% កាលពីឆ្នាំ២០០០។
បើតាមលោក Jason Furman អតីតៈទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកអតីតៈប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានយល់ឃើញថា តួលេខនេះហាក់គួរភ្ញាក់ផ្អើលបន្តិច។ ស្ថិតក្នុងដំណាក់កាលវដ្តិសេដ្ឋកិច្ចបែបនេះ វាជារឿងគួរតែសប្បាយចិត្ត ព្រោះមានការងារថ្មីត្រូវបានបង្កើតឡើងជាមធ្យមចំនួន ១,៥ ក្នុងមួយខែសំរាប់ឆ្នាំ២០១៨។ ចំណែកលោក Neel Kashkari ប្រធានរតនាគារជាតិអាមេរិកប្រចាំរដ្ឋ Minnesota និងជាសមាជិកធនាគារកណ្តាលអាមេរិកបានព្យល់ថា អ្វីដែលជាដំណឹងគួរឲ្យរីករាយ គឺកំណើនប្រាក់បៀវត្សរ៍ទូទៅសំរាប់ពលរដ្ឋអាមេរិកដែលកំពុងមានការងារធ្វើ។ នេះជាសញ្ញាដ៏ល្អមួយសំរាប់និយោជិកអាមេរិកកំពុងប្រកបការងារនៅក្នុងគ្រប់វិស័យទាំងអស់។ ហើយនេះក៏ជាសញ្ញាវិជ្ជមានមួយសំរាប់បញ្ជាក់កំណើនសេដ្ឋកិច្ចអាមេរិកផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីងើបរើខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចរហូតមកដល់ចុងឆ្នាំ២០១៧ រដ្ឋាភិបាលអាមេរិកពុំបានដាក់សម្ពាធបង្ខំឲ្យពួកថៅកែសហគ្រាសទាំងឡាយដំឡើងប្រាក់បៀវត្សរ៍ដល់បុគ្គលិក-កម្មករទូទៅឡើយ។ ពុំហ៊ានដាក់សម្ពាធក៏ដោយសារតែមូលហេតុច្រើនយ៉ាង។ កន្លងមក ស្ថិតក្នុងបរិបថសេដ្ឋកិច្ចមិនអំណោយផលផង និងបន្ទុកចំណាយធ្ងន់ធ្ងរផង ក្រុមពួកថៅកែបានប្រើប្រាស់វិធីសាស្រ្តគំរាមកំហែងផ្សេងៗ។ តួយ៉ាងមានដូចជា៖ ការគំរាមរើផ្ទេរោងចក្រទៅបរទេស, ការគំរាមជួលក្រុមហ៊ុននៅបរទេសឲ្យម៉ៅការបន្ត, ការប្រើប្រាស់បុគ្គលិកពុំចាំបាច់មានកិច្ចសន្យាការងារ និងការិយាល័យធ្វើការតាមម៉ូដែលក្រុមហ៊ុនតាក់ស៊ី Uber និង ការហាមឃាត់មិនឲ្យមានសហជីពនៅតាមសហគ្រាស។
ក្រៅពីមូលហេតុទាំងនេះ ក៏មានផងដែរបាតុភូតចំនួនបីផ្សេងៗទៀត។ ទីមួយ គឺការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូ និងឌីជីថលជំនួសផលិតកម្មតាមរយៈការប្រើប្រាស់កំលាំងពលកម្មមនុស្ស។ ទីពីរ គឺវិស័យការងារកាន់តែប្រមូលផ្តុំគ្នាក្រោមដំបូលក្រុមហ៊ុនធំៗចំនួនមួយក្តាប់តូច ដែលជាហេតុធ្វើឲ្យបុគ្គលិក-កម្មករគ្មានជំរើសការងារច្រើនឡើយ។ ហើយទីបី គឺវត្តមានជនអន្តោប្រវេសន៍ខុសច្បាប់ដ៏ច្រើនលើសលប់នៅសហរដ្ឋអាមេរិក ដែលធ្វើការលួចលាក់ក្នុងកំរិតប្រាក់បៀវត្សរ៍ដ៏ទាបបំផុត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គេក៏សង្កេតឃើញអំណាចនៃការទិញរបស់ពលរដ្ឋអាមេរិកនៅជាប់គាំងពុំបានកើនឡើងឡើយ។ បើនិយាយបែបសាមញ្ញ គឺពលរដ្ឋអាមេរិកត្បិតត្បៀតក្នុងចំណាយចាយវាយទូទៅ ដោយសារតែចំហាយនៃវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨។ ម៉្យាងទៀត បើក្រឡេកមកមើលទិដ្ឋភាពទូទៅនៅក្នុងសង្គមវិញ ឥទ្ធិពលវិបត្តិសេដ្ឋកិច្ចនេះក៏បានបណ្តាលឲ្យគម្លាតរវាងអ្នកមាន និងអ្នកក្រអាមេរិកកាន់តែរីកធំឡើងផងដែរ។ ជាលទ្ធផល ពលរដ្ឋអាមេរិកស្បែក-សមកពីមជ្ឈដ្ឋានកំរិតជីវភាពមធ្យម និងក្រីក្របានសំរេចបោះឆ្នោតជ្រើសរើសបេក្ខជនដ៏ចម្រូងចម្រាស Donald Trump ឲ្យធ្វើជាប្រធានាធិបតីអាមេរិក។
នៅក្នុងសារមួយតាមរយៈបណ្តាញសង្គម Twitter លោក Donald Trump បានអួតសរសើរខ្លួនឯងថា កំណើនបង្កើតការងារថ្មី និងកំណើនប្រាក់បៀវត្សរ៍ពលរដ្ឋអាមេរិក គឺជាលទ្ធផលនៃនយោបាយកំណែទម្រង់ពន្ធរបស់គាត់។ បើយោងតាមសារព័ត៌មាន New York Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២ ខែកុម្ភៈកន្លងទៅនេះ កំណើនប្រាក់បៀវត្សរ៍នេះក៏ជាលទ្ធផលនៃកំណើនប្រាក់ឈ្នួលអប្បបរមាផងដែរ។ គួរដឹងផងដែរថា ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងនៅតាមរដ្ឋចំនួន ១៨។
បើទោះបីជាកំណើនប្រាក់បៀវត្សរ៍នយោជិកអាមេរិកជាដំណឹងល្អក៏ដោយ ប៉ុន្តែសំរាប់ផ្សារមូលបត្រក្រុងញូវយ៉ក វាជារឿងដ៏ក្រពុលមុខមួយ។ គិតត្រឹមថ្ងៃសុក្រ ទី២ កុម្ភៈកន្លងទៅនេះ ភាគហ៊ុនផ្សារមូលបត្រ Dow Jones បានធ្លាក់ចុះចំនួន ២,៥៤%។ ចំណែកភាគហ៊ុនផ្សារមូលបត្រ Nasdaq បានស្រុតចុះចំនួន ២%។ នេះជាការធ្លាក់ចុះដ៏គំហុកគួរឲ្យភ្ញាក់ផ្អើលពុំធ្លាប់មានក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ លោក Neel Kashkari ប្រធានរតនាគារជាតិអាមេរិកប្រចាំរដ្ឋ Minnesota បានពន្យល់ថា ការធ្លាក់ចុះនេះក៏ដោយសារតែមានការព្រួយបារម្ភចំពោះកំណើនអត្រាការប្រាក់ជាយថាហេតុណាមួយនារយៈពេលខ្លីខាងមុខនេះ។
សូមរំលឹកជូនថា កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ រតនាគារជាតិអាមេរិកបានសំរេចដំឡើងអត្រាការប្រាក់គោលចំនួន ០,២៥%។ ពោល គឺពី១,២៥% ទៅដល់ ១,៥០%។ ហើយសំរាប់ឆ្នាំ២០១៨ ស្ថាប័ននេះក៏គ្រោងដំឡើងអត្រាការប្រាក់គោលក្នុងកំរិត ០,២៥% បន្តទៀតចំនួនបីដំណាក់កាល ដោយអាស្រ័យលើកំណើនសេដ្ឋកិច្ចអាមេរិក និងចំនួនការងារថ្មីបង្កើតឡើង។ ដូចនេះ ដោយព្រួយបារម្ភខ្លាចកំណើនអតិផរណា និងអត្រាការប្រាក់ ទីផ្សារភាគហ៊ុនក៏ចាប់ផ្តើមឃ្លីងឃ្លោង ។ ជាលទ្ធផល អត្រាការប្រាក់បំណុលសាធារណៈអាមេរិកបានកើនឡើងរហូតដល់កំរិត ២,៨៤៥%។ នេះជាកំរិតខ្ពស់បំផុតពុំធ្លាប់មានចាប់តាំងពីខែមករា ឆ្នាំ២០១៤។ មែនទែនទៅ បើគិតមកត្រឹមខែកញ្ញា ឆ្នាំ២០១៧ អត្រាការប្រាក់នេះមានត្រឹមតែ ២% ប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ