អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្រ្តីការបទេស​អាមេរិក​នៅ​ទ្វីបអាហ្វ្រិក​មាន​គោលដៅ​អ្វី​ខ្លះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ Rex Tillerson រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ទ្វីប​អាហ្វ្រិក។​ដំណើរ​ទស្សនកិច្ច​នេះមាន​រយៈ​ពេល​មួយ​សប្តាហ៍​ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ទី​១៣​ ខែ​មីនា។​ ប្រមុខ​ការ​ទូត​អាមេរិក​ត្រូវ​ធ្វើ​ដំណើរ​មួយ​ជុំ​ទៅ​កាន់​ប្រទេស​ចំនួន​ប្រាំ។​ ក្នុង​នោះ​មាន​ប្រទេស​អេត្យូពី ជីប៊ូទី កេនយ៉ា ឆាដ និង​នីហ្សេរីយ៉ា។ បើ​ទោះបី​ជា​មាន​បញ្ហា​សុខភាព​ក្នុង​កំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ក៏ដោយ​ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​បានផ្តោត​គោលដៅ​លើការ​ពង្រឹង​យុទ្ធសាស្រ្ត​សន្តិសុខ​នៅ​ក្នុង​តំបន់​អាហ្វ្រិក។​ ការ​បោស​សំអាត​ពួក​ភេរវនិយម​នៅ​អាហ្វ្រិក​ គឺ​ជា​អាទិភាព​ចម្បង។​ ម៉្យាង​ទៀត​ សហរដ្ឋ​អាមេរិក​ក៏​ឆ្លៀត​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ ដើម្បី​ព្យាយាម​ទប់​ស្កាត់​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​តែ​វាតទី​ពេញ​ទ្វីប​អាហ្វ្រិកផង​ដែរ។

តើ​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្រ្តីការបទេស​អាមេរិក​នៅ​ទ្វីបអាហ្វ្រិក​មាន​គោលដៅ​អ្វី​ខ្លះ​?
តើ​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្រ្តីការបទេស​អាមេរិក​នៅ​ទ្វីបអាហ្វ្រិក​មាន​គោលដៅ​អ្វី​ខ្លះ​? REUTERS/Jonathan Ernst TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ការ​ផ្តើម​ធ្វើ​ទស្សនកិច្ច​លើក​ដំបូង​នៅ​លើ​ទឹកដី​ទ្វីប​អាហ្វ្រិក​របស់​លោក​ Rex Tillerson ក្នុង​ឋានៈ​ជា​ប្រមុខ​ដឹកនាំ​ការ​ទូត​អាមេរិក។​ តាម​ពិត​ទៅ​​ ​អាហ្វ្រិក​មិន​ស្ថិត​នៅ​ក្នុង​អាទិភាព​នៃ​នយោបាយ​ក្រៅ​ប្រទេស​នៃ​​រដ្ឋាភិបាលរបស់​​លោក​ ដូណាល់​ ត្រាំ ឡើយ។ ការ​ហាក់​ព្រងើយ​កន្តើយ​នេះ​ក៏​ពុំ​មាន​អ្វី​ប្លែក​ខុស​គ្នា​កាល​ពី​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ឡើយ។ គេត្រូវ​រង់​ចាំ​ពេល​វេលា​ជាង​​មួយ​ឆ្នាំក្រោយ​ការ​​កាន់​កាប់​អំណាច​ ទើប​រដ្ឋ​មន្រ្តី​ការ​បរទេសអាមេរិក​បានជាន់​ជើង​លើ​ទឹកដី​ទ្វីប​អាហ្វ្រិក។ ក្នុង​ដំណើរ​ចុះ​សំចត​ដំបូង​នៅ​រដ្ឋ​ធានី Addis-Abeba ប្រទេស​អេត្យូពី​ ប្រមុខ​ការទូត​អាមេរិក​មាន​ភារៈកិច្ច​ត្រូវ​ពន្យល់​ និង​បក​ស្រាយ​ដល់​សមភាគី​អេត្យូពី​ចំពោះ​យុទ្ធ​សាស្រ្ត​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទ្វីប​អាហ្វ្រិក។

អេត្យូពី​ជា​ប្រទេស​យុទ្ធសាស្រ្ត​សំខាន់​ណាស់។​ សព្វ​ថ្ងៃ​ អេត្យូពី​កំពុង​តែ​ធ្លាក់​ក្នុង​​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់​ធ្ងរ​មួយ ​បន្ទាប់​ពី​​នាយក​រដ្ឋ​មន្រ្តី​បាន​លាលែង​ចេញ​ពី​មុខ​តំណែង​កាលពី​ជាង​ពីរ​សប្តាហ៍​មុន។​ សហរដ្ឋ​អាមេរិក​ត្រូវ​ការ​ឲ្យ​អេត្យូពី​មាន​លំនឹង​​ស្ថិរភាព​នយោបាយ។​ មូល​ហេតុ​ គឺ ដោយសារ​តែ​អេត្យូពី​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សន្តិភាព​នៅ​តាម​ប្រទេស​មាន​ជម្លោះ​ក្បែរ​ខាង​ខ្លួន។​ អេត្យូពី​បាន​បញ្ជូន​កំលាំង​មួក​ខៀវ​ច្រើន​ជាង​គេ​ទៅកាន់​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ និង​សូម៉ាលី​ជាដើម។​ ម៉្យាង​ទៀត​ ​ទីស្នាក់​ការកណ្តាល​របស់​សហភាព​អាហ្វ្រិក​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​អេត្យូពី។​ កត្តា​មួយ​ទៀត​ គឺ​សេដ្ឋកិច្ច។​ បន្ទាប់​ពី​នីហ្សេរីយ៉ា​ អេត្យូពី​ជា​ប្រទេស​ទីពីរ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ ដែល​មាន​ប្រជាជន​ច្រើង​ជាង​គេ។​ សព្វ​ថ្ងៃ​នេះ​ អេត្យូពី​មាន​ប្រជាជន​ ១០០ លាន​នាក់។ ហើយ​រយៈ​ពេល​​ ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ អេត្យូពី​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​ប្រទេស​ចិន។​ បើ​គិត​ទាំង​ចំនួន​ទឹកប្រាក់​វិនិយោគ​ផង​ និង​ប្រាក់​កម្ចី​ផង​ គឺ​ចិន​បាន​ជះលុយ​ចំនួន​ ១២ ពាន់​លាន​ដុល្លារ​នៅ​អេត្យូពី។

ចំពោះ​ទស្សនកិច្ច​នៅ​​ប្រទេស​ជីប៊ូទី​​ លោក Rex Tillerson ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ទីនោះ។​ សព្វ​ថ្ងៃ​នេះ​ មាន​បុគ្គលិក​ជនជាតិអាមេរិក​​ចំនួន​ ៤ ពាន់​នាក់​ទាំង​ទាហាន​ និង​ជន​ស៊ីវិល​កំពុង​តែ​ឈរ​ជើង​ប្រចាំការ​នៅ​មូលដ្ឋាន​យោធា​នោះ។ សំរាប់​សហរដ្ឋ​អាមេរិក​ មូលដ្ឋាន​ទ័ព​នេះ​មាន​សារៈ​​សំខាន់​ណាស់។​ ក្នុង​នោះ​ ក៏​មានផង​ដែរ​​កង​ឯកភាព​នៃ​កំលាំង​ពិសេស​អាមេរិក​សំរាប់​ដឹកនាំ​ប្រតិបត្តិការ​វាយ​ឆ្មក់​។​ ហើយ​មូលដ្ឋាន​ទ័ព​នេះ​ក៏​​ជា​ទីតាំង​បញ្ជា​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​ ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​វាយ​ប្រហារ​ទំលាក់​គ្រាប់​បែក​នៅ​ប្រទេស​សូម៉ាលី​ និង​ប្រទេស​យ៉េម៊ែន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ មូលដ្ឋាន​នេះ​ក៏​ដើម្បី​ធ្វើ​អន្តរាគមន៍​វាយ​ស្ទាក់​កំទេច​ពួក​ចោរ​សមុទ្រ​ ដែល​តែង​តែ​អុកឡុក​នៅ​តំបន់​សមុទ្រ​ក្រហម​ផង​ដែរ។

សូម​បញ្ជាក់​​ថា ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ប្រទេស​ជីប៊ូទី​ គឺជាទី​កន្លែង​តែ​មួយ​គត់​ប្រចាំ​នៅទ្វីប​អាហ្វ្រិក។​ ប្រទេស​បារាំង​ក៏​មាន​មូលដ្ឋាន​យោធា​នៅ​ប្រទេស​នេះ​អស់​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ។ កាលពី​ឆ្នាំ​មុន​ ចិន​ក៏​បាន​បើក​សម្ភោធ​មូលដ្ឋាន​យោធា​របស់​ខ្លួន​មួយ​ផង​ដែរនៅ​ទីនោះ​​។​ នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​ចិន​បាន​កសាង​មូលដ្ឋាន​ទ័ព​នៅ​បរទេស។ នៅ​ប្រទេស​ឆាដ លោក Rex Tillerson ​មាន​បេសកកម្ម​ត្រូវ​ធានា​សម្ព័ន្ធ​មិត្ត​មួយ​នេះ​ពី​ការ​ជួយ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ពួក​ជីហាត​អ៊ីស្លាម​ជ្រុល​និយម។​ បច្ចុប្បន្ន​នេះ​ ក្រុម​ពួក​ភេរវនិយម​អ៊ីស្លាម​កំពុង​ដឹកនាំ​ប្រតិបត្តិការ​អុកឡុក​ក្នុង​តំបន់​ Sahel។​ ​តំបន់​នេះ​លាត​សន្ធឹង​ពី​សមុទ្រ​អាត្លង់ទិក​រហូត​ទៅ​ដល់​សមុទ្រ​ក្រហម​។ គឺ​ជា​តំបន់​វាល​ទំនាប​នេះ​គ្រប​ដណ្តប់​​ប្រទេស​ចំនួន​ប្រាំ គឺ​ម៉ាលី​ នីហ្សេ​ ម៉ូរីតានី​ ឆាដ​ និង​បូគីណាហ្វាសូ។

កាលពី​ថ្មីៗ​នេះ​ សហរដ្ឋអាមេរិក​បាន​បរិច្ចាក​ប្រាក់​ចំនួន​ ៦០​ លាន​ដុល្លារជួយ​ជ្រោម​ជ្រែងដល់​​ប្រតិបត្តិការបោស​សំអាត​ពួក​ជីហាត។​ ម៉្យាង​ទៀត​ ​ឆាដ​ក៏​ជា​ប្រទេស​យុទ្ធសាស្រ្ត​ផង​ដែរ។​ ប្រទេស​នេះ​មាន​​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​លីប៊ី សូដង់​ និង​អាហ្វ្រិក​កណ្តាល។​ ប្រទេស​ជិត​ខាង​ទាំង​នោះ​កំពុង​តែ​រ៉ាំរ៉ៃ​ដោយសារ​តែ​សង្គ្រាម។​ ពួក​ជីហាត​ក៏​កំពុង​តែ​ជ្រៀត​ចូល​ផង​ដែរ។​ ដូចនេះ​ ឆាដ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​។ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​អាមេរិក​ក៏​មាន​ហេតុផល​សំខាន់​មួយ​ទៀតផង​ដែរ​។​ នោះ​ គឺ​ការ​ព្យាយាម​ទប់​ស្កាត់ឥទ្ធិពល​ចិន។​ បច្ចុប្បន្ន​នេះ​ ចិន​កំពុង​តែ​បោះ​ជំហាន​ចាក់​ឬស​យ៉ាង​ជ្រៅនៅក្នុង​សេដ្ឋកិច្ច​អាហ្វ្រិក។​ បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​ Financial Times ចុះ​ផ្សាយ​កាលពី​ខែ​សីហា​ ឆ្នាំ​២០១៧​ បាន​ឲ្យ​ដឹង​ថា​ ចិន គឺ​​ជា​ដៃគូ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផ្ទាល់​ដ៏​ធំ​ចម្បង​នៅ​ទ្វីប​អាហ្វ្រិក។​ បើ​តាម​ទិន្នន័យ​ឆ្នាំ​២០១៦​ ចិន​បាន​ដាក់​ទុន​វិនិយោគ​ចំនួន​ ៣៦ ពាន់​លាន​ដុល្លារ។​ ចំនួន​នេះ​បាន​កើន​ឡើង​ ១៥ ដង​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥។ ហើយ​ទុន​វិនិយោគ​របស់​ចិន​មានទំហំ​ ១០ ដង​លើស​ទុន​វិនិយោគ​អាមេរិក​នៅ​អាហ្វ្រិក។

ហើយ​កាល​ពី​ឆ្នាំ​២០១៧​ តំលៃ​បណ្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​ទ្វីប​អាហ្វ្រិក​ បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ ១៧០ ពាន់​លាន​ដុល្លារ។​ បើ​ងាក​មើល​អាមេរិក​វិញ​ តំលៃ​បណ្តូរ​ពាណិជ្ជកម្ម​ជាមួយ​អាហ្វ្រិក​មាន​តែ​ចំនួន​ ៣០ ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។​ ដោយ​ស្ថិត​ក្នុង​បរិបទ​បែប​នេះ​ហើយ​ លោក Rex Tillerson រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​កំពុង​តែ​ព្យាយាម​បញ្ចុះ​បញ្ចូល​បណ្តា​មេដឹកនាំ​អាហ្វ្រិក។​ លោក​បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​មាន​បំណង​សហការ​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក​ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឈន៍​ប្រកប​ដោយ​និរន្តភាព។ តាម​រយៈ​នេះ​ សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​អនុវត្តន៍​គោលការណ៍​នីតិរដ្ឋ​ ការ​ពង្រឹង​ស្ថាប័ន​សាធារណៈ​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​លប់​បំបាត់​អំពើរ​ពុក​រលួយ។​​ ទស្សនៈ​វិស័យ​របស់​សហរដ្ឋ​អាមេរិក​ គឺ​ផ្ទុយ​ពី​នយោបាយ​រដ្ឋាភិបាល​ចិន​នៅ​អាហ្វ្រិក។ ជាទូទៅ ចិន​តែង​ជំរុញ​ការ​អភិវឌ្ឈន៍​នៅ​អាហ្វ្រិក​ តាម​រយៈ​ការ​លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​ទាំង​នោះ​ពឹង​អាស្រ័យ​លើ​ប្រាក់​កម្ចី​របស់​ខ្លួន។​ ចិន​តែង​ធ្វើ​កិច្ច​សន្យា​វិនិយោគ​បែប​ស្រពិច​ស្រពិល​មិនមាន​​តម្លាភាព។​ ជាពិសេស​ រាល់​ការ​វិនិយោគ​របស់​ចិន​ពុំ​ដែល​ខ្វាយ​ខ្វល់​ពី​ផល​ប៉ះពាល់​បរិស្ថាន​​ឡើយ។ លើស​ពីនេះ ចិន​តែង​ផ្តល់​ប្រាក់​កម្ចីបែប​​ធូរ​រលុង ដែល​អាច​នឹង​ជំរុញ​ប្រទេស​អាហ្វ្រិក​ទាំង​នោះ​ជំពាក់​បំណុល​វ័ណ្ឌក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ