កូឡុំប៊ីមានប្រធានាធិបតីថ្មីជាអ្នកប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិភាពជាមួយហ្វាក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៦
កូឡុំប៊ីទើបបោះឆ្នោតជ្រើសរើស លោក អ៊ីវ៉ាន់ ឌុកេ ជាប្រធានាធិបតីថ្មី។ ជាបេក្ខជននៃបក្សស្តាំនិយមកូឡុំប៊ី លោក អ៊ីវ៉ាន់ ឌុកេ បានឈ្នះឆ្នោតក្នុងសំឡេងគាំទ្រ ៥៤% ទល់នឹង លោក ហ្កូស្តាវូ ប៉េត្រូ បេក្ខជនមកពីបក្សឆ្វេងនិយម (កាលម៉ាក្សនិយម)។ លោក ប៉េត្រូ បានទទួលស្គាល់បរាជ័យ។ លោក អ៊ីវ៉ាន់ ឌុកេ នឹងឡើងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ៨ សីហា ក្នុងវ័យ៤២ ឆ្នាំ។ ឯសំណួរជាច្រើនកំពុងចោទឡើង ថា តើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ នឹងមានជោគវាសនាយ៉ាងណា បើលោក ឌុកេ ចង់សើរើឡើងវិញនោះ ?!
កើតនៅក្រុងបូហ្កូតា ថ្ងៃទី ១ សីហា ១៩៧៦ លោក អ៊ីវ៉ាន់ ឌុកេ Ivan Duque បានជាប់ឆ្នោតនៅថ្ងៃទី ១៧ មិថុនា ឆ្នាំ២០១៨ ក្លាយជាប្រធានាធិបតី ដែលមានវ័យក្មេងជាងគេបំផុត របស់ប្រវត្តិកូឡុំប៊ីសម័យថ្មី គិតចាប់តាំងពីឆ្នាំ១៨៧២មក។
ជាមេធាវី លោក ឌុកេ បានទទួលការសិក្សាផ្នែកច្បាប់អន្តរជាតិ សេដ្ឋកិច្ចនិងគ្រប់គ្រងនៅសហរដ្ឋអាមេរិក។ លោកបានឆ្លងកាត់ការងារច្រើននៅក្នុងវិស័យធនាគារ និងទើបតែបានប្រលូកនយោបាយ នារយៈកាលចុងក្រោយនេះប៉ុណ្ណោះ ក្នុងនាមជាអ្នកអភិរក្សនិយមនៃបក្សកណ្តាលប្រជាធិបតេយ្យ (ស្តាំនិយម) ដោយបានក្លាយជាសមាជិកព្រឹទ្ធសភា មួយអាណត្តិ ២០១៤-២០១៨។ សម្រាប់មតិភាគច្រើនយល់ថា លោក ឌុកេ គ្មានបទពិសោធន៍នយោបាយទេ។ ប៉ុន្តែលោក ឌុកេ ត្រូវបានគេចាត់ទុក ជាមនុស្ស និងជាស្រមោលរបស់អតីតប្រធានាធិបតីកូឡុំប៊ី (២០០២-២០១០) លោក Alvaro Uribe ដែលជាគូប្រជែងនឹងប្រធានាធិបតីផុតអាណត្តិ លោក សិនតូស និងដែលមានជំហរតឹងរឹងខ្លាំង ហើយប្រឆាំងកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រជាមួយពួកឧទ្ទាមហ្វាកទៀតផង។
សើរើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ
ចាប់ពីថ្ងៃទី ៧ សីហា ទៅ លោក អ៊ីវ៉ាន់ ឌុកេ នឹងក្លាយជាប្រធានាធិបតីកូឡុំប៊ី ជាផ្លូវការ ! នៅពេលនោះ លោកត្រូវចាប់ផ្តើមអនុវត្តផែនការដឹកនាំប្រទេស ស្របតាមកិច្ចសន្យាក្នុងពេលឃោសនាបោះឆ្នោត និងក្នុងនាមជាអ្នកធ្លាប់មានជំហរនយោបាយប្រឆាំងនឹងរដ្ឋាភិបាលផុតអាណត្តិ តាំងពី៨ឆ្នាំមក ព្រមទាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកឧទ្ទាមហ្វាកមក។
កាលនៅជាបេក្ខជន លោក អ៊ីវ៉ាន់ ឌុកេ បានរិះគន់ថាកិច្ចព្រមព្រៀងសន្តិភាពថាធូររលុងជ្រុល បណ្តោយឱ្យក្រុមឧទ្ទាមបានរួចទោស បានក្លាយជាបក្សនយោបាយ និងមានអសនៈដល់ទៅ១០នៅក្នុងសភា។ ហត្ថលេខានៅចុងឆ្នាំ២០១៦ កិច្ចព្រមព្រៀងសន្តិភាពកូឡុំប៊ី បានអនុញ្ញាតឱ្យពួកឧទ្ទាមហ្វាក ជាង៧ពាន់នាក់ទម្លាក់អាវុធ ជាថ្នូរនឹងការត្រលប់មកធ្វើនយោបាយ។
លោក អ៊ីវ៉ាន់ ឌុកេ បានសន្យាថានឹងកែសម្រួលរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងនោះ។ លោកបានបង្ហាញការគាំទ្រនិងធានាអះអាងដល់ កូនទាហានហ្វាកថាពួកគេអាចបន្តចុះចូលរស់នៅក្នុងសង្គមស៊ីវិលវិញ ប៉ុន្តែលោកចង់រារាំងមេដឹកនាំហ្វាកធំៗ មិនឱ្យចូលទៅកាន់អាសនៈនៅសភា និងចង់នាំអ្នកដែលមានដៃប្រលាក់ឈាម ជាប់ចោទឧក្រិដ្ឋ ទៅកាត់ទោសនៅ ដោយគ្មានការកាត់ ឬលុបលាងទោសពីតុលាការ និងអនុវត្តទោសក្នុងពន្ធនាគារសិន ចាំត្រលប់មកធ្វើនយោបាយវិញ។
គ្មាននរណាដឹងថាតើលោកឌុកេ ប្រុងធ្វើការកែសម្រួលកិច្ចព្រមព្រៀងសន្តិភាពនោះ យ៉ាងដូចម្តេចឡើយ នាពេលនេះ។ គ្រាន់តែជាប់ឆ្នោតភ្លាម លោក ឌុកេ បានប្រកាសជាថ្មីថានឹងសើរើកិច្ចព្រមព្រៀងសន្តិភាពនោះ ប៉ុន្តែមិនបានធ្វើការលម្អិតអ្វីទាំងអស់។
ពាក្យសន្យាមុនពេលបោះឆ្នោតជារឿងមួយ ជាប់ឆ្នោតអាចជារឿងមួយផ្សេងទៀត ក៏ថាបាន ! បានលទ្ធផលហើយត្រូវបែរត្រលប់ក្រោយវិញវាជាការពិបាកបន្តិច។ ល្ងាចមិញ ប្រមុខបក្សឧទ្ទាមហ្វាក (បក្សរបស់ពួកហ្វាក) បានចេញសេចក្តីថ្លែងការណ៍សុំណាត់ជួបប្រធានាធិបតីជាប់ឆ្នោតថ្មី និងអំពាវនាវ ឱ្យនាំគ្នាយល់អំពីភាពចាំបាច់ ដែលមើលគ្នានិងនាំប្រទេសតែក្នុងផ្លូវល្អ។
សន្តិសុខ គ្រឿងញៀន ទំនាក់ទំនងជាមួយប្រទេសជិតខាង
ក្នុងនាមជាអ្នកស្តាំអភិរក្សនិយម ជាមេធាវី និងមានបទពិសោធន៍ច្រើនផ្នែកសេដ្ឋកិច្ចនិងធនាគារ រដ្ឋាភិបាលថ្មីកូឡុំប៊ី នឹងការពារតម្លៃនៃគ្រួសារ កាត់បន្ថយការយកពន្ធដាពីក្រុមហ៊ុនដើម្បីលើកទឹកចិត្តបង្កើតទីផ្សារការងារ និងដើម្បីបង្កើនកំណើនសេដ្ឋកិច្ចឱ្យបានសក្តិសមជាមហាអំណាចទីបួនប្រចាំតំបន់ តែហ្មត់ចត់ខ្លាំងផ្នែកសន្តិសុខ។
សន្តិសុខជាភាពប្រឈមដ៏សំខាន់មួយរបស់លោកប្រធានាធិបតីថ្មី ព្រោះថា កូឡុំប៊ីជាប្រទេសពុករលួយខ្លាំង និងមានវិសមភាពខ្លាំងណាស់ ជាពិសេសក្នុងវិស័យអប់សិក្សា និងសុខាភិបាល ព្រមទាំងអំពើហិង្សាប្រដាប់អាវុធ ក្នុងវិស័យជួញដូរគ្រឿងញៀន។ កូឡុំប៊ី ដែលជាប្រទេសផលិតគ្រឿងញៀនកូកាអ៊ីនលំដាប់លេខមួយ មានការដាំដុះដំណាំនេះដោយខុសច្បាប់កាន់តែច្រើន។ ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ក៏ជាការកាត់ផ្តាច់ហិរញ្ញវត្ថុរបស់ពួកហ្វាកប៉ះបោលដែលបន្តក្រាញធ្វើឧទ្ទាមនៅតាមបណ្តោយព្រំដែនជាមួយអេក្វាទ័រនិងវេណេស៊ុយអេឡា។
ជាមួយប្រធានាធិបតីថ្មី កូឡុំប៊ី ចង់មានទំនាក់ទំនងល្អជាមួយលោកដូណាល់ ត្រាំ តែនឹងមានទំនាក់ទំនងអាក្រក់បំផុតជាមួយប្រទេសជិតខាតវេណេស៊ុយអេឡាដែលមានព្រំដែនរួមគ្នាដល់ទៅជាងពីរពាន់គីឡូម៉ែត្រ។ ថ្វីបើគេពុំទាន់ឃើញទិសដៅនយោបាយការបរទេសលម្អិតមែន ប៉ុន្តែបើប្រសាសន៍នៅក្នុងពេលឃោសនាបោះឆ្នោត លោក អ៊ីវ៉ាន់ ឌុកេ ចង់ដាក់សម្ពាធលើអន្តរជាតិដើម្បីនាំប្រធានាធិបតីផ្តាច់ការវេណេស៊ុយអេឡា Nicolas Maduro ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ និងជំរុញឱ្យអន្តរកាលឆ្ពោះរកលទ្ធិប្រជាធិបតេយ្យ ដើម្បីកុំឱ្យកូឡុំប៊ីបន្តរងថ្មបាក់ទទួលអន្តោប្រវេសន៍វេណេស៊ុយអេឡាច្រើនពេក។ មានជនភៀសខ្លួនជាងមួយលានហើយដែលបានរត់មកដល់កូឡុំប៊ីក្នុងរយៈពេល១៦ខែចុងក្រោយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ