អានតួអត្ថបទ
អាមេរិក-វ៉េណេស៊ុយអេឡា

អាមេរិក​ទាមទារ​ឲ្យ​ព្យួរ​ប្រទេស​វ៉េណេស៊ុយអេឡា​ពី​អង្គការ​រដ្ឋអាមេរិក

នៅ​ថ្ងៃ​ចន្ទ ទី៤ មិថុនា សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​ព្យួរ​ជា​បន្ទាន់​ប្រទេស​វ៉េណេស៊ុយអេឡា​ពី​អង្គការ​រដ្ឋអាមេរិក។ ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​រដ្ឋមន្រ្តី​ការបរទេស Mike Pompeo នា​ឱកាស​មហាសន្និបាត​ប្រចាំឆ្នាំ​នៃ​អង្គការ​រដ្ឋអាមេរិក​រៀបចំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ នៅ​ខែ​ឧសភា​កន្លង​ទៅ លោក Mike Pense អនុប្រធានាធិបតី​អាមេរិក​ក៏​ធ្លាប់​បាន​និយាយ​ដូច​គ្នា​នេះ​ដែរ បន្ទាប់​ពី​មាន​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នៅ​វ៉េណេស៊ុយអេឡា​ដែល​លោក​នីកូឡា ម៉ាឌូរ៉ូ​បាន​ជាប់ឆ្នោត​អាណត្តិ​ថ្មី។ ទន្ទឹម​នឹង​ការ​ទាមទារ​ឲ្យ​ព្យួរព្យួរ​ប្រទេស​វ៉េណេស៊ុយអេឡា​ពី​អង្គការ​រដ្ឋអាមេរិក លោក Pompeo ក៏​បាន​អំពាវនាវ​ឲ្យ​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​ទីក្រុង​ការ៉ាកាស់​ដែរ។

លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​អង្គការ​រដ្ឋអាមេរិក​រៀបចំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី៤ មិថុនា ២០១៨
លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​អង្គការ​រដ្ឋអាមេរិក​រៀបចំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី៤ មិថុនា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

« សព្វថ្ងៃ​នេះ គ្មាន​បញ្ហា​ប្រឈម​ណា​ដែល​ខ្លាំង​ជាង​ការ​បំបាត់ចោល​នូវ​លទ្ធិប្រជាធិបតេយ្យ និង​មហន្តរាយមនុស្សធម៌​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​ទេ។ ក្នុង​ខែ​កន្លង​ទៅ អនុប្រធានាធិបតី​អាមេរិក Pense បាន​និយាយ​ប្រាប់​ដល់​ប្រទេស​សមាជិក​ទាំង​អស់​នៃ​អង្គការ​រដ្ឋអាមេរិក​ឲ្យ​គោរព​តាម​ធម្មនុញ្ញ​ប្រជាធិបតេយ្យ​ដែល​បាន​កំណត់​ឲ្យ​យើង​ធ្វើ​នៅ​ពេល​ណា​ដែល​យើង​កំពុង​ប្រឈម​នឹង​ការ​រំលោភបំពាន​លើ​ធម្មនុញ្ញ​ប្រជាធិបតេយ្យ​នោះ​ពី​ប្រទេស​សមាជិក​ណា​មួយ មាន​ន័យ​ថា ព្យួរ​ប្រទេស​វ៉េណេស៊ុយអេឡា​ពី​អង្គការ​រដ្ឋអាមេរិក។

ការ​ព្យួរ​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា អង្គការ​រដ្ឋអាមេរិក​បាន​ប្រែ​ក្លាយ​ពី​ទ្រឹស្តី​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្តែង ពោល​មិន​និយាយ​តែ​មាត់ ឬ​សរសេរ​តែ​លើ​ក្រដាស​ទេ។ ម្យ៉ាង​ទៀត ទង្វើ​នេះ​ក៏​ជា​សារ​ព្រមាន​មួយ​ចំពោះ​របប​ដឹកនាំ​របស់​នីកូឡា ម៉ាឌូរ៉ូ​ដែរ។ សារ​នោះ​គឺ​ថា មាន​តែ​ការ​រៀបចំ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ​ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​របស់​លោក​អាច​បញ្ចូល​ទៅ​ក្នុង​គ្រួសារ​នៃ​ប្រជាជាតិ​នានា។ ក្រៅ​ពី​ការ​ព្យួរ​ប្រទេស​វ៉េណេស៊ុយអេឡា​ពី​អង្គការ​រដ្ឋអាមេរិក ខ្ញុំ​អំពាវនាវ​ដល់​ប្រទេស​សមាជិក​ទាំង​អស់​ឲ្យ​ដាក់​គំនាប​បន្ថែម​លើ​របប​ម៉ាឌូរ៉ូ ដូច​យ៉ាង​ទណ្ឌកម្ម និង​ដាក់​ឲ្យ​នៅ​ឯកោ​ផ្លូវទូត។

គេ​ត្រូវ​ដាក់​គំនាប​រហូត​ដល់​របប​ម៉ាឌូរ៉ូ​យល់ព្រម​ចាត់​វិធានការ​ចាំបាច់​មួយ​ចំនួន​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ជំនួយមនុស្សធម៌​អន្តរជាតិ​ដែល​ពួក​គេ​កំពុង​ត្រូវ​ការ​យ៉ាង​ខ្លាំង។ យើង​សូម​អំពាវនាវ​ដល់​គ្រប់​ប្រទេស​សមាជិក​នៃ​អង្គការ​រដ្ឋអាមេរិក​ឲ្យ​ផ្តើម​អនុវត្តន៍​ពី​ថ្ងៃ​នេះ​ទៅ​ចំពោះ​វ៉េណេស៊ុយអេឡា និង​នៅ​គ្រប់​កន្លែង​ទាំង​អស់​នា​ខាង​មុខ បើ​ចាំ​បាច់​ដើម្បី​ប្រយោជន៍​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភពលោក​ទាំង​មូល »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ