ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាមេរិក

ហេតុអ្វី អ៊ីរ៉ង់​នៅ​មិនទាន់​ចូល​ក្នុង​អនុសញ្ញា​ស្តីពី​ហិរញ្ញវត្ថុ​របស់​ក្រុមភេរវនិយម?

media ទង់ជាតិ​អ៊ីរ៉ង់​នៅ​រោងចក្រ​ចម្រាញ់ប្រេង​របស់អ៊ីរ៉ង់​នៅ​ Soroushនៅ​ឆ្នាំ ២០០៥ © REUTERS/Raheb Homavandi/File Photo/File Photo

សភា​អ៊ីរ៉ង់ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បោះឆ្នោត លើកពេល ការពិភាក្សា​ស្តីពី​ច្បាប់ ដែល​ជំរុញ​ឲ្យ​អ៊ីរ៉ង់ ត្រូវ​ចូលរួម ក្នុង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ហិរញ្ញវត្ថុ របស់​ក្រុមភេរវនិយម។ សភា​អ៊ីរ៉ង់ លើក​ពេល​ពីរខែ ដើម្បី​រង់ចាំ​មើល​អនាគត​របស់​កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​កំពុង​រង​គំរាមកំហែង និង​មិន​ច្បាស់លាស់ ដោយសារ​ការដកខ្លួន​របស់អាមេរិក និង​ការអាច​វិល​ត្រលប់វិញ នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។

 

ជាមួយ​នឹង​សំឡេង​គាំទ្រ ចំនួន ១៨៣ និង​ប្រឆាំង ១០៣ សភា អ៊ីរ៉ង់​បាន​សម្រេច​លើកពេល មិនទាន់​ពិភាក្សា បោះឆ្នោត ច្បាប់​ដែល​តម្រូវ​ឲ្យ​អ៊ីរ៉ង់​ត្រូវ​ចូលរួម​ក្នុង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ហិរញ្ញវត្ថុ​របស់​ក្រុមភេរវនិយម។ រដ្ឋាភិបាល​អ៊ីរ៉ង់ មកពី​ក្រុម​មិន​ជ្រុលនិយម ជាអ្នក​ស្នើច្បាប់​នេះឡើង ក្នុង​កិច្ចប្រឹងប្រែង​នាំ​អ៊ីរ៉ង់​ឲ្យ​ចូលរួម​ក្នុង​ សកម្មភាព​ហិរញ្ញវត្ថុ​របស់​កងកម្លាំង​អន្តរជាតិ​ហៅកាត់ថា FATF។

សូមបញ្ជាក់​ថា អ៊ីរ៉ង់ ហើយ​និង​កូរ៉េខាងជើង ជា​ប្រទេស​តែពីរ​គត់ ដែល​បន្ត​ស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​កងកម្លាំង​អន្តរជាតិ​FATF។ ការនេះ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ពិបាក​នឹង​អាច​ចូល​ប្រើ​បណ្តាញ​ធនាគារ​ក្នុង​ពិភពលោក។ ដើម្បី​អាច​ក្លាយ​ជា​សមាជិក​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​មួយនេះ ប្រទេស​សមាជិក​ត្រូវ​អនុម័ត​ច្បាប់​ជាច្រើន ដើម្បី​ប្រឆាំង​នឹង​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុមភេរវនិយម ហើយ​និងការលាង​លុយ​កខ្វក់។

សម្រាប់​អនុរដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ​ច្បាប់ ដើម្បី​ដាក់បញ្ចូល​អ៊ីរ៉ង់​ទៅក្នុង​កងកម្លាំងរបស់​អង្គការ​សហប្រជាជាតិ ​ដើម្បី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ធ្វើឡើង ដើម្បី​ផលប្រយោជន៍​របស់​អ៊ីរ៉ង់ ព្រោះថា អ៊ីរ៉ង់​ដែល​នៅ​មាន​ចំណុច​ខ្សោយ និង​ការខ្វះខាត ក្នុង​ការគ្រប់គ្រង​បណ្តាញ​ធនាគារ។ ធនាគារ​របស់​អ៊ីរ៉ង់ ជាច្រើន កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​លួច​ផ្តល់​លុយ​ដល់ក្រុមឈ្មួញ​ទុច្ចរិត និង​ក្រុមភេរវជន។ នៅ​ខែ​នេះ កាលពី​ឆ្នាំមុន សភា​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​មាន​និកាយ​ស្ហ៊ីអ៊ីត ជា​ផ្ទាំងស៊ីប​វាយប្រហារ​​របស់​ក្រុមភេរវនិយម ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និកាយ​ស៊ុននីត ដែល​បាន​សម្លាប់​មនុស្ស​១៧នាក់។

ច្បាប់​ដាក់​បញ្ចូល​អ៊ីរ៉ង់​ទៅក្នុង​កងកម្លាំង​អន្តរជាតិ ដើម្បី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ត្រូវ​បាន​ស្នើឡើង​តាំង​ពី​ឆ្នាំ មុនម្ល៉េះ ប៉ុន្តែ ត្រូវ​បាន​ពន្យារពេល​មិនទាន់​អនុម័ត ដោយសារ​ការប្រឆាំង​ជំទាស់​ដាច់ណាត់​របស់​សមាជិក​សភា​អ៊ីរ៉ង់ មក​ពី​ក្រុមអភិរក្សនិយម។ សម្រាប់​ក្រុមនេះ ច្បាប់​នេះ នឹង​រាំងខ្ទប់​មិន​ឲ្យ​អ៊ីរ៉ង់​អាច​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមសម្ព័ន្ធមិត្ត ដូចជា​ក្រុម​ហេស្បូឡា លីបង់ និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​អាមេរិក ហើយ​និង​សហភាពអឺរ៉ុប​ចាត់ចូល​ក្នុង​បញ្ជី​ក្រុមភេរវនិយម។ មួយវិញទៀត ច្បាប់​ស្នើ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់ នឹង​សំដៅ​ថ្កោលទោស សមាជិក​មួយចំនួន​របស់​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់ ដែល​កំពុង​ស្ថិតក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក។ សម្រាប់​អ្នកនាំពាក្យ​របស់​គណៈកម្មការ​សន្តិសុខជាតិ និង​នយោបាយការបរទេស របស់​សភាអ៊ីរ៉ង់ វា​មិនអាច​ទៅរួចទេ ដែល អ៊ីរ៉ង់​ត្រូវ​ធ្វើ​ច្បាប់​មួយ ចងដៃ ខ្លួនឯង ទៅតាម​ការទាមទារ តម្រូវ​របស់​អនុសញ្ញា​មួយ ដែល​បង្កើត និង​រចនាឡើង​ដោយ​ក្រុមប្រទេស​ដែល​ជា​សត្រូវ​របស់​អ៊ីរ៉ង់​នោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ