សិទ្ធិពលរដ្ឋរបស់ជនជាតិអាមេរិកស្បែកខ្មៅនៅពុំទាន់រីកចំរើននៅឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៤៨
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រារព្ធពិធីរំលឹកខួប ៥០ ឆ្នាំ ក្រោយការបាញ់ប្រហារសម្លាប់លោក Martin Luther King។ គាត់ត្រូវបានគេចាត់ជានិមិត្តរូបការពារសិទ្ធិជូនជនជាតិអាមេរិកស្បែកខ្មៅ។ នាឱកាសនោះ ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP និងមជ្ឈមណ្ឌលស្រាវជ្រាវមតិជាតិ (National Opinion Research Center) ប្រចាំសាកលវិទ្យាល័យ Chicago បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិមួយ។ គោលបំណង គឺចង់ដឹងមតិយោបល់ពលរដ្ឋអាមេរិកចំពោះការទទួលបានសិទ្ធិស្មើគ្នាក្នុងសង្គមរវាងពលរដ្ឋអាមេរិកស្បែក ស និងស្បែកខ្មៅ។ លទ្ធផលនៃការស្ទង់មតិបានឲ្យដឹងថា ពលរដ្ឋអាមេរិកស្បែកខ្មៅនៅតែយល់ឃើញថាពុំទាន់មានអ្វីរីកចំរើនឲ្យបានជាដុំកំភួនឡើយជុំវិញសិទ្ធិពលរដ្ឋរបស់ពួកគេ។
ការសិក្សាស្ទង់មតិនេះត្រូវបានធ្វើឡើងចន្លោះពីថ្ងៃទី១៥ ដល់ទី១៩ ខែកុម្ភៈកន្លងទៅនេះ។ មានពលរដ្ឋអាមេរិកពេញវ័យទាំងស្បែក ស ទាំងស្បែកខ្មៅសរុបចំនួន ១ ៣៣៧ នាក់បានស្ម័គ្រចិត្តឆ្លើយសំណួរតាមទូរស័ព្ទ និងតាមអ៊ិនធើណេត។ គម្លាតកំហុសនៃចម្លើយស្ទង់មតិនេះមានប្រមាណ ៣,៩%។ ក្នុងចំណោមអ្នកចូលរួមឆ្លើយសំណួរ ក្នុងនោះមានជនជាតិអាមេរិកស្បែកខ្មៅចំនួន ៣៨៨ នាក់។ ចំនួនចូលរួមនេះត្រូវបានក្រុមអ្នកវិភាគគិតថា មានកំរិតខ្ពស់ បើប្រៀបធៀបនឹងសំណាកតំណាងឲ្យភាគរយប្រជាជនអាមេរិកស្បែកខ្មៅសរុបក្នុងក្របខ័ណ្ឌនៃការសិក្សាស្រាវជ្រាវនេះ។
ចំណោទបញ្ហានៃការស្ទង់មតិនេះគឺចង់ដឹងថា តើពលរដ្ឋទាំងនោះមានសិទ្ធិស្មើភាពបែបណាក្នុងការទទួលបានសិទ្ធិកាន់កាប់លំនៅដ្ឋាន? តើពួកគេមានអ្នកតំណាងចូលរួមប្រឡូកក្នុងឆាកនយោបាយបែបណា? ចំណោទបញ្ហាទាំងនេះ គឺក្នុងន័យចង់ដឹងពីស្ថានភាពទូទៅរបស់ពលរដ្ឋអាមេរិកស្បែកខ្មៅក្នុងសង្គមអាមេរិក។ ទន្ទឹមគ្នានោះផងដែរ ប្រធានបទសំខាន់ចំនួនបីត្រូវបានចោទសួរទៅកាន់អ្នកចូលរួមឆ្លើយសំណួរស្ទង់មតិ។ ក្នុងនោះមាន៖ ១)ទំនាក់ទំនងជាមួយមន្រ្តីនគរបាល ២)ប្រព័ន្ធយុត្តធម៌ និង៣)សិទ្ធិបោះឆ្នោត។ សំដីមួយម៉ាត់របស់លោក Martin Luther King ដែលបានពោលកាលពីឆ្នាំ១៩៦៣ ថា ខ្ញុំមានក្តីសុបិន (I have a dream) នៅតែដក់ជាប់ជានិច្ចក្នុងចិត្តក្រុមអ្នកតស៊ូមតិទាមទារសិទ្ធិពលរដ្ឋអាមេរិកស្បែកខ្មៅ។
សំរាប់ក្រុមចលនានេះ អំពើហឹង្សាពីសំណាក់មន្រ្តីនគរបាលមកលើសហគមន៍ជនជាតិអាមេរិកស្បែកខ្មៅនៅតែជាជំងឺរ៉ាំរ៉ៃមួយក្នុងសង្គមអាមេរិក។ គិតមកដល់ពេលនេះ គេមិនងាយទទួលបានឡើយនូវទិន្នន័យជុំវិញករណីអន្តរាគមន៍ណាមួយពីសំណាក់មន្រ្តីប៉ូលីសមកលើពលរដ្ឋអាមេរិកស្បែកខ្មៅ។ ដូចនេះ គេពិបាកដឹងថាតើមន្រ្តីបានចាត់វិធានការណ៍បែបណាឲ្យបានប្រសើរចៀសវាងអំពើហឹង្សាមកលើពលរដ្ឋអាមេរិកស្បែកខ្មៅ។ ប៉ុន្តែ រយៈពេលកន្លងមកនេះ មានការសិក្សាស្រាវជ្រាវជាច្រើនបានប្រមូលព័ត៌មានពីប្រភពចំនួនពីរ ដើម្បីវាយតម្លៃពីសមភាពពូជសាសន៍។ ទីមួយ គឺប្រភពរដ្ឋាភិបាលថ្នាក់សហព័ន្ធ។ ទិន្នន័យទាំងនោះ គឺពាក់ព័ន្ធនឹងករណីបទល្មើសច្បាប់ចរាចរណ៍នៅគ្រប់បណ្តារដ្ឋទាំងអស់។ ទីពីរ គឺប្រភពការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ទាក់ទងនឹងករណីឃាត់ខ្លួនជនល្មើសទូទៅ។ លទ្ធផលនៃការសិក្សាទាំងនោះបានបង្ហាញឲ្យដឹងថា ពលរដ្ឋអាមេរិកស្បែកខ្មៅងាយរងគ្រោះខ្លាំងណាស់ និងតែងទទួលការរើសអើងពីសំណាក់មន្រ្តីនគរបាលពេលចុះឃាត់រថយន្តតាមផ្លូវក្នុងករណីបទល្មើសចរចារណ៍ ឬពេលចាប់ខ្លួនក្នុងករណីបទល្មើសអ្វីមួយ។ ផ្អែកលើការសិក្សាមួយទៀតរបស់សាកលវិទ្យាល័យ Standford បានឲ្យដឹងថា បើប្រៀបធៀបនឹងជនស្បែក ស អ្នកបើកបរស្បែកខ្មៅមានភាគរយខ្ពស់ដែលត្រូវមន្រ្តីនគរបាលហៅរថយន្តឈប់ ទទួលការផាកពិន័យ ឬត្រូវចាប់ឃាត់ខ្លួន។
ចំពោះប្រព័ន្ធយុត្តិធម៌វិញ កាលពី ៥០ ឆ្នាំមុន ចំនួនអ្នកទោសស្បែកខ្មៅមានកំរិត ៥ ដងប៉ុណ្ណោះខ្ពស់ជាងចំនួនអ្នកទោសស្បែក ស។ ប៉ុន្តែ បច្ចុប្បន្ន ចំនួននេះបានកើនឡើងរហូតទៅដល់ ៨ ដង។ ចំពោះសិទ្ធិបោះឆ្នោតវិញ កាលពីឆ្នាំ២០១៦ ទិន្នន័យបានបង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកចំនួនជាង ៦ លាននាក់បានបាត់បង់សិទ្ធិបោះឆ្នោត។ ក្នុងចំណោមនោះ ភាគច្រើនជាជនជាតិអាមេរិកស្បែកខ្មៅ។ គួរដឹងផងដែរ នៅសហរដ្ឋអាមេរិក ប្រសិនបើពលរដ្ឋណាម្នាក់ធ្លាប់មានទោសឧក្រិដ្ឋ បុគ្គលនោះនឹងបាត់បង់សិទ្ធិបោះឆ្នោតហើយ។
ឆ្លងតាមការវិភាគលទ្ធផលស្ទង់មតិបានបង្ហាញឲ្យឃើញថា ៥០ ឆ្នាំក្រោយការសម្លាប់លោក Martin Luther King ពលរដ្ឋអាមេរិកទូទៅនៅតែយល់ឃើញថា គម្លាតសិទ្ធិសេរីភាពរវាងពលរដ្ឋស្បែក ស និងស្បែកខ្មៅនៅតែបន្តមានក្នុងសង្គមអាមេរិក។ ក្រុមចំណោមអ្នកឆ្លើយតបសំណួរជាពលរដ្ឋអាមេរិកស្បែកខ្មៅ ភាគច្រើនបានបង្ហាញទស្សនៈថា មានការរីកចំរើនតិចតួចប៉ុណ្ណោះ ឬស្ទើរតែពុំមានតែម្តងចំពោះការទទួលបានសិទ្ធិស្មើភាពគ្នាចំពោះបញ្ហាសង្គមនានា ដែលចលនាទាមទារសិទ្ធិពលរដ្ឋបានស្រែកទាមទារជាយូរមកហើយ។ ផ្ទុយទៅវិញ ក្រុមអ្នកឆ្លើយតបសំណួរជាពលរដ្ឋស្បែក ស បានយល់ឃើញថា ចង់មិនចង់ក៏មានការរីកចំរើនជាវិជ្ជមានខ្លះដែរ។ ហើយពួកគេនៅតែមានសុទិដ្ឋិនិយមចំពោះការរីកចំរើនទៅថ្ងៃអនាគត។ យោងតាមការវិភាគលើទិន្នន័យដាច់ដោយឡែកមួយផ្សេងទៀតរបស់ទីភ្នាក់ងារសារព័ត៌មាន AP បានសន្និដ្ឋានថា ការរីកចំរើនពិតជាមានតិចតួចប្រាកដមែនចំពោះសិទ្ធិទាមទារកន្លងមកពីសំណាក់ក្រុមពលរដ្ឋអាមេរិកស្បែកខ្មៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ