អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា​កន្លង​ទៅ​នេះ​ សហព័ន្ធ​បាល់​ទាត់​ពិភព​លោក​ (FIFA) បាន​បោះ​ឆ្នោត​ប្រគល់​សិទ្ធិ​ឲ្យ​ប្រទេស​កាណាដា ម៉ិចសិក​ និង​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រួម​គ្នា​​​ដើម្បី​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២៦​ ។ នេះជា​ជោគជ័យដ៏​ធំ​មួយ​សំរាប់​ប្រទេស​ទាំង​បី​តំណាង​ឲ្យ​ទ្វីប​អាមេរិក​ខាង​ជើង​។​ ហើយ​នេះ​ក៏​ជា​ការ​បង្ហាញ​សាមគ្គី​ភាព​រវាង​ប្រទេស​ទាំង​បី​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រួមគ្នា​សំរាប់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​សម្បើម​មួយ។ នេះ​ជា​ខ្លឹមសារ​សង្ខេប​នៃ​ប្រតិកម្ម​របស់​ប្រមុខ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី។​ ​ប៉ុន្តែ ​ចំណង​សាមគ្គី​ក្នុង​វិស័យ​កីឡា​បាល់​ទាត់​នេះ​ហាក់​ផ្ទុយ​គ្នា​ស្រឡះ​ពី​កាលទេសៈ​នយោបាយ​បច្ចុប្បន្ន​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​របស់​លោក​ ដូណាល់​ ត្រាំ​។ ជាពិសេស​ គឺ​ពាក្យ​សំដី​ជេរ​ប្រទេច​ផ្តាសារ​កន្លង​មក​របស់​គាត់​ចំពោះ​សមភាគី​កាណាដា និង​ម៉ិចសិក​ក្នុង​សំណុំ​រឿង​ផ្សេងៗ។

បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦៖​កាណាដា ម៉ិចសិក និង​សហរដ្ឋ​អាមេរិក​បានទទួលសិទ្ធិរួម​គ្នា​ធ្វើ​ជាម្ចាស់ផ្ទះ​ក្នុង​បរិបថ​ជម្លោះពាណិជ្ជកម្ម​
បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦៖​កាណាដា ម៉ិចសិក និង​សហរដ្ឋ​អាមេរិក​បានទទួលសិទ្ធិរួម​គ្នា​ធ្វើ​ជាម្ចាស់ផ្ទះ​ក្នុង​បរិបថ​ជម្លោះពាណិជ្ជកម្ម​ REUTERS/Ricardo Moraes
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​មុន​ការ​បើក​ឆាក​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្សី​ សហព័ន្ធ​បាល់​ទាត់​ពិភព​លោក​ ហៅ​កាត់​ថា​ FIFA បាន​រៀប​ចំ​សមាជ​វិសាមញ្ញ​មួយ។​ នា​ជំនួប​កំពូល​នោះ​ ថ្នាក់​ដឹកនាំ​តំណាង​សហព័ន្ធ​បាល់​ទាត់​ប្រចាំ​ប្រទេស​និមួយៗ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខភាព​ប្រទេស​ដែល​ត្រូវ​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២៦។​ ទីបំផុត​ បេក្ខភាព​បី​ប្រទេស​រួម​គ្នា​​ហៅ​កាត់​ថា​ United 2026 ដែល​មាន​​កាណាដា ម៉ិចសិក​ និង​សហរ​ដ្ឋ​អាមេរិក​ គឺ​ជា​អ្នក​បាន​ទទួល​សំលេង​​គាំទ្រ​ច្រើន​ជាង​គេ​។ ពោល​ គឺ​សំលេង​គាំទ្រ​ចំនួន​ ១៣៤ ទល់​នឹង​សំលេង​ ៦៥​ សំរាប់​បេក្ខភាព​ប្រទេស​ម៉ារុក​។ សូម​បញ្ជាក់​ថា​ កម្ពុជា​តាម​រយៈ​សហព័ន្ធ​បាល់​ទាត់​របស់​ខ្លួន​​បាន​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​បី​ប្រទេស​រួម​គ្នា​។

នេះ​ជា​លើក​ទីមួយ​ហើយ​ក្នុង​ប្រវត្តិ​សាស្រ្ត​ដែល​នឹង​មាន​ប្រទេសចំនួន​​បី​សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​ពិភព​លោកនេះ។​ បេក្ខភាព​បី​ប្រទេស​នេះ​ គឺ​មាន​សហរដ្ឋ​អាមេរិក​ជា​អ្នក​ដឹកមុខ​គេ​ដោយ​មាន​កាណាដា​ និង​ម៉ិចសិក​នៅ​អម​សង​ខាង។ ប៉ុន្តែ​ សិទ្ធិ​ទទួល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​នេះ​ហាក់​ផ្ទុយ​គ្នា​ស្រឡះ​ពី​បរិថប​នយោបាយ​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ​ដូណាល់​ ត្រាំ។​ ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ជា​ផ្លូវ​ការ​មក​ លោក​ប្រធានាធិបតីអាមេរិក​រូប​នេះ​តែង​បញ្ចេញ​មតិ​ ឬ​ផ្តួច​ផ្តើម​គំរោង​នានា​ដ៏​ចម្រូង​ចម្រាស​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​ដែល​មាន​ជា​អាទិ​ប្រទេស​ម៉ិចសិក​​ និង​កាណាដា។ ​​ តាម​រយៈ​នយោបាយ​ការពា​​ប្រយោធន៍​ផ្ទាល់​ខ្លួន​និយម លោក​ ដូណាល់​ ត្រាំ តែង​បាន​ចោទ​​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដ៏ទៃ​ថា​បាន​ធ្វើ​ជំនួញ​មិន​ស្មោះ​ត្រង់​ជាមួយ​សហរដ្ឋ​អាមេរិក។​ ជាពិសេស​ ជញ្ជីង​ពាណិជ្ជ​កម្ម​តែង​ផ្អៀង​ម្ខាង​ជានិច្ច​ដោយ​សហរដ្ឋ​អាមេរិក​នាំ​ទំនិញ​ចូល​ច្រើន​ជាង​នាំ​ចេញ។

ជាបឋម​ ជាមួយ​នឹង​ប្រទេស​ម៉ិចសិក​ដែល​មាន​ខ្សែ​បន្ទាត់​ព្រំ​ដែន​នៅ​ភាគ​ត្បូង​ប្រទេស​ខ្លួន​ គឺ​លោក​ ត្រាំ​ ខ្លួន​ឯង​នេះ​ហើយ​ដែល​ជា​អ្នក​បាន​ផ្តើម​គំនិត​ចង់​សាង​សង់​ជញ្ជាំង​ ​ទប់​ស្កាត់​មិន​ឲ្យ​ជនជាតិ​ម៉ិចសិក​ និង​ប្រជាជន​មក​ពី​បណ្តា​ប្រទេស​ដ៏ទៃ​នៅ​ទ្វីប​អាមេរិក​កណ្តាល​ធ្វើ​អន្តោរប្រវេសន៍​ខុស​ច្បាប់​មក​រស់​នៅ​លើ​ទឹកដី​អាមេរិក។​ ក្នុង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​ គេ​នៅ​ចាំ​បាន​ថា​ លោក​ ដូណាល់​ ត្រាំ តែង​បាន​បញ្ចេញ​សំដី​អសុរស​ប្រឆាំង​ជនជាតិ​ម៉ិចសិក​រហូត​ដល់​ហ៊ាន​ចោទ​ប្រកាន់​ថា​ជា​ពួក​ឧក្រិដ្ឋ​ជន​ ឬ​ជន​ចាប់​រំលោភ​ជាដើម។ ​ពេល​ឡើងកាន់​អំណាច​ភ្លាម​ លោក​ ត្រាំ ថែម​ទាំង​បាន​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ម៉ិចសិក​ជា​អ្នក​ចេញ​លុយ​ចំណាយ​ការ​សាង​សង់​ជញ្ជាំង​ទាំង​ស្រុង​ទៀត​ផង។ ប៉ុន្តែ ​ទីបំផុត​ រដ្ឋាភិបាល​លោក​ ត្រាំ បាន​ស្នើ​កញ្ចប់​ចំណាយ​មួយ​នៅ​ក្នុង​ថវិកា​ជាតិ​អាមេរិក។​សព្វ​ថ្ងៃ​នេះ គំរោង​សាង​សង់​ជញ្ជាំង​តំលៃ​ ៥ ពាន់​លាន​ដុល្លារ​នេះ​កំពុង​តែ​ជាប់​គាំង​ដោយសារ​តែ​សភា​កុង​គ្រែស​ពុំ​បាន​អនុម័ត​ថវិកា​ឡើយ។

លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋការ​លោក​ ដូណាល់​ ត្រាំ ក៏​បាន​គំរាម​យក​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​ផលិត​នៅ​ប្រទេស​ម៉ិចសិក​ និង​ផលិត​ផល​ផេ្សងៗ​ទៀត​ផង​ដែរ​។ ជារឿយៗ​លោក​ត្រាំ​បាន​ចោទ​ប្រកាន់​ប្រទេស​ម៉ិចសិក​ថា​បាន​លួច​យក​ការងារ​ពល​រដ្ឋ​អាមេរិក។​ ព្រោះ​ចាប់​តាំង​ពី​​ឆ្នាំ​១៩៩៤​មក​​ ក្រោយ​ពី​កិច្ច​ព្រមព្រៀង​បណ្តូរ​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើងបាន​ចូល​ជា​ធរមាន​ បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​បាន​រើ​ទីតាំង​រោង​ចក្រ​ទៅ​តំឡើង​នៅ​ប្រទេស​ម៉ិចសិក។​ មាន​មូលហតុ​សំខាន់ពីរ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​ធ្វើ​បែប​នេះ។​ ទីមួយ​ គឺ​តំលៃ​ពលកម្ម​នៅ​ប្រទេស​ម៉ិចសិក​មាន​កំរិត​ទាប។​ ទីពីរ​ គឺ​រថយន្ត​ផលិត​នៅ​ម៉ិចសិក​មិន​ត្រូវ​បាន​យក​ពន្ធ​នាំ​ចូល​ឡើយ។

ចំណែក​ជាមួយ​ប្រទេស​កាណាដា​ដែល​មាន​ព្រំដែន​នៅ​ភាគ​ខាង​ជើង​អាមេរិក​វិញ​ សហរដ្្ឋអាមេរិក​របស់​លោក​ ដូណាល់​ ត្រាំ​ ក៏​កំពុង​តែ​បង្ក​ជម្លោះ​ផង​ដែរ។​ ជាក់​ស្តែង​ ថ្មី​ៗ​នេះ​ សហរដ្ឋ​អាមេរិក​បាន​សំរេច​ចិត្ត​យក​ពន្ធ​ជា​ឯកតោ​ភាគី​លើ​ការ​នាំ​ចូល​ដែក​ថែប​និង​អាលុយ​មីញ៉ូម​ពី​ប្រទេស​កាណាដា។​ ហើយ​លើស​ពី​នេះ​ សហរដ្ឋ​អាមេរិក​ក៏​កំពុង​ពិចារណា​​យក​ពន្ធ​ក្នុង​អត្រា​ ២៥%​ផង​ដែរ​លើ​ការ​នាំ​ចូល​រថយន្ត​ផលិត​នៅ​ប្រទេស​កាណាដា។ ជា​ការ​ឆ្លើយ​តប​ រដ្ឋាភិបាល​កាណាដា​ក៏​បាន​ចេញ​វិធាន​ការណ៍​សង​សឹក​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូលពី​​សហរដ្ឋ​អាមេរិក​ក្នុង​រង្វង់​ទឹក​ប្រាក់​ជាង​ ១៦​ ពាន់​លាន​ដុល្លារ។​ បន្ថែម​ពីនេះ​ទៅ​ទៀត​ កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ក្រោយ​ពី​បញ្ចប់​ជំនួប​កំពូល​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម​ G7 នៅ​លើ​ទឹកដី​ កាណាដា​ លោក​ ដូណាល់​ ត្រាំ ក៏​ថែម​ទាំង​បាន​រិះគន់​លោក​ Justin  Trudeau នាយក​រដ្ឋ​មន្រ្តី​កាណាដា​ថា​ជា​មនុស្ស​ទន់​ខ្សោយ​ មិន​ស្មោះត្រង់​ ក្រឡិច​ក្រឡុច​ជា​ដើម។ ជាសរុប​ តើ​សម្ពាធ​​នយោបាយ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​តែ​បង្ក​ជាមួយ​ប្រទេស​ជិត​ខាង​អាច​នឹង​ធូរ​ស្រាល​បាន​ដែរ​ឬទេ?​ យើង​រង់ចាំ​មើល​ការ​វិវត្តន៍​ស្ថានភាព​ពី​ពេល​នេះ​រហូត​ដល់​រយៈ​ពេល​ ៨ ឆ្នាំ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ