ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/05 12h00 GMT

តើ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​សិង្ហបូរី Broadcom មិន​អាច​ទិញ​ក្រុមហ៊ុន​អាមេរិក Qualcomm?

តើ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​សិង្ហបូរី Broadcom មិន​អាច​ទិញ​ក្រុមហ៊ុន​អាមេរិក Qualcomm?
 
តើ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​សិង្ហបូរី Broadcom មិន​អាច​ទិញ​ក្រុមហ៊ុន​អាមេរិក Qualcomm? Reuters

ដោយ​ផ្អែក​លើ​អនុសាសន៍​ផ្តល់​ដោយ​គណៈកម្មាធិការជាតិ​​អាមេរិក​ទទួល​បន្ទុក​ត្រួតពិនិត្យ​មើល​ការ​វិនិយោគ​បរទេស​ លោក​ ដូណាល់​ ត្រាំ បាន​ចេញ​ក្រិត្យ​ប្រធានាធិបតី​មួយ ​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​សិង្ហបុរី​ Broadcom ទិញ​ក្រុមហ៊ុន​អាមេរិក​ Qualcomm។ បំរាម​ហាម​ឃាត់​ផ្លូវ​ការ​​នេះ​ គឺ​ដោយ​ផ្អែក​លើ​ហេតុផល​ខ្លាច​​ប៉ះ​ពាល់​សន្តិសុខ​ជាតិ។

សេចក្តី​សំរេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​មិនា​មក​ម្ល៉េះ។ តើ​នេះ​ជា​​ការ​អនុវត្តន៍​នយោបាយ​ការពារ​ខ្លួន​និយម​របស់​សហរដ្ឋ​អាមេរិក?​ តើ​មាន​មូលហេតុ​ផ្សេង​នៅ​ពីក្រោយ​បំរាម​នេះ​ដែរ​ឬទេ?

បន្ទាប់​ពី​ការ​ប្រកាស​ដំឡើង​ពន្ធគយ​លើការនាំ​ចូល​​ដែកថែប​ និងអាលុយមីញូម លោក​​ ដូណាល់​ ត្រាំ បាន​ចុះ​ហត្ថលេខា​ចេញ​ក្រិត្យ​ប្រធានាធិបតី​មួយ​ ដើម្បី​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សិង្ហបូរី​ Broadcom ទិញ​យក​ក្រុមហ៊ុន​អាមេរិក​ Qualcomm។​ តាមពិត​ទៅ​ ក្រុមហ៊ុន​ Broadcom បានប្រកាស​ជា​ផ្លូវការ​ពី​បំណង​ចង់​ទិញ​នេះ​តាំង​ពី​ដើមខែ​វិច្ឆិការ​ ឆ្នាំ​២០១៧​ មក​ម្ល៉េះ។ តំលៃ​ស្នើ​ទិញ​នេះ​ គឺ​ស្ថិត​ក្នុង​រង្វង់​ទឹកប្រាក់ប្រមាណ​ ១៤២​ ពាន់​លាន​ដុល្លារ។​ នេះ​ជា​តំលៃ​ស្នើ​ទិញ​ដ៏​ធំ​មហិមា​មិន​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា។​ តំលៃ​ស្នើ​ទិញ​នេះ​ គឺ​រាប់​បញ្ចូល​តំលៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុនផង​​ និង​តំលៃ​បំណុល​​ប្រមាណ​ ២៥​ ពាន់លានដុល្លារ​ផង។

ជា​បឋម​ យើង​ត្រូវ​ដឹង​ថា​ ក្រុម​សិង្ហ​បុរី Broadcom ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ​ Hock Tan។ ក្រុមហ៊ុន​នេះ​ជំនាញ​ផែ្នក​បច្ចេកវិទ្យា​ Wifi និង​ Bluetooth ជាពិសេស​ គឺ​ការ​ផលិត​ microprocesseur និង​ បំណែក​ផ្គុំ​ផ្សេងៗ​នៃ​​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដៃប្រភេទ smarthphone។ ហើយ​ កាលពី​ឆ្នាំ​២០១៥ តាមរយៈ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Avago Technologies អ្នក​ជំនួញ​ម៉ាឡេស៊ី​រូប​នេះ​បាន​ទិញ​ក្រុមហ៊ុន​ Broadcom ក្នុង​តំលៃ​ ៣៧ ពាន់​លាន​ដុល្លារ។​ ក្រោយ​ពី​ទិញ​បាន​រួច​ហើយ​ ម្ចាស់​ក្រុមហ៊ុន​ថ្មី​នេះ​នៅ​រក្សា​ឈ្មោះ​ក្រុមហ៊ុន​ Broadcom​ ដដែល​។ ភាគច្រើន​នៃ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ស្ថិត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។​ ប៉ុន្តែ​ ទីស្នាក់​ការ​ធំ​របស់​ក្រុមហ៊ុន​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​។

ចំណែក​ ​Qualcomm គឺ​ជា​ក្រុមហ៊ុន​អាមេរិក​មាន​ជំនាញ​ផែ្នក​ផលិ​ត​សៀគ្វី​អេឡិចត្រូនិច​ខ្នាត​តូច។​ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ គឺ​ផលិត​ប្រព័ន្ធ​ semi-conducteur ដែល​ប្រៀប​ដូច​ជា​ខួរ​ក្បាល​សំរាប់​ដំណើរ​ការ​ប្រព័ន្ធ​អេឡិច​ត្រូនិច​។​ អតិថិជន​ធំ​បំផុត​របស់​ក្រុមហ៊ុន​ ​ ​Qualcomm គឺ​ក្រុមហ៊ុន​ Apple។​ និយាយ​រួម​ គឺ​ក្រុមហ៊ុន​នេះ​ជា​អ្នក​បំពាក់បច្ចេកវិទ្យា​ ដើម្បី​ដំណើរ​ការ​ប្រព័ន្ធ​ microprocesseur ​លើ​ទូរស័ព្ទ​ដៃ​ iPhone និង​ផលិតផល អេឡិចត្រូនិច​ផ្សេង​ៗទៀត​របស់​ក្រុមហ៊ុន​ Apple​។ មូល​ហេតុ​ដែល​អ្នក​ជំនួញម៉ាឡេស៊ី​ម្ចាស់​ក្រុមហ៊ុន​ Broadcom ចង់​ទិញ​ក្រុមហ៊ុន​អាមេរិក​ ​Qualcomm គឺ​គាត់​ចង់​ឲ្យ​ក្រុមហ៊ុន​របស់​គាត់​ក្លាយ​ជា​ក្រុមហ៊ុន​យក្ស​លំដាប់​ទីបី​លើ​ពិភពលោក​ជំនាញ​ផែ្នក​ផលិត​ប្រព័ន្ធ​អេឡិច​ត្រូនិក semi-conducteur។ ហើយ​គាត់​រំពឹង​ថា​ នាពេល​អនាគត​ ក្រុមហ៊ុន​នេះ​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ ៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​ សព្វ​ថ្ងៃ​នេះ​ មាន​ក្រុមហ៊ុន​ធំ​ពីរ​កំពុង​ដឹកមុខ​គេ​ផែ្នក​ប្រព័ន្ធ​ microprocesseur ។

គឺ​ក្រុមហ៊ុនអាមេរិក Intel និង​ក្រុមហ៊ុនកូរ៉េ​ខាង​ត្បូង Samsung។ ចំណុច​មួយ​ទៀត​ គឺ​ក្រុមហ៊ុន​ Broadcom បាន​មើល​ឃើញ​ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន​អាមេរិក​ Qualcomm។​ ក្រៅ​ពី​កំពុង​ជាប់​បំណុល​វ័ណ្ឌ ក​ ក្រុមហ៊ុន​អាមេរិក​ Qualcomm កំពុង​តែ​រុំ​រឹត​ដោយសារ​តែ​បណ្តឹង​ពី​សំណាក់​ក្រុមហ៊ុន​ Apple ផង​ និង​ពី​សំណាក់​អាជ្ញាធរ​ត្រួត​ពិនិត្យ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន។​ ក្រុមហ៊ុន​ Apple បាន​ចោទ​ក្រុមហ៊ុន​ Qualcomm ថា​បាន​ទាមទារ​តំលៃ​បង់​ភាស៊ី​ថ្លៃ​ហួស​ហេតុ​លើ​អាជ្ញាប័ណ្ណ​ប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិច​របស់​ខ្លួន។​ ជា​ការ​សង​សឹក​ ក្រុមហ៊ុន​ Qualcomm ក៏​បាន​ប្តឹង​បក​ទៅ​ក្រុមហ៊ុន​ Apple ពី​បទ​ពុំ​បាន​គោរព​ការ​បង់​ថ្លៃ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន។ ទន្ទឹម​គ្នា​នោះ​ដែរ​ ក្រុមហ៊ុន​ Qualcomm ក៏​កំពុង​រង​បណ្តឹង​ពីអាជ្ញាធរ​នៅ​តាម​ប្រទេស​មួយ​ចំនួន។

តួយ៉ាង​ដូចជា​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ តៃវ៉ាន់​ និង​ចិន​ ជាដើម​ អាជ្ញាធរ​ត្រួត​ពិនិត្យ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​របស់​ប្រទេស​នោះ​បាន​សំរេច​ចិត្ត​ផាក​ពិន័យ​ក្រុមហ៊ុន​ Qualcomm។​ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​កំពុង​តែ​រំលោភ​បំពាន​លើ​ដៃគូ​​អាជីវកម្ម។​ ដោយ​សារ​តែ​សំអាង​លើ​ការ​ផ្តាច់​មុខ​ផែ្នក​បច្ចេកវិទ្យា​ជាន់​ខ្ពស់​នៃ​ប្រព័ន្ធ​ microprocesseur របស់ខ្លួន​ ក្រុមហ៊ុន​ Qualcomm តែង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ទាមទារ​ថ្លៃ​ខ្ពស់​ពី​សិទ្ធិ​លក់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូស័ព្ទ​ដៃ​ចល័ត​ប្រភេទ ​smarthphone។

ជាទូទៅ​ មុន​នឹង​លក់​ក្រុមហ៊ុន​របស់​ខ្លួន​ រាល់​ក្រុមហ៊ុន​ឯកជនអាមេរិកទាំង​អស់​ត្រូវ​ឆ្លង​កាត់​សេចក្តី​សំរេច​ចិត្ត​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​អាមេរិក​ត្រួត​ពិនិត្យ​ការ​វិនិយោគ​បរទេស​ជាមុន​សិន។​ គណៈកម្មាធិការ​នេះ​មាន​សមាជិក​មក​ពី​​តំណាង​ក្រសួង​ និង​ទីភ្នាក់​ងារ​សហព័ន្ធ​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក។ ក្រិត្យ​ប្រធានាធិបតី​ខុស​ពី​សេចក្តី​សំរេច​ធម្មតា​របស់​គណៈកម្មាធិការ​ជាតិ​អាមេរិក​ ។​ ក្នុង​ករណី​សំណុំ​រឿង​ក្រុមហ៊ុន​សិង្ហបុរី Broadcom និង​ក្រុមហ៊ុន​អាមេរិក Qualcomm សេចក្តី​សំរេច​ពី​ប្រធានាធិបតី​មាន​លក្ខណៈ​ជា​ស្ថាពរ​។ ពោល គឺ​គ្មាន​សិទ្ធិ​ស្នើ​សុំ​ការ​ពិចារណា​ម្តង​ទៀត​ ឬ​សុំ​ប្តឹង​ជំទាស់​ឡើយ។​

បើ​តាមការ​វិភាគ​ទូទៅ​ ​ការ​រាំង​ខ្ទប់​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ឡើង​របស់​សហរដ្ឋ​អាមេរិក​ ដែល​ខ្លាច​ចាញ់​ប្រទេស​ចិន​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ផែ្នក​បច្ចេកវិទ្យា​នា​ថ្ងៃ​អនាគត។ សហរដ្ឋ​អាមេរិក​ខ្លាច​ថា​​ ក្រោយពី​ទិញ​ក្រុមហ៊ុន​ ​ Qualcomm បាន​ហើយ​ ក្រុមហ៊ុន​ Broadcom បោះចង់​ចោល​គំរោង​វិនិយោគ​លើបច្ចេកវិទ្យា​​ប្រព័ន្ធ​ 5G។ បច្ចុប្បន្ននេះ​ ដោយសារ​តែ​ចំណាយ​ខ្ពស់​ពេក​​ ក្រុមហ៊ុន​ ​ Qualcomm ចង់​បោះ​បង់​ចោល​គំរោង​ស្រាវជ្រាវ​អភិវឌ្ឈន៍​បង្កើត​ប្រព័ន្ធ​ 5G។ នេះ​​ជា​បច្ចេកវិទ្យាថ្មី​សំរាប់​ថ្ងៃ​អនាគត​ ដែល​​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​​នឹងយក​ទៅ​​​ប្រើប្រាស់​សំរាប់​បណ្តាញ​អ៊ីនធឺណែត​ទូរស័ព្ទ​ដៃ ឬ​រថយន្ត​គ្មាន​មនុស្ស​បើក។​ បើ​យោង​តាម​សេណារីយ៉ូ​នេះ​ គឺ​សហរដ្ឋ​អាមេរិក​ខ្លាច​ក្រុមហ៊ុន​ចិន Huawei គ្រប់​គ្រង​បច្ចេកវិទ្យា​នេះ​ដាច់​មុខ​គ្មាន​គូប្រជែង​នៅ​លើ​ទីផ្សារ​អាមេរិក៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ