ក្រោយលោកដូណាល់ ត្រាំប្រកាសដកខ្លួន តើកិច្ចព្រមព្រៀងនុយក្លែអ៊ែរអ៊ីរ៉ង់ត្រូវស្លាប់ត្រឹមនេះ ឬ?
ចុះផ្សាយនៅថ្ងៃ៖
ដូចដែលបានព្រមានទុក លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសនាថ្ងៃអង្គារ ទី៨ ឧសភាដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាក្នុងឆ្នាំ ២០១៥។ ភ្លាមៗក្រោយការប្រកាសរបស់លោកត្រាំ ប្រតិកម្មប្រឆាំង ប្រតិកម្មគាំទ្រ និងប្រតិកម្មសោកស្តាយបានធ្លាក់មកជាបន្តបន្ទាប់។ ប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតបានចេញមុខគាំទ្រ និងចាត់ទុកការសម្រេចចិត្តរបស់លោកត្រាំថាជាការសម្រេចចិត្តដែលមានភាពក្លាហាន។ អឺរ៉ុបដែលមានបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានសម្តែងការសោកស្តាយ ចំណែកអ៊ីរ៉ង់តាមរយៈលោកប្រធានាធិបតីហាសាន រ៉ូហានីបានចោទលោកត្រាំពីបទអនុវត្តន៍សង្រ្គាមចិត្តសាស្រ្ត។
ការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំហាក់មិនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះជាអ្វីដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ។ ម្យ៉ាងទៀត តាំងពីក្នុងសម័យឃោសនាបោះឆ្នោតរហូតដល់ជាប់ឆ្នោតជាផ្លូវការ លោកត្រាំតែងគំរាមម្តងជាពីរដងពីការដុតចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលលោកយល់ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់ ជាកិច្ចព្រមព្រៀងដែលមិនគួរនឹងមាន និងជាកិច្ចព្រមព្រៀងដែលអាមេរិកក្នុងជំនាន់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាមិនគួរនឹងចុះហត្ថលេខា។
លោកត្រាំធ្លាប់បានលើកហេតុផលមួយចំនួនទៅពន្យល់ រួមមាន អ៊ីរ៉ង់មិនបានគោរពត្រឹមត្រូវតាមកិច្ចព្រមព្រៀង អ៊ីរ៉ង់បានបន្តអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីល និងសម្ងំផលិតគ្រាប់បែកបរមាណូ អ៊ីរ៉ង់ជាប្រទេសគាំទ្រភេរវនិយមនៅក្នុងតំបន់ដោយលូកដៃគាំទ្រក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី យេម៉ែន និងចលនាហេស្បូឡាក្នុងប្រទេសលីបង់ ឬមួយក៏អ៊ីរ៉ង់កំពុងបន្តរំលោភសិទ្ធិមនុស្សជាដើម។ តាមលោកត្រាំ កិច្ចព្រមព្រៀងដែលដូរនឹងការលើកទណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់បានអនុញ្ញាតឲ្យរបបក្រុងតេហេរ៉ង់ចំណាយលុយមួយភាគធំក្នុងវិស័យយោធា។
តែលោកត្រាំមិនបានលើកយកភស្តុតាងលំអិតអ្វីឲ្យបានច្បាស់ជាងនេះទេ។ អ្វីដែលលោកត្រាំបានលើយកទៅសំអាងនៅក្នុងសុន្ទរកថាខ្លីស្តីពីពីការដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងថ្ងៃអង្គារ ទី៨ ឧសភា គឺបទបង្ហាញរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតណា់យ៉ាហ៊ូកាលពីសប្តាហ៍មុនដែលចោទអ៊ីរ៉ង់ពីបទពួនសម្ងំផលិតគ្រាប់បែកបរមាណូ។
លោកត្រាំចង់បានកិច្ចព្រមព្រៀងថ្មីដែលប្រមូលផ្តុំគ្រប់សំណុំរឿង
ហេតុផលដែលលោកដូណាល់ ត្រាំធ្លាប់បានលើកឡើងកន្លងមកមានចំណុចខ្លះអាចត្រឹមត្រូវ និងក៏ត្រូវបានទទួលស្គាល់ដោយក្រុមប្រទេសហត្ថលេខីផ្សេងដែរ។ ជាក់ស្តែង រឿងអ៊ីរ៉ង់បានបន្តអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីល និងសម្ងំផលិតគ្រាប់បែកបរមាណូ អ៊ីរ៉ង់ជាប្រទេសគាំទ្រភេរវនិយមនៅក្នុងតំបន់ដោយលូកដៃគាំទ្រក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី យេម៉ែន និងចលនាហេស្បូឡាក្នុងប្រទេសលីបង់ ឬមួយក៏អ៊ីរ៉ង់កំពុងបន្តរំលោភសិទ្ធិមនុស្សជាដើម។ ក៏ប៉ុន្តែ ក្រុមប្រទេសហត្ថលេខីទាំងអស់នោះចង់ឲ្យលើកយកបញ្ហានៅសេសសល់ទាំងអស់នេះទៅជជែកដាច់ដោយឡែក ពោលមិនត្រូវយកទៅនិយាយលាយឡំបញ្ចូលគ្នាជាមួយនឹងកិច្ចព្រមព្រៀងដែលមានស្រាប់នោះទេ។
សម្រាប់ក្រុមប្រទេសហត្ថលេខីផ្សេងដែលមាន បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ី រួមទាំងអង្គការថាមពលបរមាណូអន្តរជាតិផងបានបញ្ជាក់ច្បាស់ៗថា អ៊ីរ៉ង់ពិតជាបានគោរពកិច្ចព្រមព្រៀងត្រឹមត្រូវ ពោលមិនដូចជាការចោទរបស់លោកត្រាំទេ។ ចំណែកភាគីអ៊ីរ៉ង់ខ្លួនឯងក៏បានអះអាងម្តងជាពីរដងថា ខ្លួនមិនបានរំលោភលើកិច្ចព្រមព្រៀងដូចការចោទរបស់លោកត្រាំឡើយ។ អ៊ីចឹងហើយបានជាក្រោយការប្រកាសរបស់លោកត្រាំ ប្រតិកម្មប្រឆាំង ប្រតិកម្មគាំទ្រ និងប្រតិកម្មសោកស្តាយបានធ្លាក់មកជាបន្តបន្ទាប់។
ប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបានចេញមុខគាំទ្រ និងចាត់ទុកការសម្រេចចិត្តរបស់លោកត្រាំថាជាការសម្រេចចិត្តដែលមានភាពក្លាហាន។ ចំណែកបារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ីបានសម្តែងការសោកស្តាយ ហើយអ៊ីរ៉ង់តាមរយៈលោកប្រធានាធិបតីហាសាន រ៉ូហានីបានចង្អុលចំមុខលោកត្រាំពីបទបានអនុវត្តន៍សង្រ្គាមចិត្តសាស្រ្ត។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ស្លាប់ត្រឹមនេះ ឬអាចបន្តមានជីវិត
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាកិច្ចព្រមព្រៀងមួយដែលចរចាដោយ ៥ភាគីបូក ១ ក្នុងនោះ មាន ៥ប្រទេសជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺអាមេរិក អង់គ្លេស បារាំង ចិន និងប្រទេសរុស្ស៊ី បូកនឹងប្រទេសអាល្លឺម៉ង់ និងប្រទេសអ៊ីរ៉ង់។ ដូច្នេះ អាមេរិកគ្រាន់តែជាភាគីហត្ថលេខីមួយនៅក្នុងចំណោមភាគីហត្ថលេខីទាំង ៧។ គួររម្លឹកជូនថា ទំរាំតែទទួលបានកិច្ចព្រមព្រៀងមួយនេះ ភាគីពាក់ព័ន្ធនីមួយៗបានប្រើពេលជួបចរចាគ្នាអស់ជាច្រើនឆ្នាំ និងបានធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកច្រើនណាស់។
ដូច្នេះ ដរាបណាអ៊ីរ៉ង់មិនដកខ្លួនចេញ និងបន្តគោរពត្រឹមត្រូវលើកិច្ចព្រមព្រៀងដូចដែលបានធ្វើកន្លងមក កិច្ចព្រមព្រៀងមួយនេះនៅតែមានសុពលភាពជានិច្ច ពោលមិនស្លាប់ទេ។ ផ្ទុយទៅវិញ បើដោយសារតែការដាក់ទ័ណ្ឌកម្មឡើងវិញចាស់ដៃរបស់លោកត្រាំប្រឆាំងអ៊ីរ៉ង់ និងការដាក់សម្ពាធរបស់អាមេរិកលើអឺរ៉ុប រួមទាំងលើក្រុមហ៊ុនអឺរ៉ុបមិនឲ្យរកស៊ីជាមួយអ៊ីរ៉ង់ផងនោះ អ៊ីរ៉ង់ប្រាកដជាដកខ្លួនចេញ ហើយកិច្ចព្រមព្រៀងនឹងត្រូវស្លាប់ដោយចៀសមិនរួច។ សំណួរដែលកំពុងចោទចាប់ពីពេលនេះតទៅគឺថា តើអឺរ៉ុបខ្លួនឯងអាច និងចង់រក្សាទុកជីវិតកិច្ចព្រមព្រៀងនោះ ឬអត់។ ទន្ទឹមគ្នានេះ អ្វីៗក៏វាអាស្រ័យផងដែរលើភាគីរុស្ស៊ី និងចិន។
ចូរកុំភ្លេចថា ក្នុងពេលដែលអ៊ីរ៉ង់កំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិរាប់សិបឆ្នាំដោយសារតែរឿងនុយក្លេអ៊ែរ ចិន និងរុស្ស៊ីជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់អ៊ីរ៉ង់។ យ៉ាងណាក៏ដោយ ក្រុមប្រទេសហត្ថលេខីអឺរ៉ុបបានបញ្ជាក់ក្នុងថ្ងៃពុធ ទី៩ ឧសភាពីការចាប់ផ្តើមពិគ្រោះគ្នាដើម្បីព្យាយាមរក្សាទុកកិច្ចព្រមព្រៀងដោយគ្មានភាគីអាមេរិក។ អ៊ីរ៉ង់ក៏បានប្រាប់រួចហើយពីការត្រៀមខ្លួនធ្វើការជាមួយក្រុមប្រទេសហត្ថលេខីដែលនៅសេសសល់។
ផលវិបាកនៅក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
អ្វីៗវាអាស្រ័យលើការវិវត្តនាពេលខាងមុខ ពិសេសជំហររបស់ក្រុមប្រទេសហត្ថលេខីផ្សេង និងទម្ងន់ទណ្ឌកម្មដែលរដ្ឋបាលអាមេរិកគ្រោងដាក់លើអ៊ីរ៉ង់ជាថ្មី។ តែនៅចំពោះមុខ ភាពតានតឹងប្រាកដជាកើតមានជាថ្មីដោយចៀសមិនរួចរវាងអ៊ីរ៉ង់ និងក្រុមប្រទេសសត្រូវអ៊ីរ៉ង់ មានអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត និយាយជារួម និងរវាងអាមេរិក និងអ៊ីរ៉ង់ និយាយដោយឡែក។ សូមជម្រាបជូនថា គឺរឿងអាតីតកាលតាំងពីឆ្នាំ ១៩៧៩ ដែលបានចិញ្ចឹមភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់មកដល់សព្វថ្ងៃ។ រឿងអាតីតកាលនោះ គឺការចាប់មន្រ្តីទូតអាមេរិកជាង ៦០នាក់ក្នុងស្ថានទូតអាមេរិកប្រចាំក្រុងតេហេរ៉ង់ធ្វើជាចំណាប់ខ្មាំងក្នុងថ្ងៃទី៤ វិច្ឆិកា ឆ្នាំ ១៩៧៩ និងបានយល់ព្រមដោះលែងវិញក្នុងថ្ងៃទី២០ មករា ឆ្នាំ ១៩៨១ ពោលចាប់ឃុំអស់រយៈពេល ៤៤៤ថ្ងៃ។
ចំណែកនៅក្នុងតំបន់វិញ គឺកំណើនភាពតានតឹងនៃការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ចូរកុំភ្លេចថាបច្ចុប្បន្ននេះ អ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងប្រឈមមុខដាក់គ្នារួចហើយនៅក្នុងប្រទេសស៊ីរី។ ជារឿយៗ ទ័ពអ៊ីស្រាអែលតែងបើកការវាយប្រហារលើទីតាំងកម្លាំងយោធាអ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី។ ដូច្នេះ ការដែលលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ពេលនេះនឹងមិនជះឥទ្ធិពលអ្វីភ្លាមៗធំដុំទេ តែអ្វីៗវាអាស្រ័យលើប្រតិកម្មរបស់អ៊ីរ៉ង់នាពេលខាងមុខ។ អ៊ីរ៉ង់ពិតជាយល់មិនច្រឡំទេថា គឺអ៊ីស្រាអែលនេះហើយដែលជាអ្នកនិយាយបញ្ចុះបញ្ចូល រុញគូថលោកត្រាំឲ្យបោះបង់ចោលកិច្ចព្រមព្រៀងនោះ។
នៅក្នុងប្រទេសអ៊ីរ៉ង់ឯណោះ សេចក្តីសម្រេចរបស់អាមេរិកក្នុងការដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់អាចនឹងធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ស្គាល់ភាពយ៉ាប់យឺនជាថ្មី។ នៅត្រង់ចំណុចនេះ មានការលើកឡើងពីការផ្ទុះវិបត្តិនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ