ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT

សិទ្ធិពលរដ្ឋរបស់ជនជាតិអាមេរិកស្បែកខ្មៅនៅពុំទាន់រីកចំរើននៅឡើយ

សិទ្ធិពលរដ្ឋរបស់ជនជាតិអាមេរិកស្បែកខ្មៅនៅពុំទាន់រីកចំរើននៅឡើយ
 
ប្រជាជន​អាមេរិក​នាំគ្នា​ជាច្រើន​ពាន់​នាក់​មកជួបជុំគ្នា​នៅ​ឱកាស​ខួប​៥០​ឆ្នាំ​ក្រោយ​ការ​សម្លាប់​លោក ​Martin Luther King​ នៅ Memphis, Tennessee សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​៤​មេសា​២០១៨។​ REUTERS/Karen Pulfer Focht

កាលពី​សប្តាហ៍​មុន​ សហរដ្ឋអាមេរិក​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​ ៥០ ឆ្នាំ​ ក្រោយ​ការ​បាញ់​ប្រហារ​សម្លាប់​លោក​ Martin Luther King។ ​គាត់​ត្រូវ​បាន​គេ​ចាត់​ជា​និមិត្ត​រូបការពារ​សិទ្ធិ​ជូន​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។​ នា​ឱកាស​នោះ​ ​ទីភ្នាក់​ងារ​សារព័ត៌មាន​អាមេរិក​ AP និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មតិ​ជាតិ​ (National Opinion Research Center) ប្រចាំ​សាកល​វិទ្យាល័យ Chicago បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​​ការ​ស្ទង់​មតិ​មួយ​។ ​គោល​បំណង គឺ​​ចង់​ដឹង​មតិ​យោបល់​​ពលរដ្ឋ​អាមេរិក​ចំពោះ​ការ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​សង្គម​រវាង​ពលរដ្ឋ​អាមេរិក​ស្បែក​ ស​ និង​ស្បែក​ខ្មៅ។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​នៅ​តែ​យល់​ឃើញ​ថា​ពុំ​ទាន់​មាន​អ្វី​រីកចំរើន​ឲ្យ​បាន​ជា​ដុំ​កំភួន​ឡើយ​ជុំវិញ​សិទ្ធិ​ពលរដ្ឋ​របស់​ពួក​គេ។​

ការ​សិក្សា​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់​ទី​១៩ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។​ មាន​ពលរដ្ឋ​អាមេរិក​ពេញ​វ័យ​ទាំង​ស្បែក​ ស ទាំង​ស្បែក​ខ្មៅ​សរុប​ចំនួន​ ១ ៣៣៧ នាក់​បាន​ស្ម័គ្រ​ចិត្ត​ឆ្លើយ​សំណួរ​តាម​ទូរស័ព្ទ​ និង​តាម​អ៊ិនធើណេត។​ គម្លាត​កំហុស​នៃ​ចម្លើយ​ស្ទង់​មតិ​នេះ​មាន​ប្រមាណ​ ៣,៩%។ ក្នុង​ចំណោម​អ្នក​ចូល​រួម​ឆ្លើយ​សំណួរ​ ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ចំនួន​ ៣៨៨ នាក់។​ ចំនួន​ចូលរួម​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​​គិតថា​ មាន​កំរិត​ខ្ពស់​ បើ​ប្រៀបធៀប​នឹង​សំណាក​តំណាង​ឲ្យ​ភាគរយ​ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ​សរុប​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ។​

ចំណោទ​បញ្ហា​នៃ​ការ​ស្ទង់​មតិ​នេះ​គឺ​ចង់​ដឹង​ថា ​តើ​​ពលរដ្ឋ​ទាំង​នោះ​មាន​សិទ្ធិ​ស្មើ​ភាព​បែប​ណា​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​កាន់​កាប់​លំនៅ​ដ្ឋាន?​ តើ​ពួក​គេ​មាន​អ្នក​តំណាង​ចូល​រួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បែប​ណា?​ ចំណោទ​បញ្ហា​ទាំង​នេះ​ គឺ​ក្នុង​ន័យ​ចង់​ដឹង​ពី​ស្ថានភាព​ទូទៅ​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ក្នុង​សង្គម​អាមេរិក។ ទន្ទឹម​គ្នា​នោះ​ផង​ដែរ​ ប្រធាន​បទ​សំខាន់​ចំនួន​បី​ត្រូវ​បាន​ចោទ​សួរ​ទៅកាន់​អ្នក​ចូលរួម​ឆ្លើយ​សំណួរ​ស្ទង់​មតិ។​ ក្នុង​នោះ​មាន​៖ ១)ទំនាក់​ទំនង​ជាមួយ​មន្រ្តី​នគរបាល ២)ប្រព័ន្ធ​យុត្តធម៌ និង​៣)សិទ្ធិ​បោះឆ្នោត។​ សំដី​មួយ​ម៉ាត់​​របស់​លោក​ Martin Luther King ដែល​បាន​ពោល​កាល​ពី​ឆ្នាំ​១៩៦៣​ ថា​ ខ្ញុំ​មាន​ក្តី​សុបិន​ (I have a dream) នៅ​តែ​ដក់​ជាប់​ជានិច្ច​ក្នុង​ចិត្ត​ក្រុម​អ្នក​តស៊ូ​មតិ​ទាម​ទារ​សិទ្ធិ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ។​

សំរាប់​ក្រុម​ចលនា​នេះ​ អំពើ​ហឹង្សា​ពី​សំណាក់​មន្រ្តី​នគរបាល​មក​លើ​សហគមន៍​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​នៅ​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ក្នុង​សង្គម​អាមេរិក។​ គិត​មក​ដល់​ពេល​នេះ​ គេ​មិន​ងាយ​ទទួល​បានឡើយ​នូវ​​ទិន្នន័យ​ជុំវិញ​​ករណី​អន្តរាគមន៍​ណាមួយ​ពី​សំណា​ក់​មន្រ្តី​ប៉ូលីស​មក​លើ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​។​ ដូចនេះ​ គេ​ពិបាក​ដឹង​ថា​តើ​មន្រ្តី​បាន​ចាត់​វិធាន​ការណ៍​បែប​ណា​ឲ្យ​បាន​ប្រសើរ​ចៀស​វាង​អំពើ​ហឹង្សា​មក​លើ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ។​ ប៉ុន្តែ រយៈ​ពេល​កន្លង​មក​នេះ​ មាន​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ចំនួន​ពីរ ដើម្បី​វាយ​តម្លៃ​ពី​សមភាព​ពូជសាសន៍​។​ ទីមួយ​ គឺ​ប្រភព​រដ្ឋាភិបាល​ថ្នាក់​សហព័ន្ធ។​ ទិន្នន័យ​ទាំង​នោះ​ គឺ​ពាក់​ព័ន្ធ​នឹង​ករណី​បទល្មើស​ច្បាប់​ចរាចរណ៍នៅ​គ្រប់​បណ្តា​រដ្ឋ​ទាំង​អស់។​ ទីពីរ​ គឺ​ប្រភព​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ (FBI) ទាក់​ទងនឹង​ករណី​ឃាត់​ខ្លួន​ជន​ល្មើស​ទូទៅ។​ លទ្ធផល​នៃ​ការ​សិក្សា​ទាំង​នោះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ងាយ​រង​គ្រោះខ្លាំង​ណាស់​​ និង​តែង​ទទួល​ការ​រើស​អើង​ពី​សំណាក់​មន្រ្តី​នគរបាល​ពេល​ចុះ​ឃាត់​រថយន្ត​តាម​ផ្លូវ​ក្នុង​ករណី​បទ​ល្មើស​ចរចារណ៍ ឬ​ពេល​ចាប់​ខ្លួន​ក្នុង​ករណី​បទ​ល្មើស​អ្វី​មួយ។ ផ្អែក​លើ​ការ​សិក្សា​មួយ​ទៀត​របស់​សាកល​វិទ្យា​ល័យ​ Standford បាន​ឲ្យ​ដឹង​ថា​ បើ​ប្រៀប​ធៀប​នឹង​ជន​ស្បែក​ ស អ្នក​បើក​បរ​ស្បែក​ខ្មៅ​មាន​ភាគរយ​ខ្ពស់​ដែល​ត្រូវ​មន្រ្តី​នគរបាល​ហៅរថយន្ត​​ឈប់​ ទទួល​ការ​ផាក​ពិន័យ​ ឬ​ត្រូវ​ចាប់​ឃាត់​ខ្លួន។​

ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​វិញ​ កាលពី​ ៥០ ឆ្នាំ​មុន​ ចំនួន​អ្នក​ទោសស្បែក​ខ្មៅ​មាន​កំរិត​ ៥ ដង​ប៉ុណ្ណោះ​ខ្ពស់​ជាង​ចំនួន​អ្នក​ទោស​ស្បែក​ ស។ ប៉ុន្តែ បច្ចុប្បន្ន​ ចំនួន​នេះ​បាន​កើន​ឡើង​រហូត​ទៅ​ដល់​ ៨ ដង។​ ចំពោះ​សិទ្ធិ​បោះ​ឆ្នោត​វិញ​ កាលពី​ឆ្នាំ​២០១៦ ទិន្នន័យ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​ពលរដ្ឋ​អាមេរិក​ចំនួន​ជាង​ ៦​ លាន​នាក់​បាន​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត។​ ក្នុង​ចំណោម​នោះ​ ភាគ​ច្រើន​ជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។ គួរ​ដឹង​ផង​ដែរ​ នៅ​សហរដ្ឋ​អាមេរិក​ ប្រសិន​បើ​ពលរដ្ឋ​ណា​ម្នាក់​ធ្លាប់មាន​ទោស​ឧក្រិដ្ឋ​ បុគ្គល​នោះនឹង​បាត់​បង់​​សិទ្ធិ​បោះ​ឆ្នោតហើយ។

ឆ្លង​តាម​ការ​វិភាគ​លទ្ធផល​ស្ទង់​មតិ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ៥០ ឆ្នាំ​ក្រោយ​ការ​សម្លាប់​លោក​ ​ Martin Luther King ពលរដ្ឋ​អាមេរិក​ទូទៅ​នៅ​តែ​យល់​ឃើញ​ថា ​គម្លាត​សិទ្ធិ​សេរីភាព​រវាង​ពលរដ្ឋ​ស្បែក​ ស​ និង​ស្បែក​ខ្មៅ​នៅ​តែ​បន្ត​មាន​ក្នុង​សង្គម​អាមេរិក។​ ក្រុម​ចំណោម​អ្នក​ឆ្លើយ​តប​សំណួរ​ជា​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ ភាគ​ច្រើន​បាន​បង្ហាញ​ទស្សនៈ​ថា​ មាន​ការ​រីក​ចំរើន​តិច​តួចប៉ុណ្ណោះ​​ ឬ​ស្ទើរ​តែ​ពុំ​មាន​តែម្តង​ចំពោះ​ការ​ទទួល​បាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​បញ្ហា​សង្គម​នានា​ ដែល​ចលនា​ទាម​ទារ​សិទ្ធិ​ពលរដ្ឋ​បាន​ស្រែក​ទាមទារ​ជា​យូរ​មក​ហើយ។​ ផ្ទុយ​ទៅ​វិញ​ ក្រុម​អ្នក​ឆ្លើយ​តប​សំណួរ​ជា​ពលរដ្ឋ​ស្បែក​ ស​ បាន​យល់​ឃើញ​ថា​ ចង់​មិន​ចង់​ក៏​មាន​ការ​រីក​ចំរើន​ជា​វិជ្ជមាន​ខ្លះ​ដែរ​។​ ហើយ​ពួក​គេ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​រីកចំរើន​ទៅ​ថ្ងៃ​អនាគត។​ យោង​តាម​ការ​វិភាគ​លើ​ទិន្នន័យ​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​ AP បានសន្និដ្ឋាន​ថា​ ការ​រីកចំរើន​ពិត​ជា​មាន​តិច​តួច​ប្រាកដ​មែន​ចំពោះ​សិទ្ធិ​ទាមទារ​កន្លង​មក​ពី​សំណាក់​ក្រុម​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ