អានតួអត្ថបទ

ហ្វេសប៊ុក​បញ្ជាក់​ពី​ការចែក​រំលែក​ទិន្នន័យ​ជាមួយ​ក្រុមហ៊ុន​ចិន

ក្រុមហ៊ុន​ហ្វេសប៊ុក បាន​អះអាង​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញនេះ ថា​ពិត​ជា​បាន​ព្រមព្រៀង​ចែករំលែក​ទិន្នន័យ​គ្នា​ ជាមួយ​ក្រុមហ៊ុន​គ្រាក់ៗចិន យ៉ាង​ហោចណាស់​​ក៏​បួនក្រុមហ៊ុនដែរ មាន​ជា​អាទិ៍​ក្រុមហ៊ុន​Lonovo ក្រុមហ៊ុន Huawei។ Huawei ជា​ក្រុម​ហ៊ុនទូរស័ព្ទ​ លំដាប់​ទី​បី​ពិភពលោក ដែល​ស្ថិត​​​ក្រោម​ការ​តាមដាន​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក។

អគ្គនាយក​ក្រុមហ៊ុន​ហ្វេសប៊ុកMark Zuckerberg
អគ្គនាយក​ក្រុមហ៊ុន​ហ្វេសប៊ុកMark Zuckerberg REUTERS/Stephen Lam/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ហ្វេសប៊ុក ​បាន​ព្រមព្រៀង​​ចែក​រំលែក​ទិន្នន័យ​អ្នក​ប្រើប្រាស់ ជាមួយ​​​ក្រុមហ៊ុនសរុប​​​ចំនួន​ជាង​៦០ នៅ​ទូទាំង​ពិភពលោក ​ក្នុង​នោះ មាន​យ៉ាង​ហោច​បួន​ ជា​ក្រុមហ៊ុន​យក្ស​របស់​ចិន ៖ ពោលគឺ​ ក្រុមហ៊ុន​​ Huawei ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​Lenovo ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ OPPO និងTCL។

សម្រាប់​ហ្វេសប៊ុក ការ​ចែក​រំលែក​ទិន្នន័យបែប​នេះ ដើម្បី​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចិន​អាច​បង្កើត​កម្មវិធី​ឱ្យ​​ភាព​ស៊ីចង្វាក់​គ្នា​ជាមួយសេវា​ប្រព័ន្ធ​សង្គម មិន​មែន​ដើម្បី​ឱ្យក្រុមហ៊ុន​ទាំង​នោះ​ចូល​ទៅ​​មើល​ទិន្នន័យអ្នក​ប្រើប្រាស់​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ម្ចាស់​ ដូច​ការ​ព្រួយ​បារម្ភ​របស់​សភា​អាមេរិក​ឡើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ហ្វេសប៊ុក​កាលពី​ម្សិលមិញ ដោយ​សន្យា​ថា នឹង​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​Huawei នៅ​សប្តាហ៍​ក្រោយ និង​ជា​មួយ​ក្រុមហ៊ុន​ដៃ​គូ​​​បី​ផ្សេងរបស់​ក្រុមហ៊ុនចិន​។

ប៉ុន្តែការ​ចែករំលែក​ទិន្នន័យ​ហ្វេសប៊ុក​នេះ បាន​បង្ក​បង្កើត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ កាន់​តែ​ខ្លាំង បន្ថែម​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​ព្រឹទ្ធសភា​អាមេរិក តាំង​ពី​ឆ្នាំ​២០១២​មក។ ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ និង​តាមដាន​យ៉ាង​ហ្មត់ចត់​បំផុត​ពី​សំណាក់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក។ សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ក្រុមហ៊ុនយក្ស​​ចិន​Huawei បាន​​សម្រួល​ឱ្យ​មាន​សកម្មភាព​ចារកិច្ច​បរទេស និង​គំរាមកំហែង​ហេដ្ឋារចនា​សម្ព័ន្ធ​​សំខាន់ៗ​របស់​អាមេរិក​ណាស់។

កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ គណៈកម្មការ​ពាណិជ្ជកម្ម​នៃព្រឹទ្ធសភា​អាមេរិក បាន​ស្នើ​សុំ​ឱ្យ​លោក Mark Zuckerberg អគ្គនាយក​ហ្វេសប៊ុក​ ពន្យល់​បំភ្លឺ​អំពី​ការ​ចែក​រំលែក​ទិន្នន័យ​ឱ្យ​ក្រុមហ៊ុន​​ផ្សេងៗ ដល់​ទៅ​ជាង​៦០​ក្រុមហ៊ុន ខណៈ​ដែល​ក្រុមហ៊ុន​ប្រព័ន្ធ​សង្គម​ទើប​បាន​សន្យា​ កាលពីពេល​ថ្មីៗ​នេះ​សោះ ថា​ប្តូរ​​ទម្លាប់ និង​ការ​ពារ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ ក្រោយ​ការ​ផ្ទុះ​រឿងអាស្រូវធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុកជាង​៥០​លាន​នាក់​ទៅ​ក្រុមហ៊ុន​Cambridge Analytica៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ