តើនរណាគេនៅពីក្រោយខ្នងក្រុមហ៊ុន Cambridge Analystica?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣០
រយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ការរិះគន់ជុំវិញការលួចយកទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ ៥០ លាននាក់ពីសំណាក់ក្រុមហ៊ុនអង់គ្លេស Cambridge Analytica កំពុងតែកក្រើកជុំវិញពិភពលោក។ គេសង្ស័យថា ក្រុមហ៊ុននេះបានប្រើប្រាស់ទិន្នន័យទាំងនោះដោយខុសច្បាប់ ពោល គឺដោយពុំមានការយល់ព្រមពីម្ចាស់គណនីហ្វេសប៊ុកម្នាក់ៗឡើយ។ ហើយទិន្នន័យទាំងនោះត្រូវបានយកទៅលក់បន្ត សំរាប់យកទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិក ក៏ដូចជាការស្ទង់មតិនៅអង់គ្លេស។ ក្រោយពីផ្ទុះរឿងអាស្រូវនេះ អាជ្ញាធរអង់គ្លេសកំពុងតែបើកការស៊ើបអង្កេត។ ចំណែកតំលៃភាគហ៊ុនរបស់ក្រុមហ៊ុនហ្វេសប៊ុកបានដាំក្បាលធ្លាក់ចុះយ៉ាងកំហុក។ ប៉ុន្តែ គេនៅមានចំងល់ថា តើនរណាគេស្ថិតនៅពីក្រោយការបង្កើតក្រុមហ៊ុន Cambridge Analytica នេះ?
បើយោងតាមអត្ថបទស៊ើបអង្កេតមួយរបស់សារព័ត៌មានអង់គ្លេស The Guardian ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមិនាបានឲ្យដឹងថា រឿងរ៉ាវបែកធ្លាយការលួយទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកពីសំណាក់ក្រុមហ៊ុន Cambridge Analytica នេះ គឺដោយសារតែមានអ្នកលួចផ្តល់ព័ត៌មានម្នាក់។ បុគ្គលនោះមានឈ្មោះថា Christopher Wylie ជាជនជាតិកាណាដា។ ហើយរូបគេធ្លាប់បំរើការងារឲ្យក្រុមហ៊ុនអង់គ្លេសនេះ ក្នុងឋានៈជាវិស្វករសរសេរកូដកម្មវិធីកុំព្យូទ័រ។ បច្ចុប្បន្នមានអាយុ ២៨ ឆ្នាំ តំបូងឡើយ កាលពីឆ្នាំ២០១៣ យុវជនកាណាដារូបនេះបានជួបលោក Steve Bannon។ កាលនោះ Steve Bannon នៅជានិពន្ធនាយកបវេបសាយ៍ Breitbart News នៅឡើយទេ មុននឹងទៅប្រឡូកខ្លួនក្នុងនយោបាយជួយដឹកនាំយុទ្ធនាការឃោសនាស្វែងរកសំលេងឆ្នោតឲ្យលោក ដូណាល់ ត្រាំ។
ខ្លឹមសារសន្ទនាក្នុងជំនួបនោះធ្វើឲ្យយុវជន Christopher Wylie មានភក្តីភាពគោរពស្រលាញ់គំនិតស្តាំនិយម និងអភិរក្សនិយមរបស់ Steve Bannon។ ក្រោយមក Steve Bannon បានណែនាំឲ្យ Christopher Wylie ជួបគ្រួសារមហាសេដ្ឋីអាមេរិកត្រកូល Mercer។ គ្រួសារនេះត្រូវបានគេស្គាល់ថា ជាអ្នកមានគំនិតដ៏មហាអភិរក្សនិយម។ ហើយពួកគេតែងជួយឧបត្ថម្ភដល់យុទ្ធនាការឃោសនាបោះឆ្នោតគាំទ្របេក្ខជនក្នុងជួរគណបក្សសាធារណរដ្ឋ។ នៅក្នុងគ្រួសារមហាសេដ្ឋីត្រកូល Mercer នេះមានបុគ្គលពីររូបសំខាន់។
បុគ្គលទីមួយ គឺឪពុកឈ្មោះ Robert Mercer មានអាយុ ៧២ ឆ្នាំ។ ជាអ្នកមានជំនាញផែ្នកគណិតវិទ្យា តំបូងឡើយ លោក Robert Mercer បានបំរើការឲ្យក្រុមហ៊ុនព័ត៌មានវិទ្យាអាមេរិក IBM។ គាត់បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិមហាសាល ដោយសារតែបានចូលរួមបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុមួយឈ្មោះ Renaissance Technologies។ ក្រុមហ៊ុននេះរកស៊ីកេងចំណេញការប្រាក់នៅលើផ្សារភាគហ៊ុន។ គេបានប៉ាន់ប្រមាណថា ក្រុមហ៊ុននេះបានគ្រប់គ្រងទឹកប្រាក់ប្រមាណ ៥ ពាន់លានដុល្លារក្នុងកាដោះដូរលើទីផ្សារភាគហ៊ុន។
ជាមនុស្សស្ងៀមស្ងាត់ពុំសូវចេញមុខជាសាធារណៈ ឬផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកថតរូប លោក Robert Mercer ត្រូវបានគេមើលឃើញថា ជាអ្នកសាធារណរដ្ឋនិយមដ៏មហាអភិរក្សបំផុតម្នាក់។ ជាអ្នកមាននិន្នាការស្តាំនិយម និងមានទស្សនៈប្រឆាំងនឹងទ្រឹស្តីបម្រែបម្រួលអាកាសធាតុ មហាសេដ្ឋីរូបនេះតែងបង្ហាញទស្សនៈចង់ស្តារគណបក្សសាធារណរដ្ឋឡើងវិញ ដើម្បីឲ្យគណបក្សនេះរក្សាគំនិតអភិរក្សនិយមឲ្យកាន់តែតឹងរ៉ឹង។
ចំណែកបុគ្គលទីពីរលេចធ្លោដូចឪពុកដែរនៅក្នុងគ្រួសារនេះ គឺលោកស្រី Rebekah Mercer មហាសេដ្ឋីក្នុងវ័យ ៤៥ ឆ្នាំ។ ខុសពីឪពុក ស្រ្តីរូបនេះលេចធ្លោសកម្មណាស់នៅលើឆាកសង្គម ក៏ដូចជានយោបាយអាមេរិក។ សព្វថ្ងៃនេះ មហាសេដ្ឋីស្រីរូបនេះជាប្រធានមូលនិធិ Mercer Family Foundation។ ហើយ ស្រ្តីម្នាក់នេះក៏មានមុខងារជាប្រធានក្រុមប្រឹក្សាភិបាល Heritage Foundation ផងដែរ។ មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីងតោន មូលនិធិនេះ គឺជាស្ថាប័នឃ្លាំង (think tank) គំនិតដើរតួនាទីពិចារណាសិក្សាបង្កើតកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តនយោបាយឲ្យក្រុមអភិរក្សនិយមប្រចាំគណបក្សសាធារណរដ្ឋ។ ទាំងឪពុក ទាំងកូនស្រី គ្រួសារមហាសដ្ឋី Mercer តែងផ្តល់ប្រាក់ឧបត្ថម្ភដល់បណ្តាស្ថាប័នសារព័ត៌មាន ក៏ដូចជាបណ្តាអង្គការ ឬសមាគមនានា ដែលជាឃ្លាំងគំនិតសំរាប់ផ្សព្វផ្សាយបណ្តុះមនោគមន៍វិជ្ជាមហាអភិរក្សនិយមនៅសហរដ្ឋអាមេរិក។
គួរឲ្យកត់សំគាល់ជាងនេះទៅទៀត គ្រួសារនេះថែមទាំងបានជ្រោមជ្រែងផ្តល់ប្រាក់ឧបត្ថម្ភដល់វេបសាយ៍ព័ត៌មាន Breitbart News។ នៅសហរដ្ឋអាមេរិក វេបសាយ៍នេះត្រូវបានគេចាត់ទុកថាមានមនោគមន៏វិជ្ជាអភិរក្សនិយមគាំទ្រចលនាស្តាំនិយមជ្រុល។ ជាទូទៅ វេបសាយ៍ព័ត៌មាននេះផ្សព្វផ្សាយដំណឹងក្នុងន័យបណ្តុះគំនិតបែបជាតិនិយមជ្រុល ការរើសអើងពូជសាសន៍ និងលើកតម្កើងតំលៃពួកស្បែក-ស។ ហើយបុគ្គលដែលនៅពីក្រោយចលនានេះ និងជានិពន្ធនាយកវេបសាយ៍នេះ គឺ Steve Bannon។
ក្រោយពីជំនួបរវាងវិស្វករកាណាដា Christopher Wylie, Steve Bannon និង គ្រួសារ Mercer មហាសេដ្ឋីឪពុក និងកូនស្រីបានដាក់លុយចំនួន ១៥ លានដុល្លារវិនិយោគបង្កើតក្រុមហ៊ុន Cambridge Analytica។ ក្រុមហ៊ុននេះផ្តល់សេវាកម្មផែ្នកទំនាក់ទំនងយុទ្ធសាស្រ្ត ដោយប្រមូលទិន្នន័យដើម្បីវិភាគចិត្តសាស្រ្តមនុស្ស និងដើម្បីបង្កើតសារនយោបាយឲ្យចំនឹងចំណង់ចំណូលចិត្តរបស់មនុស្ស។ នៅក្នុងឆ្នាំ២០១៤ ក្រុមហ៊ុននេះបានផ្តល់សេវាកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងតំបន់ចំនួន ៤៤ លើកនៅសហរដ្ឋអាមេរិក។ បន្ទាប់មកនៅ ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននេះ គ្រួសារ Mercer បានចំណាយលុយប្រមាណជាង ១១ លានដុល្លារជួយគាំទ្របេក្ខភាពលោក Ted Cruz ក្នុងយុទ្ធនាការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋ។ ប៉ុន្តែ ជាអកុសល លោក Ted Cruz ពុំមានអ្នកគាំទ្រច្រើនឡើយដោយបានទទួលបរាជ័យចាញ់លោក ដូណាល់ ត្រាំ។ ឃើញស្ថានភាពបែបនេះ គ្រួសារ Mercer បានងាកទៅគាំទ្រលោក ដូណាល់ ត្រាំ វិញ។ គេមិនដឹងថា ក្រុមគ្រួសារ Mercer នេះនៅបន្តមានឥទ្ធិពលលើលោកប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងណាទៀតឡើយ ព្រោះមនុស្សជំនិតម្នាក់របស់គ្រួសារ គឺ Steve Bannon ត្រូវបានលោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែងក្នុងឋានៈជាទីប្រឹក្សាផែ្នកយុទ្ធសាស្រ្តប្រចាំសេតវិមាន។ ប៉ុន្តែ អ្វីដែលគេបានដឹង គឺលោកស្រី Rebekah Mercer ធ្លាប់ជាសមាជិកម្នាក់ក្នុងក្រុមការងារផ្ទេរតំណែង ដើម្បីជួយបង្កើតខុទ្ទកាលល័យឲ្យលោក ដូណាល់ ត្រាំ។ ហើយគ្រួសារ Mercer ក៏ជានៅក្រោយការជ្រើសតាំងទីប្រឹក្សា ក៏ដូចជារដ្ឋមន្រ្តីមួយចំនួនជុំវិញលោក ដូណាល់ ត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ