ក្នុងកិច្ចប្រជុំប្រទេសG២០ អាមេរិកប្រកាសមិនខ្លាចសង្គ្រាមពាណិជ្ជកម្ម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៣
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំធនាគារកណ្តាលនៃក្រុមប្រទេសហ្សេ២០ នៅអាហ្សង់ទីន បានបិទបញ្ចប់កាលពីថ្ងៃអង្គារ ក្នុងបរិយាកាសតានតឹងដោយសារអាមេរិកប្រកាសមិនខ្លាចសង្គ្រាមពាណិជ្ជកម្ម។ ១ថ្ងៃក្រោយកិច្ចប្រជុំនេះទៀតសោត អឺរ៉ុបបានបង្ហាញផែនការចង់យកពន្ធលើក្រុមហ៊ុនឌីជីថល ធំៗដូចជា ហ្វេសប៊ុក រឺក៏Apple ដែលនេះមិនបានជួយបន្ធូរភាពតានតឹងពាណិជ្ជកម្មសោះ។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងថ្នាក់ដឺកនាំធនាគារកណ្តាលនៃក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចហ្សេ២០ នៅទីក្រុងBuenos Aires ប្រទេសអាហ្សង់ទីន អាមេរិកមិនបានប្រកាសថា ធ្វើសង្គ្រាមពាណិជ្ជកម្មទេ។ អាមេរិកលើកឡើងថា សង្គ្រាមពាណិជ្ជកម្មមិនមែនជាទិសដៅរបស់អាមេរិក តែអាមេរិកក៏មិនខ្លាចវាដែរ។ ពាក្យពេចន៍ទាំងនេះបានឆ្លុះបញ្ចាំងពីបរិបទតានតឺងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក ជាមួយប្រទេសជាច្រើន ពិសេសជាមួយចិនតែម្តង។ ក្នុងកិច្ចប្រជុំហ្សេ២០ សប្តាហ៍នេះ អាមេរិកបានប្រើពាក្យពេចន៍វាយប្រហារជាថ្មីម្តងទៀតទៅលើចិន ក្នុងន័យចោទថា ចិនរកស៊ីមិនត្រឹមត្រូវ។
ថ្ងៃសុក្រសប្តាហ៍នេះ ពន្ធ២៥ភាគរយលើដែកថែប និងពន្ធ១០ភាគរយលើអាលុយមីញ៉ូមនាំចូលមកសហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាន។ គេមើលឃើញថា រដ្ឋបាលលោកដូណាល់ ត្រាំ ចេញវិធានការនេះ ដើម្បីយកពន្ធធ្ងន់លើចិន ដោយសារតែចិនផលិតដែកថែបលើសលុប ក្នុងពិភពលោក។ ពិសេសទៅទៀត ចិនលក់បញ្ចុះតម្លៃខ្លាំងដេញជើងលើទីផ្សារ។ ប៉ុន្តែ ចិនមិនមែនជាប្រទេសចម្បងនាំចូលដែកថែប ក្នុងស្រុកអាមេរិកឯណា។ ដូច្នេះវាប៉ះពាល់ដល់ប្រទេសផ្សេងៗទៀតដែរ តួយ៉ាងប៉ះដល់ប្រទេសនៅសហភាពអឺរ៉ុបដែលជាដៃគូរបស់អាមេរិក។ កាណាដា ម៉ិចស៊ិក និងអូស្ត្រាលីបានរួចពន្ធនេះ។
អឺរ៉ុបជាដៃគូរបស់អាមេរិកក៏ចង់រួចពន្ធនេះដែរ បានខិតខំពន្យល់ទៅអាមេរិកថា អឺរ៉ុបមិនមែនជាអ្នកទទួលខុសត្រូវលើវិបត្តិដែកថែបដែលចិនផលិតលើសលុបនោះទេ។ អឺរ៉ុបយល់ថា វិធានការពន្ធអាមេរិកលើដែកថែបនិងអាលុយមីញ៉ូមនេះមិនសមរម្យទេ។ ក្នុងជំនួបហ្សេ២០ អាមេរិកមិនបាននិយាយអ្វីទាក់ទងនឹងការលើកលែងពន្ធដែកថែបចំពោះប្រទេសដៃគូរបស់ខ្លួនទេ។ ភាពតានតឹងដោយសារទំនាស់ពាណិជ្ជកម្ម ពិតជាមិនអាចចៀសរួចទេ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំងអស់នេះ បើប្រដូចទៅនឹងឆាកប្រដាល់វិញ អាមេរិកជាគូប្រកួតចម្បងតែម្តង។
ប្រហែលមិនសប្បាយចិត្តនឹងអាមេរិក ទើបថ្ងៃពុធកន្លងទៅ គឺមួយថ្ងៃក្រោយកិច្ចប្រជុំហ្សេ២០បិទបញ្ចប់ សហភាពអឺរ៉ុបបានប្រកាសផែនការចង់យកពន្ធលើក្រុមហ៊ុនឌីជីថល ក្នុងនោះមានពន្ធលើក្រុមហ៊ុនធំៗរបស់អាមេរិក ដែលគេហៅថា ពន្ធGAFA ជាពាក្យកាត់ សំដៅលើក្រុមហ៊ុនGoogle Apple Facebbok និងAmazon។ ដំណាក់កាលដំបូង អឺរ៉ុបចង់យកពន្ធ៣ភាគរយ លើថវិកាចំណូលរបស់ក្រុមហ៊ុនធំៗទាំងនេះ។ ជាការយកពន្ធលើចំណូល មិនមែនលើប្រាក់ចំណេញរបស់ក្រុមហ៊ុនទេ។ ពន្ធនេះយកតែលើក្រុមហ៊ុនណាដែលរកចំណូលបានលើស៧៥០លានអឺរ៉ូ ក្នុងមួយឆ្នាំៗប៉ុណ្ណោះ។ ដូច្នេះវាមិនប៉ះពាល់ក្រុមហ៊ុនតូចៗរបស់អឺរ៉ុបទេ។ ថ្ងៃព្រហស្បតិ៍នេះ ប្រទេសទាំង២៨នៃសហភាពអឺរ៉ុបនឹងជជែកពិសំណុំរឿងពន្ធមួយនេះ។
តាំងពីមុនកិច្ចប្រជុំហ្សេ២០ម្ល៉េះ អាមេរិកបានព្រមានរួចហើយថា អាមេរិកប្រឆាំងដាច់ខាតទៅលើសំណើរបស់ប្រទេសណាក៏ដោយ អោយតែហ៊ានយកពន្ធពិសេស វាយប្រហារក្រុមហ៊ុនអ៊ីនថឺនែត។ អឺរ៉ុបក៏បានស្តាប់លឺការព្រមានទាំងនេះដែរ តែនៅតែមិនញញើតនឹងនិយាយពីផែនការពន្ធនេះទេ។ អឺរ៉ុបលើកឡើងថា ផែនការយកពន្ធលើក្រុមហ៊ុនបណ្តាញអ៊ីនថឺនែតធំៗ ដែលកត់ត្រាទិន្នន័យរបស់មនុស្សរាប់លាននាក់ក្នុងពិភពលោក មិនមែនជាវិធានការប្រឆាំងសហរដ្ឋអាមេរិកទេ។
តែគំរោងយកពន្ធរបស់អឺរ៉ុបអាចប៉ះពាល់ក្រុមហ៊ុន១២០ ទៅ១៥០ ក្នុងនោះពាក់កណ្តាលជាក្រុមហ៊ុនអាមេរិក តែក៏មានដែរ ក្រុមហ៊ុនអឺរ៉ុបនិងក្រុមហ៊ុនអាស៊ី ពិសេសក្រុមហ៊ុនចិន។ ប្រទេសអឺរ៉ុបធំៗ ដូចជាបារាំង អាល្លឺម៉ង់ អ៊ីតាលី លើកឡើងថា រឿងយកពន្ធលើក្រុមហ៊ុនអ៊ីនថឺនែតរកបានចំណូលលើសលុបនេះ អ្វីៗមិនសូវទៅលឿនជាអន្តរជាតិទេ ដូច្នេះ អឺរ៉ុបត្រូវបង្ហាញគំរូមុនគេ។
គំរោងពន្ធលើក្រុមហ៊ុនយក្សGoogle Apple Facebook និងAmazon ជាបញ្ហាក្តៅគគុក ក្នុងកិច្ចពិភាក្សាក្រុមប្រទេសហ្សេ២០ សប្តាហ៍នេះ ព្រោះវាប៉ះពាល់ប្រយោជន៍សេដ្ឋកិច្ចអាមេរិក។ ការពិភាក្សាក៏មិនសូវជាហ៊ានបង្កភាពតានតឹងជាមួយអាមេរិកទេ បានត្រឹមតែថា រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្សេ២០ នឹងធ្វើការរួមគ្នា ក្នុងសំណុំរឿងពន្ធនេះ។ តែជារួមគេក៏មិនទាត់ចោលពីទស្សនៈគំនិតប្រឆាំងប្រយោជន៍សេដ្ឋកិច្ចអាត្មានិយមរបស់អាមេរិកដែរ។ ឥឡូវនេះ អឺរ៉ុបបានចេញមុខ រឿងចង់យកពន្ធមួយនេះ។ បើពិតជាមានសង្គ្រាមពាណិជ្ជកម្មមែន គូប្រកួតធំៗ ដើរតួសំខាន់ជាងគេ គឺអាមេរិក ចិន និងអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ