អានតួអត្ថបទ
អាមេរិក-អន្តោប្រវេសន៍

អាមេរិក៖​អភិបាល​រដ្ឋញូយ៉ក​ប្រកាស​ប្តឹង​រដ្ឋបាល​លោកត្រាំ​ក្នុង​បទ​ពង្រាត់​កូន​ពី​ឱពុកម្តាយ​ជា​ជនអន្តោប្រវេសន៍

នៅ​អាមេរិក រឿងអាស្រូវ​ជុំវិញ​ការ​ពង្រាត់​កូន​ពី​ឱពុកម្តាយ​ដែល​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល។ រូបភាព​ដ៏​ក្តុកក្តួល​ដែល​គេ​បាន​ឃើញ និង​កំពុង​បន្ត​ចាយចែក​នៅ​លើ​បណ្តាញ​សង្គម Facebook គឺ​ហ្វូង​កុមារ​ស្ថិត​ក្នុង​ទ្រុង​កំពុង​ទ្រហោយំ​ស្រែក​ហៅ​រក​ឱពុកម្តាយ​របស់​ពួក​គេ។ ខណៈ​នេះ និង​ចំ​ថ្ងៃទិវា​ជនភៀសខ្លួន​អន្តរជាតិ ២០ មិថុនា ប្រតិកម្ម​បរិហារ និង​ការ​រិះគន់ ទិតៀន​លើ​រដ្ឋបាល​អាមេរិក​កំពុង​បន្ត​មាន​ទាំង​នៅ​ក្នុង​ទឹកដី​អាមេរិក និង​ពី​បរទេស។ អភិបាល​រដ្ឋញូយ៉ក​លោក Andrew Cuomo មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ ទី១៩ មិថុនា​ថា នឹង​ប្តឹង​ទៅ​តុលាការ​ដើម្បី​ប្រឆាំង​នឹង​វិធានការ​របស់​លោក​ដូណាល់ត្រាំ។

លោក Andrew Cuomo អភិបាល​រដ្ឋញូយ៉ក​
លោក Andrew Cuomo អភិបាល​រដ្ឋញូយ៉ក​ AFP
ផ្សាយពាណិជ្ជកម្ម

គម្រោង​ប្តឹង​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ពី​សំណាក់​អភិបាល​រដ្ឋ​ញូយ៉ក​លោក Andrew Cuomo ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ។ « នយោបាយ​របស់​រដ្ឋបាល​លោក​ត្រាំ​ក្នុង​ការ​ពង្រាត់​គ្រួសារ​ជា​នយោបាយ​ខ្វះ​សីលធម៌ និង​ជា​សោកនាដកម្មមនុស្សជាតិ » នេះ​ជា​ការ​ថ្លែង​របស់​លោក Cuomo។ អភិបាល​រដ្ឋញូយ៉ក​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា ការ​ពង្រាត់​ឱពុកម្តាយ និង​កូនៗ​ជា​ទង្វើ​រំលោភបំពាន​ច្បាប់​របស់​ពួក​គេ​ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​អាមេរិក យុត្តិសាស្រ្ត​នៃ​តុលាការកំពូល​អាមេរិក និង​កិច្ចព្រមព្រៀម​ឆ្នាំ ១៩៩៧ ដែល​បង្កើត​ឲ្យ​មាន​បទដ្ឋាន​សម្រាប់​ថែរក្សា​កុមារ​ដែល​ជាប់​ឃុំឃាំង​ដោយ​ហេតុផល​អន្តោប្រវេសន៍។

លោក Andrew Cuomo បាន​លំអិតបន្ថែម​ថា លោក​នឹង​បញ្ជា​ដល់​ទីភ្នាក់ងារ​ផ្សេង​ទៀត​ក្នុង​រដ្ឋញូយ៉ក​ឲ្យ​ផ្តើម​រៀបចំ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្នុង​នាម​កុមារ​ប្រមាណ​ជា ៧០នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាប័នសហព័ន្ធ​នៅ​ទូទាំង​រដ្ឋញូយ៉ក។ ក្រៅ​ពី​ប្រតិកម្ម​ប្រឆាំង​របស់​គណបក្សប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង ក៏​គេ​ឃើញ​មាន​ប្រតិកម្ម​ប្រឆាំង​ចេញ​ពី​គណបក្សសាធារណរដ្ឋ​របស់​លោក​ត្រាំ​ដែរ។ អភិបាល ២រូប​មក​ពី​គណបក្សសាធារណរដ្ឋ​បាន​ប្រកាស​បដិសេធ​មិន​បញ្ជូន​ឆ្មាំ​ការពារ​ព្រំដែន ដរាប​ណា​បញ្ហា​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ទេ​នោះ។ ដោយឡែក សមាជិក ៦០០នាក់​នៃ​គ្រឹស្តសាសនា​មេតូឌីស​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​ចាត់​ទុក​ទង្វើ​ពង្រាត់បង្រាស​គ្រួសារ​ជា​ការ​ធ្វើបាប​លើ​កុមារ។

ទោះ​បី​ជា​មាន​ប្រតិកម្ម​ប្រឆាំង​ពី​គ្រប់ទិសទិ​ក៏​ដោយ​ក៏​លោក​ដូណាល់ ត្រាំ​ហាក់​បន្ត​រក្សា​ជំហរ​គ្មាន​ប្រែប្រួល។ លោក​ត្រាំ​បាន​ទទួល​ស្គាល់​ថា ការ​ផ្សព្វផ្សាយ​រូបភាព​នៃ​ការ​បំបែក​កូនក្មេង​ពី​ឱពុកម្តាយ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មិនមែន​ជា​រូបភាព​ល្អ​ទេ​សម្រាប់​នយោបាយ​អាមេរិក។ តែ​លោក​ត្រាំ​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​មួយ​ដែល​ចែង​ពី​ខ្ទង់​​ចំណាយ​លើ​ការ​សង់​ជញ្ជាំង​នៅ​ព្រំដែនខាងត្បូង និង​វិធានការ​តឹងតែង​ចំពោះ​ជនអន្តោប្រវេសន៍​ស្របច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ