អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រេស៊ីល៖​លោកលូឡា​ត្រូវ​បញ្ចប់​ជីវិតនយោបាយ​នៅ​ក្នុង​ពន្ធនាគារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ប្រេស៊ីល តុលាការកំពូល​បាន​ចេញ​សេចក្តីសម្រេច​ដោយ​ឲ្យ​លោក​អតីត​ប្រធានាធិបតី​លូឡា​ត្រូវ​តែ​ជាប់​ពន្ធនាគារ​ដូច​ដែល​សាលាឧទ្ធរណ៍​បាន​សម្រេច​កាល​ពី​ថ្ងៃទី២៤ មករា។ មាន​អាយុ ៧២ឆ្នាំ និង​ធ្លាប់​បាន​កាន់​តំណែង​ប្រធានាធិបតី​ប្រេស៊ីល​ចំនួន ២អាណត្តិ​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០ លោក​លូឡា​បាន​ជាប់​ចោទ​ក្នុង​បទ​ពុករលួយ​ដែល​ត្រូវ​ដេក​គុក​ចំនួន ១២ឆ្នាំ និង ១ខែ។ សេចក្តី​សម្រេច​របស់​តុលាការកំពូល​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ប្រេស៊ីល​ត្រៀម​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​ខែ​តុលា និង​ដែល​លោក​លូឡា​កំពុង​ឈរ​ឈ្មោះ​ជា​ថ្មី។

លោក​លូឡា អតីត​ប្រធានាធិបតី​ប្រេស៊ីល
លោក​លូឡា អតីត​ប្រធានាធិបតី​ប្រេស៊ីល Reuters
ផ្សាយពាណិជ្ជកម្ម

តាម​ទ្រឹស្តី ផ្លូវ​តវ៉ា​ជា​ផ្លូវការ​របស់​លោក​លូឡា​ប្រហែល​ជា​ចប់​ត្រឹម​នេះ។ គួរ​រម្លឹក​ជូន​ឡើង​ថា មុន​នឹង​រឿងរ៉ាវ​របស់​លោក​លូឡា​បាន​ធ្លាក់​ដល់​កណ្តាប់ដៃ​របស់​ក្រុម​ចៅក្រម​នាំ​តុលាការកំពូល ក្រុម​មេធាវី​របស់​លោក​លូឡា​បាន​ប្រើ​គ្រប់​ផ្លូវ​តុលាការ​ទាំង​អស់​ដើម្បី​ព្យាយាម​លើក​ការ​ចោទ​ប្រកាន់​ក្នុង​បទ​ពុករលួយ​ពី​លោក​លូឡា។ នៅ​ក្នុង​ជំហាន​ដំបូង លោក​លូឡា​ត្រូវ​បាន​សាលាដំបូង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៩ឆ្នាំ និង ៦ខែ។ បន្ទាប់​មក លោក​លូឡា​ក៏​បាន​ប្តឹង​ឧទ្ធរណ៍ តែ​សាលាឧទ្ធរណ៍​បែរ​ជា​បន្ថែម​ទោស​ដាក់​ពន្ធនាគារ​លើ​លោក​លូឡា​ដល់​ទៅ ១២ឆ្នាំ និង​១ខែ។ បន្ទាប់​មក​ទៀត លោក​លូឡា​ក៏​បាន​បន្ត​ប្តឹង​ទៅ​តុលាការ​កំពូល​ដែល​ជា​ផ្លូវ​តវ៉ា​ចុង​ក្រោយ។

ទីបំផុត តុលាការកំពូល​បាន​ចេញ​សេចក្តីសម្រេច​តម្កល់​ទោស​ដែល​សម្រេច​ដោយ​សាលាឧទ្ធរណ៍ ពោល​តម្រូវ​ឲ្យ​លោក​លូឡា​ត្រូវ​តែ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ និង​១ខែ។ សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ចំណោម​ចៅក្រម​ទាំង ១១រូប​នៃ​តុលាការកំពូល​ដែល​បាន​ជជែក​ពិភាក្សា​ដេញ​ដោល​គ្នា​យ៉ាង​តានតឹង​ដោយ​ប្រើ​ពេល​ពេញ​មួយ​រសៀល​ថ្ងៃ​ពុធ ទី៤មេសា រួច​អូស​បន្លាយ​ពេល ១១ម៉ោង​បន្ថែម​រហូត​ដល់​ម៉ោង​១ភ្លឺ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មេសា មាន ៥នាក់​បាន​បោះឆ្នោត​ឲ្យ​លោក​លូឡា​រួច​ខ្លួន និង​៦នាក់​បាន​បោះឆ្នោត​ឲ្យ​លោក​លូឡា​ដេកគុក។  មាន​ព័ត៌មាន​លេច​ឮ​ថា លោក​លូឡា​អាច​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ថ្ងៃ​អង្គារ ទី១០ មេសា​សប្តាហ៍​ក្រោយ។

លោក​លូឡា​បន្ត​ចាត់​ទុក​ការ​ចោទប្រកាន់​លើ​លោក​ថា​មាន​លក្ខណៈ​នយោបាយ

គេ​អាច​និយាយ​បាន​ថា មាន​អាយុ៧២ឆ្នាំ លោក​លូឡា​ប្រហែល​ជា​ចៀស​មិន​ផុត​ពី​ការ​បញ្ចប់​ជីវិត​នយោបាយ​នៅ​ក្នុង​ពន្ធនាគារ​ទេ។ លោក​លូឡា​ដែល​ធ្លាប់​កាន់​តំណែងប្រធានាធិបតី​ប្រេស៊ីល​ចំនួន ២អាណត្តិ​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០ បាន​ជាប់ចោទ​ពី​បទពុករលួយ និង​លាងលុយកខ្វក់​មួយ​ចំនួន តែ​អំពើ​ពុករលួយ​ដែល​សាលាដំបូង បន្ទាប់​មក​សាលាឧទ្ធរណ៍​បាន​កាត់​ទោស​ដាក់​គុក​លោក​លូឡា គឺ​ទាក់ទង​នឹង​ការ​ដែល​លោក​លូឡា​បាន​ទទួល​ផ្ទះ​មួយ​ខ្នង​នៅ​មាត់សមុទ្រ​ពី​ក្រុមហ៊ុន​សំណង់​មួយ​ជា​ថ្នូរ​នឹង​ការ​ប្រគល់​កុងត្រា​ទីផ្សារ​សាធារណៈ​មួយ​ពី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​រដ្ឋ​ឈ្មោះ Petrobras។ ក្រៅ​ពី​សំណុំរឿង​មួយ​នេះ​ដែល​តុលាការ​បាន​អះអាង​ថា​មាន​ភស្តុតាង​គ្រប់គ្រាន់ លោក​លូឡា​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ ឬ​មិនផ្ទាល់​នៅ​ក្នុង​មហា​បណ្តាញ​ពុករលួយ​ផ្សេង​ទៀត​ដែរ។

តែ​ជា​រឿយៗ លោក​លូឡា​បាន​ចេញ​មុខ​បដិសេធ​ជា​ផ្លូវការ​ដោយ​បាន​លើក​ឡើង​ពី​កង្វះ​ភស្តុតាង និង​ថា រឿងរ៉ាវ​ផ្ទះ​នៅ​មាត់​សមុទ្រ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហើយ​លោក​ក៏​មិន​ដែល​បាន​ទទួល​កូនសោ​ផ្ទះ​នោះ សូម្បី​តែ​ស្នាក់​នៅ​មួយ​យប់​ក៏​គ្មាន​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​លូឡា​ក៏​មិន​ញញើត​នឹង​បរិហារ​លើ​សាលក្រម​របស់​តុលាការ​ដែល​លោក​យល់​ថា មាន​លក្ខណៈ​នយោបាយ​ក្នុង​គោលដៅ​រារាំង​លោក​មិន​ឲ្យ​វិល​ត្រឡប់​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី៣។ សូម​ជម្រាប​ជូន​ថា ប្រេស៊ីល​ត្រូវ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នា​ខែ​តុលាការ ឆ្នាំ ២០១៨ ហើយ​លោក​លូឡា​ជា​បេក្ខជន​ម្នាក់​ដែល​កំពុង​បន្ត​មាន​ប្រប្រិយភាព​ខ្ពស់​អាច​នឹង​ជាប់​ឆ្នោត​ជា​ថ្មី។ តែ​ពេល​នេះ ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​គុក​ប្រហែល​ជា​ធំ​ជាង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​វិមាន​ប្រធានាធិបតី​ដែល​លោក​លូឡា​បាន​សង្ឃឹម​ទុក។

សេចក្តីសម្រេច​របស់​តុលាការកំពូល​នឹង​ធ្វើ​ឲ្យ​ប្រេស៊ីល​ប្រេះឆា​កាន់​តែ​ខ្លាំង

ខុស​ពី​ទម្លាប់​សព្វមួយ​ដង លោក​លូឡា​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​សេចក្តីសម្រេច​របស់​តុលាការកំពូល​នៅ​ឡើយ​ទេ។ តែ​បរិយាកាស​ទូទៅ​នៅ​ប្រេស៊ីល​ហាក់​មាន​ភាព​អាប់អួរ​ខ្លាំង ព្រោះ​ចង់ ឬ​មិន​ចង់ សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ពេល​នេះ​បាន​ធ្វើ​សង្គម​ប្រេស៊ីល​ដែល​កំពុង​មាន​ស្នាម​ប្រេះស្រាំ​ស្រាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៤ រឹតតែ​ប្រេះស្រាំ​កាន់​តែ​ជ្រៅ​ថែម​ទៀត។ ការ​ប្រេះស្រាំ​មិន​មាន​តែ​នៅ​ក្នុង​មជ្ឈដ្ឋាន​មហាជន​ប្រេស៊ីល​ទូទៅ​រវាង​ក្រុម​សកម្មជន​ប្រឆាំង និង​ក្រុម​សកម្មជន​គាំទ្រ​លោក​លូឡា​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ក៏​មាន​ការ​បែកបាក់​ដែរ។ ក្នុង​ចំណោម​ចៅក្រម​នៃ​តុលាការកំពូល​ទាំង ១១នាក់ មាន​៥នាក់​បាន​គាំទ្រ​លោក​លូឡា និង ៦នាក់​បាន​ប្រឆាំង​លោក​លូឡា។

ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ គឺ​ជំហរ​ដែល​គេ​កម្រ​បាន​ឃើញ និង​បាន​ឮ​ពី​ស្ថាប័ន​កងទ័ព​ទាក់ទង​នឹង​ការ​សម្រេច​របស់​តុលាការកំពូល​ពេល​នេះ។ មេបញ្ជាការ​កងទ័ព​ឧត្តមសេនីយ Eduardo Villas-Boas បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញ​សង្គម Twitter នា​ថ្ងៃទី៣ មេសា​ថា លោក​ចូលរួម​ចែក​រំលែក​អារម្មណ៍​របស់​ប្រជាជន​ប្រេស៊ីល​ដែល​យល់​ឃើញ​ថា អ្នក​ដែល​មាន​កំហុស​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់។ ទោះ​បី​ជា​ឧត្តមសេនីយ​រូប​នេះ​មិន​និយាយ​ចំ​ឈ្មោះ​លោក​លូឡា​ក៏​ដោយ​ក៏​ប្រតិកម្ម​របស់​គាត់​នាំ​ឲ្យ​មាន​ការ​លើក​ឡើង​ថា កងទ័ព​ហាក់​បាន​លូក​ដៃ​ចូល​ឆាក​នយោបាយ​ជា​ថ្មី ក្រោយ​ពី​ប្រេស៊ីល​បាន​បិទបញ្ចប់​របប​ផ្តាច់ការ​យោធា​ពី​ឆ្នាំ ១៩៦៤ ដល់​ឆ្នាំ ១៩៨៥។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International បាន​យល់​ឃើញ​ថា ចំណាប់អារម្មណ៍​របស់​ឧត្តមសេនីយ​ Eduardo ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ឯករាជ្យ​នៃ​អំណាច និង​ជា​ការ​គំរាមកំហែង​ដល់​រដ្ឋ​ប្រជាធិបតេយ្យ។ ចូរ​កុំ​ភ្លេច​ថា ក្រោម​ការ​ដឹក​នំា​របស់​លោក​លូឡា​ក្នុង​រយៈពេល​៨ឆ្នំា ប្រេស៊ីល​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​១ ក្នុង​តំបន់ និង​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៨ ក្នុង​លោក។ ជាមួយ​នឹង​ការ​អនុវត្តន៍​កម្មវិធី « Bolsa Famillia » ឬ « អាហារូបករណ៍​គ្រួសារ » រយៈពេល ៨ឆ្នាំ​របស់​លោក​លូឡា មាន​ប្រជាជន​ប្រេស៊ីល​ចំនួន ២៩លាននាក់​បាន​ងើប​ផុត​ពី​ភាព​ក្រីក្រ និង​បាន​ក្លាយ​ជា​អ្នក​មាន​ជីវភាព​មធ្យម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ