ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អាមេរិក

នាយកហ្វេសប៊ុក បង្ហាញ​វិធានការ​បន្ថែម​ថ្មី មុន​ចូល​បំភ្លឺ​នៅ​សភា​អាមេរិក

media  
លោក Marc Zuckerberg អម​ដោយ​ប៉ូលិស​និង​អង្គរក្ស ពេល​មក​ដល់​សភាអាមេរិក ថ្ងៃទី ៩ មេសា ២០១៨ REUTERS/Leah Millis

លោក Mark Zuckerberg នាយកហ្វេសប៊ុក​ ត្រូវ​ចូល​ខ្លួនទៅ​ពន្យល់​បំភ្លឺ សភា នៅ​ថ្ងៃ​អង្គារ​ទី ១០​មេសា និងនៅ​មុខ​គណៈកម្មការ​​ព្រឹទ្ធសភា​អាមេរិកនៅ​ពុធ​ស្អែក ស្តីអំពី​រឿងអាស្រូវ​​របូត​ទិន្នន័យផ្ទាល់​ខ្លួន​របស់​​​អ្នក​ប្រើប្រាស់ ទៅបម្រើ​ប្រយោជន៍​នយោបាយ​ឬ​ពាណិជ្ជកម្ម​របស់​ក្រុមផ្សេង។ ល្ងាច​មិញ ​ជាកិច្ច​ការពារ ប្រធាន​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រកាស​អំពីវិធានការ ថ្មី​បន្ថែម​ទៀត ការ​ពារ​និង​ត្រួត​ពិនិត្យ​​ទិន្នន័យ​អ្នក​​ប្រើប្រាស់។

ក្នុង​សម្លៀក​បំពាក់​អាវធំ ចង​ក្រវ៉ាត់ក ខុស​ពី​ទម្លាប់ នេះជា​លើក​ទីមួយ​ហើយ​ដែល​ប្រធាន​ក្រុមហ៊ុន​ហ្វេសប៊ុក ត្រូវ​ប្រឈម​មុខដោយ​ចំពោះ​​នឹង​សភា​អាមេរិក​ដែល​​ខឹងហ្វេសប៊ុក​ខ្លាំង ក្រោយ​ការ​ផ្ទុះ​រឿង​អាស្រូវ​របូត​ទិន្នន័យ​អ្នក​ប្រើប្រាស់​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​អង់គ្លេស Cambridge Analytica។ សភា​អាមេរិក​ចង់​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ ជាង​៨៧​លាន​ និង​ប្រមាណ​ជាងពីរ​លាន​កន្លះ​ជា​អ្នក​ប្រើប្រាស់​នៅ​អឺរ៉ុប បែរ​ជា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​​ក្នុង​ប្រយោជន៍​នយោបាយ​ និង​ពាណិជ្ជកម្ម​ទៅ​វិញ។

សូមអាន ៖ ហេតុអ្វី​ហ្វេសប៊ុក​បណ្តាោយ​ឱ្យក្រុមទីបីចូលប្រើ​ទិន្នន័យរបស់អ្នក​ប្រើប្រាស់ ?

បន្ទាប់​ពី​បាន​ធ្វើ​ការ​សុំ​ទោស​ជា​ថ្មី និង​មុន​ពេល​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​សភា​អាមេរិក លោក Mark Zuckerberg បាន​ប្រកាស​វិធានការ​ជាក់ស្តែង​ថ្មី​បន្ថែម​។ នៅ​ក្នុង​បទ​អន្តរាគមន៍​ថ្លែង​បង្ហាញជា​មុន​ទៅ កាន់​សភា ស្ថាបនិក​ហ្វេសប៊ុកបាន​ទទួល​ស្គាល់​​ម្តងទៀត ថា​មានប្រើប្រាស់​​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់ហ្វេសប៊ុក ដល់​​រាប់​សិបលាន​នាក់​មែន និ​ងបាន​ប្រកាស​ចាត់​វិធានការ​ថ្មី​បន្ថែម​ទៀត។

​វិធានការ​ថ្មីៗ​បន្ថែម​នេះ មាន​ខ្លះ​ត្រូវ​បាន​ដាក់​​ឱ្យ​អនុវត្ត​រួច​ទៅ​ហើយ ដូច​ជា​ការ​ប្រើ​កម្មវិធី​បញ្ញាសិប្បនិម្មិត្ត ដែល​មាន​សមត្ថភាព​លុប​នូវ​រាល់​គណនី​ក្លែងក្លាយ​របស់​មហា​អំណាច​បរទេស។ នេះ​បើ​តាមប្រសាសន៍​នាយក​​ហ្វេសប៊ុក​​។ ហ្វេសប៊ុក​ក៏​មានវិធានការ​កាត់​បន្ថយ​ផង​ដែរ លទ្ធភាព​របស់​​ក្រុមហ៊ុន​ដៃ​គូមិន​ឱ្យ​​ចូលមើល​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់ ហើយ​​បាន​បង្កើន​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ទិន្នន័យ​ ពី​១៥ ទៅ ២០​០០០​នាក់។ ក្រុមហ៊ុន​នឹង​ធ្វើការ​ផ្ទៀង​ផ្ទាត់​ជា​ស្វ័យប្រវត្តិ​ទីតាំង​និង​អត្តសញ្ញាណ​របស់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។CubeYou ​ ដែល​ជា​ក្រុមហ៊ុន​​ធ្វើ​ពាណិជ្ជកម្ម​ផ្នែក​ទិន្នន័យ​ឯកជន​ នឹង​ត្រូវ​លុប​បំបាត់​ចោល​។ នេះ​បើ​តាមវិធានការ​ថ្មី​របស់​ហ្វេសប៊ុក។

លោក Zuckerberg សន្យា​នឹងរក​វិធី​ដោះស្រាយ​​លែង​ឱ្យ​មាន​រឿង​អាស្រូវ​បែប​នេះ​ទៀត ឱ្យ​បាន​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ​សភា​អាមេរិក​ផ្តោត​កាន់​តែ​ខ្លាំងឡើងៗ​ចង់​ឱ្យ​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់ ដោយយល់​ថា​ការ​ដាក់​ស្វ័យ​ដាក់​វិន័យ​ ពិត​ជាមិន​គ្រប់គ្រាន់​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ