ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/09 12h00 GMT

ការ​ដំឡើង​ប្រាប់​បៀវត្សរ៍​និយោជិក​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ធ្លាក់​តម្លៃ​

ការ​ដំឡើង​ប្រាប់​បៀវត្សរ៍​និយោជិក​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ធ្លាក់​តម្លៃ​
 
ប្រាក់ដុល្លារ​អាមេរិក​​ REUTERS/Athit Perawongmetha/File Photo

ទីបំផុត ប្រាក់​បៀវត្សរ៍​និយោជិក​ទូទៅ​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដំឡើង​ក្នុង​កំរិត​ខ្ពស់។​ បើ​យោង​តាម​ស្ថិតិ​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​ការងារ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០១៨ ​នេះ​ បុគ្គលិក​ទូទៅ​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក​បាន​ទទួល​ការ​ដំឡើង​​ប្រាក់​បៀវត្សរ៍​ក្នុង​កំរិត​ ២,៩%​ សំរាប់​រយៈ​ពេល​មួយ​ឆ្នាំ។​ នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​កំរិត​ដំឡើង​ប្រាក់​បៀវត្សរ៍​មាន​កំណើន​ខ្ពស់​បែប​នេះ​ បើ​ប្រៀប​ធៀប​នឹង​កំណើន​ខ្ពស់​ចុង​ក្រោយ​គេ​បង្អស់​កាលពី​ឆ្នាំ​២០០៩​ ខណៈ​ពេលសហរដ្ឋ​អាមេរិក​ទើប​តែ​ងើប​រើ​ខ្លួនចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច។​ ស្រប​ពេល​គ្នា​នឹង​ដំណឹង​ល្អ​នេះ​ ទីផ្សារ​ភាគ​ហ៊ុន​អាមេរិក​បាន​ធ្លាក់​ចុះ។

បើ​តាម​ការ​វិភាគ​ពី​មជ្ឈដ្ឋាន​អ្នក​សេដ្ឋកិច្ចទូទៅ​​ កំណើន​ប្រាក់​បៀវត្សរ៍​ក្នុង​កំរិត​ខ្ពស់​បែប​នេះ​​​​ គឺ​ដោយ​សារ​តែ​​ទីផ្សារ​ការងារអាមេរិក​មាន​ខុសភាព​ល្អ។​ សំរាប់​រយៈ​ពេល​ ៨៨ ខែ​បន្តបន្ទាប់​គ្នា​ ចំនួន​ការងារ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ជាលំដាប់។ គ្រាន់​តែ​សំរាប់​​​ខែ​មករា​កន្លង​ទៅ​នេះ​ មាន​ការងារ​ថ្មី​ចំនួន​ ២ សែន​ត្រូវ​បាន​បង្កើត​ឡើងដល់​ពលរដ្ឋ​អាមេរិក។​

ចំនួន​នេះ​ គឺ​មានលក្ខណៈ​​ខ្ពស់​ហួស​ក្តី​រំពឹង​ទុក​ ដែល​ពី​តំបូង​ឡើយ​ គេគិត​ថា​មាន​ត្រឹម​តែ​ ១,៨ សែន​ការងារ​ប៉ុណ្ណោះ។​ ស្រប​ពេល​គ្នា​ផង​ដែរ​ អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ក្នុង​កំរិត​តែ​ ៤,១% ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជាជន​សកម្ម​។​ នេះ​ជា​កំរិត​​ទាប​ជាង​បំផុត​ចាប់​តាំង​ពី​ដើម​សតវត្សរ៍​នេះ។ ​បើ​តាម​តួលេខ​ក្រសួង​ការងារ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ​អត្រា​ចូល​រួម​ក្នុង​ផលិតកម្ម​ការងារ​សំរាប់​ប្រជាជន​សកម្ម​មាន​ការងារ​ធ្វើ​ គឺ​ស្ថិត​ក្នុង​កំរិតស្ថិត​ស្ថេរ​ល្អ​។ ពោល​ គឺ​ស្មើ​នឹង​ ៦២,៧%​។​ ប៉ុន្តែ កំរិត​នេះ​នៅទាប​ណាស់​ បើ​យើង​ប្រៀបធៀប​នឹង​កំរិត​ ៦៧%​ កាលពី​ឆ្នាំ​២០០០។​

បើ​តាម​លោក​ Jason Furman អតីតៈ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​យល់​ឃើញ​ថា​ តួលេខ​នេះ​ហាក់​គួរ​ភ្ញាក់​ផ្អើល​បន្តិច​។ ស្ថិត​ក្នុង​ដំណាក់​កាល​វដ្តិ​សេដ្ឋកិច្ច​បែប​នេះ​ វា​ជា​រឿង​គួរ​តែ​សប្បាយ​ចិត្ត ​ព្រោះ​មាន​ការងារ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ជា​មធ្យម​ចំនួន​ ១,៥​ ក្នុង​មួយ​ខែសំរាប់​ឆ្នាំ​២០១៨។ ចំណែក​លោក​ Neel Kashkari ​​ប្រធាន​រតនាគារ​ជាតិ​អាមេរិក​ប្រចាំ​រដ្ឋ​ Minnesota និង​ជា​សមាជិក​ធនាគារ​កណ្តាល​អាមេរិក​បាន​ព្យល់​ថា​ អ្វី​ដែល​ជា​ដំណឹង​គួរ​ឲ្យ​រីករាយ​ គឺ​កំណើន​ប្រាក់​បៀវត្សរ៍​ទូទៅ​សំរាប់​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​មាន​ការ​ងារ​ធ្វើ។​ នេះ​ជា​សញ្ញា​ដ៏ល្អ​មួយ​សំរាប់​និយោជិក​​អាមេរិក​កំពុង​ប្រកប​ការងារ​​នៅ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់​។​ ហើយ​នេះ​ក៏​ជា​សញ្ញា​វិជ្ជមាន​មួយ​សំរាប់​បញ្ជាក់​កំណើន​សេដ្ឋកិច្ច​អាមេរិក​ផង​ដែរ។

សូម​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ងើបរើ​ខ្លួន​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ចរហូត​មក​ដល់​ចុង​ឆ្នាំ​២០១៧​ ​ រដ្ឋាភិបាល​អាមេរិក​ពុំ​បាន​ដាក់​សម្ពាធ​បង្ខំ​ឲ្យ​ពួក​ថៅកែ​សហគ្រាស​ទាំងឡាយ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក​-កម្មករ​ទូទៅ​ឡើយ។​ ពុំ​ហ៊ាន​ដាក់​សម្ពាធ​ក៏​ដោយសារ​តែ​មូលហេតុ​ច្រើន​យ៉ាង។​ កន្លង​មក​ ស្ថិត​ក្នុង​បរិបថ​សេដ្ឋកិច្ច​មិន​អំណោយ​ផលផង​ និង​បន្ទុក​ចំណាយ​ធ្ងន់​ធ្ងរ​ផង​​ ក្រុមពួក​ថៅកែ​បានប្រើប្រាស់​វិធីសាស្រ្ត​​គំរាមកំហែងផ្សេងៗ។​ តួយ៉ាង​មាន​ដូចជា​៖​ ការ​គំរាមរើ​ផ្ទេ​រោង​ចក្រ​ទៅ​បរទេស, ការ​គំរាម​ជួល​ក្រុមហ៊ុន​នៅបរទេស​ឲ្យ​ម៉ៅការ​បន្ត,​ ការ​ប្រើប្រាស់​បុគ្គលិក​ពុំ​ចាំ​បាច់​មាន​កិច្ច​សន្យា​ការងារ​ និង​ការិយាល័យ​ធ្វើ​ការ​តាម​ម៉ូដែល​ក្រុមហ៊ុន​តាក់ស៊ី​ Uber និង​ ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​សហជីព​នៅ​តាម​សហគ្រាស។​

ក្រៅ​ពី​មូលហេតុ​ទាំង​នេះ​ ក៏មាន​ផងដែរ​បាតុភូតចំនួន​បី​​ផ្សេងៗ​ទៀត​។​ ទីមួយ​ គឺ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​រ៉ូបូ​ និង​ឌីជីថល​ជំនួស​ផលិត​កម្ម​តាម​រយៈ​ការប្រើប្រាស់​កំលាំង​ពលកម្ម​មនុស្ស។​ ទីពីរ​ គឺ​វិស័យ​ការងារ​កាន់​តែ​ប្រមូល​ផ្តុំ​គ្នា​ក្រោម​ដំបូល​ក្រុមហ៊ុន​ធំៗ​ចំនួន​មួយ​ក្តាប់​តូច​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​-កម្មករ​គ្មាន​ជំរើស​ការងារ​ច្រើន​ឡើយ។​ ហើយ​ទីបី​ គឺ​វត្តមាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដ៏​ច្រើន​លើស​លប់​នៅ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ការ​លួច​លាក់​ក្នុង​កំរិត​ប្រាក់​បៀវត្សរ៍​ដ៏​ទាប​បំផុត។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ គេ​ក៏​សង្កេត​ឃើញ​​អំណាច​នៃ​ការ​ទិញ​របស់​ពលរដ្ឋ​អាមេរិក​នៅ​ជាប់​គាំង​ពុំ​បានកើន​ឡើង​ឡើយ។ ​បើ​និយាយ​បែប​សាមញ្ញ​ គឺ​​ពលរដ្ឋ​អាមេរិក​ត្បិត​ត្បៀត​ក្នុង​ចំណាយ​ចាយ​វាយ​ទូទៅ​ ដោយ​សារ​តែ​ចំហាយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨។ ម៉្យាង​ទៀត បើ​ក្រឡេក​មក​មើល​ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​សង្គម​វិញ​ ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​នេះ​ក៏​បាន​បណ្តាល​ឲ្យ​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​អាមេរិក​កាន់​តែ​រីកធំ​ឡើង​ផង​ដែរ។​ ជាលទ្ធផល​ ពលរដ្ឋ​អាមេរិក​ស្បែក​-ស​មក​ពី​មជ្ឈដ្ឋាន​កំរិត​​ជីវភាព​មធ្យម ​ និង​ក្រីក្រ​បាន​សំរេច​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ដ៏​ចម្រូង​ចម្រាស​ Donald Trump​ ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​។

នៅ​ក្នុង​សារ​មួយ​តាមរយៈ​បណ្តាញ​សង្គម​ Twitter លោក​ Donald Trump បាន​អួត​សរសើរ​ខ្លួន​ឯង​ថា​ កំណើន​បង្កើត​ការងារ​ថ្មី​ និង​កំណើន​ប្រាក់​បៀវត្សរ៍​ពលរដ្ឋ​អាមេរិក​ គឺ​ជា​លទ្ធផល​នៃ​នយោបាយ​កំណែ​ទម្រង់​ពន្ធ​របស់​គាត់។​ បើ​យោង​តាម​សារព័ត៌មាន​ New York Times ចុះ​ផ្សាយ​កាល​ពីថ្ងៃ​សុក្រ​ ទី​២ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ កំណើន​ប្រាក់​បៀវត្សរ៍​នេះ​ក៏​ជា​លទ្ធផល​នៃ​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ផង​ដែរ។​ គួរ​ដឹង​ផង​ដែរ​ថា​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា​ ឆ្នាំ​២០១៨​ ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​បាន​ដំឡើង​នៅ​តាម​រដ្ឋ​ចំនួន ១៨។​ ​

បើ​ទោះបី​ជា​កំណើន​ប្រាក់​បៀវត្សរ៍​នយោជិក​អាមេរិក​ជា​ដំណឹង​ល្អក៏​ដោយ​​ ប៉ុន្តែ​សំរាប់​ផ្សារ​មូលបត្រ​ក្រុង​ញូវយ៉ក​​ វាជា​រឿង​ដ៏​ក្រពុល​មុខ​មួយ។​ គិត​ត្រឹម​ថ្ងៃ​សុក្រ​ ទី​២ កុម្ភៈ​កន្លង​ទៅ​នេះ​ ភាគហ៊ុន​ផ្សារ​មូលបត្រ​ Dow Jones បាន​ធ្លាក់​ចុះ​ចំនួន​ ២,៥៤%​។ ចំណែកភាគហ៊ុន​ផ្សារ​មូលបត្រ ​Nasdaq បាន​ស្រុត​ចុះ​ចំនួន​ ២%។ នេះ​ជា​ការ​ធ្លាក់​ចុះ​ដ៏​គំហុក​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។​ លោក​ ​​ Neel Kashkari ប្រធាន​រតនាគារ​ជាតិ​អាមេរិក​ប្រចាំ​រដ្ឋ​ Minnesota បាន​ពន្យល់​ថា​ ការ​ធ្លាក់​ចុះ​នេះ​ក៏​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កំណើន​អត្រា​ការ​ប្រាក់​ជា​យថាហេតុ​ណាមួយ​នា​រយៈ​ពេល​ខ្លី​ខាង​មុខ​នេះ។​

សូម​រំលឹក​ជូន​ថា​ កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ រតនាគារ​ជាតិ​អាមេរិក​បាន​សំរេច​ដំឡើង​អត្រាការ​ប្រាក់គោលចំនួន ០,២៥%។​ ពោល​ គឺ​ពី​១,២៥%​ ទៅដល់​ ១,៥០%។​ ហើយ​សំរាប់​ឆ្នាំ​២០១៨​ ស្ថាប័ន​នេះ​ក៏​គ្រោង​ដំឡើង​អត្រា​ការ​ប្រាក់គោល​ក្នុង​កំរិត​ ០,២៥%​ ​បន្ត​ទៀត​ចំនួន​បី​ដំណាក់​កាល​ ដោយ​អាស្រ័យ​លើ​កំណើន​​សេដ្ឋកិច្ច​អាមេរិក​ និង​ចំនួន​ការងារ​ថ្មី​បង្កើត​ឡើង។​​ ដូចនេះ​ ដោយ​ព្រួយ​បារម្ភ​ខ្លាច​កំណើន​អតិផរណា​​ និង​អត្រា​ការ​ប្រាក់​ ​ទីផ្សារ​ភាគ​ហ៊ុន​ក៏​ចាប់​ផ្តើម​ឃ្លីង​ឃ្លោង​ ។​ ជា​លទ្ធផល​ អត្រា​ការ​ប្រាក់​បំណុល​សាធារណៈ​អាមេរិក​បាន​កើន​ឡើង​រហូត​ដល់​កំរិត​ ២,៨៤៥%​។ នេះ​ជា​កំរិត​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០១៤។​ មែនទែន​ទៅ បើ​គិត​មក​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ អត្រា​ការ​ប្រាក់​នេះ​មាន​ត្រឹម​តែ ២% ប៉ុណ្ណោះ៕​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ