អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ប្រទេស​ក្វាតេម៉ាឡា​ផ្ទេរ​ស្ថានទូត​ទៅ​កាន់​ទីក្រុង​ហ៊្សេរុយសាឡិម​ដូច​សហរដ្ឋអាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ក្វាតេម៉ាឡា​ជា​ប្រទេស​ទីពីរនៅ​​លើពិភព​លោក​ ដែល​បានសំរេច​ចិត្ត​ផ្ទេររ​ស្ថានទូត​ទៅ​បោះទីតាំង​នៅ​ទីក្រុង​ហ៊្សេរុយសាឡិម។​ នេះ​មិន​មែន​ជា​លើក​ទីមួយ​ឡើយ​ ដែល​ក្វាតេម៉ាឡា​តែង​ចេញ​មុខ​ជានិច្ច​ជាកាល​ឈឺឆ្អាល​ការ​ពារ​បុព្វហេតុ​អ៊ីស្រាអែល។​ ចំណង​មិត្ត​ភាព​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​នៅ​ទ្វីប​កណ្តាល​មួយ​នេះ​ជាមួយ​នឹង​ប្រទេស​អ៊ីស្រាអែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថាជា​ចំណុច​ស្នូល​នៃ​ការ​សំរេច​ចិត្ត​ដ៏​ចម្រូង​ចម្រាស​នេះ។ តើ​មាន​កត្តា​ប្រវត្តិ​សាស្រ្ត​អ្វី​ខ្លះ​ជំរុញ​ឲ្យ​ក្វាតេម៉ាឡា​មាន​ទំនាក់​ទំនង​ជិត​ស្និត​នឹង​អ៊ីស្រាអែល​បែប​នេះ​?

Le Premier ministre israélien Benjamin Netanyahu inaugure la nouvelle ambassade du Guatemala à Jérusalem, le 16 mai 2018.
Le Premier ministre israélien Benjamin Netanyahu inaugure la nouvelle ambassade du Guatemala à Jérusalem, le 16 mai 2018. REUTERS/Ronen Zvulun/Pool
ផ្សាយពាណិជ្ជកម្ម

ពីរ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​សម្ភោធ​ស្ថានទូត​ថ្មី​ ​ ពោល​ គឺ​នា​ថ្ងៃ​ពុធ​ ទី​១៦ ខែ​ឧសភា​កន្លង​ទៅ​នេះ​ ប្រទេស​ក្វាតេម៉ាឡា​ក៏​បាន​ផ្ទេរ​ស្ថានទូតរបស់​ខ្លួន​ទៅ​កាន់​ទីក្រុងហ៊្សេរុយ​សាឡិម​ផង​ដែរ។​ មុន​នឹង​ធ្វើ​សកម្មភាព​ផ្ទេរ​ស្ថានទូត​នេះ​ ប្រទេស​ក្វាតេម៉ាឡា​បាន​ប្រកាស​ទទួល​ស្គាល់​ហ៊្សេរុយ​សាឡិម​ជា​រដ្ឋ​ធានី​របស់​ប្រទេស​អ៊ីស្រាអែល​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៧មក​ម្ល៉េះ​។​ សេចក្តី​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មិន​ដល់​ម្ភៃ​ថ្ងៃ​ផង​ក្រោយ​ពី​ ​លោក​ ដូណាល់​ ត្រាំ​ ប្រធានាធិបតី​អាមេរិក​បាន​អះអាង​ទទួល​ស្គាល់​បែប​នេះ​។ គោល​ជំហរ​ក្វាតេម៉ាឡា​ ដែល​ទទួល​ស្គាល់​ហ៊្សេរុយសាឡិម​​ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល​នោះ​ក៏​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ឡើយ។​ បើ​ក្រឡេក​មក​មើល​បរិបថ​ប្រវិត្ត​សាស្ត្រ​ យើង​ឃើញ​ថា​ចំណង​ទាក់​ទង​គ្នា​រវាង​ក្វាតេម៉ាឡា​ និង​អ៊ីស្រាអែល​បាន​ចាក់​ឬស​ជ្រៅ​រហូត​ដល់​មាន​អាយុ​កាល​ ៧០ ឆ្នាំ​មក​ហើយ។

កាលពី​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​១៩៤៨​ ប្រទេស​ក្វាតេម៉ាឡា​តាមរយៈ​អ្នក​ការ​ទូត​របស់​ខ្លួន​មួយ​រូប​ គឺ​លោក​ Jorge Garcia Granados បាន​អំពាវ​នាវ​ឲ្យ​មាន​​ការ​បង្កើត​រដ្ឋ​ជ្វីស​មួយ​នៅ​លើ​ទឹកដី​ដែល​កាលនោះ​ជា​របស់​ប៉ាឡេស្ទីន។​ សម័យ​កាល​នោះ​ ក្វាតេម៉ាឡា​ជា​ប្រទេស​ទីពីរ​នៅ​លើ​ពិភព​លោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ដែល​ហ៊ាន​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ការ​បង្កើត​រដ្ឋ​ជ្វីស​ ដែល​ជា​អ៊ីស្រាអែល​បច្ចុប្បន្ន។ លោក​ Granados អ្នក​ការ​ទូត​ក្វាតេម៉ាឡា​បាន​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចូល​រួម​ដោយ​ប្រយោល​ក្នុង​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​នេះ​។​ ដោយ​មាន​ជីតា​ធ្លាប់​ជា​ប្រធានាធិបតី​ដឹកនាំ​ប្រទេស​ក្វាតេម៉ាឡា​ លោក​ Granados បាន​ដឹកនាំ​គណៈកម្មាធិការ​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំ​រឿង​ប៉ាឡេស្ទីន។

គណៈកម្មាធិការ​អន្តរជាតិ​មួយ​នេះ​មាន​ប្រទេស​ចំនួន​ ១១ ជា​សមាជិក។​ មាន​ជាអាទិ​ប្រទេស​អូស្រ្តាលី​ កាណាដា​ ក្វាតេម៉ាឡា​ ឥណ្ឌា​ អ៊ីរ៉ង​ ហូឡង់​ ប៉េរូ​ ស៊ុយអែត ឆេកូស្លូវាគី​ អ៊ុយរូហ្គាយ​ និង​យូហ្គោស្លាវី។​ គណៈកម្មាធិការ​នេះ​មាន​បេសកកម្ម​សិក្សា​ពី​ជម្លោះ​កំពុង​កើត​មាន​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន។​ ហើយ​គណៈកម្មាធិការ​នេះ​ត្រូវ​ផ្តល់​អនុសាសន៍​ស្វែង​រក​ដំណោះ​ស្រាយ ជាពិសេស​តាម​រយៈ​ការពុះបែង​​ចែកទឹក​​ដីលើ​ទីតាំងដ៏​ចម្រូង​ចម្រាស​នេះ។ មុននឹង​ឈាន​ដល់​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​​ ជាតំបូង​ តាម​រយៈ​គណៈកម្មាធិការ​អន្តរជាតិ​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៤៧​មក​ លោក​ Granados អ្នក​ការ​ទូត​ក្វាតេម៉ាឡា​​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​បែង​ចែក​ដែនដី​ប៉ាឡេស្ទីន​ជាពីរ​ចំណែក​។​ ក្នុង​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​​ឲ្យ​មាន​ការ​បង្កើត​រដ្ឋ​ពីរ​នៅ​លើ​ដែន​ដីជម្លោះ​នេះ​ លោក​ Granados បាន​ខិតខំ​ធ្វើ​សកម្មភាព​​នៅ​លើ​ឆាក​អន្តរជាតិ​។

គោល​បំណង​របស់​គាត់​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​​អនុសាសន៍​បែង​ចែក​ទឹកដី​ជា​ពីរ​ចំណែក​នេះ​​ទទួល​ការ​ធ្វើ​សច្ចាប័ន​ពីសំណាក់​អង្គការ​សហប្រជាជាតិ។​ ទីបំផុត​ ដំណោះ​ស្រាយ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ អ.ស.ប​ ជាមួយ​សម្លេង​បោះឆ្នោត​គាំទ្រ​ចំនួន​ ៣៣ ​ប្រឆាំង​ចំនួន​ ១៣ និង​អនុប្បវាត​ចំនួន​ ១១។ បន្ទាប់​ពី​រដ្ឋ​អ៊ីស្រាអែល​ត្រូវ​បាន​បង្កើត​​ ប្រទេស​ក្វាតេម៉ាឡា​​បាន​ក្លាយ​ជា​ប្រទេស​តំបូង​គេ​បង្អស់​នៅ​លើ​ពិភព​លោក​ ដែល​បាន​ចាប់​ផ្តើម​បង្កើត​ចំណង​ការ​ទូត​ផ្លូវ​ការ​ជាមួយ​អ៊ីស្រាអែល​។​ នាឆ្នាំ​១៩៥៦​ ក្វាតេម៉ាឡា​បាន​ដាក់​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​ហ៊្សេរុយ​សាឡិម។​ ហើយ​លោក​ Jorge Garcia Granados ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​តំណាង​ប្រទេស​ក្វាតេម៉ាឡា​ប្រចាំ​ប្រទេស​អ៊ីស្រាអែល។​ អ្នក​ការ​ទូត​រូប​នេះ​បាន​ទទួល​មរណៈភាព​កាលពី​ឆ្នាំ​១៩៦១។​ មក​ដល់​សព្វ​ថ្ងៃ​នេះ​ នៅ​ប្រទេស​អ៊ីស្រាអែល​ អនុស្សាវរីយ៍​ចងចាំ​រំលឹក​គុណ​ចំពោះ​លោក Jorge Garcia Granados នៅ​តែ​រស់​រវើកជានិច្ច​។

គេ​ឃើញ​មាន​ឈ្មោះ​ផ្លូវ​ថ្នល់​មួយ​ចំនួននៅ​ប្រទេស​អ៊ីស្រាអែល​ត្រូវ​បាន​ប្រសិទ្ធនាម​ឈ្មោះ​លោក​ Granados។​ សូម្បី​តែ​នៅ​ទីក្រុង​ហ៊្សេរុយសាឡិម​គេ​ក៏​ឃើញមាន​ផ្លូវឈ្មោះ​ Granados ផង​ដែរ។​  ហើយ​នាឆ្នាំ​១៩៨០​ ក្រោយ​ពេលដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប​ បាន​ចេញ​ដំណោះ​ស្រាយ​ឲ្យ​បណ្តា​ប្រទេស​ទាំង​អស់​រើ​ស្ថាន​ទូត​ចេញ​ពី​ទីក្រុងហ៊្សេរុយ​សាឡិម​ ប្រទេស​ក្វាតេម៉ាឡា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចុង​ក្រោយ​គេបង្អស់​ដែល​បង្ខំ​​ចិត្ត​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ស្ថាន​ទូត​ទៅ​កាន់​ទីក្រុង​ Tel-Aviv។ មក​ដល់​សព្វ​ថ្ងៃ​នេះ​ ចំណង​ការ​ទូត​រវាង​ក្វាតេម៉ាឡា​ និង​អ៊ីស្រាអែល​ក៏​បាន​ចេញ​ជា​រូបរាង​ជាក់​ស្តែង​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការជា​ច្រើន​។​ ក្នុង​នោះ​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​យោធា​។ កាលពី​ឆ្នាំ​២០០៩ លោក​ Roberto Alejos ប្រធាន​សភា​កុង​គ្រែស​ក្វាតេម៉ាឡា​បាន​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​ប្រទេស​យើង​មាន​វិស័យ​កសិកម្ម​រីក​លូតលាស់​ នេះ​ក៏​ដោយ​សារ​តែ​មាន​ជំនួយ​ពី​ប្រទេស​អ៊ីស្រាអែល។

ប្រសិន​បើ​ប្រទេស​យើង​មាន​ការ​រីកចំរើន​ក្នុង​វិស័យ​សុខាភិបាល​ វិស័យ​អប់រំ​ និង​សន្តិសុខ​ជាតិ​ នេះ​ក៏​ដោយ​សារ​តែ​ប្រទេស​អ៊ីស្រាអែល​បាន​រួម​ចំណែក​ចែក​រំលែក​បទពិសោធន៍​ជាមួយយើង។ មក​ដល់​សព្វ​ថ្ងៃ​នេះ​ អ៊ីស្រាអែល​បាន​ ​ជួយ​ជ្រោម​ជ្រែង​ប្រទេស​ក្វាតេម៉ាឡា​តាម​រយៈ​ការ​បញ្ជូន​មន្រ្តី​ជំនាញ​មក​ជួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មី​ ការ​កែលំអរ​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​ និង​ការ​ធ្វើ​ទំនើប​នីយកម្ម​ស្ថានីយ៍​​បន្សុត​ទឹក​ប្រើ​ប្រាស់ជាដើម។ ក្នុង​កាលទេសៈ​ដែល​ក្វាតេម៉ាឡា​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​ចន្លោះ​ពី​ឆ្នាំ​១៩៦០ដល់​ឆ្នាំ​១៩៩៦ គឺ​អ៊ីស្រាអែល​នេះ​ហើយ​ដែល​បាន​ចេញ​មុខ​លក់​អាវុធ​ផង​ និង​​បាន​បញ្ជូន​មន្រ្តី​យោធា​របស់​ខ្លួន​ផង​ទៅ​បណ្តុះ​បណ្តាល​ទាហាន​ក្វាតេម៉ាឡា​។​ រដ្ឋាភិបាល​ក្វាតេម៉ាឡា​សម័យ​នោះ​បាន​ដឹកនាំ​យុទ្ធនាការ​យោធា​បោស​សំអាត​ក្រុម​ប្រឆាំង​បះបោរ​នឹង​របប​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ