ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT

អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន

អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន
 
បាតុកម្ម​ប្រឆាំង​នឹង​ការ​ផ្ទេរស្ថានទូត​អាមេរិកមក​​ហ្ស៊េរុយសាឡិម REUTERS/Muhammad Hamed

លោក​ត្រាំ​កំពុង​សម្រេច​បំណង​តាម​ពាក្យ​សន្យា​របស់​លោ​កហើយ ! បន្ទាប់​ពីបាន​ប្រកាស​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល កាលពី​ថ្ងៃ​ទី ៦ ធ្នូ ឆ្នាំ​២០១៧ សហរដ្ឋអាមេរិក​ត្រូវ​សម្ពោធ​បើក​ស្ថានទូត​​ នៅ​ក្រុង​ហ្ស៊េរុយសាឡិម​ នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ឧសភា នេះ។ ជា​ជម្រើសថ្ងៃ​​ដែល​ត្រូវ​ចំ​​ខួប​៧០​ឆ្នាំ​នៃ​ការ​ប្រកាស​ឯករាជ្យ​រដ្ឋ​អ៊ីស្រាអែលទៀត។ ​ភាព​តាន​តឹង​បានប៉ោង​ឡើង​ជា​ថ្មី រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ! ពិធី​សម្ពោធ​ កំពុង​ស្ថិត​ក្រោម​សម្ពាធ​ខ្លាំង និង​កំពុង​បញ្ចេះ​កំហឹង​បណ្តា​ពលរដ្ឋ​ប៉ាឡេស្ទីន ឱ្យ​​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ ក្នុង​ទ្រង់ទ្រាយ​ធំ។ បាតុកម្ម​ដែល​បានរង​ការ​បង្ក្រាប​ពី​សំណាក់​ទាហាន​អ៊ីស្រាអែល រហូត មាន​ស្លាប់​​ពលរដ្ឋ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ៣៧​នាក់ និង​របួស​ជា​ច្រើន​នាក់។

លោក​ ដូណាល់ ​ត្រាំ ធ្លាប់​បាន​បង្ហាញ​ចេតនា​ចង់​មក​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម​នេះ​ ប៉ុន្តែទំនង​ដោយ​មិន​ចង់​បង្កើន​ភាព​តឹង​តឹង​បន្ថែម នៅ​ទី​បំផុត​លោក​បាន​ប្តូរ​ចិត្ត​វិញ ដោយ​បញ្ជូន​កូន​និង​កូន​ប្រសារ លោកស្រី អ៊ីវ៉ាន់កា ត្រាំ និង​ ស្វាមីលោក ហ្សារ៉េ គូឆ្នែរ ​ទីប្រឹក្សា​ពិសេស​របស់​លោក​ត្រាំ ​ទៅ​ធ្វើ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ស្ថានទូត​អាមេរិក​ថ្មី នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម នៅ​ថ្ងៃ​នេះជំនួស​។

​ពិធី​សម្ពោធ ​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ ​វេលាម៉ោង​៤​រសៀល​ម៉ោង​នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង​៩​យប់​ម៉ោង​នៅ​ប្រទេស​កម្ពុជា ដោយ​​​មានការ​អ្នក​ចូល​រួម ជា​មន្ត្រី​​អ្នក​មុខ​អ្នកការ​អាមេរិក តំណាង​សភា​ព្រឹទ្ធអាមេរិក​ និង​អ៊ីស្រាអែល​​ជា​ច្រើន​រូប​ ​ ប្រមាណ​ជិត​៨​រយនាក់។

សម្រាប់​អ៊ីស្រាអែល ការ​ផ្ទេរ​ស្ថានទូត​អាមេរិក​ពី​ក្រុង​តែលអាវីវ មក​ហ្ស៊េរុយសាឡិម​ថ្ងៃនេះ ជា​ពិធី​ដែល​មាន​តម្លៃ​ជាប្រវត្តិសាស្ត្រ​បំផុត ! ហើយ​ម្យ៉ាង​ទៀត អ៊ីស្រាអែល​កាន់​តែ​រំជួល​អបអរ​ខ្លាំង​ទៀត ព្រោះ​ជម្រើស​ថ្ងៃ​សម្ពោធ​ស្ថានទូត​អាមេរិក ត្រូវ​​ចំ​ថ្ងៃទី ១៤ ឧសភា ដែល​ជាថ្ងៃ​បុណ្យ​ឯករាជ្យ​ ខួប​លើក​ទី ៧០ ប្រកាស​ជា​រដ្ឋ​​អ៊ីស្រាអែល។ នៅ​ពេល​ទៅទទួល​ស្វាគមន៍​ លោកស្រីអ៊ីវ៉ាន់កា ត្រាំ នៅ​ព្រលាន​យន្តហោះ លោក នេតាន់យ៉ាហ៊ូ​ បាន​ថ្លែង​ថា​ ហ្ស៊េរុយសាឡិម នឹង​នៅ​ជា​ទីក្រុង​របស់​អ៊ីស្រាអែល​រហូត​ ទោះ​ជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​អ្វី​ក៏​ដោយ។

បាតុករ​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា​ រង​របូស ដោយ​ការ​គ្រាប់​កាំភ្លើង​អ៊ីស្រាអែល REUTERS/Ibraheem Abu Mustafa

អ៊ីស្រាអែល​​រីករាយ​ ! ប៉ាឡេស្ទីន ​ផ្ទុះ​កំហឹង​ខ្លាំង​

អ៊ីស្រាអែល​ បាន​បង្កើន​ និង​ពង្រាយ​កម្លាំងយោធា​ប្រយុទ្ធ​​ទ្វេ​មួយជាពីរ​ នៅ​ជុំ​វិញ​តំបន់​រស់​នៅរបស់​ប៉ាឡេស្ទីន​ ក្រោម​អាណានិគម​កិច្ច​អ៊ីស្រាអែល និងតាម​ព្រំដែន ព្រមទាំង​​បាន​ពង្រាយ​កម្លាំង​ប៉ូលិស​ ដល់​ទៅ​ពាន់​នាក់ សម្រាប់ការពារ​ក្រុង​ហ្ស៊េរុយសាឡិម ​តំបន់​ស្ថានទូតអាមេរិក និង​បាន​ព្រមាន​មិន​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ នៅ​ហ្កាហ្សា​មក​ក្បែរ​បន្ទាត់​ព្រំដែន​ទេ។

​សូម​បញ្ជាក់​ថា ថ្វីបើ​ថ្ងៃ​នេះ​ខាង​អ៊ីស្រាអែល ជា​ខួប​បង្កើត​រដ្ឋឯករាជ្យ​ តែ​ខាង​ប៉ាឡេស្ទីន ​ក៏​ជា​ខួប​៧០​ឆ្នាំ​នៃ​មហន្តរាយនិរាស​ព្រាត់ប្រាស់ និង​ចលនា​ចំណាក​ស្រុក​​បាត់​បង់​ទឹក​ដី ​ដោយ​សារ​ការ​លេប​ត្របាក់​របស់​អ៊ីស្រាអែល។ ​ជម្រើស​យក​ថ្ងៃ​នេះមក​សម្ពោធ​ស្ថានទូ​ត​អាមេរិក គឺ​ជា​ការ​ផ្គើន។

ប៉ាឡេស្ទីន​ ​ប្រមូល​ផ្តុំ​គ្នាធ្វើ​បាតុកម្ម​ជា​ច្រើន​កន្លែង និង​ក្នុង​ចំនួន​ដ៏​​ច្រើន​បំផុត​ ដើម្បី​បរិហារ​ទង្វើ​ផ្ទេរ​ស្ថានទូត​អាមេរិក​ផង និងទាមទារ​សិទ្ធិ​វិល​ត្រលប់​មក​លើ​ទឹក​ដី​ដែល​អ៊ីស្រាអែល​​លេប​យកកាលពី​ឆ្នាំ​១៩៤៨​មក​បង្កើត​រដ្ឋ​ផងដែល​គេ​ប្រសិទ្ធនាម​ថា "សិទ្ធិ​នៃការ​វិល​ត្រឡប់​​របស់​ជនភៀស​ខ្លួន”។ បាតុកម្ម​ប៉ាឡេស្ទីន​បាន​ព​ង្រីក​ខ្លួន​កាន់​តែ​ធំ​​និង​សូម្បី​តែ​ស្ត្រី​ក៏​ចូល​រួម​យ៉ាង​សកម្ម ក្រោម​ការ​លើក​ទឹក​ចិត្ត​របស់​មេ​ដឹកនាំ​ចលនា​ហាម៉ាស អ្នក​គ្រប់គ្រង​តំបន់​ហ្កាហ្សា។​

ប៉ុន្តែ ដូច​ជា​រៀង​រាល់​លើក បាតុកម្ម​ប៉ាឡេស្ទីន​ តែង​រក​ការ​បង្ក្រាប​ដោយ​អាវុធ​ពី​សំណាក់​អ៊ីស្រាអែល។ បើ​តាម​ព័ត៌មាន​​ទើប​ទទួល​បាន​អំបាញ់​មិញនេះ បាតុករ​​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា ​កំពុង​បាន​រង​ការ​បង្ក្រាប​ យ៉ាង​ទាន់​ហន់​ពី​សំណាក់​យោធា​អ៊ីស្រាអែល។ មាន​ស្លាប់​ និង​របួស ជា​ច្រើន​នាក់។

អាមេរិក​លែង​សម​ជាអន្តរការី​សម្រាប់​ជម្លោះអ៊ីស្រាអែល-​ប៉ាឡេស្ទីន

ចំណែក​ឯ​ប្រមុខ​ចលនា​អាល់កៃដា បាន​អំពាវនាវ​ តាំ​ងតែ​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មក ឱ្យ​ពួក​ជីហាត​​នាំ​គ្នា​កាន់​អាវុធ​ចេញធ្វើ​សកម្មភាព​ប្រឆាំង​នឹងសហរដ្ឋ​អាមេរិក ដោយ​អះអាង​ថា សេចក្តី​សម្រេច​របស់​អាមេរិក​ផ្ទេរ​ស្ថានទូត​មក​ហ្ស៊េរុយសាឡិម ជា​ភស្តុតាង​បញ្ជាក់​ថា ការ​ចរចា និង​ការ​សម្របសម្រួល​គ្នា គ្មាន​ផ្តល់​ប្រយោជន៍អ្វី​ដល់​ប៉ាឡេស្ទីន​។

សម្ព័ន្ធ​អារ៉ាប បាន​​ប្រកាស​​​បើក​ជំនួប​ ជា​បន្ទាន់​នៅ​ថ្ងៃ​ពុធ តាម​សំណើរបស់​ប៉ាឡេស្ទីន ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ប្រឈម​ទល់​នឹង​ទង្វើ​ខុស​ច្បាប់​របស់​អាមេរិក។ សម្រាប់​សហគមន៍​អន្តរជាតិ​ ក្នុង​នាម​ជា​ដែន​ដី​ក្រោម​អាណានិគម​​​អ៊ីស្រាអែល​នៅ​ឆ្នាំ​១៩៦៧ និង​មិន​ទាន់​មាន​លក្ខន្តិកៈ​ច្បាស់​លាស់ គេ​មិនអាច​ទៅ​តាំង​ស្ថានទូត​បាន​ទេ នៅ​ហ្ស៊េរុយសាឡិម ! ខុស​អ្វី​តែ​​អាមេរិក ដែល​ជ្រើសរើស​​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ហើយ​ផ្ទេរ​ស្ថាន​ទូត​មក​ហ្ស៊េរុយសាឡិមទៀត។

តែ​ គេ​ពុំ​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វី ផ្សេ​ង​ទៀត​ពី​សហគមន៍​អន្តរជាតិ​​នៅ​ឡើយ​ទេ ក្រៅ​អំពី​សេចក្តី​អំពាវនាវ​របស់​ប្រធានាធិបតី​តួកគី​ អែរដូហ្កាន​ ពី​ទីក្រុង ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ដើរ​តួនាទី​ឱ្យ​បាន​លឿន​រហ័ស​ទប់​ស្កាត់​ការ​ឈ្លានពាន​របស់​អ៊ីស្រាអែល និង​លែង​ផ្តល់​ទំនុក​ចិត្ត​លើ​​សហរដ្ឋ​អាមេរិក​ក្នុង​ការ​​ដើរ​តួនាទី​អន្តរការី​ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែល​ប៉ាឡេស្ទីន។នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​បញ្ចេញ​ប្រតិកម្ម​ចុង​មាត់​ចុងក​ថា​មិន​យល់​ស្រប​នឹង​ការ​ផ្ទេរ​ទីតាំង​ទូត​របស់​អាមេរិក​ទេ។

ត្រង់​ចំណុច​នេះ យើង​អាចទទួល​ស្គាល់​មួយថា សេចក្តីសម្រេច​របស់​លោក​ត្រាំ ថ្វី​បើ​បាន​ទទួល​កា​រថ្កោល​ សំណាក់​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន​​១២៨ក្នុង​ចំណោម​ ​១៩៣​ប្រទេស និង​ពុំ​បាន​អូស​ទាញ​ឱ្យ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ឈូរឆ​ប្តូរ​ស្ថានទូត​តាម​មែន ប៉ុន្តែ ​សន្ទុះ​ប្រឆាំង​ ក៏​ពុំ​សូវ​សន្ធោសន្ធៅ​ខ្លាំង​ឡើយ​នៅ​ក្នុង​តំបន់​។ សូម្បី​តែ​អារ៉ាប៊ីសាអូឌីត ប្រទេស​អ៊ីស្លាម​មួយ​ដែរ​នោះ​ មិនខ្វល់​សោះ​នឹង​សេចក្តីសម្រេច​អាមេរិក​នេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ