អានតួអត្ថបទ

ស៊ីរី​ពង្រាយ​ទ័ព​ត្រៀមអាសន្ន ប្រឈមនឹង​ការគំរាម​វាយប្រហារ​របស់​លោក​ខាង​លិច

ក្រោយ​ពី​បាន​ឮ​ប្រធានាធិបតី​អាមេរិក​និង​បារាំង ចង់​បើកវាយប្រហារ​យោធា​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រើ​អាវុធ​គីមី​នៅ ​Douma នៃ​តំបន់​ហ្គូតា​របស់​ស៊ីរី កង​ទ័ព​រដ្ឋាភិបាល​ក្រុង​ដាម៉ាស បាន​រៀប​ជើង​ព្រួល និង​ពង្រាយ​ទ័ព​តាមទីតាំង​សំខាន់ ក្នុង​ស្ថាន​ភាព​ត្រៀម​អាសន្នពីការ​ឈ្លាន​ពាន​ពី​បរទេស។ ក្រុង​ដាម៉ាស​ក៏​បាន​អញ្ជើញ​អង្គការ​ហាមឃាត់​អាវុធ​គីមី OIAC ចុះ​ទៅ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​ដល់​ទីតាំង​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ប្រើ​អាវុធ​គីមី។

ទាហាន​រុស្ស៊ី​និង​ស៊ីរី នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​​ក្រុងដាម៉ាស
ទាហាន​រុស្ស៊ី​និង​ស៊ីរី នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​​ក្រុងដាម៉ាស REUTERS/Omar Sanadiki
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ស៊ីរី​បាន​អញ្ជើញ​ជា​ផ្លូវការ​​ អង្គការ​ហាម​ឃាត់​អាវុធ​គីមី ឱ្យ​ចុះ​មក​បំពេញ​ទស្សនកិច្ច​និង​ធ្វើ​អង្កេត​ដល់​កន្លែង​កើត​ហេតុ Douma ក្នុង​​តំបន់​ហ្គូតា ជាយ​ក្រុង​ដាម៉ាស​ផ្ទាល់​តែ​ម្តង​ ក្រោម​កិច្ចការពារសុវត្ថិភាព​របស់​កង​កម្លាំង​រុស្ស៊ី​និង​ស៊ីរី។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​ផ្លូវការ​ស៊ីរី ដែល​បញ្ជាក់​ទៀត​ថា ក្រសួងការបរទេស​ស៊ីរី​ត្រៀម​ជា​និច្ច​នឹង​សហការ​ជាមួយ​អង្គការហាមឃាត់​អាវុធ​គីមី​​ ដើម្បី​បញ្ជាក់​រក​ការ​ពិត។

សេចក្តី​ប្រកាស​របស់​ស៊ីរី​នេះ ធ្លាក់​មក​ជួន​ចំពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កំពុងរៀប​ចំ​អនុម័ត​សេចក្តី​សម្រេច​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​បង្កើត​យន្តការ​​អង្កេត​អន្តរជាតិ​ស្តី​ពី​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​ស៊ីរី នៅយប់​ថ្ងៃ​អង្គារ​នេះ។ ឯ​រុស្ស៊ី​សម្ព័ន្ធមិត្ត​​ចាក់​ទឹក​មិន​លិច​របស់ស៊ីរី ក៏​បាន​ស្នើ​គម្រោង​សេចក្តី​សម្រេច​មួយ​ដែរ ទាមទារ​ឱ្យ​មានអង្កេត​​ដែល​ចូល​រួម​ដោយ​អង្គការ​ហាមឃាត់​អាវុធ​គីមី​ផង។ ​លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​វិញ បាន​ទាមទារ​ឱ្យ​មាន​អង្កេត​ត្រឹម​ត្រូវ​ និង​គ្មាន​ការ​រំខាន។

សូម​បញ្ជាក់​ថា របប​ក្រុង​ដាម៉ាស បាន​បដិសេធ​ជានិច្ច​ថា​ពុំ​បាន​ប្រើ​ប្រាស់​អាវុធ​គីមី​សម្លាប់​​​​ជនស៊ីវិល​ប្រមាណ​ ​ជាង ៤០​នាក់ កាលពី​​ថ្ងៃ​សៅរ៍​ ទី ៧ មេសា​ ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​បស្ចឹម​លោក​ទេ។ ​តែ​ក្រុម​លោក​ខាង​លិចមិន​ជឿ​ ជាក់ស្តែង​ ​​សហរដ្ឋ​អាមេរិក និង​បារាំងវិញ បាន​សន្យា​​​ប្រើ​កម្លាំង​យោធា​វាយ​តប​ត​ស៊ីរី​​ ប្រសិន​បើ​រក​ឃើញ​ភស្តុតាង​​ថាស៊ីរី​រំលោភ​ច្បាប់អន្តរជាតិ​ហ៊ាន​ប្រើ​អាវុធ​គីមី ឬដោយ​គ្រាន់​តែ​រង់​ចាំ​មើល​ការ​អនុម័ត​សេចក្តី​សម្រេច​អង្គកា​រ​សហប្រជាជាតិ​រួច​សិន​ប៉ុណ្ណោះ។

ការ​គំរាមកំហែង​ប្រើ​កម្លាំង​យោធា​របស់​លោក​ត្រាំ ហាក់​មាន​ទម្រង់​កាន់​តែ​ច្បាស់​ឡើងៗ ជា​ហេតុ​ធ្វើ​ឱ្យ​របប​ស៊ីរី​មិន​អាច​ឈរ​នៅស្ងៀម។ បើ​តាម​អង្គការ​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​នៅស៊ីរី យោធា​ស៊ីរី​​ដាក់​ពង្រាយ​កម្លាំង​ត្រៀម​អាសន្ន​បន្ទាន់​ នៅ​តាម​ទី​តាំង​សំខាន់ៗ​ ដូច​ជាអាកាសយានដ្ឋាន មូលដ្ឋាន​កងទ័ព នៅ​តាម​ខេត្ត​ក្រុង​ធំៗ សម្រាប់​រយៈ​ពេល​បី​ថ្ងៃ​។ វិធានការ​បែប​នេះ គេ​ធ្លាប់​ឃើញ​មាន​ប្រើជាទូទៅ​​តែ​ក្នុង​ករណី​​មាន​ការ​គំរាមកំហែង​ឈ្លានពាន​ពីក្រៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ