អានតួអត្ថបទ
អាមេរិក

ហេតុអ្វីបាន​ជា​លោកដូណាល់ ត្រាំ ដក​លោក​Rex Tillerson ​ពី​​តំណែង​​រដ្ឋមន្រ្តីការបរទេស?

តាមរយៈ​សារ​Twitter ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​ប្រកាស​ដក​លោក​ Rex Tillerson ​ចេញ​ពី​តំណែង​រដ្ឋមន្រ្តី​ការបរទេស និង​ដាក់ជំនួស​មកវិញ ដោយលោក​Mike Pompeo ប្រធាន​ទីភ្នាក់ងារ​សម្ងាត់ CIA។ នៅ​ក្នុង​សារ Twitter លោកដូណាល់ ត្រាំ​នៅ​បាន​បន្ថែម​ថា លោកស្រី Gina Haspel អនុប្រធាន​របស់​CIA នឹង​ក្លាយ​ជា​មនុស្សស្រី​អាមេរិកាំង​ទី​១​ដែល​ចូល​កាន់​តំណែង ជា​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA។

លោក​Rex Tillerson (ឆ្វេង) នៅប្រទេស​អេត្យូពី​នៅខែ​មីនា ២០១៨ ហើយ​និង​លោក​Mike Pompeo​ប្រធាន​CIA នៅ​ទីក្រុង​វ៉ាស៊ៅីនតោន ខែ​កុម្ផៈ ឆ្នាំ ២០១៨
លោក​Rex Tillerson (ឆ្វេង) នៅប្រទេស​អេត្យូពី​នៅខែ​មីនា ២០១៨ ហើយ​និង​លោក​Mike Pompeo​ប្រធាន​CIA នៅ​ទីក្រុង​វ៉ាស៊ៅីនតោន ខែ​កុម្ផៈ ឆ្នាំ ២០១៨ ©REUTERS/Jonathan Ernst (L) Aaron P. Bernstein (R)
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ នៅថ្ងៃ​អង្គារ​ម្សិលមិញ បានប្រើ​សារ​Twitter ដើម្បី​ប្រកាស​ថា លោក​បាន​ដក​លោក​រេច ធីល័រសុន​ពីមុខ​តំណែង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក។ នៅក្នុង​សារ​Twitter លោកដូណាល់ ត្រាំ បាន​សរសេរ​ថា លោក​Mike Pompeo ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA នឹង​ចូល​មក​ជំនួស​លោក​Rex Tillerson ​ក្នុង​ពេល​លោកស្រី Gina Haspel ដែល​បច្ចុប្បន្ន​ជាអនុប្រធាន​របស់​CIA នឹង​ក្លាយ​ជា​ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​អាមេរិក។ “លោក​Mike Pompeo ​នឹង​ក្លាយ​ជា​ប្រមុខការបរទេស​ថ្មី​របស់​អាមេរិក។ គាត់​នឹង​ធ្វើការ​ដ៏ល្អ​អស្ចារ្យ” នេះ​ជា​សារTwitter របស់លោក​ដូណាល់ ត្រាំ។

សូមអាន៖ស្តេច​ប្រេង​ជា​មិត្ត​របស់​ពូទីនលោក Rex Tillerson ក្លាយ​ជា​​រដ្ឋមន្ត្រី​ការបរទេសអាមេរិក

មន្រ្តីជាន់ខ្ពស់​របស់​ក្រសួងការបរទេស​អាមេរិក លោក Steve Goldstein បាន​និយាយ​ថា លោក​រេច ធីល័រសុន (Rex Tillerson )ដែល​ទើប​ត្រលប់មក​ពី​ធ្វើ​ទស្សនកិច្ច​នៅ​អាហ្វ្រិក មិន​បាន​និយាយ​ជាមួយ​លោកដូណាល់ ត្រាំ ទេ នៅ​ថ្ងៃ​អង្គារ និង​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​លោក​ត្រូវ លោកដូណាល់ ត្រាំ ដក​ចេញពី​មុខ​តំណែង​នោះទេ។

នៅមុន​ឡើង​យន្តហោះ​ទៅ​រដ្ឋ​កាលីហ្វ័នី នៅថ្ងៃ​អង្គារ លោក​ដូណាល់ ត្រាំ បាន​និយាយ​ប្រាប់​អ្នកកាសែត ថា លោក​ហើយ និង​លោក​ធ័រល័សុន មិន​យល់ស្រប​គ្នា​លើ​សំណុំរឿង​ច្រើនយ៉ាង តាំង​ពី​រឿង​កូរ៉េខាងជើង ការលូកដៃ របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​អាមេរិក ហើយ​និង​ជាពិសេស សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ “នៅពេល​ខ្ញុំ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អាក្រក់ លោក​ធីល័រសុន​វិញ​និយាយ ថា វា​អត់អី​ផង។” នេះ​ជាប្រសាសន៍​របស់លោក​ដូណាល់​ត្រាំ ដែល​បាន​សរសេរ​ផង​ដែរ ថ្លែង​អំណរគុណ​លោក​ធីល័រសុន សម្រាប់​ការងារ​របស់លោក​កន្លងមក។

សូមអាន៖Rex Tillerson មក​អឺរ៉ុប និយាយ​រឿង​កូរ៉េ​ខាងជើង ​និង​លួង​កុំឲ្យ​អឺរ៉ុប​ខឹង​លោក​ដូណាល់ ត្រាំ

លោក​រេច ធីល័រសុន មហាសេដ្ឋី​ប្រេង ត្រូវ​បាន​លោកដូណាល់ ត្រាំ ជ្រើសរើស ជា​ប្រមុខការបរទេស​អាមេរិក តាំង​ពី​ដើមអាណត្តិ។ ប៉ុន្តែ បន្តិចម្តងៗ លោក​ដូណាល់ ត្រាំ បាន​ដកទំនុកចិត្ត ពី​រដ្ឋមន្រ្តីការបរទេស ដែល​មាន​ជំហរ និង​គំនិត មិនដូច​នឹង​លោក។ ព័ត៌មាន​ដក​លោក​រេច ធីល័រសុន និង​ដាក់​ជំនួស​ដោយ​ប្រធាន​ទីភ្នាក់ងារ​CIA ធ្លាប់​ត្រូវ​បាន​កាសែត New York Times ចុះផ្សាយ​ម្តងហើយ នៅ​ខែ​វិច្ឆិកា។ ប៉ុន្តែ កាលណោះ លោកដូណាល់ ត្រាំ បាន​បដិសេធ និង​ចាត់ទុក​ថា ជា​ការចុះផ្សាយ​ព័ត៌មាន​មិនពិត។

មន្រ្តី​ជាន់ខ្ពស់​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា លោកដូណាល់ ត្រាំ ចង់​រុះរើ​ក្រុមការងារ​របស់លោក ដើម្បី​ត្រៀម​រៀបចំ​ជំនួបកំពូល​ជាមួយ កូរ៉េខាងជើង។ លោក​Mike Pompeo ប្រធាន​ស៊ើបការណ៍​សម្ងាត់ CIA ដែល​លោក​ដូណាល់ ត្រាំ ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រមុខ​ការបរទេស​អាមេរិក ជំនួស លោក​រេច ធីល័រសុន ធ្លាប់​ទទួល​បាន​ការសិក្សា​នៅ​សាលានាយ​ទាហាន​ជាន់ខ្ពស់ West Point និង​ជា​សមាជិក​សភា​អ្នកតំណាងរាស្រ្ត រហូត​ដល់​ឆ្នាំ ២០១៧។ លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​មនុស្ស​ស្និទ្ធ និង​មានជំហរ​ដូចគ្នា​ច្រើន​នឹង​លោកដូណាល់ ត្រាំ មិនថា រឿង​រុស្ស៊ី អ៊ីរ៉ង់។ លោក Pompeoលោកធ្លាប់​បាន​ទាមទារ​ឲ្យ​មានការចរចា​ឡើងវិញ​លើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ធ្លាប់​បាន​ទាមទារ​ឲ្យ​មានដំឡើង​ឡើងវិញ បណ្តាញ ប្រព័ន្ធ តាមដាន លួច​ស្តាប់ ខ្សែ​ទូរស័ព្ទ របស់​ថ្នាក់ដឹកនាំបរទេស និង​ប្រជាជន​អាមេរិកាំង។ ថ្មីៗនេះ ក្នុង​នាម​ជា​ប្រធាន​CIA លោក​បាន​និយាយ​ថា វត្តមាន​របស់​ប្រធាន​ចារកិច្ច​រុស្ស៊ី នៅ​ទីស្នាក់ការ​របស់​CIA កាលពី​ខែ​មករា​ដើមឆ្នាំនេះ គឺ​ជា​រឿង​ធម្មតា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ