រដ្ឋមន្ត្រីការបរទេសអាមេរិកទៅលីបង់ ដើម្បីគាំទ្រសេរីភាព និងប្រជាធិបតេយ្យ
សហរដ្ឋអាមេរិកនឹងស្ថិតនៅក្បែរលីបង់ជានិច្ច ! ឯសកម្មភាពរបស់ពួកហេស្បូឡាលីបង់ មិត្តរបស់អ៊ីរ៉ង់ ជាការគំរាមកំហែងសន្តិសុខលីបង់ផង និងតំបន់ផង។ នេះជាប្រសាសន៍របស់លោកប្រមុខការទូតអាមេរិក Rex Tillerson ក្រោយពីមានជំនួបជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលីបង់រួច។ នេះជាលើកទីមួយ គិតចាប់តាំងពីបួនឆ្នាំមក ដែលមានអ្នកដឹកនាំជាន់ខ្ពស់លំដាប់រដ្ឋមន្ត្រីការបរទេសអញ្ជើញមកបំពេញទស្សនកិច្ចនៅ លីបង់។
ចុះផ្សាយនៅថ្ងៃ៖
ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចមួយជុំនៅតំបន់ដើមបូព៌ា លោកប្រមុខការទូតអាមេរិកបានឆៀងចូលលីបង់ នៅថ្ងៃព្រហស្បតិ៍នេះ។ ជាទស្សនកិច្ចខ្លី ដែលលោក Tillerson បានជួបជាមួយប្រធានាធិបតី ប្រធានសភាស្និទ្ធនឹងចលនាហេស្បូឡា និងបានធ្វើសន្និសីទកាសែតរួមគ្នាជាមួយប្រមុខរដ្ឋាភិបាលលីបង់ទៀត ដើម្បីបញ្ជាក់ថាសហរដ្ឋអាមេរិកនៅក្បែរពលរដ្ឋលីបង់ជានិច្ច ព្រោះវ៉ាស៊ីនតោនចង់ឃើញលីបង់មានស្ថិរភាពនិងភាពរុងរឿងនាថ្ងៃអនាគត។
លោកប្រមុខការទូតអាមេរិក បានបង្ហាញជំហរគាំទ្រលីបង់ ដែលកំពុងប្រឈមតានតឹងខ្លាំង ជាមួយអ៊ីស្រាអែលផង (ប្រទេសទាំងពីរដែលបើតាមភាសាបច្ចេកទេសនៅធ្វើសង្គ្រាមនឹងគ្នានៅឡើយ) និងដោយសារតួនាទីរបស់ចលនាហេស្បូឡា ដែលជាភាគីនយោបាយដ៏មានទម្ងន់ក្នុងរដ្ឋាភិបាលលីបង់ តែត្រូវបានអាមេរិកចាត់បញ្ចូលជាក្រុមភេរវនិយម។ កាលពីខែមករា តុលាការអាមេរិកបានដាក់ឱ្យដំណើរការក្រុមការងារ ពិសេសមួយទទួលបន្ទុកអង្កេតលើលំហូរហិរញ្ញវត្ថុក្នុងជំនួញភេរវនិយមរបស់ចលនានេះ។
សម្រាប់វ៉ាស៊ីនតោន សកម្មភាពរបស់ចលនាហេស្បូឡាដែលបានលូកដៃចូលក្នុងវិបត្តិតំបន់ គឺជាការគំរាមកំហែងសន្តិសុខលីបង់ផ្ទាល់ផង និងជាកត្តានាំឱ្យមានអស្ថិរភាពក្នុងតំបន់ទាំងមូលទៀត ព្រោះហេស្បូឡាលីបង់ ត្រូវបានគាំទ្រដោយអ៊ីរ៉ង់។ លោក Rex Tillerson បានអំពាវនាវឱ្យចលនាហេស្បូឡាទទួលស្គាល់ការពិតថា ហេស្បូឡាស្ថិតក្រោមឥទ្ធិពលរបស់អ៊ីរ៉ង់ ហើយឥទ្ធិពលនេះគឺជាការបំផ្លាញអនាគតលីបង់នៅថ្ងៃមុខ។ ហេស្បូឡា ក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសចង្អុលមុខថាមានតួនាទីបំផ្លាញប្រទេសស៊ីរី តាំងពីឆ្នាំ២០១១មក ដោយបានបញ្ជូនយុទ្ធជនទៅជួយកងទ័ពរបស់រដ្ឋាភិបាលក្រុងដាម៉ាស។ សកម្មភាពរបស់យុទ្ធជនហេស្បូឡានៅក្រៅដែនអំណាចរបស់រដ្ឋាភិបាលលីបង់ ជាទង្វើមិនអាចទទួលយកបានឡើយ។
លោក Tillerson ត្រូវបញ្ចប់ទស្សនកិច្ចនៅតួកគី ដែលជាដំណាក់កាលស្មុគស្មាញជាងគេ ព្រោះដោយហេតុវិបត្តិស៊ីរី ទំនាក់ទំនងអាមេរិកនិងតួកគីបានធ្លាក់ដុនដាបខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ