តើប្រាជ្ញាសប្បនិមិត្ត (Intelligence artificielle) អាចដោះស្រាយរាល់បញ្ហាទាំងអស់របស់ Facebook បានដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៤
ក្រោយពីការផ្ទុះរឿងអាស្រូវទាញយកទិន្នន័យផ្ទុកព័ត៌មានអ្នកប្រើប្រាស់សំណាក់ក្រុមហ៊ុន Cambridge Analytica លោក Mark Zuckerberg ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Facebook បានចូលខ្លួនទៅបំភ្លឺតបតាមការកោះហៅពីសមាជិកសភាអាមេរិកទាំងពីរថ្នាក់។ សក្ខីកម្មនៅចំពោះគណៈកម្មាធិការជំនាញសភានេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃអង្គារ ទី១០ និងថ្ងៃពុធ ទី១១ ខែមេសា។ ក្រោយពីការចូលបំភ្លឺនោះ ក្រុមអ្នកវិភាគបានសង្កេតឃើញថា ម្ចាស់ក្រុមហ៊ុន Facebook បានលើកយកពាក្យ ប្រាជ្ញានិមិត្ត មកធ្វើអំណះអំណាងដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកំពុងតែកើតឡើងលើបណ្តាញសង្គម។ តើប្រាជ្ញាសប្បនិមិត្តអាចឆ្លើយតបគ្រប់បញ្ហាទាំងអស់បានដែរឬទេ?
មិនតិចជាង ៣០ ដងឡើយដែលស្ថាបនិកក្រុមហ៊ុន Facebook បានលើកយកពាក្យប្រាជ្ញាសប្បនិមិត្តមកនិយាយពន្យល់សមាជិកគណៈកម្មាធិការជំនាញសភាអាមរិក។ ដើម្បីងាយស្រួលយល់ យើងអាចនិយាយសំរាយបែបសាមញ្ញថា ប្រាជ្ញាសប្បនិមិត្ត គឺជាបណ្តុំទ្រឹស្តី និងបច្ចេកវិទ្យា ដែលគេយកទៅបំពាក់លើម៉ាស៊ីនឲ្យមានសមត្ថភាពវិភាគ ឬពិចារណាស្រដៀងមនុស្ស។ តាមរយៈនេះ មហាសេដ្ឋីវ័យក្មេង Mark Zuckerberg បានលើកឧទាហរណ៍មួយពន្យល់សមាជិកព្រឹទ្ធសភាអាមេរិកថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Facebook បានវិនិយោគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ស្រាវជ្រាវលើការបង្កើតប្រាជ្ញាសប្បនិមិត្ត។ ឧបករណ៍នេះអាចត្រួតពិនិត្យខ្លឹមសារផ្សព្វផ្សាយ ទាំងការសរសេរ ឬនិយាយនៅលើបណ្តាញសង្គម។
សព្វថ្ងៃនេះ មានបញ្ហាធំៗជាច្រើនដែលកំពុងតែចោទនៅលើបណ្តាញសង្គម។ មានជាអាទិ៍ដូចជា ខ្លឹមសារផ្សព្វផ្សាយរបស់ពួកជីហាតឥស្លាមជ្រុលនិយម សំដីរើសអើងពូជសាសន៍ ឬសំដីប្រមាថមើលងាយ ការឃោសនាពាណិជ្ជកម្មបែបរើសអើង ការបន្លំអត្តសញ្ញាណអ្នកប្រើប្រាស់ ការបង្កើតគណនីក្លែងក្លាយពីសំណាក់ក្រុមហ៊ុនឃោសនាបំរើប្រយោធន៍ឲ្យរដ្ឋាភិបាលរុស្សីជាដើម។ ម្ចាស់ក្រុមហ៊ុន Facebook បានអួតសរសើរថា កន្លងមក បច្ចេកវិទ្យាប្រាជ្ញាសប្បនិមិត្តបំពាក់នៅលើបណ្តាញសង្គមរបស់ខ្លួននេះមានប្រសិទ្ធិភាព។ ឧទាហរណ៍ជាក់ស្តែង បច្ចេកវិទ្យានេះអាចទប់ស្កាត់ខ្លឹមសារផ្សព្វផ្សាយណា ដែលមានទំនោរគាំទ្របណ្តាញភេរវនិយមដូចជា អង្គការរដ្ឋឥស្លាម ឬក្រុមអាល់កៃដា។ បើតាមការអះអាង ៩៩% នៃខ្លឹមសារគាំទ្រមនោគមន៍វិជ្ជាពួកភេរវនិយមទាំងនោះត្រូវបានស្ទាក់ចាប់ដោយបច្ចេកវិទ្យានេះ។ សរុប ខ្លឹមសារទាំងនោះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។ ប៉ុន្តែ ការជោគជ័យនេះ គឺនៅមានកំរិត។
សំរាប់ថ្ងៃអនាគត ម្ចាស់ក្រុមហ៊ុន Facebook គ្រោងនឹងបង្កើតយន្តការថ្មីមួយ។ ជាបឋម ក្រុមវិស្វករក្រុមហ៊ុននឹងបន្តអភិវឌ្ឍសរសេរកូដកម្មវិធីបង្កើតប្រាជ្ញាសប្បនិមិត្តនេះឲ្យកាន់តែមានប្រសិទ្ធិភាពខ្លាំងថែមទៀត។ គោលដៅ គឺធ្វើយ៉ាងណាឲ្យឧបករណ៍នេះអាចត្រួតពិនិត្យ ឬតាមដានខ្លឹមសារសរសេរ ឬនិយាយណា ដែលមានចរិតគ្រោះថ្នាក់ និងដែលត្រូវបានចាត់ទុកថារំលោភបំពានគោលការណ៍ប្រើប្រាស់លើបណ្តាញសង្គម។ បន្ទាប់មក ក្នុងករណីសង្ស័យលើការបង្ហោះខ្លឹមសារណាមួយពីសំណាក់អ្នកប្រើប្រាស់ កម្មវិធីប្រាជ្ញាសប្បនិមិត្តរបស់ Facebook នឹងផ្តល់ព័ត៌មានជាបន្ទាន់សុំអន្តរាគមន៍ពីមនុស្ស។ ពោល គឺបានន័យថាសុំអន្តរាគមន៍ពីបុគ្គលិកប្រចាំការត្រួតពិនិត្យខ្លឹមសារ។
ប៉ុន្តែ សំណួរសួរថា តើប្រព័ន្ធប្រាជ្ញាសប្បនិមិត្តអាចស្ទាក់ចាប់រាល់ខ្លឹមសារទាំងអស់លើបណ្តាញសង្គម Facebook បានដែរឬទេ? ត្រង់ចំណុចនេះ ស្ថាបនិកបណ្តាញសង្គមនេះហាក់មិនហ៊ានធានាច្បាស់លាស់ឡើយ។ លោកគ្រាន់តែបានពន្យល់ថា បច្ចេកវិទ្យាប្រាជ្ញាសប្បនិមិត្តអាចដោះស្រាយបានបញ្ហាខ្លះ។ បញ្ហាស្មុគស្មាញដែលបច្ចេកវិទ្យានេះកំពុងប្រឈម គឺសំដីបែបរើសអើង ឬប្រមាថមើលងាយ។ វាជាការលំបាកណាស់ក្នុងកំណត់ឲ្យបច្ចេកវិទ្យាអាចវិភាគលើសំណេរ ឬសំដីណាមួយ ដែលមានចរិតលក្ខណៈបែបនេះ។ មូលហេតុដែលគេពិបាកកំណត់ ព្រោះបញ្ហានេះពាក់ព័ន្ធនឹងកត្តាជាច្រើន។ ជាពិសេស គឺក្បួនច្បាប់ក្នុងភាសាវិទ្យា។
ក្នុងបរិបថនៃការវិភាគភាសាវិទ្យា គេឃើញថា បច្ចេកវិទ្យាប្រាជ្ញាសប្បនិមិត្តនៅមិនទាន់ជឿនលឿនទៅមុខនៅឡើយទេ។ នៅក្នុងន័យនេះ ដើម្បីអាចត្រួតពិនិត្យសំណេរ ឬសំដីបែបរើសអើង បច្ចេកវិទ្យានេះត្រូវការយល់កត្តាមួយចំនួន។ មានជាអាទិវាត្រូវយល់សំដីសរសេរ ឬនិយាយ យល់បរិបថ យល់ន័យធៀប យល់អត្ថន័យជ្រៅ ឬយល់ពីបំណងរបស់អ្នកសរសេរ ឬនិយាយ។ ពាក់ព័ន្ធនឹងចំណុចទាំងអស់នេះ គេឃើញថាប្រព័ន្ធប្រាជ្ញាសប្បនិមិត្តពុំមានលទ្ធភាពអាចវិភាគស្វែងយល់បានសព្វជ្រង់ជ្រោយឡើយ។
លោក Jean-Gabriel Ganascia សាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវផែ្នកព័ត៌មានវិទ្យាប្រចាំសាកលវិទ្យាល័យបារីសទី៦បានឲ្យដឹងថា វាមិនមែនជាការងាយស្រួលឡើយ ដែលឲ្យម៉ាស៊ីនមានប្រាជ្ញាដូចមនុស្ស។ ប្រាជ្ញាម៉ាស៊ីនមិនអាចយល់អត្ថន័យនៃការលេងពាក្យសំដី ឬពាក្យកំប្លុកកំប្លែងក្នុងឃ្លាប្រយោគដែលមានពាក្យអវិជ្ជមានឡើយ។ តួយ៉ាងដូចជាកម្មវិធីកុំព្យូទ័រមួយឈ្មោះថា Perspective ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google។ កម្មវិធីនេះមានគោលដៅស្ទាក់ចាប់ពាក្យពេចន៍ណាដែលមានលក្ខណៈមិនសមរម្យ ឬអាសអាភាជាដើម។ ប៉ុន្តែ ជាក់ស្តែង ក្នុងករណីពិសេសមួយចំនួន កម្មវិធីនេះបរាជ័យពុំចេះបែងចែកអត្ថន័យឡើយ។
លោក Yann LeCun នាយកដឹកនាំមន្ទីរពិសោធន៍អភិវឌ្ឈន៍ប្រាជ្ញាសប្បនិមិត្តនៅប្រទេសបារាំងបានយល់ឃើញថា ពេលកំពុងអួតសរសើរបច្ចេកវិទ្យាប្រាជ្ញាសប្បនិមិត្ត ម្ចាស់ក្រុមហ៊ុន Facebook ខ្លួនឯងភ្លេចគិតហើយថា បច្ចេកវិទ្យានេះហើយជាដើមចមបង្កើតបញ្ហាមួយចំនួននៅលើបណ្តាញសង្គម។ ជាពិសេស គឺការសាយភាយព័ត៌មានក្លែងក្លាយពាសពេញបណ្តាញសង្គម Facebook ក្នុងកំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។ អ្នកជំនាញរូបនេះបានវិភាគថា អ្វីដែលស្ថាបនិក Facebook បានអះអាងថាជាដំណោះស្រាយនោះ គឺគ្រាន់តែជាការនិយាយលួងចិត្តសមាជិកសភាអាមេរិកតែប៉ុណ្ណោះ។
ទន្ទឹមគ្នានោះផងដែរ នៅក្នុងអត្ថបទវិភាគមួយចុះផ្សាយលើវេបសាយ៍បច្ចេកវិទ្យា The Vierge លោកស្រី Sarah Jeong បានថ្លែងរិះគន់ចំពោះម្ចាស់ក្រុមហ៊ុន Facebook។ បើតាមលោកស្រី ការលើកយកប្រាជ្ញាសប្បនិមិត្តជាដំណោះស្រាយចំពោះបញ្ហា គឺគ្រាន់តែជាលេសទុកបណ្តែតបណ្តោយឲ្យក្រុមហ៊ុន Facebook បន្តធ្វើអ្វីប៉ាតណាប៉ាតណីតែប៉ុណ្ណោះ។ បើតាមលោកស្រី ប្រាជ្ញាសប្បនិមិត្តមិនអាចកំណត់ដឹងទឹកចិត្ត អាកប្បកិរិយា ឬផ្នត់គំនិតមនុស្សម្នាក់បានឡើយ។ ព្រោះគំនិតមនុស្ស ឬអ្នកប្រើប្រាស់បណ្តាញសង្គមប្រែប្រួលជានិច្ច។ វាប្រែប្រួលទៅតាមកាលទេសៈ បរិបទ ឬអារម្មណ៍ជាដើម។ ហើយគ្មានថ្ងៃណាមួយឡើយ ដែលបច្ចេកវិទ្យានេះអាចធ្វើអ្វីៗជំនួសមនុស្ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ