ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/07 12h00 GMT
អាមេរិក

​អតីត​មេFBI​ប្រៀបប្រដូច​លោកដូណាល់ ត្រាំ​ទៅ​នឹង​មេក្រុមម៉ាហ្វីយ៉ា

media លោក​ជេម ខរមី ត្រូវ​បាន​លោកដូណាល់ ត្រាំ​ដកចេញពីតំណែង​ប្រធាន​FBIនៅ​ខែ​ឧសភា ២០១៧ REUTERS

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ជា​មនុស្ស​កុហក គ្មាន​សីលធម៌ និង​ផ្តាច់ខ្លួន​ពីតម្លៃ​កំពូល​របស់​ស្ថាប័ន។ ពាក្យបកអាក្រាត​លោកដូណាល់ ត្រាំ មាន​នៅក្នុង​សៀវភៅ សរសេរ​និពន្ធ​ដោយ​អតីត​មេប៉ូលិស FBI លោក​ជេម ខរមី។ លោក​ជេម ខរមី​ដែលស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អាមេរិក ត្រូវ​បាន​លោក​ដូណាល់ ដកហូត​ពីមុខ​តំណែង ប្រធាន​FBI យ៉ាងទាន់ហន់ កាលពី​ខែឧសភា ឆ្នាំមុន ក្នុង​ហេតុផល​គ្មាន​សមត្ថភាព។

 

នៅក្នុង​សៀវភៅ​ដែល​ទើប​បោះពុម្ព និងចេញលក់ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ អតីត​ប្រធាន FBI បាន វាយប្រហារ​ខ្លាំងៗ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែលលោក​បាន​ប្រៀបប្រដូច​ទៅ​នឹង​មេម៉ាហ្វីយ៉ា មេឈ្មួញទុច្ចរិត។ នៅក្នុង​សម្រង់​ខ្លះៗ របស់​សៀវភៅ ដែល​កាសែត​អាមេរិក បាន​យក​មក​ចុះផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គេ​ឃើញ​លោក​ជេម ខរមី បាន​ប្រើ​ពាក្យ​ធ្ងន់ៗ ដូចជា​ថា លោក​ដូណាល់ ត្រាំ ជាមនុស្ស​មាន​អំណួត កុហក ដុះស្នឹម ដែល​ទាមទារ​ឲ្យ​មនុស្ស​នៅជុំវិញ ត្រូវតែ​ស្មោះស្ម័គ្រ នឹង​ខ្លួន។ សម្រាប់​អតីត​មេប៉ូលិស​អេហ្វប៊ីអាយ ប្រធានាធិបតី គ្មាន​សីលធម៌ និង​ផ្តាច់ខ្លួន​ពីការពិត គ្មានរវីរវល់​នឹង​តម្លៃ​ស្ថាប័នជាតិ។

នៅក្នុង​សៀវភៅ ដែលផ្អែក​ទៅ​លើ​កំណត់ត្រា ដែល​លោក​តែងធ្វើឡើង នៅរាល់​សន្ទនា​ជាមួយ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ អតីត​មេ FBI លោក​ជេម ខរមី​បាន​សរសេរ​សង្កត់ធ្ងន់​ទៅលើ​អង្គប្រជុំ នៅ​សេតវិមាន កាលពី​កុម្ភៈ ឆ្នាំ ២០១៧ ដែល​មាន​ការចូលរួម​ពី​អគ្គលេខាធិការ​របស់​សេតវិមាន។ សម្រាប់​លោកខរមី របៀបប្រជុំ​របស់លោកដូណាល់ ត្រាំ​ធ្វើ​ឲ្យ​លោក​នឹក​ទៅ​ដល់​មេក្រុមម៉ាហ្វីយ៉ា ដែលលោក​ធ្លាប់​ស៊ើបអង្កេតប្រឆាំង កាល​លោក​នៅ​ធ្វើជា​ប្រធាន​រដ្ឋអាជ្ញា​សហព័ន្ធ។ “មេ​ជា​អ្នកក្តោបក្តាប់ ដឹង​គ្រប់រឿង។ ការទាមទារ​មានការស្មោះស្ម័គ្រ​តាមរយៈ ការស្បថស្បែ។ ការបង្កើត​ពិភពមួយ ដែល​នៅ​ក្នុង​នោះ គេ​ត្រូវ​ប្រឈម​ត្រៀមវាយប្រហារ​វិញ ក្រុមគូសត្រូវ។ ការកុហក​គ្រប់រឿង មិនថា ធំ ឬ​តូច គឺ​ដើម្បី រក្សា​ភាពស្មោះស្ម័គ្រ ដែលចាត់ទុក អង្គការចាត់តាំង​របស់ខ្លួន​ឲ្យ​មាន​តម្លៃ​ខ្ពស់ លើស​ពីតម្លៃសីលធម៌ និង​ការពិត” នេះជា​សំណេរ​របស់​លោក​ជេម ខរមី នៅក្នុង​សៀវភៅ​របស់លោក​ដែល​មាន​ចំណងជើងថា ការស្មោះស្ម័គ្រ​បំផុតមួយ ការពិត ការកុហក ហើយនិង​ភាពជាអ្នកដឹកនាំ។

នៅមុន​ការចេញផ្សាយ​សៀវភៅ​របស់​លោក​ជេម ខរមី ក្រុមសាធារណរដ្ឋ​បាន​បង្កើត​វិបសៃតិ៍មួយ វាយបកវិញ ដើម្បី បណ្តុះបង្អាប់ បន្ថោកតម្លៃ​របស់​អតីត​មេ FBI។ នៅក្នុង​វិបសៃតិ៍ ដែល​មាន​ឈ្មោះ ថា Lyin Comey ក្រុមសាធារណរដ្ឋ សម្ព័ន្ធមិត្ត​របស់​លោកដូណាល់ ត្រាំ បាន​សរសេរ​ចាត់ទុកលោក​ខរមី ថា ជាមនុស្ស​និយាយ​កុហក និង​ជាអ្នក​ធ្វើ​ឲ្យ​បែកលេចធ្លាយ​រឿងសម្ងាត់។

លោកជេម ខរមី ក្នុង​នាមជាប្រធាន​ប៉ូលិស FBI​បាន​បើកការស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី ក្នុងការបោះឆ្នោត ប្រធានាធិបតី​អាមេរិក និង​ការជាប់ពាក់ព័ន្ធ​របស់​ក្រុមឃោសនាបោះឆ្នោត​របស់​លោកដូណាល់ ត្រាំ ជាមួយ​នឹង​រុស្ស៊ី។ ការដក​លោក​ខរមី ពីតំណែង​ប្រធាន​FBI​យ៉ាង​ប្រថុចញ៉ុច បាន​ជំរុញ​ឲ្យ​សភាអាមេរិក តែងតាំង​លោក​Robert Mueller ជារដ្ឋអាជ្ញាពិសេស ដែល​ទទួល​ខុសត្រូវ​លើ​ការស៊ើបអង្កេត​ទៅលើ​ការជាប់ពាក់ព័ន្ធ​រវាង​រុស្ស៊ី ហើយ​និង​ក្រុមឃោសនា​បោះឆ្នោត​របស់លោក​ដូណាល់ ត្រាំ។

នៅ​ខែមុន នៅ​មុន​ចេញ​សៀវភៅ​របស់ខ្លួន លោក​ជេម ខរមី​បាន​សរសេរ​សារ​Twitter សំដៅ​ទៅកាន់​លោក​ដូណាល់​ត្រាំ ថា លោកប្រធានាធិបតី ប្រជាជន​អាមេរិកាំង​នឹង​លឺរឿងរ៉ាវ​ចេញពី​មាត់របស់ខ្ញុំ នៅពេល​ឆាប់ៗ​ខាងមុខ។ ពួកគេ​នឹង​ធ្វើការវិនិច្ឆ័យ ដោយ​ខ្លួនឯង ថា តើ​អ្នកណា​ដែល​គួរ​ឲ្យ​គោរព និង​អ្នកណា​ដែល​គេ​មិន​គោរព”៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ