តើដំណើរទស្សនកិច្ចរដ្ឋមន្រ្តីការបទេសអាមេរិកនៅទ្វីបអាហ្វ្រិកមានគោលដៅអ្វីខ្លះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៨
លោក Rex Tillerson រដ្ឋមន្រ្តីការបរទេសអាមេរិកកំពុងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅទ្វីបអាហ្វ្រិក។ដំណើរទស្សនកិច្ចនេះមានរយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី៧ ដល់ទី១៣ ខែមីនា។ ប្រមុខការទូតអាមេរិកត្រូវធ្វើដំណើរមួយជុំទៅកាន់ប្រទេសចំនួនប្រាំ។ ក្នុងនោះមានប្រទេសអេត្យូពី ជីប៊ូទី កេនយ៉ា ឆាដ និងនីហ្សេរីយ៉ា។ បើទោះបីជាមានបញ្ហាសុខភាពក្នុងកំឡុងពេលធ្វើទស្សនកិច្ចក៏ដោយ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានផ្តោតគោលដៅលើការពង្រឹងយុទ្ធសាស្រ្តសន្តិសុខនៅក្នុងតំបន់អាហ្វ្រិក។ ការបោសសំអាតពួកភេរវនិយមនៅអាហ្វ្រិក គឺជាអាទិភាពចម្បង។ ម៉្យាងទៀត សហរដ្ឋអាមេរិកក៏ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីព្យាយាមទប់ស្កាត់ឥទ្ធិពលរបស់ចិនដែលកំពុងតែវាតទីពេញទ្វីបអាហ្វ្រិកផងដែរ។
នេះជាការផ្តើមធ្វើទស្សនកិច្ចលើកដំបូងនៅលើទឹកដីទ្វីបអាហ្វ្រិករបស់លោក Rex Tillerson ក្នុងឋានៈជាប្រមុខដឹកនាំការទូតអាមេរិក។ តាមពិតទៅ អាហ្វ្រិកមិនស្ថិតនៅក្នុងអាទិភាពនៃនយោបាយក្រៅប្រទេសនៃរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ឡើយ។ ការហាក់ព្រងើយកន្តើយនេះក៏ពុំមានអ្វីប្លែកខុសគ្នាកាលពីអាណត្តិរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើយ។ គេត្រូវរង់ចាំពេលវេលាជាងមួយឆ្នាំក្រោយការកាន់កាប់អំណាច ទើបរដ្ឋមន្រ្តីការបរទេសអាមេរិកបានជាន់ជើងលើទឹកដីទ្វីបអាហ្វ្រិក។ ក្នុងដំណើរចុះសំចតដំបូងនៅរដ្ឋធានី Addis-Abeba ប្រទេសអេត្យូពី ប្រមុខការទូតអាមេរិកមានភារៈកិច្ចត្រូវពន្យល់ និងបកស្រាយដល់សមភាគីអេត្យូពីចំពោះយុទ្ធសាស្រ្តសន្តិសុខរបស់សហរដ្ឋអាមេរិកប្រចាំនៅទ្វីបអាហ្វ្រិក។
អេត្យូពីជាប្រទេសយុទ្ធសាស្រ្តសំខាន់ណាស់។ សព្វថ្ងៃ អេត្យូពីកំពុងតែធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរមួយ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានលាលែងចេញពីមុខតំណែងកាលពីជាងពីរសប្តាហ៍មុន។ សហរដ្ឋអាមេរិកត្រូវការឲ្យអេត្យូពីមានលំនឹងស្ថិរភាពនយោបាយ។ មូលហេតុ គឺ ដោយសារតែអេត្យូពីដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពនៅតាមប្រទេសមានជម្លោះក្បែរខាងខ្លួន។ អេត្យូពីបានបញ្ជូនកំលាំងមួកខៀវច្រើនជាងគេទៅកាន់ប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសូម៉ាលីជាដើម។ ម៉្យាងទៀត ទីស្នាក់ការកណ្តាលរបស់សហភាពអាហ្វ្រិកមានទីតាំងស្ថិតនៅក្នុងប្រទេសអេត្យូពី។ កត្តាមួយទៀត គឺសេដ្ឋកិច្ច។ បន្ទាប់ពីនីហ្សេរីយ៉ា អេត្យូពីជាប្រទេសទីពីរនៅក្នុងទ្វីបអាហ្វ្រិក ដែលមានប្រជាជនច្រើងជាងគេ។ សព្វថ្ងៃនេះ អេត្យូពីមានប្រជាជន ១០០ លាននាក់។ ហើយរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ អេត្យូពីបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីប្រទេសចិន។ បើគិតទាំងចំនួនទឹកប្រាក់វិនិយោគផង និងប្រាក់កម្ចីផង គឺចិនបានជះលុយចំនួន ១២ ពាន់លានដុល្លារនៅអេត្យូពី។
ចំពោះទស្សនកិច្ចនៅប្រទេសជីប៊ូទី លោក Rex Tillerson បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅទីនោះ។ សព្វថ្ងៃនេះ មានបុគ្គលិកជនជាតិអាមេរិកចំនួន ៤ ពាន់នាក់ទាំងទាហាន និងជនស៊ីវិលកំពុងតែឈរជើងប្រចាំការនៅមូលដ្ឋានយោធានោះ។ សំរាប់សហរដ្ឋអាមេរិក មូលដ្ឋានទ័ពនេះមានសារៈសំខាន់ណាស់។ ក្នុងនោះ ក៏មានផងដែរកងឯកភាពនៃកំលាំងពិសេសអាមេរិកសំរាប់ដឹកនាំប្រតិបត្តិការវាយឆ្មក់។ ហើយមូលដ្ឋានទ័ពនេះក៏ជាទីតាំងបញ្ជាយន្តហោះដ្រូនគ្មានមនុស្សបើក ដើម្បីដឹកនាំប្រតិបត្តិការវាយប្រហារទំលាក់គ្រាប់បែកនៅប្រទេសសូម៉ាលី និងប្រទេសយ៉េម៊ែន។ មិនត្រឹមតែប៉ុណ្ណោះ មូលដ្ឋាននេះក៏ដើម្បីធ្វើអន្តរាគមន៍វាយស្ទាក់កំទេចពួកចោរសមុទ្រ ដែលតែងតែអុកឡុកនៅតំបន់សមុទ្រក្រហមផងដែរ។
សូមបញ្ជាក់ថា មូលដ្ឋានទ័ពអាមេរិកនៅប្រទេសជីប៊ូទី គឺជាទីកន្លែងតែមួយគត់ប្រចាំនៅទ្វីបអាហ្វ្រិក។ ប្រទេសបារាំងក៏មានមូលដ្ឋានយោធានៅប្រទេសនេះអស់រយៈពេលយូរឆ្នាំមកហើយ។ កាលពីឆ្នាំមុន ចិនក៏បានបើកសម្ភោធមូលដ្ឋានយោធារបស់ខ្លួនមួយផងដែរនៅទីនោះ។ នេះជាលើកទីមួយហើយ ដែលចិនបានកសាងមូលដ្ឋានទ័ពនៅបរទេស។ នៅប្រទេសឆាដ លោក Rex Tillerson មានបេសកកម្មត្រូវធានាសម្ព័ន្ធមិត្តមួយនេះពីការជួយគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងក្រុមពួកជីហាតអ៊ីស្លាមជ្រុលនិយម។ បច្ចុប្បន្ននេះ ក្រុមពួកភេរវនិយមអ៊ីស្លាមកំពុងដឹកនាំប្រតិបត្តិការអុកឡុកក្នុងតំបន់ Sahel។ តំបន់នេះលាតសន្ធឹងពីសមុទ្រអាត្លង់ទិករហូតទៅដល់សមុទ្រក្រហម។ គឺជាតំបន់វាលទំនាបនេះគ្របដណ្តប់ប្រទេសចំនួនប្រាំ គឺម៉ាលី នីហ្សេ ម៉ូរីតានី ឆាដ និងបូគីណាហ្វាសូ។
កាលពីថ្មីៗនេះ សហរដ្ឋអាមេរិកបានបរិច្ចាកប្រាក់ចំនួន ៦០ លានដុល្លារជួយជ្រោមជ្រែងដល់ប្រតិបត្តិការបោសសំអាតពួកជីហាត។ ម៉្យាងទៀត ឆាដក៏ជាប្រទេសយុទ្ធសាស្រ្តផងដែរ។ ប្រទេសនេះមានមានព្រំប្រទល់ជាប់នឹងប្រទេសលីប៊ី សូដង់ និងអាហ្វ្រិកកណ្តាល។ ប្រទេសជិតខាងទាំងនោះកំពុងតែរ៉ាំរ៉ៃដោយសារតែសង្គ្រាម។ ពួកជីហាតក៏កំពុងតែជ្រៀតចូលផងដែរ។ ដូចនេះ ឆាដមានតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជីហាត។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកក៏មានហេតុផលសំខាន់មួយទៀតផងដែរ។ នោះ គឺការព្យាយាមទប់ស្កាត់ឥទ្ធិពលចិន។ បច្ចុប្បន្ននេះ ចិនកំពុងតែបោះជំហានចាក់ឬសយ៉ាងជ្រៅនៅក្នុងសេដ្ឋកិច្ចអាហ្វ្រិក។ បើយោងតាមរបាយការណ៍របស់សារព័ត៌មាន Financial Times ចុះផ្សាយកាលពីខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា ចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគផ្ទាល់ដ៏ធំចម្បងនៅទ្វីបអាហ្វ្រិក។ បើតាមទិន្នន័យឆ្នាំ២០១៦ ចិនបានដាក់ទុនវិនិយោគចំនួន ៣៦ ពាន់លានដុល្លារ។ ចំនួននេះបានកើនឡើង ១៥ ដង បើប្រៀបធៀបនឹងឆ្នាំ២០១៥។ ហើយទុនវិនិយោគរបស់ចិនមានទំហំ ១០ ដងលើសទុនវិនិយោគអាមេរិកនៅអាហ្វ្រិក។
ហើយកាលពីឆ្នាំ២០១៧ តំលៃបណ្តូរពាណិជ្ជកម្មរវាងចិន និងទ្វីបអាហ្វ្រិក បើគិតជាទឹកប្រាក់មានចំនួន ១៧០ ពាន់លានដុល្លារ។ បើងាកមើលអាមេរិកវិញ តំលៃបណ្តូរពាណិជ្ជកម្មជាមួយអាហ្វ្រិកមានតែចំនួន ៣០ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ដោយស្ថិតក្នុងបរិបទបែបនេះហើយ លោក Rex Tillerson រដ្ឋមន្រ្តីការបរទេសអាមេរិកកំពុងតែព្យាយាមបញ្ចុះបញ្ចូលបណ្តាមេដឹកនាំអាហ្វ្រិក។ លោកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានបំណងសហការជាមួយបណ្តាប្រទេសអាហ្វ្រិកដោយផ្តោតសំខាន់លើការអភិវឌ្ឈន៍ប្រកបដោយនិរន្តភាព។ តាមរយៈនេះ សហរដ្ឋអាមេរិកគាំទ្រការអនុវត្តន៍គោលការណ៍នីតិរដ្ឋ ការពង្រឹងស្ថាប័នសាធារណៈ លទ្ធិប្រជាធិបតេយ្យ និងការលប់បំបាត់អំពើរពុករលួយ។ ទស្សនៈវិស័យរបស់សហរដ្ឋអាមេរិក គឺផ្ទុយពីនយោបាយរដ្ឋាភិបាលចិននៅអាហ្វ្រិក។ ជាទូទៅ ចិនតែងជំរុញការអភិវឌ្ឈន៍នៅអាហ្វ្រិក តាមរយៈការលើកទឹកចិត្តឲ្យប្រទេសទាំងនោះពឹងអាស្រ័យលើប្រាក់កម្ចីរបស់ខ្លួន។ ចិនតែងធ្វើកិច្ចសន្យាវិនិយោគបែបស្រពិចស្រពិលមិនមានតម្លាភាព។ ជាពិសេស រាល់ការវិនិយោគរបស់ចិនពុំដែលខ្វាយខ្វល់ពីផលប៉ះពាល់បរិស្ថានឡើយ។ លើសពីនេះ ចិនតែងផ្តល់ប្រាក់កម្ចីបែបធូររលុង ដែលអាចនឹងជំរុញប្រទេសអាហ្វ្រិកទាំងនោះជំពាក់បំណុលវ័ណ្ឌក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ