អានតួអត្ថបទ
អាមេរិក-អន្តោប្រវេសន៍

លោកដូណាល់ ត្រាំ៖​អាមេរិក​នឹង​មិន​ក្លាយ​ជា​ជំរំ​អន្តោប្រវេសន៍​ទេ

នៅ​ថ្ងៃ​អង្គារ ទី១៩ មិថុនា​នេះ ការ​បរិហារ និង​ការ​រិះគន់ ទិតៀន​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​លើ​នយោបាយ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​បំបែក​កូន​ជនអន្តោប្រវេសន៍​ចេញ​ពី​ឱពុកម្តាយ​របស់​ពួក​គេ។ តែ​លោក​ត្រាំ​បែរ​ជា​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​លើ​ក្រុម​អ្នកប្រជាធិបតេយ្យ និង​ចង់​ឲ្យ​សភា​អនុម័ត​ឆាប់ៗ​លើ​ច្បាប់មួយ​ដើម្បី​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន និង​រឹតបន្តឹង​លំហូរ​ជនអន្តោប្រវេសន៍។ សម្រាប់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​គ្រប់រូប​ត្រូវ​តែ​ទទួល​បាន​ការ​គោរព និង​សេចក្តីថ្លៃថ្នូរ​ដោយ​អនុលោម​តាម​ច្បាប់អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ លោក​ត្រាំ​បាន​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​នឹង​មិន​ក្លាយ​ជា​ជំរុំ​អន្តោប្រវេសន៍ ហើយ​ប្រទេស​ដែល​គ្មាន​ព្រំដែន​មិនមែន​ជា​ប្រទេស​ទេ។

លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ REUTERS/Kevin Lamarque/
ផ្សាយពាណិជ្ជកម្ម

« អាមេរិក​នឹង​មិន​ក្លាយ​ជា​ជំរុំ​អន្តោប្រវេសន៍ ឬ​ក៏​ជា​មជ្ឈមណ្ឌល​សម្រាប់​ទទួល​ជនភៀសខ្លួន​ទេ។ រឿង​នេះ​នឹង​មិន​អាច​ទៅ​រួច​ជា​ដាច់​ខាត។ ចូរ​អស់​លោក​ក្រឡេក​មើល​រឿងរ៉ាវ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​នៅ​កន្លែង​ផ្សេង​ទៀត​ទៅ​មើល យើង​មិន​អាច​អនុញ្ញាត​ឲ្យ​រឿងរ៉ាវ​ដូច​គ្នា​នេះ​កើត​មាន​នៅ​ក្នុង​ទឹកដី​អាមេរិក​ឡើយ គឺ​មិន​អាច​ទេ​នៅ​ក្រោម​ការ​កាន់កាប់​របស់​ខ្ញុំ។

យើង​ចង់​បាន​សន្តិសុខ​សម្រាប់​ប្រទេស​របស់​យើង។ ប្រសិន​បើ​ពួក​អ្នកប្រជាធិបតេយ្យ​យល់ព្រម​អង្គុយ​ជជែក​គ្នា​ជាជាង​នាំ​គ្នា​យក​ជើង​រាទឹក យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​យ៉ាង​ឆាប់​រហ័ស។ យើង​នឹង​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ល្អ​សម្រាប់​កូនក្មេង ល្អ​សម្រាប់​ប្រទេសជាតិ និង​ល្អ​សម្រាប់​ពិភពលោក។ យើង​មាន​ច្បាប់​ដ៏​អាក្រក់ជាង​គេ​ក្នុង​លោក​ស្តីពី​អន្តោប្រវេសន៍។

ប្រទេស​មួយ​គ្មាន​ព្រំដែន​មិនមែន​ជា​ប្រទេស​ទេ។ យើង​ត្រូវ​ការ​ព្រំដែន យើង​ត្រូវ​ការ​សន្តិសុខ និង​យើង​ត្រូវ​តែ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាជន​របស់​យើង។ យើង​ចង់​បាន​នយោបាយ​អន្តោប្រវេសន៍​មួយ​តាម​បែប​ជ្រើសរើស​ដោយ​ផ្អែក​លើ​គុណសម្បត្តិ និង​សមត្ថភាព។ គឺ​មិនមែន​ជា​នយោបាយ​អន្តោប្រវេសន៍​ដែល​បើក​ទ្វារ​ចំហ​ទទួល​មនុស្ស​គ្រប់រូប​ដែល​ឆ្លង​ដែន​ចូល​មក និង​ដែល​មាន​ខ្លះ​ជា​ឧក្រិដ្ឋជន ជា​ចោរ ឬ​មួយ​ក៏​មិន​ដឹង​ជា​ប្រភេទ​មនុស្ស​ស្អី​នោះ​ទេ។

ដូច្នេះ យើង​ចង់​បាន​ប្រទេស​មួយ​ដែល​មាន​សុវត្ថិភាព ហើយ​ចំណុច​នេះ​ត្រូវ​ចាប់​ផ្តើម​នៅ​ព្រំដែន និង​វា​ត្រូវ​តែ​អ៊ីចឹង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ