អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

យានអវកាស​ដ៏​ខ្លាំង​ជាងគេ​លើ​លោក​ហោះ​ចេញ​ជា​លើក​ទីមួយ ដោយ​ជោគជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាំជ្រួច​អវកាស​ដ៏​មាន​មហិទ្ធិរិទ្ធិ​ជាងគេ​បំផុត​នៅ​លើ​លោក Falcon Heavy របស់​ក្រុមហ៊ុន​ SpaceX បាន​ផ្តើមបេសកកម្មដំបូង​​ជា​ប្រវត្តិសាស្ត្រ ដោយ​បាន​បង្ហោះ​ចេញ​​ពី​ភព​ផែន​ដី​ នៅ​ថ្ងៃអង្គារ​ម្សិលមិញ ឆ្ពោះ​ទៅ​កាន់​ភព​អង្គារ។ SpaceX កំពុង​ត្រៀម​ខ្លួនចូលចំណោម​​ក្លាយ​ជា​ ក្រុម​អវកាស​ដំបូង​គេ​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​អង្គារ។ ការ​បង្ហោះ​យាន​អវកាស​នេះ ត្រូវ​បាន​ទទួល​ការ​តាមដាន​ពី​សំណាក់​មនុស្ស​រាប់​លាន​នាក់ តាម​ប្រព័ន្ធសង្គម​។

កាំជ្រួច Falcon Heavy របស់​ក្រុមហ៊ុន​ SpaceX បង្ហោះ​ចេញ​ពី​ Cap Canaveral សហរដ្ឋ​អាមេរិក​ថ្ងៃទី ៦ កុម្ភៈ២០១៨
កាំជ្រួច Falcon Heavy របស់​ក្រុមហ៊ុន​ SpaceX បង្ហោះ​ចេញ​ពី​ Cap Canaveral សហរដ្ឋ​អាមេរិក​ថ្ងៃទី ៦ កុម្ភៈ២០១៨ REUTERS/Steve Nesius
ផ្សាយពាណិជ្ជកម្ម

​យាន​អវកាស Falcon Heavy ​ជា​យាន​ដ៏​មាន​មហិទ្ធិរិទ្ធជាងគេ​នៅ​លើ​ពិភពលោក គិត​ត្រឹម​ការ​បង្ហោះ​យាន​អវកាស​ចុងក្រោយ​របស់​​ក្រុម​អវកាស Energia របស់​សហភាព​សូវៀត កាលពី​២៩​ឆ្នាំ​មុនមក​។ យាន​នេះ​ជា​បន្សំ​កាំជ្រួច​បី ៖ Falcon9 ជា​ជើងទម្រ​​បង្ហោះ​ ភ្ជាប់​ដោយយាន​​ជាន់​ទីពីរ និង​​ប្លុក​ទី​បី សម្រាប់​ផ្ទុក​របស់​របរ​សំខាន់ៗ ដែល​នៅ​ពេល​បង្ហោះ​សាកល្បង​នេះ SpaceX បាន​ដឹក​រថយន្ត​ប្រណាំង​មួយ​គ្រឿង មាន​មនុស្សតុកត្តា​ជា​អ្នក​បើកផង។

នៅពេល​​បង្ហោះ​ចេញ​បាន​ពីរ​នាទី ជើងទម្រ​​បង្ហោះ​​​បាន​ផ្តាច់​ខ្លួន​ចេញ​​ ពី​តួ​កាំជ្រួច ដែល​ត្រូវ​បន្ត​ដំណើរ​ទៅ​ក្នុ​ងអវកាស ក្នុង​គន្លង​តារាវិថី​ ៥​ម៉ោង​សិន មុន​នឹង​តម្រង់ទិស​ទៅភពអង្គារ។ ៨​នាទី និង២០​វិនាទីក្រោយ​មក ជើង​ទម្រ​បង្ហោះ​ពីរ ក្នុង​ចំណោម​បី កម្ពស់មួយ​ៗ​៧០ម៉ែត្រ​ បាន​វិល​ត្រលប់​ចុះ​មក​ដល់​ដី​វិញ ស្ទើរ​ទន្ទឹម​ពេល​គ្នា​ ប្រកប​ដោយ​សុវត្ថិភាព និង​ចុះចត​ ក្បែរ​គ្នា​ លើ​ទីលាន​បង្ហោះ​ Cap Canaveral រដ្ឋ​ហ្លរីដា ដូច​ដែល​គេ​ស្រមៃ​ចង់​បាន។ ក្រោយ​បន្តិច​មក​ទៀត ទើប​ជើង​បង្ហោះ​ទីបី ​បាន​ធ្លាក់​មក​វិញ​ នៅ​មហាសាគរ​អាត្លង់ទិក ចម្ងាយ​ប្រមាណ​មួយរយ​ម៉ែត្រ​ពី​ចំណុច​គ្រោងទុក។ ជើង​បង្ហោះ​នេះធ្លាប់​ត្រូវ​បាន​ប្រើ​រួច​និង​​អាច​ប្រើប្រាស់​​បាន​ជា​ថ្មី​ទៀត ដែលការ​នេះ​​អាច​កាត់​បន្ថយ​ការ​តម្លៃ​ចំណាយ​គួរ​ឱ្យ​កត់​សម្គាល់។

ខ្លាំង​ និង​សំន្សំសំចៃ

នេះ​ហើយ​ជា​លក្ខណៈ​ពិសេស​របស់​SpaceX ហើយ​មិន​តែ​ប៉ុណ្ណោះ Falcon Heavy ​ជា​យានអវកាស​ ដែល​មាន​សមត្ថភាព​លើស​ជើង​បង្ហោះ Delta-IV américain de Boeing et Lockheed Martin ​របស់​ភ្នាក់ងារ​អវកាស​អាមេរិក​ និង​ប៊ូអ៊ីន​បច្ចុប្បន្ន​ ដល់​ទៅ​ពីរ​ដង។ មាន​ម៉ាស៊ីន​២៤​ ជើង​បង្ហោះ​យាន​អវកាស​ Falcon Heavy អាច​ធាក់​បញ្ជូន​កាំជ្រួច​ ទៅ​កាន់​គន្លង​តារា​វិថី នូវ​ទម្ងន់ ជាង​ ២៥០០​តោន​​ ពោល​គឺ​ស្មើ​នឹងទម្ងន់​យន្តហោះ​Boeing 737 ផ្ទុកមនុស្ស អីវ៉ាន់​និង​ប្រេង​ពេញ ចំនួន​១៨​គ្រឿង។ ហើយ​អាច​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​រហូត​ដល់ទៅ​៦៨,៨​តោន​សម្រាប់​ហោះ​ឆ្លង​កាត់​គន្លង​អ័របីត។

ទិសដៅ​នៃ​ការ​បង្ហោះ​យាន​អវកាស​សាកល្បង​នេះ​ឆ្ងាយ​ខ្លាំងណាស់ ឆ្ងាយ​ស្ទើរ​ស្មើ​ចម្ងាយ​ពីព្រះអាទិត្យ​ទៅ​ភព​អង្គារ។

នេះ​​ជាជោគជ័យដ៏ធំ​ធេង ​សម្រាប់ រូប​លោក ​Elon Musk ផង សម្រាប់​ក្រុមហ៊ុន SpaceXផង និង​ពិភពអវកាសផង។ ជាមួយ​នឹង​ជោគជ័យ​នេះ ភ្នាក់ងារ​អវកាស​អាមេរិក​អាច​នឹងលែង​​ត្រូវ​ការ​ពឹង​ពាក់​ជំនួយ​ពី​រុស្ស៊ី និង​ពី​យាន​Soyouz​ ដើម្បី​បញ្ជូន​មនុស្ស​ទៅ​អវកាស។

SpaceX នឹង​​ដឹក​​មនុស្ស​ទៅ​ភព​អង្គារ ២០២៥

ចាស ក្រុមហ៊ុន​SpaceX មិន​ដែល​លាក់​បាំង​អំពី​មហិច្ឆតា​ចង់​គ្រប់គ្រង​ភព​អង្គារ​ឱ្យ​បាន​មុន​គេ​ទេ ! លោក Elon Musk បាន​ពន្យល់​បញ្ជាក់​តាំង​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មក ថា កម្មវត្ថុ​ចំបង​របស់​ក្រុមហ៊ុន​មិនមែន​ត្រឹម​ Falcon Heavy​នេះ​ទេ គម្រោង​ដ៏​ធំ​របស់​លោក គឺ​ កាំជ្រួច​ Big Funking Rocket ដែល​អាច​ដឹកមនុស្ស​ទៅ​ដើរ​លេង​នៅ​ភព​អង្គារ​និង​ភព​ព្រះចន្ទ។ Falcon Heavy គឺ​ជា​អ្នក​បើក​ផ្លូវ​តែ​ប៉ុណ្ណោះ។ ការ​បោះហើរ​ជើង​ទីមួយ គ្រោង​ប្រព្រឹត្ត​ទៅ​ឆ្នាំ​២០២០ ដោយ​ប្រើ​យានអវកាស​ មាន​កម្លាំង​ខ្លាំង​ជាង​Falcon Heavy​ ដល់​ទៅ​បី​ដង​។ SpaceX នឹង​ចាប់​ធ្វើ​ចរាចរណ៍​​​ដឹក​មនុស្ស​ដើរ​លេង​នៅភព​ផ្សេង នៅ​ឆ្នាំ​២០២៥។ ពោល​គឺ​មុន​ភ្នាក់ងារ​អវកាស​Nasa ដែល​គ្រោង​សហការ​ជាមួយ​ក្រុមហ៊ុន​ប៊ូអ៊ីង Space Launch System ដឹកមនុស្ស​ទៅភពអង្គារ នៅ​រវាង​ឆ្នាំ​២០៣០​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ