អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចព្រមព្រៀង​សន្តិភាព​កូឡុំប៊ី ក្នុង​កណ្តាប់​ដៃ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​នេះ កូឡុំប៊ី ត្រូវ​រៀប​ចំ​ការ​​​បោះឆ្នោត​ប្រធានាធិបតី​ ​ជា​លើក​ទី​មួយ គិត​ចាប់​ពី​មាន​សន្តិភាព​ជាមួយ​អតីត​ពួក​ឧទ្ទាម​ហ្វាក Farc ​នៅ​ឆ្នាំ​២០១៦មក។​ ​​កិច្ចព្រមព្រៀងសន្តិភាព​ដែល​នៅ​ផុយស្រួយ​នៅ​ឡើយ​​ ​អាស្រ័យ​​​ខ្លាំងណាស់​ ទៅ​លើ​ជា​ការ​បោះឆ្នោតនេះ។ បេក្ខជន​​មក​ពី​បក្ស​អភិរក្ស​និយម លោក អ៊ីវ៉ាន់ ឌុកេ ដែល​ចង់​សើរើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ហ្វាក​ឡើង​វិញ មាន​ប្រជាប្រិយភាព​ខ្ពស់ និង​អាច​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​​កូឡុំប៊ី បន្ត​ពីលោក សិនតូស នៅ​ជុំ​ទី​មួយ ផង។ នេះ​បើ​គេ​ជឿ​តាម​ការ​ស្ទង់​មតិ​ខ្លះ។

ការ​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី​កូឡុំប៊ី​ នៅ​ Bogota
ការ​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី​កូឡុំប៊ី​ នៅ​ Bogota © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃអាទិត្យ​​នេះ ពលរដ្ឋ​កូឡុំប៊ី​ជាង​៣៦​លាន​នាក់ ត្រូវ​ចេញ​ទៅ​បោះឆ្នោត​ប្រធានាធិបតី ជា​លើក​ដំបូង​ បន្ទាប់​ពី​បាន​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ដ៏​រ៉ាំរៃ ជាង​កន្លះ​សតវត្សរ៍​ជាមួយ​នឹង​ពួក​ឧទ្ទាម​ហ្វាក​មក។ ​ប្រធានាធិបតី​ផុត​អាណត្តិ​លោក សិនតូស បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ដែល​មាន​ទម្លាប់​អវត្តមាន ទៅ​ចូល​រួមបោះឆ្នោត​​ឱ្យ​បាន​ច្រើន​នៅ​លើក​នេះ។

​មាន​បេក្ខជន​៦​រូបឈ្មោះ បាន​ឈរ​នៅក្នុង​​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ។ បើ​តាម​ការ​ស្ទង់​មតិ លោក អ៊ីវ៉ាន់ ឌុកេ Ivan Duque​ នៃ​បក្ស​កណ្តាល​ប្រជាធិបតេយ្យ (ស្តាំ​និយម) វ័យ​ក្មេង​អាយុ​ទើប​តែ​៤១​ឆ្នាំ ជា​អ្នក​មាន​ប្រជាប្រិយភាព​ជាង​គេ។ បេក្ខ​ជន​រូប​នេះ បាន​ដឹកនាំ​ឃោសនា​ដោយ​​ឈរ​លើ​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ប្រយុទ្ធ​ប្រឆាំង​នឹងការ​ជួញ​ដូរ​គ្រឿង​ញៀន ស្តារ​ប្រទេស​ឱ្យ​មាន​សមភាព ស្តារ​សេដ្ឋកិច្ច​​ឱ្យមាន​កំណើនខ្ពស់​ឡើង​វិញ​​​​។ ព្រោះ​សូម​បញ្ជាក់​ថា​ ​មហាអំណាច​ទី​បួន​ប្រចាំ​ទ្វីប​អាមេឡាទីន​ ធ្លាប់​មាន​កំណើន​សេដ្ឋកិច្ច ៣,៨៥% ជា​មធ្យម ប៉ុន្តែ​ ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការ​ដឹកនាំ​របស់លោកប្រធានាធិបតី​បច្ចុប្បន្ន កូឡុំប៊ី​​ស្គាល់​​កំណើន​ទាប​ខ្លាំង​ តែត្រឹម​១,៨% ​ប៉ុណ្ណោះ។ ប៉ុន្តែ​ ដោយ​គ្មាន​បទ​ពិសោធន៍​នយោបាយ ​បេក្ខជន​ ឌូក ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កូន​អុក​របស់​លោក Alvaro Uribe អតីត​ប្រធានាធិបតី​កូឡុំប៊ី (២០០២-២០១០) ដែល​ជា​គូ​ប្រជែង​នឹង​ប្រធានាបតី​ផុត​អាណត្តិ។

នៅ​លំដាប់​ទី​ពីរ គឺ​បេក្ខជន ហ្គូស្តាវូ ប៉េត្រូ​​ Gustavo Petro ។ ជា​​អតីត​ពួក​ឧទ្ទាម​ម៉ាក្សនិយម (អ្នក​ឆ្វេង​និយម​) លោក ប៉េត្រូ ត្រូវ​បា​នគេ​មើល​ឃើញ​ថា​ អាច​នឹង​ដណ្តើម​សំឡេង​បាន​ចូល​ប្រជុំ​នៅ​ជុំ​ទីពីរ​ ថ្ងៃទី ១៧ មិថុនា ផង។ នេះ​ជាលើក​ទី​មួយ​ហើយសម្រាប់​ប្រវត្តិ​កូឡុំប៊ី ដែល​អ្នក​នយោបាយ​មាន​និន្នការបែប​សង្គមនិយម បាន​ទទួល​ការ​គាំទ្រ​ខ្លាំងនិង​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​រង្វង់​យុវជន​ និង​ប្រជាជន​ក្រីក្រ​មធ្យម ព្រោះ​លោក​បាន​សង្កត់​ធ្ងន់​ទិស​ដៅ​នយោបាយ​ទៅ​លើ​ការ​បំបាត់​វិសមភាព​សង្គម យក​ពន្ធដារ​ពី អ្នក​មាន​ និង​ចែកចាយ​ធនធាន​​ជាតិ​ឱ្យ​បាន​ច្រើន​ដល់​សង្គមគ្រប់​ស្រទាប់ ...

បេក្ខជន​ប្រធានាធិបតី​កូឡុំប៊ី ពីឆ្វេងទៅ​ស្តាំ ៖ Gustavo petro, Ivan Duque, German Vargas Lleras, Sergio Farjado និង​Umberto de la Calle ក្នុង​កម្មវិធី​តស៊ូ​មតិ តាមកញ្ចក់​ទូរទស្សន៍​ថ្ងៃ​ទី ២៤ ឧសភា ២០១៨
បេក្ខជន​ប្រធានាធិបតី​កូឡុំប៊ី ពីឆ្វេងទៅ​ស្តាំ ៖ Gustavo petro, Ivan Duque, German Vargas Lleras, Sergio Farjado និង​Umberto de la Calle ក្នុង​កម្មវិធី​តស៊ូ​មតិ តាមកញ្ចក់​ទូរទស្សន៍​ថ្ងៃ​ទី ២៤ ឧសភា ២០១៨ REUTERS / Henry Romero

​អតីត​ពួក​​ឧទ្ទាម​ហ្វាក គ្មាន​បេក្ខជន

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព ពួក​ឧទ្ទាម​ហ្វាក Farc បាន​ប្រែក្លាយ​ទៅ​ជា​បក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​ដដែល​ថា​បក្ស​កម្លាំង​បដិវត្ត​កូឡុំប៊ី ឬ​Farc មែន។ ប៉ុន្តែ​ក្រោយ​បរាជ័យ​ដ៏​ជូរចត់ នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​ កាលពី​ខែ​មីនា ដោយ​ទទួលការ​គាំទ្រ​មិន​ដល់​០,៥%​ផង​នោះ បាន​សម្រេចចិត្ត​មិន​ចូល​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ​ទេ។

នៅ​មាន​បេក្ខជន​បួន​ផ្សេ​ង​ទៀត ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​កូឡុំប៊ី​ ក្នុង​នោះ​មាន​ម្នាក់ ហាក់​លេចធ្លោ​ខ្លាំង​ដែរ គឺ​លោក Sergio Fajardo។ ជា​តំណាង​អ្នក​ឆ្វេងនិយម បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​បរិស្ថាន និង​ពី​អ្នក​កណ្តាល​និយម​។ ចំណែក​បក្ស​កាន់​អំណាច​ផុត​អាណត្តិ​ ត្រូវ​តំណាង​ដោយ លោក German Vargas។ ​បេក្ខ​ជន​រូប​នេះ​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ ​ពី​លោក​ប្រធានាធិបតី​ សិនតូសក៏​ ប៉ុន្តែ​ក្តី​សង្ឃឹម​ថា​ឈ្នះ​ឆ្នោត​ហាក់​មាន​តិច​តួច​ណាស់។

ប្រធានាធិបតី​ផុត​អាណត្តិ លោក សិនតូស ដែល មិន​អាច​ឈរ​ឈ្មោះ​ជា​ថ្មី​ ព្រោះ​​​រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញត​ឱ្យ​ប្រធានាធិបតី​ម្នាក់​កាន់​តំណែង​លើស​ពី​អាណត្តិ​​​ បានមែន​ តែ​​ឈ្មោះរបស់​លោក​បាន​​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​កូឡុំប៊ី ក្នុងនាម​ជា​អ្នក​បានចុះ​កិច្ចព្រមព្រៀង​​សន្តិភាព​ជាមួយហ្វាក ​ក្រុម​ឧទ្ទាម​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព។

ជោគវាសនា​​​កិច្ចព្រមព្រៀង​សន្តិភាព

បេក្ខជន​ អ៊ីវ៉ាន់ ឌុកេ ដែល​បានរិះគន់​ថា​កិច្ចព្រមព្រៀងសន្តិភាពថា​​​ធូររលុង​ជ្រុល បណ្តោយ​ឱ្យក្រុម​​ឧទ្ទាម​បាន​រួច​ទោស បាន​ក្លាយ​ជា​បក្ស​នយោបាយ និង​មាន​អសនៈ​ដល់​ទៅ​១០​នៅ​ក្នុង​សភា បាន​សន្យា​រួច​​ហើយ​ថា​នឹង​សើរើ​​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​ហ្វាក​នោះ​ឡើងវិញ ដើម្បី​នាំ​ពួក​ឧទ្ទាម​មួយ​ទៅ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋធ្ងន់ធ្ងរ។

បេក្ខជន​ ប៉េត្រូ ការ​ពារ​យ៉ាង​មុះមុត​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ហ្វាក​ ដោយ​យល់​ថា​ការ​កិច្ចព្រមព្រៀង​ ​ដ៏​ចាំ​បាច់​ក្នុង​ការ​ស្ថាបនា​សន្តិភាពកូឡុំប៊ី។ ឯ​ប្រជាជន​ទូទៅ​វិញ ពាក់កណ្តាល​គាំទ្រ​ ពាក់កណ្តាល​ប្រឆាំង។ នៅ​ក្នុង​​ប្រជាមតិ​កាលពី​ខែ​តុលា​២០១៦ ពលរដ្ឋ​កូឡុំប៊ី​៥០,៣% បានបោះឆ្នោតប្រឆាំង​នឹង​កិច្ចព្រមព្រៀង ! ជា​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​ធ្វើ​ឱ្យ​លោក​សិនតូស​ ជួប​ការ​លំបាក​ខ្លាំង ស្តារ​កិច្ចព្រមព្រៀង​បាន​ទាំង​ត្រដាបត្រដួស។

ការ​បោះឆ្នោត​ថ្ងៃ​នេះ ក៏ទំនង​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ថ្មី​ទៀត។ ថ្វីបើ​ការ​ស្ទង់មតិ លើក​លោក ឌូក ថា​នាំ​មុខ តែ​គ្មានបេក្ខជន​ណា​អាច​ប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​បាន​លើស​ពី​៥០%​ ជាប់​ភ្លាម​នៅ​ជុំ​ទី​មួយ​នេះ​ទេ។ ជុំ​ទីពីរ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​១៧​មិថុនា។ ប៉ុន្តែ​ទោះ​បី​ជា​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ណា​ក៏​ដោយ ក៏មិនមែន​ជា​ដំណោះស្រាយ​សក្តិសិទ្ធ​ដែរ ​ព្រោះ​សភា​និ​ងព្រឹទ្ធ​សភា ជាប់​ឆ្នោត​ថ្មី​កាលពី​ខែ​មីនា មាន​សំឡេង​ភាគ​ច្រើន​ជា​អ្នក​ស្តាំនិយម ចាំ​ការពារ​​​​លោក អ៊ីវ៉ាន់​ ឌូក ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ