អានតួអត្ថបទ

រដ្ឋមន្ត្រីការបរទេសអាមេរិក​ទៅ​លីបង់ ដើម្បី​គាំទ្រ​សេរីភាព និង​ប្រជាធិបតេយ្យ

សហរដ្ឋ​អាមេរិក​នឹង​ស្ថិត​នៅ​ក្បែរ​លីបង់​ជា​និច្ច ! ឯសកម្មភាព​របស់​ពួក​ហេស្បូឡាលីបង់ មិត្ត​របស់​អ៊ីរ៉ង់ ជា​ការ​គំរាម​កំហែង​សន្តិសុខ​លីបង់ផង និង​តំបន់​ផង។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ក្រោយ​ពីមាន​ជំនួប​ជាមួយ​ប្រធានាធិបតី​ និង​នាយក​រដ្ឋមន្ត្រី​លីបង់​រួច។ នេះ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​បួន​ឆ្នាំ​មក ដែល​មាន​អ្នក​ដឹកនាំ​​​ជាន់​ខ្ពស់​លំដាប់​រដ្ឋមន្ត្រីការបរទេស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចនៅ លីបង់​។

លោក Rex Tillerson រដ្ឋមន្ត្រីការបរទេស​អាមេរិក
លោក Rex Tillerson រដ្ឋមន្ត្រីការបរទេស​អាមេរិក 路透社。
ផ្សាយពាណិជ្ជកម្ម

​ក្នុង​ក្របខ័ណ្ឌ​នៃ​ទស្សនកិច្ច​មួយ​ជុំ​នៅ​តំបន់​ដើម​បូព៌ា ​លោក​ប្រមុខ​ការទូត​អាមេរិកបាន​ឆៀង​ចូល​លីបង់ នៅ​ថ្ងៃព្រហស្បតិ៍នេះ។ ជា​ទស្សនកិច្ច​ខ្លី ​ដែលលោក Tillerson បាន​ជួប​​ជា​មួយ​ប្រធានាធិបតី ប្រធានសភាស្និទ្ធ​នឹង​ចលនា​ហេស្បូឡា និង​បាន​ធ្វើ​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​លីបង់ទៀត ដើម្បី​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​នៅក្បែរ​ពលរដ្ឋ​លីបង់​ជានិច្ច ព្រោះវ៉ាស៊ីនតោន​ចង់​ឃើញ​លីបង់​មាន​ស្ថិរភាព​និង​ភាព​រុងរឿង​នា​ថ្ងៃ​អនាគត។

​​លោកប្រមុខ​ការ​ទូត​អាមេរិក​ បាន​បង្ហាញ​ជំហរ​គាំទ្រ​លីបង់ ដែល​កំពុង​ប្រឈម​តាន​តឹង​ខ្លាំង ជា​មួយ​​អ៊ីស្រាអែលផង (ប្រទេស​ទាំង​ពីរ​ដែល​​បើតាម​​ភាសា​បច្ចេកទេស​នៅ​ធ្វើ​សង្គ្រាម​នឹង​គ្នា​នៅ​ឡើយ) និង​ដោយសារតួនាទី​របស់​​ចលនា​ហេស្បូឡា ​ដែល​ជា​ភាគី​នយោបាយដ៏​មាន​ទម្ងន់​​ក្នុង​​រដ្ឋាភិបាល​លីបង់ តែ​ត្រូវ​បាន​អាមេរិកចាត់បញ្ចូល​​ជា​ក្រុមភេរវនិយម។ កាលពីខែ​មករា​ តុលាការ​អាមេរិក​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ក្រុមការងារ​ ​​ពិសេស​មួយ​ទទួល​បន្ទុក​​អង្កេតលើ​លំហូរ​ហិរញ្ញវត្ថុក្នុ​ង​ជំនួញ​ភេរវនិយម​របស់​ចលនា​នេះ។​

សម្រាប់​វ៉ាស៊ីនតោន សកម្មភាព​របស់​ចលនា​ហេស្បូឡាដែល​បាន​លូក​ដៃ​ចូល​ក្នុង​វិបត្តិ​តំបន់ គឺ​ជា​ការគំរាម​កំហែង​សន្តិសុខ​លីបង់​ផ្ទាល់​ផង និង​ជា​កត្តា​នាំ​ឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ទាំង​មូល​ទៀត ព្រោះ​ហេស្បូឡាលីបង់ ត្រូវ​បាន​គាំទ្រ​ដោយ​អ៊ីរ៉ង់។ លោក Rex Tillerson បាន​អំពាវនាវ​ឱ្យ​ចលនា​ហេស្បូឡា​ទទួល​ស្គាល់​ការពិត​ថា ហេស្បូឡា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ហើយ​ឥទ្ធិពល​នេះ​គឺ​ជា​ការ​បំផ្លាញ​អនាគត​លីបង់​នៅ​ថ្ងៃ​មុខ។ ហេស្បូឡា​ ក៏​ត្រូវ​បាន​រដ្ឋមន្ត្រីការបរទេស​ចង្អុល​មុខ​ថាមាន​តួនាទី​បំផ្លាញ​ប្រទេស​ស៊ីរី តាំង​ពី​ឆ្នាំ​២០១១​មក ដោយ​បាន​បញ្ជូន​យុទ្ធជន​ទៅ​ជួយ​កងទ័ព​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។ សកម្មភាព​របស់​​យុទ្ធជន​ហេស្បូឡានៅ​​ក្រៅដែន​អំណាច​របស់​រដ្ឋាភិបាល​លីបង់ ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ឡើយ។​

លោក Tillerson ត្រូវ​បញ្ចប់​ទស្សនកិច្ច​នៅ​​​តួកគី ដែល​ជា​ដំណាក់កាល​ស្មុគស្មាញជាងគេ ព្រោះដោយហេតុវិបត្តិ​ស៊ីរី ទំនាក់ទំនង​អាមេរិក​និង​តួកគី​បានធ្លាក់​ដុនដាប​ខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ