ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/06 12h00 GMT

ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រកាស​ដក​ខ្លួន តើ​កិច្ចព្រមព្រៀង​នុយក្លែអ៊ែរ​អ៊ីរ៉ង់​ត្រូវ​ស្លាប់​ត្រឹម​នេះ ឬ​?

ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រកាស​ដក​ខ្លួន តើ​កិច្ចព្រមព្រៀង​នុយក្លែអ៊ែរ​អ៊ីរ៉ង់​ត្រូវ​ស្លាប់​ត្រឹម​នេះ ឬ​? លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ REUTERS/Jonathan Ernst

    ដូច​ដែល​បាន​ព្រមាន​ទុក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​នា​ថ្ងៃ​អង្គារ ទី៨ ឧសភា​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៥។ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក​ត្រាំ ប្រតិកម្ម​ប្រឆាំង ប្រតិកម្ម​គាំទ្រ និង​ប្រតិកម្ម​សោកស្តាយ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។

    ប្រទេស​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គាំទ្រ និង​ចាត់ទុក​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ​ថា​ជា​ការ​សម្រេចចិត្ត​ដែល​មាន​ភាព​ក្លាហាន។ អឺរ៉ុប​ដែល​មាន​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​បាន​សម្តែង​ការ​សោកស្តាយ ចំណែក​អ៊ីរ៉ង់​តាម​រយៈ​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​ចោទ​លោក​ត្រាំ​ពី​បទ​អនុវត្តន៍​សង្រ្គាម​ចិត្តសាស្រ្ត។

    ការ​សម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​ជា​អ្វី​ដែល​គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចាំ។ ម្យ៉ាង​ទៀត តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​រហូត​ដល់​ជាប់ឆ្នោត​ជា​ផ្លូវការ លោក​ត្រាំ​តែង​គំរាម​ម្តង​ជា​ពីរ​ដង​ពី​ការ​ដុតចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​លោក​យល់​ថា ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់ ជា​កិច្ចព្រមព្រៀង​ដែល​មិន​គួរ​នឹង​មាន និង​ជា​កិច្ចព្រមព្រៀង​ដែល​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​មិន​គួរ​នឹង​ចុះ​ហត្ថលេខា។

    លោក​ត្រាំ​ធ្លាប់​បាន​លើក​ហេតុផល​មួយ​ចំនួន​ទៅ​ពន្យល់ រួម​មាន អ៊ីរ៉ង់​មិន​បាន​គោរព​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង អ៊ីរ៉ង់​បាន​បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីល និង​សម្ងំ​ផលិត​គ្រាប់បែក​បរមាណូ អ៊ីរ៉ង់​ជា​ប្រទេស​គាំទ្រ​ភេរវនិយម​នៅ​ក្នុង​តំបន់​ដោយ​លូកដៃ​គាំទ្រ​ក្រុម​ជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ស៊ីរី យេម៉ែន និង​ចលនា​ហេស្បូឡា​ក្នុង​ប្រទេស​លីបង់ ឬ​មួយ​ក៏​អ៊ីរ៉ង់​កំពុង​បន្ត​រំលោភ​សិទ្ធិមនុស្ស​ជា​ដើម។ តាម​លោក​ត្រាំ កិច្ចព្រមព្រៀង​ដែល​ដូរ​នឹង​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​បាន​អនុញ្ញាត​ឲ្យ​របប​ក្រុង​តេហេរ៉ង់​ចំណាយ​លុយ​មួយ​ភាគធំ​ក្នុង​វិស័យ​យោធា។

    តែ​លោក​ត្រាំ​មិន​បាន​លើក​យក​ភស្តុតាង​លំអិត​អ្វី​ឲ្យ​បាន​ច្បាស់​ជាង​នេះ​ទេ។ អ្វី​ដែល​លោក​ត្រាំ​បាន​លើ​យក​ទៅ​សំអាង​នៅ​ក្នុង​សុន្ទរកថា​ខ្លី​ស្តីពី​ពី​ការ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ថ្ងៃ​អង្គារ ទី៨ ឧសភា គឺ​បទបង្ហាញ​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតណា់យ៉ាហ៊ូ​កាល​ពី​សប្តាហ៍​មុន​ដែល​ចោទ​អ៊ីរ៉ង់​ពី​បទ​ពួនសម្ងំ​ផលិត​គ្រាប់បែក​បរមាណូ។

    លោក​ត្រាំ​ចង់​បាន​កិច្ចព្រមព្រៀង​ថ្មី​ដែល​ប្រមូល​ផ្តុំ​គ្រប់​សំណុំរឿង​

    ហេតុផល​ដែល​លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​លើកឡើង​កន្លង​មក​មាន​ចំណុច​ខ្លះ​​អាច​ត្រឹមត្រូវ និង​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ដែរ។ ជាក់ស្តែង រឿង​អ៊ីរ៉ង់​បាន​បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីល និង​សម្ងំ​ផលិត​គ្រាប់បែក​បរមាណូ អ៊ីរ៉ង់​ជា​ប្រទេស​គាំទ្រ​ភេរវនិយម​នៅ​ក្នុង​តំបន់​ដោយ​លូកដៃ​គាំទ្រ​ក្រុម​ជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ស៊ីរី យេម៉ែន និង​ចលនា​ហេស្បូឡា​ក្នុង​ប្រទេស​លីបង់ ឬ​មួយ​ក៏​អ៊ីរ៉ង់​កំពុង​បន្ត​រំលោភ​សិទ្ធិមនុស្ស​ជា​ដើម។ ក៏​ប៉ុន្តែ ក្រុម​ប្រទេស​ហត្ថលេខី​ទាំង​អស់​នោះ​ចង់​ឲ្យ​លើក​យក​បញ្ហា​នៅ​សេសសល់​ទាំង​អស់​នេះ​ទៅ​ជជែក​ដាច់​ដោយ​ឡែក ពោល​មិន​ត្រូវ​យក​ទៅ​និយាយ​លាយឡំ​បញ្ចូល​គ្នា​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នោះ​ទេ។

    សម្រាប់​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ដែល​មាន បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និង​រុស្ស៊ី រួម​ទាំង​អង្គការ​ថាមពល​បរមាណូ​អន្តរជាតិ​ផង​បាន​បញ្ជាក់​ច្បាស់ៗ​ថា អ៊ីរ៉ង់​ពិត​ជា​បាន​គោរព​កិច្ចព្រមព្រៀង​ត្រឹមត្រូវ ពោល​មិន​ដូច​ជា​ការ​ចោទ​របស់​លោក​ត្រាំ​ទេ។ ចំណែក​ភាគី​អ៊ីរ៉ង់​ខ្លួន​ឯង​ក៏​បាន​អះអាង​ម្តង​ជា​ពីរ​ដង​ថា ខ្លួន​មិន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ដូច​ការ​ចោទ​របស់​លោក​ត្រាំ​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​ក្រោយ​ការ​ប្រកាស​របស់​លោក​ត្រាំ ប្រតិកម្ម​ប្រឆាំង ប្រតិកម្ម​គាំទ្រ និង​ប្រតិកម្ម​សោកស្តាយ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។

    ប្រទេស​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​ចេញ​មុខ​គាំទ្រ និង​ចាត់ទុក​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ​ថា​ជា​ការ​សម្រេចចិត្ត​ដែល​មាន​ភាព​ក្លាហាន។ ចំណែក​បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និង​រុស្ស៊ី​បាន​សម្តែង​ការ​សោកស្តាយ ហើយ​អ៊ីរ៉ង់​តាម​រយៈ​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​ចង្អុល​ចំ​មុខ​លោក​ត្រាំ​ពី​បទ​បាន​អនុវត្តន៍​សង្រ្គាម​ចិត្តសាស្រ្ត។

    កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ស្លាប់​ត្រឹម​នេះ ឬ​អាច​បន្ត​មាន​ជីវិត

    កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ចរចា​ដោយ ៥ភាគី​បូក ១ ក្នុង​នោះ មាន ៥ប្រទេស​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​អាមេរិក អង់គ្លេស បារាំង ចិន និង​ប្រទេស​រុស្ស៊ី បូក​នឹង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អ៊ីរ៉ង់។ ដូច្នេះ អាមេរិក​គ្រាន់​តែ​ជា​ភាគី​ហត្ថលេខី​មួយ​នៅ​ក្នុង​ចំណោម​ភាគី​ហត្ថលេខី​ទាំង ៧។ គួរ​រម្លឹក​ជូន​ថា ទំរាំ​តែ​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​នេះ ភាគី​ពាក់ព័ន្ធ​នីមួយៗ​បាន​ប្រើ​ពេល​ជួប​ចរចា​គ្នា​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់។

    ដូច្នេះ ដរាប​ណា​អ៊ីរ៉ង់​មិន​ដក​ខ្លួន​ចេញ និង​បន្ត​គោរព​ត្រឹមត្រូវ​លើ​កិច្ចព្រមព្រៀង​ដូច​ដែល​បាន​ធ្វើ​កន្លង​មក កិច្ចព្រមព្រៀង​មួយ​នេះ​នៅ​តែ​មាន​សុពលភាព​ជានិច្ច ពោល​មិន​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ដោយសារ​តែ​ការ​ដាក់​ទ័ណ្ឌកម្ម​ឡើង​វិញ​ចាស់ដៃ​របស់​លោក​ត្រាំ​ប្រឆាំង​អ៊ីរ៉ង់ និង​ការ​ដាក់​សម្ពាធ​របស់​អាមេរិក​លើ​អឺរ៉ុប រួម​ទាំង​លើ​ក្រុមហ៊ុន​អឺរ៉ុប​មិន​ឲ្យ​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ផង​នោះ អ៊ីរ៉ង់​ប្រាកដ​ជា​ដក​ខ្លួន​ចេញ ហើយ​កិច្ចព្រមព្រៀង​នឹង​ត្រូវ​ស្លាប់​ដោយ​ចៀស​មិន​រួច។ សំណួរ​ដែល​កំពុង​ចោទ​ចាប់​ពី​ពេល​នេះ​ត​ទៅ​គឺ​ថា តើ​អឺរ៉ុប​ខ្លួន​ឯង​អាច និង​ចង់​រក្សា​ទុក​ជីវិត​កិច្ចព្រមព្រៀង​នោះ ឬ​អត់។ ទន្ទឹម​គ្នា​នេះ អ្វីៗ​ក៏​វា​អាស្រ័យ​ផង​ដែរ​លើ​ភាគី​រុស្ស៊ី និង​ចិន។

    ចូរ​កុំ​ភ្លេច​ថា ក្នុង​ពេល​ដែល​អ៊ីរ៉ង់​កំពុង​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​រាប់​សិបឆ្នាំ​ដោយសារ​តែ​រឿង​នុយក្លេអ៊ែរ ចិន និង​រុស្ស៊ី​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អ៊ីរ៉ង់។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រទេស​ហត្ថលេខី​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ពុធ ទី៩ ឧសភា​ពី​ការ​ចាប់​ផ្តើម​ពិគ្រោះ​គ្នា​ដើម្បី​ព្យាយាម​រក្សា​ទុក​កិច្ចព្រមព្រៀង​ដោយ​គ្មាន​ភាគី​អាមេរិក។ អ៊ីរ៉ង់​ក៏​បាន​ប្រាប់​រួច​ហើយ​ពី​ការ​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​ក្រុម​ប្រទេស​ហត្ថលេខី​ដែល​នៅ​សេសសល់។

    ផលវិបាក​នៅ​ក្រោយ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

    អ្វីៗ​វា​អាស្រ័យ​លើ​ការ​វិវត្ត​នា​ពេល​ខាង​មុខ ពិសេស​ជំហរ​របស់​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង និង​ទម្ងន់​ទណ្ឌកម្ម​ដែល​រដ្ឋបាល​អាមេរិក​គ្រោង​ដាក់​លើ​អ៊ីរ៉ង់​ជា​ថ្មី។ តែ​នៅ​ចំពោះ​មុខ ភាព​តានតឹង​ប្រាកដ​ជា​កើត​មាន​ជា​ថ្មី​ដោយ​ចៀស​មិន​រួច​រវាង​អ៊ីរ៉ង់ និង​ក្រុមប្រទេស​សត្រូវ​អ៊ីរ៉ង់ មាន​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត និយាយ​ជា​រួម និង​រវាង​អាមេរិក និង​អ៊ីរ៉ង់ និយាយ​ដោយឡែក។ សូម​ជម្រាប​ជូន​ថា គឺ​រឿង​អាតីត​កាល​តាំង​ពី​ឆ្នាំ ១៩៧៩ ដែល​បាន​ចិញ្ចឹម​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​មក​ដល់​សព្វថ្ងៃ។ រឿង​អាតីតកាល​នោះ គឺ​ការ​ចាប់​មន្រ្តីទូត​អាមេរិក​ជាង ៦០នាក់​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​តេហេរ៉ង់​ធ្វើ​ជា​ចំណាប់ខ្មាំង​ក្នុង​ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ ១៩៧៩ និង​បាន​យល់ព្រម​ដោះលែង​វិញ​ក្នុង​ថ្ងៃ​ទី២០ មករា ឆ្នាំ ១៩៨១ ពោល​ចាប់​ឃុំ​អស់​រយៈពេល ៤៤៤ថ្ងៃ។

    ចំណែក​នៅ​ក្នុង​តំបន់​វិញ គឺ​កំណើន​ភាព​តានតឹង​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល។ ចូរ​កុំ​ភ្លេច​ថា​បច្ចុប្បន្ន​នេះ អ៊ីរ៉ង់ និង​អ៊ីស្រាអែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​រួច​ហើយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ជា​រឿយៗ ទ័ព​អ៊ីស្រាអែល​តែង​បើក​ការ​វាយប្រហារ​លើ​ទីតាំង​កម្លាំង​យោធា​អ៊ីរ៉ង់​នៅ​ក្នុង​ទឹកដី​ស៊ីរី។ ដូច្នេះ ការ​ដែល​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ពេល​នេះ​នឹង​មិន​ជះឥទ្ធិពល​អ្វី​ភ្លាមៗ​ធំដុំ​ទេ តែ​អ្វីៗ​វា​អាស្រ័យ​លើ​ប្រតិកម្ម​របស់​អ៊ីរ៉ង់​នា​ពេល​ខាង​មុខ។ អ៊ីរ៉ង់​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា គឺ​អ៊ីស្រាអែល​នេះ​ហើយ​ដែល​ជា​អ្នក​និយាយ​បញ្ចុះបញ្ចូល រុញគូថ​លោក​ត្រាំ​ឲ្យ​បោះបង់​ចោល​កិច្ចព្រមព្រៀង​នោះ។

    នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ឯណោះ សេចក្តីសម្រេច​របស់​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់​អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ស្គាល់​ភាព​យ៉ាប់យឺន​ជា​ថ្មី។ នៅ​ត្រង់​ចំណុច​នេះ មាន​ការ​លើក​ឡើង​ពី​ការ​ផ្ទុះ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ប្រតិកម្ម​ចម្រុះ ក្រោយ​លោក​ ត្រាំ ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

      ស្វែងយល់បន្ថែម

    • រុស្ស៊ី និងចិន ស្វែងរក​​ការគាំទ្រ​​ពីសមាជិក UN ដើម្បី​​ការពារ​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់

      ស្វែងយល់បន្ថែម

    • អ៊ីរ៉ង់-នុយក្លេអ៊ែរ

      ​រុស្ស៊ី​​​​ព្រមាន​​​​​​ថា​​​​​​ប៉េកាំង​​​និង​​​​មូស្គូ​​​​រួមគ្នា​​​​​​​​​រារាំង​​​រាល់​​​ការ​ប៉ុនប៉ង​​​​បំផ្លាញ​​​​​​កិច្ច្ច​ព្រមព្រៀង​​​​នុយក្លេអ៊ែរ​​​​អ៊ីរ៉ង់​​​​

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​បន្ត​តាម​ឆ្កឹះឆ្កៀល​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ២០១៥?

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ