អានតួអត្ថបទ

ចលនា​ប្រឆាំង​តវ៉ា​នឹង​ការ​ប្រើប្រាស់​​កាំ​​ភ្លើង​ នៅ​អាមេរិក​ កាន់​តែ​រីក​រាល​ដាល​

កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ បាតុករ​អាមេរិក​រាប់​រយ​ពាន់​នាក់​ ដែល​ជា​សិស្សា​នុសិស្ស​ និង​អ្នក​គាំទ្រ​របស់​ពួក​គេ​ បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​កុះករ ​ជា​ប្រវត្តិសាស្ត្រ ​ដើម្បី​ធ្វើ​បាតុកម្ម ​ប្រឆាំង​ទៅ​នឹង​ ការ​វាយប្រ​ហារ​ដោយ​ការ​បាញ់​កាំភ្លើ​ង​ ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ​ ចលនា​តវ៉ា​នេះ​ នឹង​រីក​រាល​ដាល​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង​។

បាតុកម្្មប្រឆាំងនឹងការប្រើប្រាស់កាំភ្លើង នៅក្រុង វ៉ាស៊ីនតោន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨
បាតុកម្្មប្រឆាំងនឹងការប្រើប្រាស់កាំភ្លើង នៅក្រុង វ៉ាស៊ីនតោន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​បាតុកម្ម​ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ របស់​យុវជនវ័យ​ក្មេង​រាប់​ពាន់​នាក់ កាល​ពី​ម្សិលមិញ​ មាន​បំណង​ បង្កើន​ការ​រឹត​បន្តឹង​ លើ​ការ​លក់​ និង​ប្រើ​ប្រាស់​កាំ​ភ្លើង​នៅ​ក្នុង​ប្រទេស​។ ការ​បាញ់​ប្រហារ​នៅ​អាមេរិក​ កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ និង​បាន​ក្លាយ​ជា​រឿង​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​ពលរដ្ឋ​អាមេរិក​។

គេ​សង្កេត​ឃើញ​ថា​ ការ​ធ្វើ​បាតុកម្ម​នេះ​ ទទួល​បាន​ជោគជ័យ​ជាខ្លាំង​ ដោយ​ហេតុថា​ មាន​អ្នក​ចូល​រួម​ជាច្រើន​ហួស​ពី​ការ​ស្មាន​។ ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ចលនា​តវ៉ា​នេះ​ នឹង​រីក​សាយភាយ​កាន់​តែ​ធំ​ឡើង​រហូត​ដល់​ក្រៅ​ ប្រទេស​ដូច​ជា ​នៅ​អង់គ្លេស​ និង ​អូស្ត្រាលី​ជាដើម​។

អ្នក​រៀប​ចំ​ ធ្វើ​ចលនា​ប្រឆាំង​ ម្នាក់​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​ពួក​គេ​ គ្រោង​នឹង​ធ្វើ​ បាតុកម្ម​ជាង​ ៨០០​ ទៀត ​នា​ពេល​ខាង​មុខ​ ទាំង​ក្នុង​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដើម្បី​ជុំរុញ​ឲ្យ​មាន​ការ​គ្រប់​គ្រងការ​ លក់​ដូរ​អាវុធ​ ទ្វេ​ឡើង​  និង ​មិន​អាណា​ធិបតី​ដូច​បច្ចុប្បន្ន​នេះ​។

ចលនា​តវ៉ា​ដ៏​ធំ​ និង ​មិន ​ដែល​ធ្លាប់​មាន​ពី​មុន​មក​ នៅ​ក្នុង​ប្រទេស​មហា​អំណាច​មួយ​នេះ​ ក៏​បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ផង​ដែរ​ ពី​សំណាក់​តារា​ចម្រៀង ​និង​ តារា​ភាពយន្តល្បីៗ​អាមេរិក​ដូច​ជា​នាង​ Demi Lovato ​និង​ នាង​ Ariana Grande​ ។​ ក្នុង​ចំណោម​តារា​ល្បីៗ​ទាំង​នោះ​ មាន​អ្នក​ខ្លះ​បរិច្ចាគ​ថវិកា​ និង​ អ្នក​ខ្លះ​ទៀត​ចូល​រួម​ធ្វើ​បាតុកម្ម​ដោយ​ផ្ទាល់​។

ទាក់​ទិន​រឿ​ងនេះ​ លោក អតីត​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter ​ថា​ រូប​លោក​ និង​ភរិយា​ពិត​ជា​ស្ងប់​ស្ងែង​ណាស់​ ចំពោះ​សិស្សា​នុសិស្ស​វ័យក្មេង​ទាំង​អស់ ​ដែល​បំផុល​គំនិត​ធ្វើ​បាតុកម្ម​នេះ​ឡើង​។​ លោកអូបាម៉ា ​បាន​បន្ថែម​ថា​ សម្លេង​តវ៉ា ​របស់​ពលរដ្ឋ​អាមេរិក​ដ៏​ច្រើន​បែប​នេះ​ នឹង​នាំ​មក​វិញ​នូវ​ការ​ផ្លាស់​ប្តូរ​ជាវិ​ជ្ជមាន​ជា​មិន​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ