អានតួអត្ថបទ
សហរដ្ឋអាមេរិក-អារ៉ាប៊ី សាអូឌីត

លោកដូណាល់ ត្រាំ ចោទ​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC ថា ជាអ្នក​បំប៉ោង​តម្លៃ​ប្រេងឆៅ

តម្លៃ​ប្រេងឆៅ នៅ​សប្តាហ៍នេះ បាន​ឡើង​ថ្លៃ​ដល់​៧០​ដុល្លារ ក្នុង​មួយបារីល បន្ទាប់​ពី​ធ្លាក់​ថ្លៃ ខ្លាំង​បំផុត ដល់​២៦​ដុល្លារ កាលពី​ដើម​ឆ្នាំ​២០១៦។ ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ បាន​ទម្លាក់​កំហុស​ទៅលើ​ក្រុមប្រទេស នាំចេញ​ប្រេង OPEP ថា ជា​អ្នកធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ​ឡើងថ្លៃ។ ក្រុមប្រទេស​សមាជិក OPEP និង​ប្រទេស​ផលិតប្រេង ដែល​មិនមែន​ជា​សមាជិក​របស់​ OPEP ​បាន​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ ប្រទេស​អារ៉ាប៊ី សាអូឌីត ដើម្បី និយាយ​ពី​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការផលិត​ប្រេង ដែល​ត្រូវ​អស់ សុពលភាព នៅ​ចុងឆ្នាំ ២០១៨​នេះ។ 

កន្លែង​បូមប្រេង នៅ​រដ្ឋ​Utah នៅ​សហរដ្ឋអាមេរិក នៅខែ​តុលា ឆ្នាំ ២០១៧
កន្លែង​បូមប្រេង នៅ​រដ្ឋ​Utah នៅ​សហរដ្ឋអាមេរិក នៅខែ​តុលា ឆ្នាំ ២០១៧ ©REUTERS/Andrew Cullen/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ ២០១៦ ក្រុម​ប្រទេស​នាំ​ចេញប្រេង OPEP និង​ក្រុមប្រទេស​ផលិតប្រេង ដែល មិនមែន​ជា​សមាជិក​របស់​ OPEP​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ការកាត់បន្ថយ​ការផលិត ប្រេង ក្នុង​គោលដៅ ស្តារ​ឡើងវិញ តម្លៃ​ប្រេងឆៅ ដែល​បាន​ធ្លាក់ចុះ​ខ្លាំង រហូតដល់ ២៦ដុល្លារ ក្នុង​មួយ​បារីល នៅ​ដើម​ឆ្នាំ ២០១៦។ តាម​កិច្ចព្រមព្រៀង ក្រុម ប្រទេស​ផលិត និង​នាំចេញប្រេង បាន​យល់ព្រម​កាត់បន្ថយ ការផលិតប្រេង ប្រមាណ ជិត ២លាន​បារីល ក្នុង​មួយថ្ងៃ។

សូមអាន៖ប្រទេស​​សមាជិក​​​អង្គការ​​​Opep​​ សម្រេច​បាន​​​កិច្ចព្រមព្រៀង​​​​កាត់​បន្ថយ​​​ការ​​បូមប្រេង​​

នៅ​២​ឆ្នាំ​ក្រោយ កិច្ចព្រមព្រៀង តម្លៃ​ប្រេងឆៅ បាន​ឡើង​ថ្លៃ​ពី ក្រោម​៣០​ដុល្លារ ដល់​៧៤​ដុល្លារ ក្នុង​មួយ​បារីល កាលពី​ថ្ងៃ ព្រហស្បតិ៍។ នៅថ្ងៃ​សុក្រម្សិលមិញ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តីថាមពល​របស់​ក្រុមប្រទេស​សមាជិក​ OPEP និង​ប្រទេស​ផលិតប្រេង ដែល​មិនមែន​សមាជិក របស់ OPEP រដ្ឋមន្រ្តី​ថាមពល​របស់​អារ៉ាប៊ី សាអូឌីត បាន​វាយតម្លៃ​ថា ទីផ្សារ​អន្តរជាតិ​មាន​សមត្ថភាព​ទិញប្រេង​ក្នុង​តម្លៃ​ខ្ពស់។

ការលើកឡើង​របស់​រដ្ឋមន្រ្តី​អារ៉ាប៊ី សាអូឌីត​បាន​ទាក់ទាញ ភ្លាម សាររិះគន់​របស់​ប្រធានាធិបតី​អាមេរិក ដែល​បាន​ចោទ​ក្រុម​ប្រទេស សមាជិក​ OPEP ថា ជា​អ្នកបំប៉ោង​តម្លៃប្រេងឆៅ។ នៅក្នុង​សារTwitter លោកដូណាល់ ត្រាំ នៅបានចោទ​ក្រុមប្រទេស​សមាជិក​ OPEP ថា កំពុង​សស្រាក់សស្រាំ ចាក់ប្រេង​បំពេញកប៉ាល់​ដើម្បី ត្រៀម​ចេញ​ទៅ​លក់ នៅ​ទីផ្សារ នៅពេល​តម្លៃ​ប្រេង​កំពុង​ឡើងថ្លៃ យ៉ាងដូច្នេះ។

នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃ​សុក្រ រដ្ឋមន្រ្តី​ថាមពល​ប្រេង​របស់​អារ៉ាប៊ី សាអូឌីត បាន​បញ្ជាក់​ថា ទីក្រុង​រីយ៉ាត​មិនមែន​ជា អ្នកដំឡើង​ថ្លៃ​ប្រេងឆៅ ប៉ុន្តែ គឺ​ទីផ្សារ​ទេ ដែល​ជា​កំណត់​តម្លៃ ប្រេង។ សម្រាប់​អ្នកវិភាគ​មួយចំនួន អារ៉ាប៊ី សាអូឌីត ​ដែល​ក្រាញ មិន​ចង់​កាត់បន្ថយ​បរិមាណ​ផលិតប្រេង តាំង​ពីដំបូងទី គ្រោង​ចង់​ឲ្យ​តម្លៃ​ប្រេង កើនឡើង​ដល់​៨០ដុល្លារ ឬ​១០០​ដុល្លារ ក្នុង​មួយបារីល ដែល​ជា​តម្លៃ ប្រេងឆៅ នៅមុន​ការធ្លាក់ចុះ ដ៏​គំហុក នៅ​ឆ្នាំ ២០១៤។ អារ៉ាប៊ី សាអូឌីត ដែល​ជា​ប្រទេស​នាំចេញ​ប្រេង​ច្រើន​ជាងគេ​នៅ​លើលោក សង្ឃឹម​ទាញ​យក​ផលចំណេញ​ពី​តម្លៃ​ប្រេងឡើងថ្លៃ ដើម្បី យក​មក​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ស្រុក។

តម្លៃប្រេងឆៅ​បាន​ឡើង​ថ្លៃ ឡើងវិញ ដោយមកតែ​ពី​កិច្ច​ព្រមព្រៀង​កាត់បន្ថយ​ការផលិត ប្រេង ដែល​បាន​ជួយ​កុំ​ឲ្យ​ការផ្គត់ផ្គង់​ប្រេង​មាន​ច្រើន​ជាង​តម្រូវការ។ ម្យ៉ាងទៀត តម្លៃ​ប្រេងឡើងថ្លៃ​ឡើងវិញ ដោយសារ​តែ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ផលិតប្រេង ដូចជា វេណេស៊ុយអេឡា នីហ្សេរីយ៉ា ឬ លីប៊ី​ជាដើម។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ផល​ប៉ះពាល់ នៃ​នយោបាយ​របស់​លោកដូណាល់ ត្រាំ ដែល​បាន​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ ដែល​ជាប្រទេស​ផលិត និងនាំចេញ​ប្រេង​ដ៏សំខាន់​មួយដែរ។

អាមេរិក​ដែល​បាន​វ៉ានាំមុខ អារ៉ាប៊ី សាអូឌីត ក្នុង​នាមជាប្រទេស​ផលិតប្រេង​ធំទី​២​ក្នុង​លោក បាន​ទាញ​យក​ផលចំណេញ​ច្រើនណាស់​ពី​នយោបាយ​កាត់បន្ថយ​ការផលិតបូម​ប្រេង​របស់​ក្រុមប្រទេស​OPEP​កន្លងមក។ នៅពេល​ដែល​ OPEP​កាត់បន្ថយ​បរិមាណ​ផលិត​ប្រេង អាមេរិក​ឯណោះ​វិញ បាន​បង្កើន​ការបូម និង​ផលិត​ប្រេង ដល់​១០លាន​បារីល ក្នុង​មួយថ្ងៃ គិត​នៅត្រឹម​ថ្ងៃ​ព្រហស្បតិ៍នេះ។ អាមេរិក​ដែល​គួរ​សប្បាយចិត្ត​នឹង​ប្រេងឡើងថ្លៃ បែរ​ជាទៅ​រិះគន់​OPEP ថាធ្វើ​ឲ្យតម្លៃ​ប្រេង​ឡើងថ្លៃ ព្រោះតែ​អាមេរិក​អាច​ច្រណែន ខ្លាច បាត់ទីផ្សារ នៅពេល​ក្រុមប្រទេស​OPEP បង្កើន​ការផលិតប្រេង នៅពេល​ប្រេងឡើងថ្លៃ ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ