អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយ​ការ​ដក​តំណែង​លោក Rex Tillerson ​លោក​ដូណាល់ ត្រាំ​អាច​បន្តឹង​នយោបាយ​ការទេស​​របស់​អា​មេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​នៅ​ក្នុង​ពិភពលោក ព្រឹតិ្តការណ៍​ដែល​បន្ត​ភ្ញាក់ផ្អើល និង​បន្ត​ជា​បច្ចុប្បន្នភាព​នា​ថ្ងៃ​ពុធ ទី១៤ មីនា​នេះ គឺ​ការ​ដែល​លោក​ដូណាល់ ត្រាំ​បាន​ដក​លោក Rex Tillerson ពី​តំណែង​រដ្ឋមន្រ្តី​ការបរទេស​នា​ថ្ងៃ​អង្គារ ទី១៣ មីនា។ តំណែង​ដ៏​សំខាន់​មួយ​នេះ​ក៏​ត្រូវ​បាន​លោក​ត្រាំ​ជំនួស​ដោយ​លោក Mike Pompeo ដែល​ជា​នាយក​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ CIA ហើយ​តំណែង​នាយក CIA ក៏​ត្រូវ​បាន​លោក​ត្រាំ​ដាក់​ជំនួស​ភ្លាមៗ​ដោយ​លោកស្រី Gina Haspel ដែល​ជា​នាយករង CIA។ តែ​តំណែង​របស់​លោក Mike Pompeo ក៏​ដូច​ជា​លោកស្រី​ Gina Haspel នឹង​ត្រូវ​ទទួល​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ។

លោក Mike Pompeo អនាគត​ប្រមុខ​ការទូត​អាមេរិក
លោក Mike Pompeo អនាគត​ប្រមុខ​ការទូត​អាមេរិក REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​លោក​ដូណាល់ ត្រាំ​ជា​សេចក្តីសម្រេច​ដែល​លោក Rex Tillerson បាន​រង់ចាំ​ផង និង​ភ្ញាក់ផ្អើល។ រង់ចាំ​ព្រោះ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​តំណែង​រដ្ឋមន្រ្តី​ការបរទេស​របស់​លោក Rex Tillerson បាន​រង្គោះរង្គើ​ដោយសារ​តែ​ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​សំណុំរឿង​ជា​ច្រើន​ដែល​លោក​មាន​ជាមួយ​លោក​ដូណាល់ ត្រាំ។ ភ្ញាក់ផ្អើល​ព្រោះ​លោក​ត្រាំ​មិន​ប្រាប់ផ្ទាល់ ឬ​ទូរស័ព្ទ​ប្រាប់​លោក Tillerson ទេ តែ​បែរ​ជា​សរសេរ​ក្នុង Twitter ក្នុង​ពេល​ដែល​លោក Tillerson កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាហ្រ្វិក។

ក្រោយ​ពី​ដឹង​ដំណឹង​នេះ​ភ្លាម លោក Tillerson បាន​ត្រឡប់​ចូល​អាមេរិក និង​ធ្វើ​ដំណើរ​ទៅ​ក្រសួង​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​បុគ្គលិក​ទាំង​អស់​ដែល​បាន​ធ្វើ​កិច្ចការ​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក។ ក្រៅ​ពី​អរគុណ​ដល់​មន្រ្តី​ក្រោម​ឳវាទ​របស់​ខ្លួន លោក Tillerson ក៏​បាន​អរគុណ​ដល់​លោក​រដ្ឋមន្រ្តី​ការពារជាតិ James Mattis និង​មេបញ្ជាការ​កងទ័ព​លោក Joe Dunford ដែល​បាន​រួម​សហការណ៍​ជាមួយ​លោក​នា​ពេល​កន្លង​មក។ ក៏​ប៉ុន្តែ គ្មាន​ពាក្យ​មួយ​មាត់​ណា​សម្រាប់​លោក​ដូណាល់ ត្រាំ​ទេ ពោល​ខុស​ពី​លោក​ត្រាំ​ដែល​បាន​អរគុណ​លោក។ កំណត់​សម្គាល់​មួយ​ទៀត លោក​ត្រាំ​ក៏​បាន​ដក​តំណែង​ទីប្រឹក្សា​ម្នាក់​របស់​លោក Tillerson ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ជា​សាធារណៈ​ថា លោក​ត្រាំ​មិន​បាន​ផ្តល់​ហេតុផល​ពី​ការ​បញ្ចប់​តំណែង​លោក Tillerson ទេ។

ឃើញ​ថា លោក​ត្រាំ​មិន​ត្រឹម​កំចាត់​លោក Tillerson ប៉ុណ្ណោះ​ទេ សូម្បី​តែ​មនុស្ស​ជំនិត អ្នក​ស្មោះស្ម័គ្រ អ្នក​សហការណ៍ ឬ​អ្នក​មាន​ទំនោរ​រក​លោក Tillerson ក៏​អាច​ស្ថិត​ក្នុង​សំណាញ់​របស់​លោក​ត្រាំ​ដែរ ពិសេស​ក្រុម​មនុស្ស​ដែល​មិន​ចុះ​សម្រុង​នឹង​លោក។ មាន​ការ​លើក​ឡើង​ថា អ្នក​ដែល​ត្រូវ​លោក​ត្រាំ​កំចាត់​នា​ពេល​ខាង​មុខ អាច​ជា​រដ្ឋមន្រ្តី​ការពារជាតិ ឬ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌។ បើ​មិន​ត្រូវ​លោក​ត្រាំ​ដក​ទេ អ្នក​ដែល​មាន​ខ្លួន​ក៏​អាច​នឹង​បង្ខំ​ចិត្ត​ដើរ​ចេញ​ដោយ​ខ្លួន​ឯង​ដែរ ដូច​ដែល​ធ្លាប់​មាន​ជា​រឿយៗ​នា​ពេល​កន្លង​មក។

លោក Pompeo ជា​មនុស្ស​ចូលចិត្ត​ប្រើ​ធម៌ក្តៅ

មាន​អាយុ ៥៣ឆ្នាំ លោក Pompeo ជា​អតីត​ទាហាន មេធាវី និង​ជា​អ្នក​ជំនួញ។ លោក​ទើប​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន ១០ឆ្នាំ​ដោយ​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ Kansas ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៧។ លោក Pompeo បាន​លា​ឈប់​ពី​តំណាងរាស្រ្ត​តាម​សំណើ​របស់​លោក​ដូណាល់ ត្រាំ រួច​ក៏​ត្រូវ​បាន​លោក​ត្រាំ​តែងតាំង​ជា​នាយក CIA។ ជា​រៀងរាល់​ថ្ងៃ លោក Pompeo បាន​ចូល​ការិយាល័យ​លោក​ត្រាំ​ដើម្បី​រាយការណ៍​ពី​បញ្ហា​សន្តិសុខជាតិ​ក៏​ដូច​ជា​បញ្ហា​អន្តរជាតិ​មួយ​ចំនួន​ដែល​លោក និង​លោក​ត្រាំ​មាន​ជំហរ​ដូច​គ្នា។

គឺ​ជំហរ​ដូច​គ្នា និង​មិន​សូវ​ត មាត់​របស់​លោក Pompeo ដែល​បាន​ធ្វើ​លោក​ត្រាំ​យក​លោក​ទៅ​ជំនួស​កន្លែង​លោក Rex Tillerson ដែល​តែងតែ​ចេញ​មុខ​ប្រឆាំង​លោក​ត្រាំ​ជា​សាធារណៈ។ សំណុំរឿង​អន្តរជាតិ​ដែល​លោក​ត្រាំ និង​លោក Tillerson យល់​មិន​ដូច​គ្នា​រួម​មាន កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ដែល​លោក​ត្រាំ​បាន​ដក​ខ្លួន​ចេញ ឬ​មួយ​ក៏​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​លោក​ត្រាំ​កំពុង​ធ្វើ​ជាមួយ​ប្រទេស​មួយ​ចំនួន​ដោយ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​អាមេរិក​ជា​ដើម។

និយាយ​ពី​បុគ្គលិក​លក្ខណៈ​រវាង​លោក Rex Tillerson និង​លោក Mike Pompeo គឺ​ផ្ទុយ​គ្នា។ លោក Tillerson ជា​មនុស្ស​ចូល​ចិត្ត​ប្រើ​ធម៌​ត្រជាក់​ដោយ​ប្រកាន់​យក​កិច្ចចរចា​ជា​អាទិភាព​នៅ​ក្នុង​ដំណោះស្រាយ។ ចំណែក​លោក Mike Pompeo ជា​មនុស្ស​ចូលចិត្ត​ប្រើ​កម្លាំងបាយ​ដោយ​មិន​ចាំ​បាច់​និយាយ​អង្វរ​ច្រើន។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់

មាន​សំណុំរឿង​ក្តៅ​ចំនួន​ពីរ​នៅ​ចំពោះ​មុខ ទី១ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ទី២ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង គេ​ត្រូវ​រង់ចាំ​មើល​ថា តើ​អ្វី​ទៅ​ជា​លទ្ធផល​នៃ​គម្រោង​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នា​ដំណាច់​ខែ​ឧសភា​ខាង​មុខ។ ប្រសិន​បើ​អ្វីៗ​ដំណើរ​ការ​ដូច​ដែល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​ចង់​បាន ឬ​ក៏​ហោច​ណាស់​មិន​ទាស់​សម្តី​គ្នា​ទេ នោះ​ភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​លោក​ត្រាំ និង​លោក​គីម ជុងអ៊ុន​អាច​នឹង​ធ្លាក់​ចុះ​ច្រើន។ ផ្ទុយ​ទៅ​វិញ ភាព​ប្រទូស្រ្តាយ និង​សង្រ្គាម​ពាក្យ​សម្តី​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​អាច​នឹង​ផ្ទុះ​ជា​ថ្មី ហើយ​ពេល​នោះ លោក Mike Pompeo អាច​នឹង​ចាក់​លោក​ត្រាំ​ឲ្យ​ចាត់​វិធានការ​ចាស់​ដៃ​លើ​លោក​គីម ជុងអ៊ុន ពោល​ខុស​ពី​លោក Rex Tillerson ដែល​តែង​ទប់​កំហឹង​លោក​ត្រាំ។

ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​ត្រាំ និង​លោក Pompeo យល់​ស្រប​គ្នា​ថា គេ​ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​នោះ ពោល​ខុស​ពី​លោក Tillerson ដែល​ថា ជា​កិច្ចព្រមព្រៀង​ដែល​អាច​ទទួល​យក​បាន។ តាម​គម្រោង​នៅ​ថ្ងៃទី១២ ឧសភា​ខាង​មុខ លោក​ត្រាំ​នឹង​ត្រូវ​ប្រកាស​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៥។ តែ​ពី​ពេល​នេះ​ដល់​ថ្ងៃទី១២ ឧសភា លោក​ត្រាំ​បាន​ស្នើ​ប្រទេស​ហត្ថលេខី​ទាំង​អស់ ពិសេស​អឺរ៉ុប​ឲ្យ​ពិនិត្យ​សើរើ​មើល​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​នោះ។

លោក​ត្រាំ​មិន​បាន​លំអិត​ពី​ចំណុច​ដែល​គេ​ត្រូវ​ចរចា​ឡើង​វិញ​ទេ តែ​លោក​យល់​ថា កិច្ចព្រមព្រៀង​នោះ​នៅ​មាន​លក្ខណៈ​ធូរស្រាល​ខ្លាំង បើ​ធៀប​នឹង​ទង្វើ​ជាក់ស្តែង​របស់​អ៊ីរ៉ង់​សព្វថ្ងៃ។ នៅ​ត្រង់​ចំណុច​នេះ​ទៀត លោក Mike Pompeo អាច​និយាយ​ប្រាប់​លោក​ត្រាំ​ថា បើ​គ្មាន​កិច្ចព្រមព្រៀង​ថ្មី​ទេ អាមេរិក​ត្រូវ​តែ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ភ្លាម។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា នយោបាយ​ការបរទេស​របស់​លោក Pompeo អាច​តឹងតែង និង​កាច​ជាង​លោក Tillerson។ តែ​សួរ​ថា តើ​លោក​ដូណាល់ ត្រាំ​ពិត​ជា​ចង់​បាន​នយោបាយការបរទេស​របៀប​នេះ​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​ឬ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ