អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​​ Altaba ​(អតីតៈ​ក្រុមហ៊ុន​ Yahoo!) ​ត្រូវ​​​បង់​​ប្រាក់​​​ផាក​​ពិន័យ​​​ចំនួន​​​ ៣៥ ​​លាន​​​​ដុល្លារ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​អង្គារ​ ទី​២៤ មេសា​កន្លង​ទៅ​នេះ​ គណៈកម្មការ​ត្រួត​ពិនិត្យ​សន្តិសុខ​ និង​ផ្សារ​មូលប័ត្រ​អាមេរិក​បាន​ចេញ​សំរេច​ចិត្ត​ធ្វើ​ការ​​ផាក​ពិន័យដ៏​ធ្ងន់​ធ្ងរ​មួយ​។ នោះ​ គឺ​ការ​តំរូវ​ឲ្យ​​ក្រុមហ៊ុន​ Altaba​ បង់​ទឹកប្រាក់​ផាក​ពិន័យ​ចំនួន​ ៣៥ លាន​ដុល្លារ​​ ។ ការ​ដាក់​ពិន័យ​ គឺ​ពាក់​ព័ន្ធ​នឹងសកម្មភាព​អាជីវកម្ម​ចន្លោះ​ពី​ ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦​ របស់​ក្រុមហ៊ុន​ Yahoo! ដែល​ក្រោយ​មក​បាន​ប្រែ​ឈ្មោះ​ទៅ​ជា​ក្រុមហ៊ុន​ Altaba​។ ​តើ​មូលហេតុ​អ្វី​បាន​ជា​អតីតៈ​ក្រុមហ៊ុន​ Yahoo! រង​ទណ្ឌកម្ម​បង់​ប្រាក់​ពិន័យ​ដ៏​ធ្ងន់​ធ្ងរ​បែប​នេះ?

Nembo ya Yahoo ! mjini Sunnyvale, California.
Nembo ya Yahoo ! mjini Sunnyvale, California. AFP
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ​ក្រោយ​ពី​គណៈកម្មការ​ត្រួត​ពិនិត្យ​សន្តិសុខ​ និង​ផ្សារ​មូលប័ត្រ​អាមេរិក​បាន​ចេញ​សេចក្តី​សំរេច​ផាក​ពិន័យ​ ក្រុមហ៊ុនអាមេរិក​ Altaba បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​យល់​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន​ ៣៥​ លាន​ដុល្លារ។​ ក្រុមហ៊ុន​សុខ​ចិត្ត​បង់​ប្រាក់​ពិន័យ​នេះ​ក្នុង​គោលបំណង​បញ្ចប់​រឿង​រ៉ាវ​អតីតៈ​កាលផង​​ ហើយ​ក៏​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ប៉ះពាល់​មុខ​មាត់​ក្រុមហ៊ុន​ផង។​ មុន​នឹង​និយាយ​លំអិត​អំពី​មូល​ហេតុ​នៃ​ការ​ដាក់​ពិន័យ​នេះ​ គួរ​រំលឹក​ផង​ដែរ​ថា​ ក្រុមហ៊ុន ​Altaba ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។​ ក្រុមហ៊ុន​នេះ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង​ ក្រោយ​ពី​ក្រុមហ៊ុន​ដើម​ គឺ​ក្រុមហ៊ុន​ Yahoo! ត្រូវ​បាន​លក់​កា លពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧។

ដូច​យើង​បាន​ដឹង​ខ្លះ​មក​ហើយ​ Yahoo! គឺ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧។​ ហើយ​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​ល្បីល្បាញ​ និង​ទទួល​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​កាលពី​អំឡុង​ដើម​ឆ្នាំ​២០០០។ ក្រុមហ៊ុន​នេះ​មាន​សកម្មភាព​អាជីវកម្ម​​ចំរុះ​លើ​ផែ្នក​អ៊ិនធើណេត ដែល​មាន​ជា​អាទិ​៖​ ​សេវាកម្ម​អ៊ីមែល​សំរាប់​មនុស្ស​ទំនាក់​ទំនង​គ្នា​ (Yahoo Mail), សេវាកម្ម​សារឆ្លើយ​ឆ្លង​ (Chat), សេវា​កម្ម​ព័ត៌មាន​អនឡាញ​(Yahoo News), សេវាកម្ម​ឃោសនា​ពាណិជ្ជកម្ម​អនឡាញ,​ សេវាកម្ម​​លក់​ និង​គ្រប់​គ្រង​ឈ្មោះ​ domaine សំរាប់​វេបសាយ៍, ​សេវាកម្ម​បង្កើត ​​បង្ហោះ​ និង​ផ្ទុក​ទិន្នន័យ​វេបសាយ៍​។ សេវាកម្ម​ទាំងអស់​​នេះ​ គឺ​ជា​បេះដូង​នៃ​សកម្ម​ភាពអាជីវកម្ម​របស់​ក្រុមហ៊ុន​ Yahoo!។ ហើយ​នេះ​គ្រាន់​តែ​ជា​សេវាកម្ម​សំខាន់​ៗ​ប៉ុណ្ណោះ​របស់​ក្រុមហ៊ុន​នេះ​ ក្រៅ​ពី​សេវាកម្ម​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។​

នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​មួយ​ចេញ​ផ្សាយ​កាលពី​ខែ​តុលា​ ឆ្នាំ​២០១៦​ ​ ក្រុមហ៊ុន​ Yahoo! បាន​ប្រកាស​ថា​​ មាន​មនុស្ស​ចំនួន​ ១ ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ប្រើ​ប្រាស់​សេវាកម្ម​របស់​ខ្លួន។​ ហើយ​មាន​​គណនីអ៊ីមែល​ Yahoo! ចំនួន​ ៣ ពាន់​លាន​ត្រូវ​បាន​បង្កើត​ក្នុង​ចំណោម​អតិថិជន។​ ចំពោះ​ការ​ផាក​ពិន័យ​វិញ​ ដើម​ចម​ គឺ​ដោយ​សារ​តែ​អាជ្ញាធរ​ត្រួត​ពិនិត្យ​សន្តិសុខ​ និង​ផ្សារ​មូលប័ត្រ​អាមេរិក​បាន​ស្តី​បន្ទោស​ក្រុមហ៊ុន​ Yahoo! ពី​ភាពមិន​​ស្មោះ​ត្រង់​ដោយ​បាន​លាក់​បាំង​ព័ត៌មាន​ដ៏​សំខាន់​មួយ។​ ព័ត៌មាន​នោះ​ពាក់​ព័ន្ធ​ការ​លួច​យក​ទិន្នន័យ​អ៊ីមែល​របស់​អ្នក​ប្រើប្រាស់​សេវាកម្ម​ខ្លួន។ ឆ្លង​តាម​ការ​ស៊ើប​អង្កេត​លំអិត​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Yahoo! បាន​ដឹង​ពី​ការបាត់​បង់​ទិន្នន័យ​ភ្លាមៗ​ក្រោយ​ពី​មាន​ការ​​វាយ​ប្រហារ​មក​លើ​បណ្តាញ​ផ្ទុក​ទិន្នន័យ​របស់​ខ្លួន​ចំនួន​ពីរ​លើក។​ លើក​ទីមួយ​ គឺ​​កាលពី​ឆ្នាំ​២០១៣។​ ហើយ​លើក​ទីពីរ​ គឺ​កាលពី​ចុង​ឆ្នាំ​២០១៤​។​ ការ​វាយ​ប្រហារ​ចុង​ក្រោយ​នេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​មិន​ដែល​ធ្លាប់​មានពី​មុន​មក​។​ ​ពោល​ គឺ​ទិន្នន័យ​របស់​អតិថិជន​ក្រុមហ៊ុន​ Yahoo! ត្រូវ​បាន​ពួក​ចោរ​ព័ត៌មាន​វិទ្យា​លួច​យក។​ ទិន្នន័យ​ទាំង​នោះ​មាន​ដូចជា​ ឈ្មោះអតិថិជន​, ថ្ងៃ​ខែ​ឆ្នាំ​កំណើត​, អាស័យ​ដ្ឋាន​អ៊ីមែល,​ លេខ​ទូរស័ព្ទ​ និង​ ពាក្យ​សំងាត់​ជាដើម​។

ប៉ុន្តែ​ នា​អំឡុង​ចុង​ឆ្នាំ​២០១៤​នោះ​ ក្រុមហ៊ុន​ Yahoo! ពុំ​បាន​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​សាធារណជន​ទូទៅ​ដឹង​ឡើយ។​ ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ ក្រុមហ៊ុន​ Yahoo! បាន​លាក់បាំង​​ព័ត៌មាន​នេះ​មិន​ឲ្យ​អ្នក​ទិញ​ហ៊ុន​របស់​ខ្លួន​ដឹង​ឡើយ។​ សូម្បី​តែ​នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ផ្ញើ​ជូន​អាជ្ញាធរផ្សារ​មូលប័ត្រ​ក៏​ពុំ​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ដែរ។​ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ទើប​ក្រុមហ៊ុន​ Yahoo! សុខ​ចិត្ត​ប្រកាស​ដំណឹង​នេះ​ជាសាធារណៈ។​ ជា​បឋម​ ក្រុមហ៊ុន​បាន​​ប្រកាស​ឲ្យ​ដឹង​ថា​​ មាន​គណនី​អ៊ីមែល​ចំនួន​ ៥០០​ លាន​ត្រូវ​បាន​ចោរ​ព័ត៌មាន​វិទ្យា​​លួច​យកព័ត៌មាន​​។

 ប៉ុន្តែ ក្រោយ​មក​ ក្រុមជំនាញ​ព័ត៌មាន​វិទ្យា​បាន​ប៉ាន់​ប្រមាណ​ថា​ ចំនួន​គណនី​ដែល​ប៉ះពាល់​​អាច​កើន​ឡើង​រហូត​ទៅ​ដល់​ចំនួន​ ១ ពាន់​លាន។​ ​កាលនោះ​ ក្រោយ​ពី​បាន​ស៊ើប​អង្កេត​យ៉ាង​លំអិត​ ក្រុមហ៊ុន​ Yahoo!​ ពុំ​បាន​វែក​មុខ​រក​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ការ​ជ្រៀត​ជ្រែក​លួច​យក​ទិន្នន័យ​នោះ​ឡើយ។​ ប៉ុន្តែ ក្រុមហ៊ុន​នេះ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ឲ្យ​អ្នក​ប្រើប្រាស់​សេវាកម្ម​អ៊ីមែល​ Yahoo!​ ទាំង​អស់​ផ្លាស់​ប្តូរ​ពាក្យ​សំងាត់​ និង​ផ្លាស់​ប្តូរ​សំណួរ​ចម្លើយ​សន្តិសុខ​។​ ក្រុមហ៊ុន​ក៏​បាន​ស្នើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កុំ​ឲ្យ​ចុច​អ្វី​ផ្តេស​ផ្តាស​លើ​ខ្លឹម​សារ​ខ្សែ​តំណ​ណា​មួយ​មាន​លក្ខណៈ​សង្ស័យ​ ដែល​បាន​ផ្ញើ​ចូល​ក្នុង​សារ​អ៊ីមែល​របស់​ពួក​គេ។

ឆ្លង​តាម​ការ​ស៊ើប​អង្កេត​ជា​បន្ត​បន្ទាប់​ដោយ​មានកិច្ច​សហការ​ជាមួយ​ប៉ូលីស​អាមេរិក​ គេ​បាន​សន្និដ្ឋាន​ជំហាន​តំបូង​ថា​ ពួក​ចោរ​ព័ត៌មាន​វិទ្យា​ទាំង​នោះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​រុស្សី​។​ ហើយ​ពួក​គេ​អាច​ជា​អ្នក​ធ្វើការ​បំរើ​ផល​ប្រយោធន៍​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ណា​មួយ។​ ប៉ុន្តែ​ គេ​មិន​ហ៊ាន​ចោទ​រដ្ឋាភិបាល​រុស្សី​នៅ​ពី​ក្រោយ​ខ្នង​ការ​វាយ​ប្រហារ​នេះ​ឡើយ។​ បើ​តាម​អាជ្ញាធរ​អាមេរិក​ ការ​វាយ​ប្រហារ​នេះ​មាន​គោលដៅ​ធ្វើ​ចារកម្ម​។​ គេ​ក៏​សង្ស័យដែរ​​ថា​ ទិន្ន​ន័យ​ដែល​លួច​បាន​នេះ​អាចយក​ទៅ​​ប្រើ​ប្រាស់​សំរាប់​​ដឹកនាំ​យុទ្ធនាការ​​បំភាន់​មតិ​សាធារណជន​ផង​ដែរ​។​ ឧទាហរណ៍​ការ​បំផ្លៃ​មតិ​សាធារណជន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦។

ស្រប​ពេល​បែក​ធ្លាយ​ព័ត៌មាន​នេះ​ ក្រុមហ៊ុន​ Yahoo! កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចរចារ​លក់​អាជីវកម្ម​មួយ​ផែ្នក​ធំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរគមនា​គមន៍​អាមេរិក​ Verizon។​ តំបូង​ឡើយ​ ក្រុមហ៊ុន Verizon​ បាន​ស្នើ​ទិញ​ក្រុមហ៊ុន​ Yahoo! ក្នុង​តម្លៃ​ ៤,៨៣    ពាន់​លាន​ដុល្លារ។​ ប៉ុន្តែ​ ក្រោយ​លេច​ចេញ​​ព័ត៌មានលួច​ទិន្នន័យ​អ្នក​ប្រើប្រាស់នេះ​​​ ក្រុមហ៊ុន​ Verizon​ ហាក់​ស្ទាក់​ស្ទើរ​មិន​ចង់​ទិញ​​ក្រុមហ៊ុន​ Yahoo!​។​ ក្រោយ​ពី​ចរចារ​រយៈ​ពេល​ជា​យូរ​​ ទីបំផុត​ ក្រុមហ៊ុន​ Verizon បាន​ទិញ​ក្រុមហ៊ុន​ Yahoo! ក្នុង​តម្លៃ​ ៤,៥​ ពាន់​លានដុល្លារ​។ សេវា​កម្ម​សំខាន់ៗ​ដែល​គេ​ចាត់​ទុក​ជា​បេះដូច​នៃ​អាជីវកម្ម​របស់ Yahoo! ​ ​ត្រូវ​បាន​លក់​។​ ​ក្រោយ​ពីបាន​គ្រប់​គ្រង​សេវាកម្ម​ Yahoo! ​ក្រុមហ៊ុន Verizon បាន​ច្របាច់​បញ្ជូល​សេវាកម្ម​ថ្មី​របស់​ខ្លួន​ ជាមួយ​ក្រុមហ៊ុនផ្តល់​សេវាកម្ម​អ៊ិនធើណេត​ដ៏ធំ​មួយ​ទៀតរបស់​ខ្លួន​​ គឺ​ក្រុមហ៊ុន​​ AOL។​ ការ​បញ្ជូល​គ្នា​រវាង​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំង​ពីរ​នេះ​បង្កើត​បាន​ជា​ក្រុមហ៊ុន​ធំ​ថ្មី​ស្រឡាង​មួយ​ គឺ​ក្រុមហ៊ុន​ Oath។

ក្រោយ​ពី​លក់​សេវាកម្ម​របស់​ខ្លួន​មួយ​ភាគ​ធំ​ហើយ​​ ក្រុមហ៊ុន​ Yahoo!​ ​បាន​សំរេច​ចិត្ត​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រុមហ៊ុន​ Altaba។ ការ​ប្តូរ​ឈ្មោះ​បែប​នេះ​ គឺ​ក្នុង​គោលដៅ​បង្កើត​អាជីវកម្ម​ផ្សេង​មួយ​ទៀត​ ដែល​នៅ​សេស​សល់​ពី​ក្រុមហ៊ុន​ចាស់។ សព្វ​ថ្ងៃ​នេះ​ ក្រុមហ៊ុន​ថ្មី​ Altaba ផ្តល់​សេវាកម្ម​ផែ្នក​​វិនិយោគ​ទិញ​ហ៊ុន​នៅ​លើ​ផ្សារ​មូលប័ត្រអាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ