ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/07 12h00 GMT

អាមេរិក​ចង់​ឲ្យ​ជីហាត​បរទេស​ប្រឈម​នឹង​ការកាត់ទោស​នៅក្នុង​ប្រទេស​កំណើត

អាមេរិក​ចង់​ឲ្យ​ជីហាត​បរទេស​ប្រឈម​នឹង​ការកាត់ទោស​នៅក្នុង​ប្រទេស​កំណើត
 
ទាហាន​ជីហាត​នៅ​ទីក្រុង​រ៉ាកា នៅ​ឆ្នាំ ២០១៤ REUTERS/Stringer

សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​បាន​សម្រេច​ជោគជ័យ វាយបំផ្លាញ​សំបុក​របស់​ពួកជីហាត​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ ក្បាលម៉ាស៊ីន​របស់​ពួកជីហាត​ត្រូវ​បំផ្លាញ​ទៅមែន ប៉ុន្តែ បញ្ហា​ដែល​កំពុង​ចោទខ្លាំង និង​ដែល​ប្រទេស​លោកខាងលិច យល់​មិន​ស្របគ្នា គឺ​ការទទួល​វិលត្រលប់​របស់​ពួកជីហាត​បរទេស ដែល​ធ្លាប់​ចេញ​ប្រយុទ្ធ​ក្នុង​ជួរ​របស់​ក្រុមអង្គការរដ្ឋអ៊ីស្លាម។ នៅក្រោយ​ការដួលរំលំ បែកបាក់​ខ្ចាត់ខ្ចាយ​របស់​ក្រុមជីហាត ទាហាន​បរទេស​ជាច្រើន​រយនាក់ ត្រូវ​បាន​កងកម្លាំង​រំដោះ​ស៊ីរី និង​អ៊ីរ៉ាក់ ចាប់ឃុំខ្លួន នៅក្នុង​ទឹកដី​ស៊ីរី។ អាមេរិក ដែល​ជា​អ្នកជួយ​គាំទ្រផ្នែក​យោធា​ដល់​កងកម្លាំង​រំដោះស៊ីរី និង​អ៊ីរ៉ាក់ បាន​ថ្លែង​ចង់​ឲ្យ​ពួកជីហាត​បរទេស​ទាំងនោះ​ត្រូវ​ជំនុំជម្រះ និង​ផ្តន្ទាទោស នៅ​ក្នុង​ប្រទេស​កំណើត​របស់ពួកគេ។ នៅ​អឺរ៉ុប គ្មានប្រទេស​ណាមួយ ចេញមុខ ចង់​ទទួល​យក​ពួកជីហាត ទាំងនោះ មក​ជំនុំជម្រះ​ក្នុង​ទឹកដី​របស់ខ្លួន​នោះទេ។

នៅថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ការពារជាតិ​របស់​ប្រទេស​ចំនួន ១៤​ដែល​ជាសមាជិក​របស់សម្ព័ន្ធ​អន្តរជាតិ ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​បាន​ជួប​ប្រជុំ​គ្នា នៅទីក្រុង​រ៉ូម ដើម្បី និយាយ​ពី​សកម្មភាព​ដែល​គេ​ត្រូវ​ធ្វើបន្ត នៅក្រោយ​បរាជ័យ របស់ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ក្នុងទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ សម្រាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​មិនទាន់​ចប់​នោះទេ។ តាម​អ្នកទទួលខុសត្រូវ​ម្នាក់​របស់​មន្ទីរបញ្ចកោន​ដែល​បាន​អមដំណើរ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ទៅ​ទីក្រុង​រ៉ូម អាមេរិក​កំពុង​ព្យាយាម បញ្ចុះបញ្ចូល​សមាជិក​សម្ព័ន្ធ​អន្តរជាតិ ជា​ពិសេស​ប្រទេស​នៅ​អឺរ៉ុប ឲ្យ​ទទួល​យក​វិញ ពួក​ទាហាន​ជីហាត ដែល​ជា​ជនជាតិ​របស់ខ្លួន។

ការទទួល​យក​ពួកទាហាន​ជីហាត​បរទេស ដែល​ធ្លាប់​ធ្វើដំណើរ​ទៅ​ស៊ីរី និង​អ៊ីរ៉ាក់ ដើម្បី ប្រយុទ្ធ​ក្នុង​ជួ​របស់​ពួកអង្គការ​រដ្ឋអ៊ីស្លាម បាន​ក្លាយ​ជា​ឆ្អឹងទទឹង ក និង​ការខ្វែង​គំនិត​គ្នា​រវាង​អាមេរិក ហើយ​និង​ប្រទេស​សមាជិក​ផ្សេងទៀត​របស់​សម្ព័ន្ធ​អន្តរជាតិ។ បញ្ហា​នេះ​ត្រូវ​លើក​និយាយ​ជា​ចាំបាច់ នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃ​ចន្ទ បន្ទាប់​ពី​អាមេរិក និង​អង់គ្លេស នៅ​មិនទាន់​និយាយ​ត្រូវរ៉ូវ​គ្នា ពី​ជោគវាសនា​របស់​ទាហាន​ជីហាត ដើមកំណើត​អង់គ្លេស ពីរនាក់ ដែល​ត្រូវ​បាន​ក្រុមទាហាន​រំដោះស៊ីរី គួឌីស្ថាន​ស៊ីរី ចាប់ឃុំ​ខ្លួន តាំង​ពី​ខែ​មករា។ ទាហាន​ជីហាត​ទាំងពីរនាក់ ដែល​មាន​រហស្សនាមថា Beatles ត្រូវ​បានគេ​សន្និដ្ឋាន​ជា​ មេពេជ្ឈឃាត ដែល​បាន​សម្លាប់​អារក ចំណាប់ខ្មាំង​ជាតិ​បរទេស ជាច្រើននាក់ ដែល​នៅក្នុង​នោះ​មាន​ផងដែរ អ្នកកាសែត​អាមេរិក James Foley។ អាមេរិក​ដែល​កំពុង​ឈឺក្បាល​នឹង​សំណុំរឿង​ឃុំខ្លួន​ក្រុមភេរវជន​បរទេស នៅ​ពន្ធនាគារ​Guantanamo លែង​ចង់​បាន​ពួកទាហាន​ជីហាត ទៅក្នុង​ពន្ធនាគារ​ដ៏ចម្រូងចម្រាស​របស់ខ្លួន​ទៀតហើយ។

អង់គ្លេស​វិញ ក៏​មិន​ចង់​បាន​ទាហាន​ជីហាត ទាំងពីរ​រូប ដែល​ក្រុមរំដោះ​ស៊ីរី កំពុង​ចាប់ឃុំ​ខ្លួន​ដែរ។ ទាហាន​ជីហាត​ដើមកំណើត​អង់គ្លេស​ទាំងពីរ ស្ថិតនៅ​ក្នុង​ចំណោម​ទាហាន​ជីហាត​បរទេស​ជាច្រើន​រយ​នាក់ ដែល ​ក្រុម​គួឌីស្ថាន​ស៊ីរី គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ចាប់ឃុំ​ខ្លួន កាន់តែ​ច្រើន នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ អាមេរិក​លែង​ចង់ទុក​អ្នកទោស​ជីហាត​បរទេស ឲ្យ​នៅ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​ទឹកដី​ស៊ីរី​តទៅទៀតទេ ព្រោះថា ទី១ ស៊ីរី គ្មាន​ស្ថិរភាព ពោល​គឺ​អាច​ផុតរបូត​ទៅវិញ អ្នកទោស​ជីហាត ដែល​អាច​ត្រលប់​ទៅ​កាន់អាវុធ ធ្វើ​ភេរវជន​និយម​សាជាថ្មី។ ទី២​ទៀត មណ្ឌល​ឃុំខ្លួន​របស់​ក្រុមទាហាន​រំដោះ​ស៊ីរី ដែល​អាមេរិក​កំពុង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ និង​សព្វាវុធ កំពុង​តែ​ណែនណាន់ តាន់តាប់​ដោយ​ពួកទាហាន​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម មិនថា ជាតិ​ស៊ីរី អ៊ីរ៉ាក់ ឬ​ប្រទេស​លោកខាងលិច។

នៅ​ឆ្នាំ ២០១៥ អាមេរិក​ធ្លាប់​ប៉ាន់​ស្មាន មាន​ជន​មក​ពី​៩០​ប្រទេស បាន​ចូល​ទៅ​កាន់​អាវុធ​ធ្វើ​សង្គ្រាម​នៅ ស៊ីរី ក្នុង​នោះ ៣៤០០​នាក់ ជា​យុទ្ធជន​មក​ពី​បស្ចឹម​ប្រទេស និង​១៥០​នាក់​ជា​ពលរដ្ឋ​អាមេរិក។ នៅ​ក្នុង​របាយការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ ​ចេញ​ផ្សាយ​កាលពី​ខែ​វិច្ឆិកា ២០១៤ គេ​បាន​បង្ហាញថា មាន​យុទ្ធជន​បរទេស​មក​ពី​៨០​ប្រទេស​ ប្រមាណ​តែ ១៥០០០​នាក់ ដែល​ស្ម័គ្រខ្លួន ចូល​ទៅ​ធ្វើ​សង្គ្រាម​នៅ​ ស៊ីរី ដើម្បី​បំរើ​​អង្គការ​អ៊ីស្លាមជ្រុលនិយម ដូច​យ៉ាង​អង្គការ​រដ្ឋ​អ៊ីស្លាម។

នៅពេល​ដែល​ចំនួន​អ្នកទោស​ជីហាត បរទេស​មាន​កាន់តែ​ច្រើន នៅក្នុង​ពន្ធនាគារ​របស់​ក្រុមរំដោះស៊ីរី អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុមនេះ ចង់​បញ្ជូន​ទាហាន​ជីហាត បរទេស​ឲ្យ​ទៅ​ប្រឈម​នឹង​ការកាត់ទោស ក្នុង​ប្រទេស​កំណើត​របស់ខ្លួនវិញ។ ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយ​ស្វាគមន៍ ឯកភាព​ជាមួយ​អាមេរិក​នោះទេ ជាពិសេស​បណ្តាប្រទេស​នៅ អឺរ៉ុប។ ហេតុផល​ធំ គឺ​គេ​បារម្ភ​ពី​សន្តិសុខ នៅពេលគេ​​ទទួល​ពួកជីហាត​ទាំងនោះ​ឲ្យ​ត្រលប់​ចូល​ប្រទេស​វិញ។ បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អង់គ្លេស និង​បារាំង ជាដើម ហាក់​ធ្វើមិនដឹង​មិនលឺ​នឹង​ការអំពាវនាវ​ចង់​របស់​អាមេរិក។

សូមអាន៖របាយការណ៍​អាមេរិក ៖ មាន​បរទេស​​សម្រុក​ចូល​ធ្វើ​ជីហាត​ច្រើន​ខ្លាំង​នៅ​ស៊ីរី

នាយករដ្ឋមន្រ្តី​ហូឡង់ Mark Rutte បាន​និយាយ​ដាច់ណាត់​ហើយថា វា​ជា​ការប្រសើរ​ដែល​បណ្តោយ​ទុក​ឲ្យ​ជនជីហាត​ទាំងនោះ ស្លាប់​នៅ​កន្លែង​ដែល​គេ​ចេញ​ទៅ​ធ្វើ​សង្រ្គាម។ ​បែលហ្ស៊ិក​វិញ មិនចិត្ត​ដាច់ខ្លាំង ដូច​ហូឡង់ ប៉ុន្តែ វាយតម្លៃថា ជីហាត​បរទេស គួរ​តែ​ត្រូវ​ជំនុំជម្រះ កាត់ទោស នៅក្នុង​ប្រទេស ដែល​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន ពោល​គឺ​នៅ​ស៊ីរី​នោះឯង។ តាម​មន្រ្តីស៊ើបការណ៍​សម្ងាត់​បែលហ្ស៊ិក មាន​ជនជាតិ​បែលហ្ស៊ិក​ជិត ៥០០​នាក់​បាន​ចេញ​ទៅ​ប្រយុទ្ធ​ក្នុងក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ ទាហាន​ជីហាត ដើមកំណើត​បែលហ្ស៊ិក​ប្រមាណ ៣០​នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅក្រោយ​ការដួលរលំ​ទីក្រុង​រ៉ាការ​របស់​ពួកអង្គការ​រដ្ឋអ៊ីស្លាម។

អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ដែល​សុទ្ធ​តែ​មានជនជាតិ​របស់ខ្លួន​រាប់រយ​នាក់​ចេញ​ទៅ​ប្រយុទ្ធ បម្រើ​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម ក៏​មាន​ជំហរ​ដូចគ្នា​នឹង​បែលហ្សិក។ ចង់​ឲ្យ​មាន​​ការកាត់ទោស​នៅ​នឹង​កន្លែង​ដែល​ពួកជីហាត​បរទេស​ត្រូវ​ចាប់ខ្លួន ប៉ុន្តែ ប្រទេស​នៅ​អឺរ៉ុប​ចង់​ឲ្យ​គេ​កាត់ទោស​ជាប់គុក​មួយជីវិត ជាជាង​ការកាត់ទោស​ប្រហារ​ជីវិត។ ដូច​ស៊ុយអែត អាល្លឺម៉ង់ បាន​កោះហៅ​អគ្គរដ្ឋទូត​អ៊ីរ៉ាក់ បន្ទាប់​ពី​តុលាការ​អ៊ីរ៉ាក់​បាន​កាត់​ទោស​​ប្រហារជីវិត​ស្រ្តី​ជីហាត ដើមកំណើត​អាល្លឺម៉ង់​ម្នាក់ កាលពី​ចុងខែ​មករា​កន្លងទៅ។

ក្រៅតែ​ពី​យុវជន​ជីហាត គេ​កំពុង​ចោទសួរ​ផងដែរ អនាគត​របស់​ក្មេង​បរទេស ដែលបាន​កើត​ចេញ​ពី​ឪពុកម្តាយ​ដែលចេញ​ទៅ​ធ្វើជីហាត នៅ​ស៊ីរី។ គេ​វាយតម្លៃថា ក្មេង​បរទេស​ដែល​កើត និង​ធំដឹងក្តី​នៅក្នុង​តំបន់​គ្រប់គ្រង​ពួកជីហាត​មាន​ច្រើន​ជាង​១០០នាក់។ អាល្លឺម៉ង់​​ជាដើម​ព្រួយ​បារម្ភ​ខ្លាំង ពី​សន្តិសុខ​ផ្ទៃក្នុង នៅពេល​កុមារ​ទាំងនោះ​ត្រូវ​ទទួល​ឲ្យ​ត្រលប់​មក​រស់នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​វិញ ព្រោះថា ចង់ ឬ​មិនចង់ ក្មេងៗ​ទាំងនោះ​ធ្លាប់​បាន​ទទួល​ការអប់រំ និង​បញ្ចុះ បញ្ចូល​មនោគមវិជ្ជា យ៉ាងជ្រាលជ្រៅ ពី​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សវនាការ​កាត់ទោស​​​ភេរវជន Salah Abdeslam ​ចាប់ផ្តើម​បើក​នៅ​តុលាការ​ព្រុចសែល

    ស្វែងយល់បន្ថែម

  • បារាំង

    ក្រុម​មេធាវី​របស់​ស្រ្តី​ជីហាត​ជនជាតិ​បារាំង​ចំនួន ៦នាក់​ដែល​ជាប់ឃុំ​នៅ​ស៊ីរី​ដាក់​ពាក្យ​ប្តឹង​រដ្ឋាភិបាល​បារាំង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ចាប់​បាន​មេក្រុម​ជីហាត ​ជនជាតិ​បារាំង​ច្រើន​នាក់ ​នៅ​ខាង​ជើងស៊ីរី

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ២០១៧ ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​បាក់ទ័ព​ តែនៅ​តែ​គំរាម​សន្តិសុខ​សកល​ដដែល​

    ស្វែងយល់បន្ថែម

  • ប្រទេស​ហូឡង់​ដក​សញ្ជាតិ​ភេរវជន​ពីរ​នាក់​បងប្អូន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ